IFC ច្រានចោលការចោទថា បានរួមចំណែកឱ្យរំលោភសិទ្ធិមនុស្សក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា 

សិទ្ធិមនុស្ស

(រូបភាពស្ត្រីម្នាក់កំពុងបញ្ជាដ្រូន (រូបរបស់IFCផ្សាយក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន)។

ក្រុមប្រឹក្សាភិបាលសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិរបស់ធនាគារពិភពលោក (IFC) ច្រានចោលការចោទថា មិនអនុលោមតាមគោលនយោបាយរបស់ខ្លួនស្ដីពីនិរន្តរភាពបរិស្ថាន និងសង្គម ពាក់ព័ន្ធនឹងការវិនិយោគនៅក្នុងស្ថាប័នផ្ដល់សេវាកម្ចីហិរញ្ញវត្ថុចំនួន៦នៅកម្ពុជា។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ IFC នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

កាលពីខែកុម្ភៈ ឆ្នាំ២០២២ អង្គការសមធម៌កម្ពុជា និងអង្គការលីកាដូ បានដាក់ពាក្យបណ្ដឹងមួយ តំណាងឱ្យពលរដ្ឋកម្ពុជាអ្នកខ្ចីប្រាក់១៨នាក់ ទៅកាន់ IFC ដោយចោទធនាគារ និងមី​ក្រូហិរញ្ញវត្ថុចំនួន៦នៅកម្ពុជា ដែលទទួលបានឥណទានហិរញ្ញវត្ថុពី IFC ថា បានរួមចំណែកបណ្ដាលឱ្យពលរដ្ឋកម្ពុជាដែលជាអ្នកខ្ចីប្រាក់ជួបប្រទះផលវិបាក។

ទោះជាយ៉ាងណា នាយិកានៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) ប្រចាំតំបន់អាស៊ី អ្នកស្រី Elaine Pearson មានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍មួយ ចុះថ្ងៃទី២៥ ខែមិថុនា ថា៖ «IFC គួរតែឈប់បង្វែរការទទួលខុសត្រូវរបស់ខ្លួន ហើយជំនួសមកវិញ ចូរចាប់ផ្តើមធ្វើការផ្តល់សំណងសម្រាប់គ្រោះថ្នាក់ពីអតីតកាល និងការពារគ្រោះថ្នាក់នាពេលអនាគត»។

បើតាម HRW ការបដិសេធរបស់ក្រុមប្រឹក្សាភិបាល IFC ឆ្លើយតបទៅនឹងលទ្ធផលស៊ើបអង្កេត​របស់ការិយាល័យអនុលោមភាព (CAO) ដែលជាស្ថាប័នត្រួតពិនិត្យផ្ទៃក្នុងរបស់ IFC តាមពាក្យបណ្ដឹងនៅឆ្នាំ២០២២ ដោយរកឃើញថា មានផលប៉ះពាល់ធ្ងន់ធ្ងរ ដែលទាក់ទងដោយផ្ទាល់ទៅនឹងផ្នែកជាច្រើននៃការមិនអនុលោមតាម IFC។ 

ជាពិសេស CAO រកឃើញទៀតថា IFC មិនបានអនុវត្តតាមកាតព្វកិច្ចគោលនយោបាយនិរន្តរ​ភាពរបស់ខ្លួន «ដើម្បីការពារ ប្រជាជនក្រីក្រ និងងាយរងគ្រោះ» និងធានាថា ស្ថាប័នមី​ក្រូហិរញ្ញវត្ថុ (MFI) បង្កើតយន្តការតវ៉ាគ្រប់គ្រាន់ ឬការពារផលប៉ះពាល់អវិជ្ជមានលើជនជាតិដើមភាគតិច និងដីធ្លីរបស់ពួកគេ។

យ៉ាងណាក៏ដោយ ក្រោយការរកឃើញរបស់ CAO ក្រុមប្រឹក្សាភិបាល IFC បានសម្រេចបង្កើត «ផែនការសកម្មភាពគ្រប់គ្រងពិសេស» ដើម្បីដោះស្រាយបញ្ហាដែលដើមបណ្ដឹងក្នុងសំណុំរឿងនេះចំនួន១៨នាក់បានជួបប្រទះ។

ផែនការទាំងនោះ រួមមាន ជួលអ្នកសម្របសម្រួលក្នុងស្រុកម្នាក់ ដើម្បីជួយដើមបណ្តឹងទាំង ១៨ រូប រួមទាំងតាមរយៈការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញ ការសងប្រាក់វិញយឺត ឬការកែតម្រូវការប្រាក់។ គាំទ្រដល់អ្នកដាក់ពាក្យបណ្តឹងក្នុងការចូលប្រើប្រាស់ធនធានជាតិដែលមានស្រាប់ រួមទាំងមជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់ហិរញ្ញវត្ថុ ខ្សែទូរស័ព្ទសាកសួរ និងដោះស្រាយពាក្យបណ្តឹងរបស់ធនាគារជាតិនៃកម្ពុជា និងសេវាកម្មសម្របសម្រួលក្រោមអាជ្ញាធរជាតិសម្រាប់ដោះស្រាយវិវាទជំនួស។

លើសពីនេះ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នឹងគាំទ្រការបង្កើតអ្នកតំណាងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា និងកែលម្អវិញ្ញាបនបត្រផ្តល់ប្រាក់កម្ចីដែលមានទំនួលខុសត្រូវសម្រាប់មន្ត្រីឥណទានប្រហែល ៦៥០០០ នាក់។

រីឯ HRW អះអាងថា IFC បានវិនិយោគជាង ៤០០ លានដុល្លារអាមេរិកនៅក្នុងស្ថាប័នផ្តល់សេវា​មីក្រូហិរញ្ញវត្ថុកម្ពុជាក្នុងរយៈពេល១០ ឆ្នាំចុងក្រោយនេះ ដោយបន្តវិនិយោគសូម្បីតែ បន្ទាប់​ពីមានការព្រួយបារម្ភអំពីកម្រិតនៃបំណុល និងការអនុវត្តប្រាក់កម្ចីដោយបង្ខំតាំងពីឆ្នាំ ២០១៦។

ជាងនេះទៅទៀត អង្គការ HRW ចោទថា ការអនុវត្តការផ្តល់ប្រាក់កម្ចី និងការប្រមូលបំណុលដោយស្ថាប័នមីក្រូហិរញ្ញវត្ថុកម្ពុជា បាននាំឱ្យមានការប៉ះពាល់ដល់សិទ្ធិមនុស្ស រួមទាំងការលក់​ដីដោយបង្ខំ គ្រួសារដែលអត់ឃ្លាន កុមារត្រូវបានបង្ខំឱ្យចេញពីសាលារៀនចូលទៅក្នុងកម្លាំង​ពលកម្ម និងការធ្វើអត្តឃាតដែលបណ្តាលមកពីបំណុល។

កាលពីខែកុម្ភៈ ឆ្នាំ២០២២ អង្គការសមធម៌កម្ពុជា និងអង្គការលីកាដូ បានដាក់ពាក្យបណ្ដឹងមួយ ក្នុងនាមពលរដ្ឋកម្ពុជាអ្នកខ្ចីប្រាក់ ទៅកាន់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដោយ​ចោទប្រកាន់គ្រឹះស្ថានហិរញ្ញវត្ថុចំនួន៦នៅកម្ពុជា ថាបានរួមចំណែកបណ្ដាលឱ្យពលរដ្ឋកម្ពុជាដែលជាអ្នកខ្ចីប្រាក់ជួបប្រទះផលវិបាក។ 

គ្រឹះស្ថានផ្ដល់ប្រាក់កម្ចីនៅប្រទេសកម្ពុជា ដែលរងបណ្ដឹងទាំងនោះ មានដូចជា ធនាគារអេស៊ីលីដា ធនាគារហត្ថា ធនាគារស្ថាបនា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត អិលអូអិលស៊ី និងប្រាសាក់។ គ្រឹះស្ថានទាំងនេះ រងការចោទពាក់ព័ន្ធនឹងការរំលោភបំពានស្តង់ដាអនុវត្តរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ជុំវិញការគ្រប់គ្រងផលប៉ះពាល់ ហានិភ័យ បរិស្ថាន សង្គម សុខភាព និងលទ្ធភាព។

អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាលោក កាំង តុងងី មិនទាន់អាចឆ្លើយតបចំពោះបញ្ហានេះបាននៅឡើយទេ ដោយលោកនិយាយថាកំពុងជាប់រវល់ប្រជុំ។

ចំណែកនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត មានប្រសាសន៍ថា ការបដិសេធរបស់ IFC នេះ ឆ្លុះបញ្ចាំងពីការមិនអើពើ និងគ្មានឆន្ទៈក្នុងការដោះស្រាយករណីពលរដ្ឋរងគ្រោះតាមរយៈការវិនិយោគរបស់ខ្លួនទៅក្នុងស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា។

លោកបន្ថែមថា ក្នុងការដាក់ពាក្យបណ្ដឹងតំណាងឱ្យជនរងគ្រោះទាំង១៨នាក់ អ្វីដែលអង្គការ លីកាដូ ចង់ឃើញ គឺការកែទម្រង់ផ្សេងៗ និងដំណោះស្រាយសមរម្យសម្រាប់ជនរងគ្រោះ។ ចំណែក​នីតិវិធីបន្ទាប់ លោកកំពុងរង់ចាំមើលការដោះស្រាយរវាង IFC និងការិយាល័យអនុ​លោមភាព (CAO) ដែលជាស្ថាប័នត្រួតពិនិត្យផ្ទៃក្នុងរបស់ IFC។

លោកនិយាយថា៖ «ការបដិសេធ បង្ហាញថា ហាក់ដូចជាគ្មានឆន្ទៈនៅក្នុងការកែទម្រង់ ឬស្វែងរកដំណោះស្រាយ សម្រាប់ជនរងគ្រោះ ដែលរងគ្រោះនៅក្នុងការផ្ដល់ការឥណទានវិនិយោគរបស់ខ្លួនទៅធនាគារ ឬមីក្រូហិរញ្ញវត្ថុដែលបង្កឱ្យមានជនរងគ្រោះ ជាពិសេសជនជាតិដើមភាគតិច»៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3063}" data-page="1" data-max-pages="1" data-start="1" data-end="1">