មន្ទីរបរិស្ថានខេត្តព្រះវិហារ ថ្ដោលទោសចំពោះបុគ្គលដែលគប់គិតគ្នា កាប់ទន្រ្ទានដីព្រៃដើម្បីយកមកធ្វើជាកម្មសិទ្ធិប្រមាណជិត៧០ ហិកតារ ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងស្រុកឆែប និង ដែនជម្រកសត្វព្រៃបឹងពែរ ក្នុងស្រុករវៀង ខេត្តព្រះវិហារ។
យោងតាមសេចក្ដីប្រកាសចំនួនពីររបស់មន្ទីរបរិស្ថានខេត្តព្រះវិហារ ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ រកឃើញថា មានការលួចចូលកាប់រាន និងឈូសឆាយដីព្រៃ ដើម្បីយកមកធ្វើជាកម្មសិទ្ធិ និងទិញ-លក់ ដីព្រៃដោយខុសច្បាប់ ទំហំ៣៧ហិកតា នៅដែនជម្រកសត្វព្រៃបឹងពែរ ក្នុងឃុំរមទម ស្រុករវៀង និង ទំហំ៣០ ហិកតាទៀត នៅដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្រុកឆែប។
បើតាមមន្ទីរបរិស្ថាន ជនល្មើសដែលបានកាប់ទន្រ្ទានដីព្រៃនោះ ប្រឈមការជាប់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ ចំពោះអំពើកាប់រាន ទន្ទ្រាន ឈូសឆាយដីព្រៃ និងដុតព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ។
ប្រភពដដែល បន្ថែមថា ករណីនេះ នគរបាលយុត្តិធម៌នៃមន្ទីរបរិស្ថានខេត្ត កំពុងស៊ើបអង្កេត និងកំណត់អត្តសញ្ញាណជនសង្ស័យ។
សេចក្ដីថ្លែងការណ៍ និយាយថា៖ «ជាថ្មីម្តងទៀតមន្ទីរបរិស្ថានខេត្តព្រះវិហារ សូមធ្វើការថ្កោលទោស និងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះបុគ្គលគប់គិតគ្នាប្រព្រឹត្តបទល្មើសធនធានធម្មជាតិ និងធ្វើសកម្មភាពកាប់រាន ទន្ទ្រាន ឈូសឆាយដីព្រៃ និងដុតព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលជាតំបន់ការពារធម្មជាតិ»។
នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ អង្គការស៊ើបអង្កេតបរិស្ថានរបស់ចក្រភពអង់គ្លេស (EIA) ទាមទារឱ្យវៀតណាម ត្រួតពិនិត្យប្រព័ន្ធផ្ទៀងផ្ទាត់ភាពស្របច្បាប់ នៃការនាំចូលឈើពីប្រទេសកម្ពុជា។ EIA ចោទថា ឈើនាំចេញពីកម្ពុជាទៅទីផ្សារវៀតណាមមួយចំនួន បានមកពីការកាប់បំផ្លាញដោយខុសច្បាប់ និងអំពើពុករលួយ។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា មានប្រសាសន៍ថា ក្រសួងកំពុងរៀបចំសំណុំរឿងកាប់បំផ្លាញព្រៃឈើនៅខេត្តព្រះវិហារ ទៅកាន់តុលាការដើម្បីចាត់វិធានការតាមច្បាប់។
លោក និយាយថា៖ «យើងកំពុងរៀបចំ ទីមួយគឺយើងរកឃើញពិតប្រាកដហើយ ហើយរៀបចំសំណុំរឿងដាក់ទៅតុលាការ។ ហើយមួយទៀតគឺយើងធ្វើការសហការជាមួយអាជ្ញាធរខេត្តដើម្បីចុះចាត់ការតាមនីតិវិធីច្បាប់បន្តទៀត»។
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បន្តថា អាជ្ញាធរកំពុងជំរុញឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីការពារតំបន់ការពារធម្មជាតិ និងទប់ស្កាត់បទល្មើសកាប់ទន្រ្ទានដីព្រៃបែបនេះ។
បន្ថែមពីលើនេះ លោកថា ក្រសួងក៏កំពុងជំរុញឱ្យមានការដាំស្ដារព្រៃឈើ និងលើកកម្ពស់ជីវភាពសហគមន៍តាមរយៈការចិញ្ចឹមសត្វ ដាំបន្លែ និងការទាញយកប្រយោជន៍ពីទេសចរណ៍ធម្មជាតិ ជាជាងការពឹងផ្អែកលើព្រៃឈើ។
ជុំវិញករណីនេះ សកម្មជនបរិស្ថានលោក ម៉ា ចិត្រា មានប្រសាសន៍ថា ក្រសួងបរិស្ថាន ត្រូវចាត់វិធានការតាមច្បាប់ចំពោះជនល្មើស មិនមែនគ្រាន់តែចេញសេចក្ដីថ្ដោលទោសនោះទេ។
ជាងនេះទៅទៀតលោកថា ក្រៅពីការដាក់ទោសជនបង្ក អាជ្ញាធរពាក់ព័ន្ធក៏ត្រូវទទួលខុសត្រូវផងដែរ ចំពោះការបណ្ដែតបណ្ដោយឱ្យមានការកាប់បំផ្លាញដីព្រៃរាប់សិបហិកតាបែបនេះ។
លោក និយាយថា៖ «ធម្មតាការទន្រ្ទានដីព្រៃ វាមិនមែនធ្វើឡើងមួយថ្ងៃពីរថ្ងៃទេ ព្រោះដី៣០ទៅ៤០ហិកតា ទំហំធំណាស់ សួរថា តើអំឡុងពេលគាត់កាន់តំណែង គាត់ទៅណា បានគេទន្រ្ទានយកដីប៉ុណ្ណឹងបាន?។ អាហ្នឹងជាការទទួលខុសត្រូវរបស់គាត់ខ្លាំងមែនទែន មិនមែនតែលើជនលើ្មសដែលបំផ្លាញដីព្រៃនោះទេ»៕







