អង្គការអប់រំអន្តរជាតិ (Education International-EI) អំពាវនាវឱ្យអាជ្ញាធរកម្ពុជាដកចេញនូវវិធានការរឹតត្បិតសិទ្ធិដែលតុលាការបានដាក់លើលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ។ អង្កការដដែលយល់ឃើញថាវិធានការទាំងនេះអាចប៉ះពាល់ដល់សេរីភាពសហជីព សិទ្ធិពលរដ្ឋ និងកាតព្វកិច្ចជាអន្តរជាតិរបស់កម្ពុជា។
ក្នុងលិខិតរបស់លោក David Edwards អគ្គលេខាធិការនៃអង្គការអប់រំអន្តរជាតិ ផ្ញើជូនឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន អង្គការអប់រំអន្តរជាតិ ដែលតំណាងឱ្យគ្រូបង្រៀន និងបុគ្គលិកវិស័យអប់រំជាង ៣២ លាននាក់ នៅក្នុងប្រទេសចំនួន ១៧៨ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិធានការរបស់តុលាការដែលបានដាក់លើលោក រ៉ុង ឈុន បន្ទាប់ពីការសម្រេចរបស់តុលាការកំពូលកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។
អង្គការនេះបានលើកឡើងថា៖«ការហាមឃាត់សកម្មភាពសាធារណៈ នឹងប៉ះពាល់ដល់ការតស៊ូមតិរបស់សហជីព និងការតំណាងឱ្យកម្មករ ទោះបីជាកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្នូលរបស់អង្គការអន្តរជាតិខាងការងារ (ILO) រួចហើយក៏ដោយ ជាពិសេស អនុសញ្ញាលេខ ៨៧ ស្តីពីសេរីភាពសមាគមដែលធានាសិទ្ធិរបស់តំណាងកម្មករ ក្នុងការរៀបចំ និងអនុវត្តសកម្មភាពរបស់ខ្លួនដោយសេរី ដោយគ្មានការជ្រៀតជ្រែក»។
ជាការឆ្លើយតប អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានអះអាងថា ការសម្រេចដាក់ទោសបុគ្គលណាម្នាក់ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យ។
លោកមានប្រសាសន៍ថា៖«ដូច្នេះ បើចង់ជួយការពារក្តីបុគ្គលណាម្នាក់ សូមជួយរកមេធាវីទៅតតាំងផ្លូវច្បាប់ចំពោះមុខតុលាការ។ ការអំពាវនាវឬសំណើរឱ្យរដ្ឋាភិបាលសម្រេចជំនួសតុលាការបង្ហាញពីកង្វះការយល់ដឹងពីនីតិវិធីច្បាប់។
លោកបន្ថែមថា៖ «វិធានការច្បាប់ធ្វើឡើងចំពោះបុគ្គលដែលប្រព្រឹត្តខុសច្បាប់តែប៉ុណ្ណោះ ដែលមិនអាចបកស្រាយថាជាការរឹតត្បឹតសេរីភាពទេ។ បើតុលាការសម្រេចបែបណាគឺត្រូវអនុវត្តបែបនោះ។ នេះជានីតិវិធីដែលគេអនុវត្តទូទាំងពិភពលោក។ ដូច្នេះ ដើម្បីកុំឱ្យប្រឈមមុខចំពោះផ្លូវច្បាប់ បុគ្គលគ្រប់រូបត្រូវគោរពច្បាប់ជាធរមាន»។
ដោយឡែក អ្នកនាំពាក្យស្ដីទីនៃក្រសួងការបរទេសកម្ពុជាលោក ចាន់ រតនា បានថ្លែងថា បញ្ហានេះគួរតែសាកសួរទៅកាន់តុលាការ និងក្រសួងការងារជាចម្បង។
លោកបានបន្តថា សេរីភាពសហជីព និងសិទ្ធិប្រជាពលរដ្ឋ គួរតែត្រូវបានបែងចែកឱ្យដាច់ដោយឡែកពីសកម្មភាពដែលផ្ទុយនឹងច្បាប់។
លោកបានឆ្លើយតបថា៖«ទីពីរ តាមយោបល់ខ្ញុំ យើងត្រូវបែងចែកឲ្យច្បាស់រវាងសេរីភាពសហជីពនិងសិទ្ធិប្រជាពលរដ្ឋជាមួយនឹងសកម្មភាពខុសច្បាប់មិនអាចយកហេតុផលសេរីភាពសហជីពនិងសិទ្ធិប្រជាពលរដ្ឋមករំលោភលើច្បាប់បានទេ។ ច្បាប់គឺច្បាប់គ្មានការលើកលែងនូវទង្វើខុសច្បាប់នោះទេ។ បើនិយាយអំពីនីតិរដ្ឋគឺនិយាយអំពីការគោរពច្បាប់គ្មានបុគ្គលណាមួយនៅពីលើច្បាប់ឬក៏នៅក្រៅច្បាប់បានទេ»។
ទោះជាយ៉ាងណា អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី យល់ថា ការអំពាវនាវរបស់ EI ទំនងជាមិនទទួលបានការឆ្លើយតបជាវិជ្ជមានពីរដ្ឋាភិបាលកម្ពុជានោះទេ ដោយសារករណីលោក រ៉ុង ឈុន ជារឿងនយោបាយ។
ប៉ុន្តែលោកថាប្រសិនបើកម្ពុជាបន្តមិនឆ្លើយតប ឬមិនខ្វល់ខ្វាយចំពោះការព្រួយបារម្ភរបស់អន្តរជាតិ នោះការរិះគន់ និងរឿងអាស្រូវផ្សេងៗអាចធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិកាន់តែអាប់អួរ។
ក្រឡែកមើលលិខិតដដែល EI បានអំពាវនាវឱ្យអាជ្ញាធរកម្ពុជាដកចេញនូវការរឹតត្បិតទាំងអស់ដែលរារាំងលោក រ៉ុង ឈុន មិនឱ្យអនុវត្តសកម្មភាពស្របច្បាប់ពាក់ព័ន្ធនឹងការងារសហជីព និងសិទ្ធិមនុស្ស ព្រមទាំងធានាឱ្យមេដឹកនាំសហជីព និងអ្នកការពារសិទ្ធិមនុស្សអាចបំពេញការងាររបស់ខ្លួនដោយសេរី និងមានសុវត្ថិភាព។
លិខិតនោះក៏បានបញ្ជាក់ដែរថា ប្រសិនបើកង្វល់ទាំងនេះមិនត្រូវបានដោះស្រាយទេ EI នឹងពិចារណាដាក់ពាក្យបណ្ដឹងទៅកាន់គណៈកម្មាធិការសេរីភាពនៃការបង្កើតសមាគម (CFA) របស់អង្គការអន្តរជាតិខាងការងារ (ILO)។
សូមបញ្ជាក់ថា តុលាការកំពូលកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចតម្កល់សាលក្រមរបស់តុលាការជាន់ទាបលើលោក រ៉ុង ឈុន ប៉ុន្តែបានព្យួរទោសជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ និងកំណត់វិធានហាមឃាត់មួយចំនួន រួមមានការហាមចាកចេញពីរាជធានីភ្នំពេញ និងដកហូតសិទ្ធិនយោបាយរយៈពេល ៥ ឆ្នាំ គិតចាប់ពីថ្ងៃប្រកាសសាលដីកា៕







