ស្ថានទូតជប៉ុន និងអូស្រ្តាលីប្រចាំកម្ពុជា គាំទ្រឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បើកលំហនយោបាយ និងមតិចម្រុះ ដោយអនុញ្ញាតឱ្យមានបរិយាកាសដែលពលរដ្ឋអាចបញ្ចេញមតិ និងចូលរួមនយោបាយបាន។
ការលើកឡើងរបស់ស្ថានទូតនៃប្រទេសប្រជាធិបតេយ្យទាំងពីរ ជាការឆ្លើយតបទៅនឹងសំណួររបស់ប្រជាកាសែតពាក់ព័ន្ធនឹងការកាត់ទោសទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន របស់តុលាការកំពូលកាលពីសប្ដាហ៍មុន។
ឆ្លើយសំណួរអ្នកផលិតមាតារបស់ប្រជាកាសែតតាមរយៈសារអេឡិចត្រូនិច (Email) ទូតជប៉ុន និយាយថា ៖ «នៅក្នុងផ្លូវនៃការកសាងសង្គមប្រជាធិបតេយ្យដែលមានរឹងមាំល្អ វាចាំបាច់ណាស់ក្នុងការបង្កើតបរិយាកាសដែលអាចឱ្យប្រជាពលរដ្ឋបញ្ចេញមតិចម្រុះ។ តាមទស្សនៈនេះ យើងបានតាមដានយ៉ាងដិតដល់នូវការសម្រេចចិត្តនេះ»។
ទូតជប៉ុន បន្ថែមថា រដ្ឋាភិបាលជប៉ុនបានផ្តល់ការគាំទ្រដើម្បីលើកកម្ពស់ការសន្ទនារវាងរដ្ឋាភិបាល និងសង្គមស៊ីវិល និងរវាងបក្សកាន់អំណាច និងបក្សប្រឆាំង។ ជប៉ុននឹងបន្តតាមដានស្ថានភាពជុំវិញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបន្តផ្តល់ការគាំទ្រជាក់ស្តែងសម្រាប់ការលើកកម្ពស់បរិយាកាសប្រជាធិបតេយ្យ។
រីឯស្ថានទូតអូស្រ្តាលី ក៏ឆ្លើយតបសំណួររបស់ប្រជាកាសែតតាមរយៈសារអេឡិចត្រូនិច(Email) ផងដែរថា៖ «អូស្ត្រាលីបន្តលើកទឹកចិត្តកម្ពុជាឱ្យចាត់វិធានការដើម្បីឱ្យមានការចូលរួមនយោបាយពិតប្រាកដ និងនៅតែប្តេជ្ញាគាំទ្រកម្ពុជាដើម្បីសម្រេចបាននូវគោលដៅនេះ»។
អនុប្រធានគណបក្សកម្លាំងជាតិលោក សុខ គឹមសេង មានប្រសាសន៍ថា រដ្ឋាភិបាលគួរពិចារណាលើការលើកឡើងរបស់ទូតទាំងពីរ ស្របពេលដែលស្ថានការណ៍ជាតិនៅពេលនេះទាមទារឱ្យមានការរួបរួមគ្នាប្រឆាំងនឹងសត្រូវឈ្លានពាន។
លោកនិយាយថា «ការលើកឡើងរបស់ស្ថានទូតទាំងពីរករណីលោកគ្រូ រ៉ុង ឈុន នេះ ពិតជាត្រឹមត្រូវហើយ។ ក្នុងនាមយើងជារដ្ឋាភិបាលមានទំនាក់ទំនងល្អជាមួយប្រទេសទាំងពីរ យើងគួរយកមកគិតពិចារណា ព្រោះនេះជាយោបល់ ជាការយល់ឃើញ តែអ្វីជាការសម្រេច គឺនៅលើយើងដែលជាអ្នកដឹកនាំប្រទេស ជាអ្នកនយោបាយគ្រប់រូបទេ។ […] ការបែកបាក់នាំឱ្យមានការរំលោភពីប្រទេសជិតខាង ដើម្បីជាតិខ្លាំងគឺត្រូវរួបរួមគ្នា»។
ឆ្លើយតបនឹងករណីនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា មានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ខណៈសេរីភាពនៃការបញ្ចេញមតិ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ដែលពលរដ្ឋខ្មែរគ្រប់រូប អាចបញ្ចេញមតិដោយសេរី តែក្នុងក្របខណ្ឌច្បាប់ និងការគោរពសិទ្ធិអ្នកដទៃ។
លោកនិយាយថា៖ «កម្ពុជាក៏ជាប្រទេសដែលកំពុងពង្រឹងនីតិរដ្ឋតាមរយៈការអនុវត្តច្បាប់ ដើម្បីធានាថា សេរីភាពរបស់បុគ្គលម្នាក់មិនត្រូវបានរំលោភបំពានដោយបុគ្គលផ្សេងឡើយ។ នេះគឺជាដំណើរការពង្រឹងប្រជាធិបតេយ្យដែលផ្តល់តម្លៃដល់គុណភាពនៃការបញ្ចេញមតិក្នុងរង្វង់ច្បាប់ និងការគោរពសិទ្ធិគ្នាទៅវិញទៅមកដែលប្រទេសទាំងអស់ក្នុងពិភពលោកចង់បាន»។
ចំណែកនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត យល់ថា ការលើកឡើងរបស់ទូតទាំងពីរ គឺស្របទៅនឹងប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចកម្ពុជា។
លោកបន្ថែមថា ការមានមតិចម្រុះ និងកិច្ចសន្ទនានយោបាយរវាងអ្នកនយោបាយ គឺបង្ហាញនូវសាមគ្គីភាព និង ឯកភាពជាតិ ការផ្សះផ្សាជាតិ ខណៈដំណោះស្រាយនយោបាយ គឺឈរលើឧត្តមប្រយោជន៍ជាតិ ។
កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ តុលាការកំពូល សម្រេចតម្កល់ការកាត់ទោសលោក រ៉ុង ឈុន ឱ្យនៅដដែល ដូចការសម្រេចរបស់តុលាការថ្នាក់ក្រោម តែទោសជាប់ពន្ធនាគារត្រូវព្យួរសាកល្បង៣ឆ្នាំ និងដកសិទ្ធិនយោបាយរយៈពេល៥ឆ្នាំ ថែមទាំងហាមលោកមិនឱ្យចេញពីរាជធានីភ្នំពេញ និងថ្លែងជាសាធារណៈ ឬចូលរួមវេទិកាសាធារណៈរយៈពេល៣ឆ្នាំ៕







