សាលាឧទ្ធរណ៍ភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចតម្កល់ទោសសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ និងពិន័យប្រាក់ ៤លានរៀល ដដែល ពីបទ «ញុះញង់» ក្នុងករណីមួយផ្សេងទៀត ក្រៅពីសំណុំរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV-DTA។ ការប្រកាសសាលដីកានេះ ធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការជំនុំជម្រះក្ដីលើសំណុំរឿងរបស់សកម្មជនរូបនេះ កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។
កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមកំបាំងមុខ ផ្ដន្ទាទោសលោក ស្រ៊ុន ស្រ៊ន ដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យប្រាក់ ៤លានរៀល ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ការផ្ដន្ទាទោសនេះ ធ្វើឡើងពាក់ព័ន្ធនឹងការអធិប្បាយរបស់លោកស្រ៊ន ជុំវិញចំណាត់ការរបស់ក្រសួងយុត្តិធម៌ ដែលបានបង្គាប់ឱ្យអនុប្រធានតុលាការកំពូល លោក ជីវ កេង ធ្វើជាប្រធានស្ដីទីតុលាការកំពូល មុនពេលមានការតែងតាំងជាប្រធានផ្លូវការ។
លោក សឺន ជុំជួន សហមេធាវីការពារក្ដីឱ្យលោក ស្រ៊ុន ស្រ៊ន បានប្រាប់ថា លោកមានការសោកស្ដាយ និងមិនអាចទទួលយកបានឡើយចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ។ លោកបន្ថែមថា កូនក្ដីរបស់លោកក៏ខកចិត្តចំពោះសាលដីកានេះដែរ ហើយគាត់នឹងបន្តប្ដឹងសាទុក្ខទៅកាន់តុលាការកំពូល។
លោកមេធាវីបញ្ជាក់ថា៖ «អ្វីដែលជាក្ដីសង្ឃឹមរបស់យើង គឺគិតថាតុលាការនឹងពិចារណាឱ្យកូនក្ដីរួចផុតពីបទចោទ។ ប៉ុន្តែជាលទ្ធផលជាក់ស្ដែង គឺតុលាការតម្កល់សាលក្រមដដែល កន្លែងហ្នឹងហើយដែលជាចំណុចយើងមិនសប្បាយចិត្ត»។
ដោយឡែក អ្នកស្រី ស៊ីង សុភីណា ភរិយារបស់លោក ស្រ៊ុន ស្រ៊ន យល់ឃើញថា វាមិនសមហេតុផលឡើយដែលសាលាឧទ្ធរណ៍ភ្នំពេញរក្សាការកាត់ទោសប្ដីរបស់អ្នកស្រីដូចសាលាដំបូង ព្រោះនៅក្នុងសវនាការដេញដោល ពុំមានភស្តុតាងណាមួយបង្ហាញច្បាស់ថា ប្ដីរបស់អ្នកស្រីបានប្រព្រឹត្តអំពើញុះញង់នោះទេ។
អ្នកស្រីរៀបរាប់ថា៖ «ខ្ញុំយល់ឃើញថាវាអត់សមដែលទាត់ចោលការប្ដឹងឧទ្ធរណ៍ ព្រោះសំណុំរឿងហាក់ដូចជាអត់មានអ្វីសម្គាល់ថាគាត់ញុះញង់ឡើយ។ សម្រាប់ខ្ញុំ គឺអត់ល្អទេ ព្រោះការសម្រេចចិត្តហាក់ដូចជាមិនបានថ្លឹងថ្លែងឱ្យច្បាស់លាស់។ ពេលដេញដោលស្ដាប់ទៅវាអត់មានអីជាដុំកំភួនសោះ ប៉ុន្តែដល់ពេលសម្រេច បែរជាយកសាលក្រមសាលាដំបូងមកទុកជាបានការវិញ»។
ស្ត្រីដែលមានកូន ៥នាក់ ក្នុងបន្ទុក (អាយុចាប់ពី ៤ឆ្នាំ ដល់ ១៨ឆ្នាំ) រូបនេះ បញ្ជាក់ថា កូនតូចៗរបស់អ្នកស្រីតែងតែនឹករលឹក និងទន្ទឹងរង់ចាំផ្លូវឪពុក ចំណែកកូនៗដែលដឹងក្ដីវិញ គឺមានការប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំង។
អ្នកស្រីបន្ថែមទាំងក្ដុកក្ដួលថា៖ «វាពិបាកណាស់ ព្រោះធម្មតាធ្លាប់តែមានគ្នាជួយមើលថែកូន និងជួយទំនុកបម្រុងគ្រួសារ។ ពីមុនសង្ឃឹមថាខែ៧ (ខែកក្កដា) គាត់បានចេញ តែដល់ពេលឥឡូវ អ្វីៗមិនច្បាស់លាស់ទាំងអស់។ វាធ្វើឱ្យអារម្មណ៍មួយស្រពិចស្រពិល មិនដឹងថាត្រូវទៅជាយ៉ាងណាប្រាកដ»។
អ្នកសារព័ត៌មាន មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ អ្នកស្រី ឌី ម៉ូឡានី បានទេ ត្រឹមរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នេះ។
ជុំវិញករណីនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) យល់ឃើញថា ការដែលសាលាឧទ្ធរណ៍ប្រកាសសាលដីកាតម្កល់ទោសលោក ស្រ៊ុន ស្រ៊ន ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ និងពិន័យប្រាក់ ៤លានរៀលនេះ គឺកំពុងតែរឹតត្បិតដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
លោកមានប្រសាសន៍ថា៖ «បើយើងមើលទៅ វាគ្រាន់តែជាសេរីភាពក្នុងការបញ្ចេញមតិរបស់គាត់តែប៉ុណ្ណោះ។ សេចក្តីគួរណាស់តែស្ថាប័នពាក់ព័ន្ធ ចេញលិខិតបំភ្លឺលើរឿងនេះ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹង ព្រោះជួនកាលពួកគាត់អាចនឹងយល់ខុស។ ខ្ញុំនៅតែយល់ថា ការផ្ដន្ទាទោសលោក ស្រ៊ុន ស្រ៊ន ឬការតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ថ្ងៃនេះ គឺធ្វើឱ្យប៉ះពាល់ដល់លំហសេរីភាពក្នុងការបញ្ចេញមតិ»។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចបានចាប់ខ្លួនលោក ស្រ៊ុន ស្រ៊ន និងសហការី ២រូបទៀត នៅខេត្តសៀមរាប បន្ទាប់ពីពួកគាត់បានលើកឡើងពីគុណសម្បត្តិ និងគុណវិបត្តិ នៃការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) តាមរយៈវីដេអូផ្សព្វផ្សាយលើបណ្ដាញសង្គម។ លុះមកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសអ្នកទាំងបី ឱ្យជាប់ពន្ធនាគារម្នាក់ៗ ២ឆ្នាំ និងពិន័យប្រាក់ ៤លានរៀល ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដូចគ្នា៕







