បុគ្គលិកធនាគារម្នាក់ ត្រូវសាលាដំបូងរាជធានីភ្នំពេញកាត់ទោសដាក់ពន្ធនាគារ២ឆ្នាំពីបទញុះញង់

សិទ្ធិមនុស្ស

អ្នកប្រើប្រាស់បណ្តាញសង្គម លោក ម៉ៃ បុត្រ។ (រូបថតពីលីកាដូ)

សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសសាលក្រមផ្ដន្ទាទោសអ្នកប្រើប្រាស់បណ្តាញសង្គម លោក ម៉ៃ បុត្រ ដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យ៤លានរៀល ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ នេះបើតាមការប្រកាសរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ 

បើតាមអង្គការលីកាដូដដែល លោក ម៉ៃ បុត្រ បច្ចុប្បន្នវ័យ៣៦ឆ្នាំ គឺជាបុគ្គលិកធនាគារ ហើយលោកត្រូវរងការចោទប្រកាន់ពាក់ព័ន្ធនឹងការផ្ញើជាកម្រងសារសន្ទនាក្នុងក្រុមតេលេក្រាមមួយដែលរិះគន់ថ្នាក់ដឹកនាំប្រទេស។

បងប្រុសរបស់លោក ម៉ៃ បុត្រ គឺលោក ម៉ៃ រុន យល់ថា ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ កាត់ទោសប្អូនប្រុសដាក់ពន្ធនាគារ ២ឆ្នាំ ជារឿងអយុត្តិធម៌សម្រាប់ប្អូនប្រុសលោក។

លោកថា៖ «ចាប់ខ្លួនទាំងគ្មានកំហុស យើងនៅក្រោមគេៗចង់ចាប់យើងចោទយើងម៉េចក៏បាន យើងអត់មានធ្វើកំហុសអីខុសគេចាប់ ទុកឱ្យប្រពន្ធកូនរងទុក្ខ កូនតូចៗកូនមួយឆ្នាំពីរឆ្នាំតូចៗហើយគ្នាព្រាត់ឪពុក។ និយាយទៅវាមិនសមនឹងចាប់ គ្រាន់តែចាប់យើងគ្រាន់តែអប់រំណែនាំទៅអត់ ដាច់ចិត្តដាក់ទោសគ្នា»។

កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចបានចាប់ខ្លួនលោក ម៉ៃ បុត្រ នៅធនាគារដែលគាត់ធ្វើការនៅខេត្តកំពត។ នេះបើតាមការឱ្យដឹងរបស់សាច់ញាត់លោកបុត្រ។ ប្រភពដដែលថា ករណីចាប់ខ្លួននេះសង្ស័យពាក់ព័ន្ធរឿងលោក ម៉ៃ បុត្រ ចែករំលែករឿងនយោបាយនៅតាមបណ្ដាញសង្គម។ ចាប់តាំងពីពេលត្រូវបានចាប់ខ្លួននោះ លោក ម៉ែ បុត្រ មិនមានមេធាវីការពារក្តីនោះឡើយ។ 

បងប្រុសរបស់លោក ម៉ៃ បុត្រ គឺលោក ម៉ៃ រុន ប្រាប់ថា ដំបូងឡើយលោកចង់ពឹងពាក់មេធាវីអង្គការក្រៅរដ្ឋាភិបាលដើម្បីការពារក្ដីឱ្យប្អូនប្រុសលោក ក៏ប៉ុន្តែលោកសម្រេចមិនពឹងមេធាវីវិញ ដោយក្រឡាបញ្ជីមួយរូបនៅសាលាដំបូងរាជធានីភ្នំពេញបានផ្ដល់យោបល់ដល់លោកថាមិនបាច់មានមេធាវីទេ។ បន្ថែមពីនេះ លោក ម៉ៃ រុន ក៏បារម្ភថាតុលាការអាចកាត់ទោសប្អូនលោកធ្ងន់ជាងនេះ បើសិនគាត់ពឹងមេធាវីអង្គការសិទ្ធិមនុស្ស ។

លោកបន្ថែមថា៖ «ខ្ញុំសួរក្រឡាបញ្ជីនៅខាងតុលាការហ្នឹងហើយថា រឿងហ្នឹងមិនបាច់រកមេធាវីទេ រកមេធាវីក៏វាមិនកើត ក៏វាមិនអាចទៅរួចដែរ ព្រោះអីខាងរាជរដ្ឋាភិបាលជាអ្នកចោទ រកមេធាវីប៉ុន្មានក៏វាមិនអាចទៅរួចដែរ មានតែតាមដំណើរហ្នឹងទៅ»។

ជាមួយគ្នានេះ លោក ម៉ៃ រុន ថាលោកនឹងមិនបន្តនីតិវិធីរឿងក្ដីប្អូនប្រុសលោកទេ ព្រោះលោកគ្មានសង្ឃឹមថាតុលាការនឹងឱ្យប្អូនលោករួចផុតពីការចោទប្រកាន់ឡើយ ព្រោះលោកសង្កេតឃើញពលរដ្ឋឯទៀតដែលត្រូវកាត់ទោសពីបទ ញុះញង់ ទោះប្ដឹងបន្តយ៉ាងណាក៏មិនអាចរួចទោសដែរ។

ចំណែកឯភរិយារបស់លោក ម៉ៃ បុត្រ គឺអ្នកស្រី គង់ ស្រីពៅ ប្រាប់ថា អ្នកស្រីមិនរំពឹងថាតុលាការដោះលែងប្ដីគាត់ឡើយ តាំងតែពីមុនតុលាការសម្រេចសេចក្តីម៉្លេះ។
តែយ៉ាងណា អ្នកស្រី គង់ ស្រីពៅ យល់ថា ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញករណីប្ដីគាត់ ហាក់ធូរស្រាកជាងអ្នកឯទៀតដែលជាប់បទចោទដូចប្ដីគាត់ដែរ។

អ្នកស្រីថា៖ «ខ្ញុំខ្វល់ខ្វាយដូចតែគ្នាទេលោកគ្រូ ប៉ុន្តែទោះថាយើងធ្វើអីក៏អត់ចេញដែរ ព្រោះអីរឿងនេះរឿងនយោបាយ។ តែខ្ញុំគិតថាហ្នឹងអាចនឹងធូរហើយ»។

អ្នកស្រីថា ការសម្រេចនេះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារគាត់ ពីព្រោះបំណុលធនាគារទាំងជាង២ម៉ឺនដុល្លារ និងបន្ទុកគ្រួសារទាំងមូលត្រូវធ្លាក់មកលើគាត់។ អ្នកស្រី ពៅ ត្រូវសងត្រឡប់ទៅធនាគារវិញជាង ៣០០ ដុល្លារជាប្រចាំខែ ខណៈគាត់ត្រូវមើលថែកូនៗ៤នាក់អាយុចន្លោះពី៣ ទៅ១១ឆ្នាំ។

ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បើសិនជាអាជ្ញាធរមិនបែងចែកឱ្យច្បាស់រវាងសិទ្ធិ និងបទល្មើស ដូចក្នុងករណីចាប់ខ្លួននិងកាត់ទោសអ្នកប្រើប្រាស់បណ្ដាញសង្គមនេះជាដើម វានឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិនៃការបញ្ចេញមតិដែលធានាដោយរដ្ឋធម្មនុញ្ញ និងកតិការសញ្ញាអន្តរជាតិនានាដែលកម្ពុជាបានធ្វើសច្ចាប័ន។

លោកថា៖ «បើសិនជាអាជ្ញាធរ ក៏ដូចជាតុលាការមិនបានបែងចែកឱ្យបានដាច់ពីគ្នាថាអ្វីជាការបញ្ចេញមតិ អ្វីជាបទល្មើសទេ អាហ្នឹងវានាំឱ្យប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិ»។

របាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ឱ្យដឹងថា
គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ មានអ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សហជីព អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម ចំនួន១១៧នាក់កំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ដោយសារការប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3088}" data-page="1" data-max-pages="1" data-start="1" data-end="1">