លោក ហ៊ុន ម៉ាណែត ទាត់ចោលការចោទថា កម្ពុជា រឹតត្បិតលំហសង្គមស៊ីវិល

សង្គម

លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ចូលរួមអបអរសាទរខួបលើកទី៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា២០២១-២០២៤ ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ច្រានចោលការចោទថា កម្ពុជា រឹតត្បិតលំហសេរីភាពរបស់អង្គការសង្គមស៊ីវិល និងបានពិពណ៌នាថា អង្គការទាំងនោះ ជាដៃគូល្អរបស់រដ្ឋាភិបាលទៅវិញ។

ថ្លែងក្នុងពិធី «អបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE)» នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត លើកឡើងថា កន្លងមក មានការយល់ច្រលំចំពោះកិច្ចសហការវាងអាជ្ញាធរ និងសង្គមស៊ីវិល រួមទាំងមានការចុះផ្សាយតាមសារព័ត៌មានមួយចំនួន ដែលចោទថា រដ្ឋាភិបាល បានបិទសិទ្ធិសេរីភាពអង្គការសង្គមស៊ីវិលមិនឱ្យអនុវត្តការងារ ដែលលោកថា វាមិនមែនជាការពិតឡើយ។

លោក ហ៊ុន ម៉ាណែត បន្ថែមថា កម្ពុជាមានអង្គការសង្គមស៊ីវិល និងសមាគមជាង៦ពាន់ស្ថាប័ន ដែលលោក ពិពណ៌នាថា «ជាដៃគូដ៏ល្អរបស់រដ្ឋាភិបាល» ដូចអង្គការ PSE ជាដើម ដែលប្រឹងប្រែងបណ្ដុះបណ្ដាលធនធានមនុស្ស។ 

លោក និយាយថា៖ «មានការយល់ច្រឡំជាពិសេសការលើកឡើងក្នុងបណ្ដាសារព័ត៌មានមួយចំនួន ចោទថារដ្ឋាភិបាលមិនលើកទឹកចិត្ត ដល់អង្គការសង្គមស៊ីវិល បិទសេរីភាព បិទស្អីៗមិនឲ្យគេធ្វើការ។ អត់ទេ»។

លោក បន្តថា៖ «អង្គការសង្គមស៊ីវិល ដែលធ្វើការពិតប្រាកដ ផ្ដល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋ។ តើសិទ្ធិសេរីភាពយើងចង់និយាយពីអ្វី? មិនមែនសិទ្ធិ សម្រាប់ឡើងជេរ ឡើងបាតុកម្មទេ ឡើងអី។ តែសិទ្ធិដើម្បីទទួលបានការអប់រំ អាហ្នឹងជាសិទ្ធិរបស់មនុស្ស។ សិទ្ធិទទួលបានការថែទាំសុខភាព សិទ្ធិរបស់មនុស្ស សិទ្ធិទទួលបានការថែទាំសុខុមាលភាពផ្សេងៗ។ នេះជាសិទ្ធិមនុស្ស។ សិទ្ធិមូលដ្ឋាន សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការថែទាំសុខភាពត្រឹមត្រូវ។ នេះហើយជាអង្គការផ្ដល់សិទ្ធិមូលដ្ឋាន គេបណ្ដុះបណ្ដាលធនធានមនុស្ស ឲ្យមានសិទ្ធិសេរីភាព មានចំណេះដឹង គឺមានសេរីភាព»។

កាលពីថ្ងៃទី១៩ ខែមិថុនា ពោលគឺបន្ទាប់ពីតុលាការកំពូល សម្រេចតម្កល់សាលក្រមលើទីប្រឹក្សាបក្សកម្លាំងជាតិលោក រ៉ុង ឈុន រួមទាំងបន្ថែមទោសផ្សេងៗ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្ដីថ្លែងការណ៍មួយ ជំរុញឱ្យរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បើកលំហនយោបាយឡើងវិញ និងអនុញ្ញាតឱ្យអង្គការសង្គមស៊ីវិល អាចអនុវត្តការងារបានដោយសេរី នៅមុនការបោះឆ្នោតខាងមុខ។

ជុំវិញការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល អង្គការសង្គមស៊ីវិលបម្រើការងារផ្នែកសិទ្ធិមនុស្ស ទទួលស្គាល់ថា មានកិច្ចសហការមួយចំនួនជាមួយអាជ្ញាធរមានភាពល្អប្រសើរ ប៉ុន្តែមិនទាំងអស់នោះទេ។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា មានប្រសាសន៍ថា អាជ្ញាធរនៅតាមតំបន់មួយចំនួន ផ្តល់កិច្ចសហការល្អជាមួយសង្គមស៊ីវិល ប៉ុន្តែតំបន់ខ្លះនៅមិនទាន់មានកិច្ចសហការល្អជាមួយអង្គការរបស់លោកនោះទេ។

លោក និយាយថា៖ «នៅក្នុងករណីខ្លះទៀតដែលយើងដឹងថា នៅក្នុងតំបន់មានបញ្ហាមួយចំនួនដែលជម្លោះ ពិសេសដូចជាមានរឿងទាក់ទងនឹងដីធ្លី ហើយដែលយើងដឹងថាមានបញ្ហាទាក់ទងជាមួយអាជ្ញាធរមួយចំនួនដែលនៅក្នុងតំបន់ហ្នឹង ជាលក្ខណៈបុគ្គលក្តី ជាអីក្តីនោះ គឺថា យើងពិបាកនៅក្នុងការសហការ»។

ជាងនេះទៅទៀត លោកថា អាជ្ញាធរខេត្តមួយចំនួន បានបង្គាប់ឱ្យអង្គការដែលមានមូល​ដ្ឋាននៅក្នុងទឹកដីរបស់គេ ធ្វើរបាយការណ៍រៀងរាល់ត្រីមាស ឬឆមាស ដែលផ្ទុយពីសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃឱ្យធ្វើរបាយការណ៍ជូនតែក្រសួងក្នុងរយៈពេល១ឆ្នាំម្ដង។

លោក បន្តថា៖ «ហ្នឹងវាបង្ហាញពីការបន្តនូវការរឹតត្បិតទៅលើសេរីភាពរបស់អង្គការសង្គមស៊ីវិល ហើយដែលវាធ្វើទៅ វាមានលក្ខណៈខុសអំពីច្បាប់ ទៅទៀតផង»។

បន្ថែមពីលើនេះ លោកថា អាជ្ញាធរក៏បានដាក់កម្លាំងឃ្លាំមើល និងតំបន់ខ្លះទៀត តម្រូវឱ្យមានសមាគមសុំច្បាប់អនុញ្ញាតមុនធ្វើសកម្មភាពជាដើម។

លោក និយាយថា៖ «ហ្នឹងហើយដែលយើងនៅតែមានការយល់ឃើញថា ទាក់ទងទៅនឹងសកម្មភាពអង្គការសង្គមស៊ីវិល យើងនៅតែមានការបន្តការរឹតត្បិតនៅក្នុងតំបន់មួយចំនួន ក៏ដូចជានៅក្នុងទីកន្លែងមួយចំនួន»។

ចំណែកប្រធានសមាគមបណ្ដាញយុវជនកម្ពុជាលោក ម៉ើ ចាន់ដារ៉ា លើកឡើងថា នៅពេលដែលសមាគមរបស់លោកចុះធ្វើសកម្មភាពនៅមូលដ្ឋាន មានការសួរនាំពីអាជ្ញាធរ ថតរូប និងថតបញ្ជីវត្តមានផ្សេងៗ ដែលលោកថា ការធ្វើដូចនេះ បានប្រាសចាកពីសេចក្ដីណែនាំរបស់រដ្ឋាភិបាល។

លោក បន្តថា៖ «ហើយយើងមើលឃើញការអនុវត្តនេះ វាប្រាសចាកពីសេចក្តីណែនាំលេខ ២០០២ សជណ ២០០២ របស់ក្រសួងមហាផ្ទៃ ដែលបានចេញជូនមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជួយធ្វើបែបម៉េចសម្រួលការអនុវត្ត របស់អង្គការសង្គមស៊ីវិលនៅមូលដ្ឋាន»។

នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬ ខេមបូចា លោក ណុប វី យល់ថា អង្គការដែលបម្រើការងារលើសិទ្ធិមនុស្ស សារព័ត៌មាន និងជំរុញឱ្យមានសេរីភាពបញ្ចេញមតិ លំហនៃកិច្ចសហការជាមួយរដ្ឋាភិបាលអាចមិនមានច្រើនដូចអង្គការធ្វើការពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ និងអប់រំនោះទេ។

លោក និយាយថា៖ «តាំងពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មានរឿងរៀបចំ សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានមក យើងឃើញថានៅក្នុងការរៀបចំគោលនយោបាយ ឬក៏ច្បាប់ផ្សេងៗទៀត ដែលក្រសួងរៀបចំ គឺថាយើងមានកម្រិតមែនទែននៅក្នុងការចូលរួមផ្ដល់ធាតុចូល ឬក៏ចូលរួមនៅក្នុងកិច្ចប្រឹក្សាយោបល់ផ្សេងៗ»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3122}" data-page="1" data-max-pages="1" data-start="1" data-end="1">