សារមន្ទីរជាតិនៅភ្នំពេញទទួលវត្ថុបុរាណមកពីខេត្តកំពង់ធំចំនួន៨ បន្ទាប់ពីក្រុមការងារជំនាញត្រួតពិនិត្យរកឃើញថាជាវត្ថុបុរាណដែលមានអាយុកាលតាំងពីសម័យអង្គរ និងក្រោយអង្គរ។ នេះបើតាមការបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។
សេចក្ដីប្រកាសដដែលបន្ថែមថា វត្ថុសិល្បៈចំនួន៨ខាងលើមានប្រតិមាចំនួន៤ កងដៃ៣ និងគម្របភាជន៍១ ដែលមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំបានប្រគល់មកសារមន្ទីរជាតិកម្ពុជានៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីយកមកធ្វើការសិក្សា និងវាយតម្លៃបន្ត។
ក្រោយការពិនិត្យ ក្រុមការងារជំនាញបានសន្និដ្ឋានថា វត្ថុសិល្បៈទាំងនោះមានឈ្មោះទេពស្រី(ព្រះនាងឧមា ឬលក្ម្សី) សម័យអង្គរនាអំឡុងចុងស.វ.ទី១០, វជ្រសត្វ សម័យអង្គរចនាបថបាយ័ន្ត ស.វ.១២-១៣, ព្រះពុទ្ធប្រតិមា សម័យក្រោយអង្គរ ស.វ.ទី១៥-១៦, ព្រះពោធិសត្វ (សិល្បៈចិន) រវាងស.វ.១៣-១៤, វត្ថុបុរាណទី៥-៧ ជាកងដៃសំរិទ្ធ សម័យអង្គរ រចនាបថបាយ័ន្ត ស.វ.១២-១៣ និងគម្របភាជន៍ សម័យក្រោយអង្គរ ស.វ.១៧-១៨។
ក្រសួងវប្បធម៌រំលឹកថា វត្ថុបុរាណទាំងនេះនឹងត្រូវរក្សាទុកនៅក្នុងរោងជាងជួសជុលលោហៈនៃសារមន្ទីរជាតិកម្ពុជា ដើម្បីធ្វើការអភិរក្ស និងជួសជុល មុននឹងរៀបចំដាក់តាំងបង្ហាញជូនដល់សាធារណជនទស្សនា និងសិក្សាស្រាវជ្រាវបន្តទៀត។
នាយកដ្ឋានសារមន្ទីរជាតិកម្ពុជា បានសរសើរ និងអរគុណចំពោះប្រជាពលរដ្ឋ៤រូប ដែលបានរកឃើញវត្ថុទាំងនោះកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ហើយបានប្រគល់ជូនមកអាជ្ញាធរ ដើម្បីទុកជាឧត្តមប្រយោជន៍ជាតិខ្មែរនាពេលបច្ចុប្បន្ន និងអនាគត។
ក្រៅពីនេះ នាយកដ្ឋានសារមន្ទីរបានចាត់ទុកសកម្មភាពទាំងនេះថា ជាគម្រូដ៏ប្រពៃដែលសបញ្ជាក់ពីមនសិការស្នេហាជាតិ និងការចូលរួមថែរក្សាការពារមរតកវប្បធម៌ដូចតា ដែលជាព្រលឹង និងអត្តសញ្ញាណជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ស្របតាមពាក្យស្លោក «កិច្ចការការពារបេតិកភណ្ឌវប្បធម៌ជាតិ គឺជាភារកិច្ចរបស់យើងទាំងអស់គ្នា»។
គួរបញ្ជាក់ថា ពលរដ្ឋបានរកឃើញប្រតិមាលោហៈចំនួន៤អង្គ នៅក្នុងចម្ការស្វាយចន្ទីមួយកន្លែងក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ក្រោយពីមានការបង្ហោះលើបណ្ដាញសង្គម អាជ្ញាធរមូលដ្ឋាន និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានចុះពិនិត្យភ្លាមៗ និងវាយតម្លៃដោយសន្និដ្ឋានជាបឋមថា ប្រតិមាទាំងនោះមិនមែនជាវត្ថុបុរាណឡើយ តែជាវត្ថុសិល្បៈចម្លងថ្មី ដែលផលិតឡើងប្រមាណ២០ ទៅ៣០ឆ្នាំមុន ដោយត្រាប់តាមរចនាបថសិល្បៈបុរាណខ្មែរ ថៃ និងចិន។ ប៉ុន្តែបន្ទាប់មក ទើបពិនិត្យឃើញថាពិតជាវត្ថុបន្សល់ទុកតាំងពីសម័យបុរាណ៕







