ប្រទេសចំនួនបីគឺសហរដ្ឋអាមេរិក បារាំង និងជប៉ុន ផ្ដល់ប្រាក់ជាង ២លានដុល្លារអាមេរិក សម្រាប់បន្តដំណើរការលើគម្រោងអភិរក្ស ជួសជុលប្រាសាទ និងរៀបចំប្លង់មេគ្រប់គ្រងទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ លើលទ្ធផល នៃកិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ សំបូរព្រៃគុក ចេញផ្សាយថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។
សេចក្តីប្រកាសព័ត៌មានឱ្យដឹងទៀតថា ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ សំបូរព្រៃគុក រដ្ឋាភិបាលជប៉ុន ប្រកាសបន្តផ្តល់ជំនួយថវិកាចំនួន ៩សែនដុល្លារអាមេរិក ដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុសប្រាសាទបាយ័ន ក្នុងដំណាក់កាលទី៧។
ជាមួយគ្នានោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រកាសបន្តផ្តល់ជំនួយថវិកាចំនួន ២សែន៥ម៉ឺន ដុល្លារអាមេរិក ដល់អង្គការមូលនិធិប្រាសាទពិភពលោក (WMF) ដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទភ្នំបាខែង។
ក្នុងនោះ ភាគីពាក់ព័ន្ធ បានបង្ហាញការពេញចិត្តលើវឌ្ឍនភាព នៃការជួសជុលប្រាសាទមេបុណ្យខាងលិច ដែលបានដំណើរការអស់រយៈពេល ១៤ឆ្នាំ ក្រោមជំនួយថវិការបស់បារាំងសរុប ១២លានអឺរ៉ូ ព្រមទាំងគម្រោងអភិរក្ស និងអភិវឌ្ឍន៍ដទៃទៀត ដែលអនុវត្តដោយស្ថាប័នដៃគូអន្តរជាតិនានាកន្លងមក។ គម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចនេះដែរ គ្រោងនឹងបិទបញ្ចប់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ស្របពេលនឹងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
គណៈកម្មាធិការ នៃអាយស៊ីស៊ី-អង្គរ សំបូរព្រៃគុក ក៏ឱ្យដឹងដែរពីការកៀរគរប្រាក់ជំនួយ បានចំនួនប្រហែល ១លានអឺរ៉ូ ឬប្រហែលជិត ១លាន២សែនដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងរៀបចំប្លង់មេ ក្នុងការគ្រប់គ្រងទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងក្របខណ្ឌនៃគម្រោង SDGERA ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នបារាំង SIAVB SIAAP AGERA និង Versailles Grand Parc ដើម្បីធានាការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ការការពារបេតិកភណ្ឌប្រព័ន្ធធារាសាស្ត្របុរាណ។
លើសពីនេះ ភាគីពាក់ព័ន្ធ គាំទ្រដល់ការបណ្តុះបណ្តាលធនធានមនុស្ស ការចងក្រងទិន្នន័យស្រាវជ្រាវ ការរៀបចំប្លង់មេសម្រាប់មជ្ឈមណ្ឌលបដិសណ្ឋារកិច្ច និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ។ ព្រមទាំងការរៀបចំលិខិតបទដ្ឋានគតិយុត្តិ ក្នុងការកំណត់លក្ខខណ្ឌប្រើប្រាស់ដីធ្លី និងការសាងសង់ក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ដែលគ្របដណ្តប់លើភូមិចំនួន ១១៤ភូមិ ដឹកនាំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា បានលើកឡើងអំពីផលប៉ះពាល់លើបេតិកភណ្ឌវប្បធម៌ជាតិ និងបេតិកភណ្ឌពិភពលោក ដែលបណ្តាលមកពីការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ លោកស្រីសង្កត់ធ្ងន់ ដោយទាមទារឱ្យសាធារណមតិគ្រប់ទិសទី យកចិត្តទុកដាក់ថែរក្សាសម្បត្តិវប្បធម៌ទាំងនោះ ជាតម្លៃមនុស្សជាតិ។
តាមអាជ្ញាធរជាតិអប្សរា ក្នុងលក្ខខណ្ឌ នៃការអភិរក្សជួសជុលប្រាសាទ ការស្ថាបនាផ្លូវជាដើមក្នុងរមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក ចាំបាច់ត្រូវសុំអនុសាសន៍ និងអនុញ្ញាតពីគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុកជាដាច់ខាត។ កិច្ចប្រជុំនេះដែរ ធ្វើឡើងជាទៀងទាត់ចំនួន ២ដងក្នុងមួយឆ្នាំ ដែលលើកទី១ នៅអំឡុងខែមិថុនា ជាកិច្ចប្រជុំបច្ចេកទេស និងលើកទី២ រៀបចំនៅអំឡុងខែធ្នូ ជាកិច្ចប្រជុំបច្ចេកទេស និងពេញអង្គ។
សូមរម្លឹកជូនថា កម្ពុជាបានដាក់តំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីខែធ្នូ ឆ្នាំ១៩៩២។ ចំណែកតំបន់ប្រាសាទសំបូរព្រៃគុកត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូដែរ កាលខែកក្កដា ឆ្នាំ២០១៧៕







