ក្រសួងបរិស្ថានបិទទីលានចាក់សំណល់ក្រុមហ៊ុនមួយ ដោយសាររោងចក្រនោះបំពុលទឹកធ្វើឱ្យត្រីងាប់

បរិស្ថាន

(រូបភាព ទីលានទុកដាក់សំរាម១កន្លែងនៅក្នុងស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន Mi Ner Va Investment Co., Ltd. (រូបភាព៖ ក្រសួងបរិស្ថាន)

ក្រសួងបរិស្ថានបានសម្រេចបិទទីលានចាក់សំណល់មួយកន្លែង នៃរោងចក្រកែច្នៃសំណល់អេឡិចត្រូនិករបស់ក្រុមហ៊ុន Mi Ner Va Investment នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់​ពីមន្ត្រីជំនាញរកឃើញថា សំណល់រាវពីទីតាំងនេះបានហូរចូលអូរធម្មជាតិ បង្កឱ្យមានការបំពុលបរិស្ថាន និងបណ្តាលឱ្យត្រីងាប់។ ជុំវិញករណីនេះ អ្នកធ្វើការងារផ្នែកបរិស្ថានជំរុញឱ្យរដ្ឋពង្រឹងការត្រួតពិនិត្យគម្រោងវិនិយោគ ទាំងមុននិងក្រោយផ្តល់អាជ្ញាបណ្ណ។

យោងតាមការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចបានរកឃើញថា ទីតាំងចាក់សំណល់រឹងឧស្សាហកម្មរបស់ក្រុមហ៊ុន Mi Ner Va Investment Co., Ltd មិនបានរៀបចំស្របតាមស្តង់ដារបច្ចេកទេសបរិស្ថាន ដែលបណ្តាលឱ្យសំណល់រាវលេចធ្លាយចូលអូរធម្មជាតិ និងបង្កឱ្យត្រីងាប់។ ក្រុមការងារក៏បានប្រមូលសំណាកទឹកទៅវិភាគ ដើម្បីកំណត់កម្រិតសារធាតុបំពុលបន្ថែម។

ក្រសួងបរិស្ថានបានឱ្យដឹងថា មន្ត្រីជំនាញបានសហការជាមួយអាជ្ញាធរស្រុកស្ទឹងហាវ បញ្ឈប់ការចាក់សំណល់គ្រប់ប្រភេទនៅទីតាំងនេះ និងតម្រូវឱ្យបង្វែរសំណល់ទៅកាន់ទីតាំងដែលមានការអនុញ្ញាតត្រឹមត្រូវ។ ក្នុងសេចក្តីផ្សព្វផ្សាយបន្តថា៖ «ដើម្បីទប់ស្កាត់ការបំពុលបរិស្ថានជាបន្តទៀត ក្រុមការងារបានបន្តអនុវត្តវិធានការច្បាប់ដោយតម្រូវឱ្យពិន័យអន្តរការណ៍ចំពោះក្រុមហ៊ុន Mi Ner Va Investment Co., Ltd. ដែលបានប្រមូលសំណល់រឹងឧស្សាហកម្មទៅចាក់នៅទីតាំងខាងលើ បង្កឱ្យមានបញ្ហាបំពុលបរិស្ថាន និងត្រីងាប់ និងតម្រូវឱ្យផ្តល់សំណងការខូចខាតដោយផ្ទាល់និងដោយប្រយោល រួមនឹងការស្តារបរិស្ថានឡើងវិញ»។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុន Mi Ner Va Investment Co., Ltd. បានទទួលវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ សម្រាប់គម្រោងរោងចក្រកែច្នៃ និងកម្ទេចសំណល់យានយន្ត បរិក្ខារអគ្គិសនី អេឡិចត្រូនិក និងសំណល់ឧស្សាហកម្មផ្សេងៗ ដែលមានទុនវិនិយោគប្រមាណ ៣០០,៤លានដុល្លារអាមេរិក និងគ្រោងបង្កើតការងារចំនួន ៥៤៥កន្លែង។

សកម្មជនបរិស្ថានលោក ម៉ា ចិត្រា បានគាំទ្រចំពោះចំណាត់ការរបស់ក្រសួងបរិស្ថាន ប៉ុន្តែលោកយល់ថា ការអនុវត្តវិធានការគួរតែធ្វើមុនពេលបញ្ហាកើតឡើង មិនមែនរង់ចាំរហូតដល់មានបញ្ហាកើតឡើង ទើបចាត់វិធានការនោះទេ។

លោកនិយាយថា៖ «សង្ឃឹមថាពេលដែលទទួលបានគម្រោងនៃការអភិវឌ្ឍផ្សេងៗទៀត ត្រូវតែមានវិធានការជាបន្ទាន់ កុំចាំដល់ពេលមានបញ្ហាបានយើងទៅទប់ស្កាត់ អាហ្នឹងវាហួសពេលហើយ»។ លោកលើកឡើងថា អាជ្ញាធរពាក់ព័ន្ធគួរតែពិនិត្យឡើងវិញទៅលើក្រុមហ៊ុនខ្វះបច្ចេក​ទេស ឬខ្វះលទ្ធភាពក្នុងការគ្រប់គ្រងសំណល់ បើបញ្ហាកើតឡើងដោយសារកង្វះសមត្ថ​ភាព មន្ត្រីជំនាញគួរផ្តល់ការណែនាំ និងជំនួយបច្ចេកទេស ដើម្បីឱ្យការគ្រប់គ្រងសំណល់អនុវត្តបានត្រឹមត្រូវ ព្រមទាំងការពារបរិស្ថានបានប្រសើរឡើង។

ចំណែកប្រធានប្រតិបត្តិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ម៉ើ ចាន់ដារ៉ា យល់ឃើញថា វិធានការរបស់ក្រសួងជារឿងត្រឹមត្រូវ ព្រោះសំណល់គីមី និងសំណល់រាវជាប្រភេទសំណល់គ្រោះថ្នាក់ ដែលអាចប៉ះពាល់ដល់ប្រព័ន្ធទឹក សុខភាពសាធារណៈ និងជីវចម្រុះ។

លោកនិយាយថា៖ «យើងត្រូវការវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ហើយការទប់ស្កាត់នេះជាការទប់ស្កាត់ជាប្រព័ន្ធ មិនមែនទប់ស្កាត់តាមព្រឹត្តិការណ៍ទេ។ ដើម្បីចំណាត់ការហ្នឹងដើរ ហើយមានការត្រួតពិនិត្យនិងវាយតម្លៃយន្តការបានត្រឹមត្រូវ ព្រោះការធ្វើបែបនេះនឹងជួយឱ្យក្រសួងអាចប្រមើលមើលពីវិសាលភាព ក៏ដូចជាប្រសិទ្ធភាពក្នុងការគ្រប់គ្រង»។

លោកមានប្រសាសន៍ថា ក្រសួងបរិស្ថានគួរពង្រឹងការធ្វើអធិការកិច្ច និងការត្រួតពិនិត្យស្តង់ដារបច្ចេកទេសរបស់ក្រុមហ៊ុនដែលមានហានិភ័យបំពុលបរិស្ថាន ជាពិសេសក្រុមហ៊ុនដែលគ្រប់គ្រងសំណល់គីមី និងសំណល់ឧស្សាហកម្ម ដើម្បីបង្ការហានិភ័យមុនពេលបញ្ហាកើតឡើង និងធានាថាក្រុមហ៊ុនទាំងអស់អនុវត្តតាមបទដ្ឋានបរិស្ថានដែលបានកំណត់។

លោកនិយាយថា៖ «ខ្ញុំគិតថាវាអាចមានបញ្ហានៅពីក្រោយការអនុម័តឱ្យក្រុមហ៊ុនមួយនេះបានអនុវត្ត។ បើទោះបីជាមានការទប់ស្កាត់ [តែបើ] មិនបានត្រឹមត្រូវទេ វាអាចឱ្យមានវិនាសកម្មដល់អេកូឡូស៊ីនៅក្នុងទឹកដែលមានស្រាប់ ដូចយើងមើលឃើញមានត្រីងាប់អីជាដើម»៕

បរិស្ថាន","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3158}" data-page="1" data-max-pages="1" data-start="1" data-end="1">