សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២រូប ប្តេជ្ញាបន្តផ្សព្វផ្សាយច្បាប់ក្រោយទទួលបានសេរីភាព

សិទ្ធិមនុស្ស

(រូបភាព របស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក សាន សិទ្ធ(ស្ដាំ) និងភរិយាលោកគឺអ្នកស្រី ស្វាយ ពៅ (ឆ្វេង)។ខាងក្រោមគឺសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កញ្ញា ភឹង សោភា។)

សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២រូប គឺកញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ប្ដេជ្ញាបន្តការងារផ្សព្វផ្សាយខ្លឹមសារកិច្ចព្រមព្រៀងនេះ ព្រមទាំងចែករំលែកចំណេះដឹងផ្សេងៗដូចមុនដដែល បន្ទាប់ពីពួកគេទទួលបានសេរីភាពវិញ។ អ្នកទាំងពីរបានថ្លែងបែបនេះប្រាប់ ប្រជាកាសែត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។

កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ បានចេញពីពន្ធនាគារវិញកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ពោលគឺពួកគាត់បានជាប់ឃុំគ្រប់ចំនួន ២ឆ្នាំគត់ តាមអំណាចសាលក្រមសាលាដំបូងរាជធានីភ្នំពេញ។ ទោះបីជាមានសេរីភាពហើយក្តី ក៏អ្នកទាំងពីរនៅតែប្ដេជ្ញាប្ដឹងទៅសាលាឧទ្ធរណ៍ភ្នំពេញបន្តទៀត ដើម្បីស្វែងរកយុត្តិធម៌។

សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កញ្ញា ភឹង សោភា បានប្រាប់ថា កញ្ញានឹងបន្តធ្វើការងារផ្សព្វផ្សាយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងសន្ធិសញ្ញា ២៣ តុលា ជាដើម ដើម្បីឱ្យពលរដ្ឋបានយល់ដឹង។

កញ្ញាថ្លែងថា៖ «ជំហរគឺនៅតែដដែល! អ្វីដែលខ្ញុំបានធ្វើកាលពី ៦ឆ្នាំមុន គឺនៅតែបន្តធ្វើ ដូចជាការបន្តផ្សព្វផ្សាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស វគ្គបណ្ដុះបណ្ដាលកិច្ចព្រមព្រៀង ការផ្ដោតលើភូមិ-ឃុំពាណិជ្ជកម្មដែលជួយផ្នែកសេដ្ឋកិច្ចជាតិ និងការផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរ ជាពិសេសទៅលើសៀវភៅវប្បធម៌»។

ស្ត្រីវ័យ ៣៥ឆ្នាំរូបនេះបញ្ជាក់ថា មូលហេតុដែលកញ្ញានៅតែបន្តធ្វើកិច្ចការដូចកាលមុនជាប់ពន្ធនាគារ គឺដោយសារតែកញ្ញាបានកំណត់តាំងពីពេលចាប់ផ្ដើមការងារនៅឆ្នាំ២០១៨ ថានឹងធ្វើបេសកកម្មផ្សព្វផ្សាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងច្បាប់នានាឱ្យបាន ៧,០០០ថ្ងៃ ដើម្បីរួមចំណែកជួយប្រទេសជាតិក្នុងនាមជាពលរដ្ឋសកម្មមួយរូប។

កញ្ញា សោភា បន្តថា កញ្ញាមិនមានការភ័យខ្លាចអ្វីឡើយក្នុងការបន្តការងារនេះ ព្រោះអ្វីដែលកញ្ញាធ្វើគឺស្របតាមច្បាប់ ដែលចែងអំពីសិទ្ធិបញ្ចេញមតិ។ ទោះជាយ៉ាងណា សកម្មជនរូបនេះមិនទាន់កំណត់ពេលវេលាជាក់លាក់ក្នុងការបន្តការងារនេះនៅឡើយទេ ដោយដំបូងឡើយ កញ្ញាត្រូវចំណាយពេលជាមួយគ្រួសារ ឪពុកម្ដាយ និងជីតាដែលមានវ័យជរា ព្រមទាំងត្រូវធ្វើបច្ចុប្បន្នភាពចំណេះដឹង និងរឿងរ៉ាវនានាដែលបានកើតឡើងអំឡុងពេលកញ្ញានៅក្នុងពន្ធនាគារ។

កញ្ញា សោភា បន្ថែមថា៖ «កាលបរិច្ឆេទនៃការធ្វើជាក់លាក់គឺខ្ញុំមិនទាន់បានកំណត់នៅឡើយទេ ដោយសារតែធម្មតាយើងធ្លាប់ធ្វើការផ្សព្វផ្សាយដោយមានដៃគូ គឺបង ស្រ៊ន ដែលជាអ្នកមានចំណេះដឹងច្រើន។ ដូច្នេះ ពេលគាត់នៅក្នុពន្ធនាគារនៅឡើយ អ៊ីចឹងខ្ញុំត្រូវការពេលវេលាក្នុងការជជែកពិភាក្សាជាមួយបងប្អូនសកម្មជនផ្សេងទៀត ទើបមិនទាន់កំណត់ថាថ្ងៃណានឹងចាប់ផ្ដើមនៅឡើយ»។

ចំពោះរឿងក្ដី «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ធរដល់សន្តិសុខសង្គម» ដែលសាលាដំបូងកាត់ទោសកញ្ញាឱ្យជាប់ពន្ធនាគារ ២ឆ្នាំនោះ កញ្ញា ភឹង សោភា យល់ថាជារឿងអយុត្តិធម៌ ព្រោះអ្វីដែលកញ្ញាបានធ្វើកន្លងមកគឺជាសិទ្ធិបញ្ចេញមតិ ជារឿងសង្គមជួយជាតិ និងមិនមែនជាបទល្មើសឡើយ។ ហេតុនេះ កញ្ញាក៏បានប្ដឹងឧទ្ធរណ៍ចំពោះករណីនេះដែរ។

ចំណែកឯសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមួយរូបទៀតគឺ លោក សាន សិទ្ធ ក៏ប្ដេជ្ញាបន្តកិច្ចការផ្សព្វផ្សាយច្បាប់ និងសន្ធិសញ្ញាផ្សេងៗដូចកញ្ញា ភឹង សោភា ដែរ ព្រោះលោកសង្កេតឃើញពលរដ្ឋឧស្សាហ៍ប្រើពាក្យអសុរសតាមបណ្ដាញសង្គមជាដើម ដែលបញ្ហានេះកើតចេញពីការដែលពលរដ្ឋមិនសូវយល់ដឹងផ្នែកច្បាប់។

លោកថ្លែងថា៖ «ខ្ញុំចែករំលែកផ្សព្វផ្សាយអ្វីដែលខ្ញុំយល់ ខ្ញុំនឹងចែករំលែកដល់បងប្អូនដែលមិនទាន់យល់។ ខ្ញុំចេះតិច ខ្ញុំចែករំលែកអ្នកអត់ចេះសោះ។ ខ្ញុំចង់ឱ្យប្រទេសយើង ចង់ឱ្យពលរដ្ឋយើងចេះច្បាប់ទាំងអស់គ្នា ពេលពលរដ្ឋចេះច្បាប់ យើងមានសេចក្ដីក្លាហានក្នុងការរស់នៅប្រចាំថ្ងៃ។ ប្រសិនជាពលរដ្ឋយើងចេះច្បាប់ យើងចេះជួយប្រទេសជាតិដោយប្រើច្បាប់ជាគោល យើងមិនប្រើរបៀបអសុរស ជេរប្រមាថអ្វីឡើយ»។

រីឯភរិយារបស់លោក សាន សិទ្ធ គឺអ្នកស្រី ស្វាយ ពៅ បានសម្តែងការគាំទ្រចំពោះការប្ដេជ្ញារបស់ស្វាមីដែលថានឹងបន្តផ្សព្វផ្សាយច្បាប់នានាដល់សាធារណជន ព្រោះកិច្ចការនេះនឹងជួយសង្គមជាតិផង ព្រមទាំងផ្ដល់ចំណេះដឹងដល់ខ្លួនគាត់ផងដែរ។

អ្នកស្រីថា៖ «ការប្ដេជ្ញារបស់គាត់ជាអំពើល្អមួយដែលមានប្រយោជន៍ ២យ៉ាង ម៉្យាងជួយឱ្យខ្លួនឯងបានរឹងមាំ និងម៉្យាងទៀតជួយសង្គមយើងឱ្យស្គាល់អំពីអំពើដែលមិនជេរប្រមាថគ្នា យើងគោរពគ្នាដោយសីល សមាធិ និងបញ្ញា គឺតាមរយៈការប្រើប្រាស់ និងផ្សព្វផ្សាយច្បាប់ហ្នឹងឯង»។

សហមេធាវីការពារក្ដីឱ្យសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺលោកមេធាវី អែម ចន្ថា បានប្រាប់ថា លោកបានដាក់បណ្ដឹងសាទុក្ខទៅសាលាឧទ្ធរណ៍ភ្នំពេញរួចរាល់ហើយ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដើម្បីប្ដឹងជំទាស់នឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលតុលាការបានប្រកាសកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

លោកមេធាវីបញ្ជាក់ថា៖ «ផ្អែកលើអង្គហេតុ កូនក្ដីមិនបានញុះញង់ទេ គាត់គ្រាន់តែលើកឡើង និងបកស្រាយនូវសំណួរឱ្យគេពិចារណា ពីគុណសម្បត្តិ គុណវិបត្តិ និងផ្តល់ជាដំណោះស្រាយ ហើយឱ្យអ្នកស្ដាប់ទាំងអស់ពិចារណាតែប៉ុណ្ណោះ»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចខេត្តសៀមរាបបានចាប់ខ្លួនសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កញ្ញា ភឹង សោភា លោក សាន សិទ្ធ និងលោក ស្រ៊ុន ស្រ៊ន បន្ទាប់ពីពួកគេបញ្ចេញមតិជុំវិញរឿងកិច្ចព្រមព្រៀងសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ (CLV-DTA)។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានកាត់ទោសកញ្ញា ភឹង សោភា លោក សាន សិទ្ធ និងលោក ស្រ៊ុន ស្រ៊ន ឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន ២ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីបានជាប់ឃុំគ្រប់ថិរវេលាកំណត់។ ទោះជាយ៉ាងណា លោក ស្រ៊ុន ស្រ៊ន នៅតែបន្តជាប់ពន្ធនាគារនៅឡើយ ដោយសារជាប់ពាក់ព័ន្ធនឹងរឿងក្ដី «ញុះញង់» មួយផ្សេងទៀត ក្នុងសំណុំរឿងរិះគន់ក្រសួងយុត្តិធម៌៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3347}" data-page="1" data-max-pages="1" data-start="1" data-end="1">