សហគមន៍ជនជាតិដើមភាគតិចកាចក់នៅភូមិកាណាត ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរិពីដើមចោទក្លាយជាចុងចោទក្នុងសំណុំរឿងជម្លោះដីធ្លី ។ ប្រជាសហគមន៍ រងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌក្រោយសហគមន៍បានតវ៉ារឿងបុគ្គលខាងក្រៅដែលចូលឈូសឆាយដីព្រៃអារក្សរបស់សហគមន៍។
នៅក្នុងដីកាស៊ើបសួររបស់សាលាដំបូងខេត្តរតនគិរី ជនជាតិដើមភាគតិចកាចក់ លោក សល់ ហ្លាន ត្រូវដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ «ផ្តើមគំនិតក្នុងអំពើធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅភូមិកាណាត តាមបញ្ញត្តិមាត្រា ២៨ មាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ។ ចំណែកប្រជាពលរដ្ឋមួយចំនួនទៀតរងការចោទប្រកាន់ពីបទ «ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅភូមិកាណា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ ។
បើតាមដីកាស៊ើបសួរដដែល កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ មុនពេលកើតហេតុ ឈ្មោះ សល់ ហ្លាន ជាប្រធានសហគមន៍ភូមិកាណាត បានប្រជុំគ្នាជាមួយសមាជិកក្រុមសហគមន៍ជាង ៦០នាក់ ក្នុងគោលបំណងការពារព្រៃអារក្ស ដោយបានផ្តួចផ្តើមគំនិតទៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងអុកឡុកនៅក្រុមហ៊ុន ដោយជឿជាក់ថាក្រុមហ៊ុនបានរំលោភបំពានតំបន់សហគមន៍របស់ខ្លួន។
តាមដីកាដដែល ក្រោយកើតហេតុដើមបណ្តឹងដែលជាមេការតំណាងឱ្យក្រុមហ៊ុនឈ្មោះ សឿត សីហា បានដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ច ឱ្យចុះមកអន្តរាគមន៍ស្រាវជ្រាវ ហើយជាលទ្ធផលបង្ហាញថាឈ្មោះ សល់ ឃ្លាន ពិតជាបានបញ្ជាឱ្យបក្ខពួកធ្វើសកម្មភាពកាប់ នឹងវាយបំផ្លាញទ្រព្យសម្បត្តិរបស់ជនរងគ្រោះប្រាកដមែន ។ បន្ទាប់ពីស្រាវជ្រាវរួច សមត្ថកិច្ចក៏បានកសាងសំណុំរឿង បញ្ជូនមកកាន់អយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីចាត់ការតាមនីតិវិធី។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ តំណាងប្រជាពលរដ្ឋជាជនជាតិដើមភាគតិចកាចក់ចំនួន ៣០ នាក់ នៅភូមិកាណាត ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី ត្រូវបានសាលាដំបូងខេត្តរតនគិរីសាកសួរឱ្យបំភ្លឺពីរឿងសហគមន៍ប្តឹងបុគ្គលឈ្មោះ សៀត សីហា ដែលជាមេការតំណាងក្រុមហ៊ុន ពាក់ព័ន្ធនឹងបទកាប់គាស់ រុករានព្រៃ ឆ្ការដុតព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ និងឃុបឃិតលក់ទិញដីព្រៃអារក្សចំនួន ១៣៦,៧៩ ហិកតា។ តែយ៉ាងណា តុលាការមិនទាន់មានចំណាត់ការស៊ើបអង្កេតណាមួយលើបណ្ដឹងរបស់សហគមន៍នៅឡើយ ប៉ុន្តែតុលាការបានចេញដីកាចោទប្រកាន់ទៅលើសហគមន៍តាមបណ្តឹងរបស់បុគ្គល សៀត សីហា មកលើសហគមន៍។
ជនជាតិដើមភាគតិចកាចក់ លោក សល់ ហ្លាន អះអាងប្រាប់ប្រជាកាសែតថា បុគ្គលឈ្មោះ សៀត សីហា បានទិញដីពីប្រជាពលរដ្ឋដោយមិនមានឯកសារត្រឹមត្រូវ។ លោកថា ក្រោយទិញរួច លោក សៀត សីហា បានចូលកាប់គាស់ទន្ទ្រានដីព្រៃ ដុតព្រៃ និងឈូសឆាយដីព្រៃ និងឃុបឃិតគ្នាទិញលក់ដីព្រៃដែលជាដីសាធារណៈរបស់រដ្ឋលើសពីដីដែលខ្លួនបានទិញ ទើបប្រជាពលរដ្ឋមិនពេញចិត្ត។ ការណ៍នេះទើបប្រជាពលរដ្ឋតវ៉ានៅទីតាំងដីនេះ កាលពីខែមីនា ឆ្នាំ២០២៦។
លោកថា៖ «អ្នកឈូសឆាយដីហ្នឹងមកយកដីគេទុក។ ដីគេទុកហ្នឹងប្រជាពលរដ្ឋប្រតិកម្មមកឃាត់មកប្រាប់។ ដោយសារប្រជាពលរដ្ឋខឹងសម្បារវាយកាមេរ៉ាវាយអីហ្នឹង ដល់អីចឹងគេចោទថាខ្ញុំជាអ្នកបង្កឱ្យមានការធ្វើសកម្មភាពតវ៉ា។ គេប្ដឹងខ្ញុំថាអ្នកមេខ្លោង ថាខ្ញុំហ្នឹងមេសកម្មភាព»។
លោកបន្ថែមថា៖ «ដីនេះជាដីសម្បទាន តែប្រជាពលរដ្ឋធ្លាប់តវ៉ាឡើងដល់ភ្នំពេញ ក៏ក្រុមហ៊ុនព្រមកាត់ឱ្យ គ្រាន់តែមិនទាន់មានប្លង់ជាក់លាក់ទេ។ ឯកសារមានគ្រប់អស់ហើយ គ្រាន់តែគេមិនទាន់វាស់ធ្វើប្លង់ឱ្យទេ។ ដីហ្នឹងវាមិនទាន់ជាក់លាក់»។
រដ្ឋបាលឃុំតាឡាវ បញ្ជាក់ក្នុងសេចក្ដីបំភ្លឺមួយថា ដីជម្លោះនេះបានចុះបញ្ជីជាដីសម្បទានសេដ្ឋកិច្ចឱ្យទៅក្រុមហ៊ុនហេង ប្រាដឺ នៅឆ្នាំ២០១៥ តែក្រុមហ៊ុនទុកដីឱ្យទំនេរអស់រយៈពេលប្រាំឆ្នាំមកហើយ។
បើតាមអនុក្រឹត្យរបស់រដ្ឋាភិបាលនៅឆ្នាំ២០១៣ ផ្ទៃដីទំហំជាង១ពាន់៤រយហិកតា ត្រូវបានរដ្ឋកាត់ចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចំនួន៣ គឺក្រុមហ៊ុន ហេង ប្រាឌ័រ ក្រុមហ៊ុនក្រុងបុកអភិវឌ្ឍន៍ និងក្រុមហ៊ុន វាសនាអិនវេសមេន សម្រាប់ធ្វើប្រទានកម្មសរុបទំហំ ១០០៣ ហិកតា ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងទំហំ ៤២២ ហិកតា ដើម្បីរក្សាទុកសម្រាប់កំណើនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី។
មេការក្រុមហ៊ុន ហេង ប្រាដឺ ដែលរងការចោទប្រកាន់របស់ពលរដ្ឋគឺលោក សៀត សីហា អះអាងថា លោកបានទិញដីនៅភូមិកាណាតពីប្រជាពលរដ្ឋ ដោយមានអាជ្ញាធរឃុំជាអ្នកទទួលស្គាល់ ដោយដំបូងឡើយលោកមិនដឹងថាដីនោះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនឡើយ ព្រោះប្រជាពលរដ្ឋអះអាងពីកម្មសិទ្ធកាន់កាប់។ តែយ៉ាងណា លោកបកស្រាយថា លោកមិនបានឈូសឆាយដីព្រៃអារក្សរបស់សហគមន៍ឡើយ និងថាលោកឈូសឆាយតែដីលោកបានទិញប៉ុណ្ណោះ។
លោកថា៖ «តាមជាក់ស្ដែងដីនេះមិនមែនជាដីសហកមន៍ទេ។ ដីនេះជាដីក្រុមហ៊ុន ហេង ប្រាដឺ ដែលគេបង់ពន្ធចូលរដ្ឋរាល់ថ្ងៃហ្នឹង។ ខ្ញុំក៏បានស្នើសុំថ្នាក់លើដោះស្រាយឆ្វៀលកាត់ ខ្ញុំក៏សុខចិត្តបង់ពន្ធជូនរដ្ឋដែរ។ ខ្ញុំនៅរង់ចាំឆ្វៀលកាត់ តែអ្នកភូមិគេរង់ចាំមិនបាន»។
លោកបន្ថែមថា៖ «គាត់ [មេឃុំដែលជួយសម្របសម្រួលក្នុងការទិញដី] អត់មានដំណោះស្រាយឱ្យខ្ញុំ។ បើគាត់ថាមានដំណោះស្រាយបែបនេះឬអីចេះមក អាហ្នឹងមានអី តែនេះអត់មានដំណោះស្រាយ។ គាត់គេចតែមុខរហូត»។
មេឃុំតាឡាវ លោក ថា ប៊ុនឡត ប្រជាកាសែតមិនទាន់អាចទាក់ទងសុំការបំភ្លឺបានទេ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី លោក ជួន សុបញ្ញា មិនទាន់ឆ្លើយតបនៅឡើយ។ តែយ៉ាងណា លោកធ្លាប់បញ្ជាក់ប្រាប់ថា ករណីដីធ្លីនៅភូមិកាណាត លោកតម្រូវឱ្យប្រជាពលរដ្ឋស្នើសុំដោះស្រាយពីរដ្ឋបាលខេត្តវិញ ចំណែករឿងព្រហ្មទណ្ឌ តុលាការនឹងបន្តនីតិវិធីតាមច្បាប់។
អ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តរតនគិរី លោក ឌិន ខន្នី លើកឡើងថា ទំនាស់ដីធ្លីនៅឃុំតាឡាវនេះជាទំនាស់រ៉ាំរ៉ៃ។ លោកថា លោក សល់ ហ្លាន មិនបានផ្ដួចផ្ដើមគំនិតនៅក្នុងការបង្កឱ្យខូចខាតទ្រព្យសម្បត្តិឡើយ។ លោកចង់ឃើញការដោះស្រាយទំនាស់ដីធ្លីនេះដោយសន្តិវិធី។
លោកថា៖ «ទស្សនវិស័យរបស់សមាគមអាដហុកគឺចង់បានសង្គមមួយគោរពសិទ្ធិមនុស្ស និងច្បាប់។ មិនត្រឹមតែប៉ុណ្ណោះអាដហុកក៏តែងតែចុះផ្សព្វផ្សាយទៅដល់មូលដ្ឋានជាពិសេសគឺកំឡុង២០១៥ ដល់២០២៤គឺឱ្យប្រជាពលរដ្ឋរកដំណោះស្រាយដោយសន្តិវិធី និងអហិង្សា»៕







