ពលរដ្ឋនៅ៥គ្រួសារខេត្តព្រៃវែង ស្នើឱ្យអាជ្ញាធរពន្លឿនការអនុវត្តសាលដីកាតុលាការកំពូល ករណីទំនាស់ដីធ្លីសហគមន៍

ដីធ្លី

(ពលរដ្ឋមានបញ្ហាដីធ្លីជួបជុំគ្នាថតវីដេអូ បង្ហាញបញ្ហារបស់ពួកគាត់)រូបភាពផ្ដល់ឱ្យ)។

ពលរដ្ឋនៅស្រុកពាមរក៍ ខេត្តព្រៃវែង៥គ្រួសារ ស្នើឱ្យអាជ្ញាធរពន្លឿនការអនុវត្តសាលដីកាតុលាការកំពូល ករណីទំនាស់ដីធ្លីសហគមន៍។ ប្រជាពលរដ្ឋឱ្យដឹងថា ពួកគាត់រងគ្រោះដោយសារការរំលោភបំពានដីសហគមន៍ពីបុគ្គលខាងក្រៅ និងស្នើសុំឱ្យអាជ្ញាធរពន្លឿនការដោះស្រាយ ក្រោយសាលដីកាតុលាការកំពូលសម្រេចទទួលស្គាល់ដីសហគមន៍នេះថាស្របច្បាប់ តែរហូតមកដល់ពេលនេះ សហគមន៍នៅមិនទាន់បានសិទ្ធិគ្រប់គ្រងនៅឡើយ។

ប្រភពពីពលរដ្ឋឱ្យដឹងថា នៅឆ្នាំ២០០០ ប្រជាពលរដ្ឋប្រមាណ ៦៣ គ្រួសារត្រូវបានរដ្ឋាភិបាលផ្ដល់ដីមួយកន្លែង ស្ថិតនៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលប៉ះពាល់ដោយគម្រោងសាងសង់ផ្លូវជាតិលេខ១ ពីភ្នំពេញ ទៅក្រុងបាវិត ខេត្តស្វាយរៀង។ តែប្រជាពលរដ្ឋដែលទទួលបានដីជាក់ស្ដែងមានតែ ៤៨ គ្រួសារ ចំណែក ១៥ គ្រួសារទៀត បានលក់ដីនេះទៅឱ្យអ្នកផ្សេង និងចាកចេញទៅ។

ប្រជាពលរដ្ឋដែលប៉ះពាល់ក្នុងគម្រោងនេះ អ្នកស្រី ស៊ិន យិន អាយុ ៧៥ ឆ្នាំ លើកឡើងថា ក្រោយសហគមន៍អ្នកស្រីទទួលបានដីសំណងពីរដ្ឋាភិបាល ក្រុមគ្រួសារខ្លះបានសម្រេចចិត្តលក់ដីដែលពួកគេទទួលបាន ហើយបុគ្គលដែលទិញដីនោះ បែរជាមកគ្រប់គ្រងលើសដីដែលខ្លួនបានទិញទៅវិញ។ អ្នកស្រីអះអាងថា ស្រាប់តែនៅឆ្នាំ២០១៧ បុគ្គលទាំងនោះបានរំលោភដីសហគមន៍អ្នកស្រី ដោយចាក់ដីបំពេញ និងបុកគ្រឹះធ្វើរបងហ៊ុមព័ទ្ធសម្រាប់ធ្វើសំណង់រឹង។

អ្នកស្រីលើកឡើងថា៖ «សុំឱ្យអាជ្ញាធរភូមិ ឃុំ ស្រុក រៀបចំដីសាធារណៈដែលរដ្ឋាភិបាលសន្យា។ មួយទៀតគឺសំណូមពរលើរឿងក្ដីរបស់មីងទាំងអស់គ្នា សូមតុលាការបញ្ចប់ឆាប់ៗ ព្រោះពួកមីងចាស់ៗអស់ហើយ និងមានជំងឺប្រចាំកាយផង ហើយជួយដោះស្រាយជូនប្រជាពលរដ្ឋផ្សេងទៀតដែលគេរំលោភ»។ អ្នកស្រីបន្ថែមថា៖ «មានព្រំប្រទល់ មានប្លង់ច្បាស់លាស់ ហើយក៏មានមេធាវីការពារក្ដីឱ្យដែរ ប៉ុន្តែឥឡូវឈ្នះសព្វគ្រប់រហូតដល់តុលាការកំពូលកាត់ក្ដីឱ្យឈ្នះដែរ។ […] គឺស្ងាត់រហូត។ ខាងអ៊ំនេះវេចខ្ចប់តែការឈ្នះពីរខែបីឆ្នាំហើយ អត់មានដំណោះស្រាយសោះ»។

អ្នកស្រីថា បើទោះបីជាសហគមន៍បានប្ដឹងទៅអាជ្ញាធរឱ្យជួយអន្តរាគមន៍ទប់ស្កាត់ក៏ដោយ ក៏បុគ្គលទាំងនោះនៅតែបន្តសកម្មភាពរំលោភបំពានជាបន្តបន្ទាប់ដដែល។ អ្នកស្រីក៏បានប្ដឹងទៅសាលាដំបូងខេត្តព្រៃវែង ហើយសាលាដំបូងខេត្តបានសម្រេចឱ្យសហគមន៍អ្នកស្រីឈ្នះក្ដីរដ្ឋប្បវេណី នៅខែឧសភា ឆ្នាំ២០១៩។

ពលរដ្ឋម្នាក់ទៀត អ្នកស្រី ភិន វណ្ណា អាយុ ៧២ ឆ្នាំ លើកឡើងថា ទំនាស់ដីធ្លីនៅក្នុងសហគមន៍ស្ដារជីវភាពឡើងវិញនេះ កើតឡើងតាំងពីឆ្នាំ២០១៧ ក្រោយអ្នកខាងក្រៅយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ អ្នកស្រីថាសហគមន៍ក៏បានប្ដឹងទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីស្នើឱ្យតុលាការស្វែងរកដំណោះស្រាយ ដែលជាលទ្ធផលសហគមន៍ទទួលបានសាលក្រមទទួលស្គាល់កម្មសិទ្ធិសហគមន៍ផងដែរ។ ក្រោយមក អ្នកស្រីបញ្ជាក់ថា ភាគីចុងចោទដែលរំលោភយកដី​សហគមន៍បានប្ដឹងទៅសាលាឧទ្ធរណ៍ និងតុលាការកំពូលជាបន្តបន្ទាប់ តែតុលាការកំពូលនៅតែផ្ដល់សេចក្ដីសម្រេចទទួលស្គាល់សាលក្រមរបស់តុលាការជាន់ទាប។

អ្នកស្រីលើកឡើងថា៖ «កាលណាគេយកដីនេះ ខ្ញុំបាត់បង់មុខរបរ។ ផ្ទះរបស់ខ្ញុំត្រូវកន្លែងរកស៊ី តែដល់ពេលគេយកបែបនេះ ខ្ញុំអត់បានរកស៊ីអ្វីទាំងអស់ បាត់បង់ជីវភាពរកស៊ី បាត់បង់អ្វីៗទាំងអស់ ហើយបាត់បង់ទាំងការងារសហគមន៍ទៀត។ […] ខ្ញុំចង់បានដីសហគមន៍ខ្ញុំមកអភិវឌ្ឍជាដីសាធារណៈ និងដីអណ្ដូងទឹកជាកម្មសិទ្ធិរបស់សហគមន៍វិញ»។

អ្នកស្រីបញ្ជាក់ថា ដីដែលរដ្ឋាភិបាលផ្ដល់ឱ្យក្នុងមួយគ្រួសារមានក្បាលដី ៧ ម៉ែត្រ បណ្ដោយ ១៦ ម៉ែត្រ និងចំណីថ្នល់ប្រមាណពី ៣០ ទៅ ៤៦ ម៉ែត្រ។

សាលដីកាតុលាការកំពូល ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បញ្ជាក់ថា តុលាការកំពូលសម្រេច​សាលដីកាចុងក្រោយឱ្យសហគមន៍នៅភូមិស្ទឹងស្លូត ស្រុកពាមរក៍ ខេត្តព្រៃវែង ខាងលើ ជាម្ចាស់កម្មសិទ្ធិលើទីតាំងដីនេះដដែល។ ក្នុងនោះតុលាការកំពូលបង្គាប់ឱ្យភាគីចុងចោទមានឈ្មោះ ជា គា, ជា ហនចានដារ៉ា, ជិន ភាព និង ជា សោភ័ណ្ឌ រុះរើសំណង់ចេញពីទីតាំងដីខាងលើ និងសងសំណងខូចខាតពេលវេលាព្រមទាំងសេវាផ្លូវច្បាប់ចំនួន ៨ លានរៀល។

មេឃុំអ្នកលឿង នៃស្រុកពាមរក៍ ខេត្តព្រៃវែង លោក ភោគ ថានី ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា សាលាដំបូងខេត្តព្រៃវែងបានជូនដំណឹងពីការប្រជុំអនុវត្តសាលដីកាតុលាការកំពូលលើសំណុំរឿងដីធ្លីសហគមន៍ស្ដារជីវភាពចំនួនពីរលើករួចមកហើយ ប៉ុន្តែត្រូវពន្យារពេលទាំងពីរលើក។ ចំពោះមូលហេតុយ៉ាងណា លោកមិនអាចបកស្រាយបានឡើយ ព្រោះលោកគ្រាន់តែចូលរួមសម្របសម្រួលប៉ុណ្ណោះ។ លោកមានប្រសាសន៍ថា៖ «តុលាការកំពូលចេញសាលក្រមប្រគល់ដីហើយ។ ដីនោះជាដីសហគមន៍។ ទំនាស់នោះពាក់ព័ន្ធនឹងចំណីដីសហគមន៍ហ្នឹង។ គម្រោងអនុវត្តសាលក្រមពីរដងបីដងហើយ តែគម្រោងខកៗ មិនដឹងយ៉ាងម៉េច»។

នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងយុត្តិធម៌បានចេញលិខិតអន្តរាគមន៍ជម្រុញឱ្យសាលាដំបូងខេត្តព្រៃវែង បន្តចំណាត់ការលើសំណុំរឿងដីធ្លីនេះឱ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាន។ តែយ៉ាងណា ប្រជាសហគមន៍ថា ពួកគាត់មិនទាន់ទទួលបានដំណឹងថានឹងមានចំណាត់ការឱ្យជនជាប់ចោទទទួលខុសត្រូវចំពោះមុខច្បាប់នោះឡើយ។

បន្ថែមពីលើនេះ ភាគីចុងចោទបានបដិសេធសាលក្រមរបស់សាលាដំបូងខេត្តព្រៃវែង ដោយសំអាងហេតុផលថា ពួកគេកាន់កាប់តាំងពីឆ្នាំ២០០៦ និងស្ម័គ្រចិត្តប្រគល់ជូនរដ្ឋវិញ ប្រសិនបើរដ្ឋត្រូវការ ដោយមិនទាមទារសំណងអ្វីទាំងអស់។ នេះបើតាមសាលដីកាតុលាការកំពូល។

អ្នកនាំពាក្យសាលាដំបូងខេត្តព្រៃវែង អ្នកស្រី អាត សុខន ប្រាប់អ្នកសារព័ត៌មានថា អ្នកស្រីនឹងពិនិត្យមើលលើករណីនេះ។ ចំពោះការអនុវត្តសាលដីការបស់តុលាការកំពូលយ៉ាងណា គឺអ្នកស្រីមិនទាន់អាចឆ្លើយតបបាននៅឡើយទេ គិតត្រឹមថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០26។

ពាក់ព័ន្ធនឹងទំនាស់ដីធ្លីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា អាជ្ញាធរពាក់ព័ន្ធត្រូវធានាថាសហគមន៍ទទួលបានកម្មសិទ្ធិគ្រប់គ្រង ដើម្បីឱ្យសហគមន៍អាចប្រើប្រាស់ជាប្រយោជន៍រួម។ លោកថា កាលណាមានសាលដីកាពីតុលាការកំពូលហើយ សាលាដំបូងខេត្តសមីត្រូវអនុវត្តតាមសាលដីកានោះឱ្យមានប្រសិទ្ធភាព ទើបអាចផ្ដល់យុត្តិធម៌ជូនជនរងគ្រោះបាន។

លោកមានប្រសាសន៍ថា៖ «អាជ្ញាធរមូលដ្ឋានត្រូវចាត់វិធានការដើម្បីរក្សាដីសហគមន៍ហ្នឹងទុកជាសមូហភាពសហគមន៍ ដើម្បីបម្រើផលប្រយោជន៍រួមរបស់សហគមន៍ ឬផលប្រយោជន៍សាធារណៈរបស់សហគមន៍»។ លោកបន្ថែមថា៖ «នៅពេលដែលតុលាការតាំងពីថ្នាក់ដំបូងរហូតដល់កំពូលធ្វើការសម្រេចឱ្យអ្នករំលោភ ឬទន្ទ្រានធ្វើការចាកចេញ ហើយពួកគេមិនព្រមចាកចេញ អ៊ីចឹងត្រូវអនុវត្តតាមសាលដីកការបស់តុលាការកំពូល។ បើសិនជាមានសាលដីកាលើសំណុំរឿងណាមួយក៏ដោយ ប៉ុន្តែគ្មានការអនុវត្ត វាស្មើនឹងមិនមានយុត្តិធម៌ និងមិនមានដំណោះស្រាយ»៕

អានអត្ថបទផ្សេងទៀតអំពី ដីធ្លី

ដីធ្លី","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3173}" data-page="1" data-max-pages="1" data-start="1" data-end="1">