ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ ២០នាក់ តំណាងឱ្យ ៤៨គ្រួសារ នៅភូមិគោកត្របែក និងភូមិគោកអណ្ដែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ បានប្រមូលផ្ដុំគ្នា និងជួបតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណងស្នើសុំប្រើប្រាស់ដីស្រែឡើងវិញ បន្ទាប់ពីពួកគេបានដកញត្តិពីរដ្ឋសភាមកវិញ។ ពួកគេអះអាងថា អាជ្ញាធរបានហាមឃាត់មិនឱ្យអាស្រ័យផលលើដីចំនួន ២៣០ហិកតា អស់រយៈពេល ៣ឆ្នាំមកហើយ។
ប្រជាពលរដ្ឋមកពីភូមិគោកត្របែក លោក នូ តៃ អាយុ ៦៣ឆ្នាំ អះអាងថា លោកបានអាស្រ័យផលលើដីចំនួន ៣ហិកតា នៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងមិនដែលមានបញ្ហាអ្វីឡើយជាមួយអាជ្ញាធរមូលដ្ឋាន។ លុះដល់ឆ្នាំ២០២៣ លោកបញ្ជាក់ថា អាជ្ញាធរស្រុកបានហាមឃាត់មិនឱ្យប្រជាពលរដ្ឋធ្វើស្រែឡើយ ដោយអះអាងប្រាប់ប្រជាពលរដ្ឋថា ដីស្រែចំនួន ២៣០ហិកតានោះ ជាដីកម្មសិទ្ធិរបស់រដ្ឋ ស្ថិតក្នុងតំបន់អភិរក្ស (ហៅថាតំបន់៣)។
លោកថ្លែងថា៖ «មកនេះមានបំណងសុំដីនេះអាស្រ័យផលវិញទេ។ សុំតែប៉ុណ្ណឹងទេ គ្រាន់តែអាស្រ័យផលចិញ្ចឹមជីវិតទៅមុខទៀត ព្រោះយើងរស់នៅពឹងលើដីនេះហើយ។ យើងអាស្រ័យផលមិនបានទេ ខានធ្វើ ៣ឆ្នាំហើយ ដោយសារអភិបាលស្រុកគេទៅឃាត់។ គេថាដីហ្នឹងពាក់ព័ន្ធលើតំបន់៣»។
លោក តៃ ត្អូញត្អែរថា លោកមិនមានដីស្រែឯណាដើម្បីអាស្រ័យផលទៀតឡើយ ប្រសិនបើអាជ្ញាធរនៅតែហាមឃាត់បែបនេះ។ ហេតុនេះហើយ លោកស្នើសុំការអន្តរាគមន៍ពីក្រសួងដែនដី ដើម្បីអាចឱ្យប្រជាពលរដ្ឋអាស្រ័យផលឡើងវិញ ដោយលោកថាដីនៅតំបន់៣នោះ ត្រូវបានកាត់ឆ្វៀលឱ្យប្រជាពលរដ្ឋអាស្រ័យផលតាំងពីឆ្នាំ២០១៤ ដោយរដ្ឋាភិបាលកាលពីលោក សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
លោកនិយាយថា៖ «យើងស្នើសុំរកដំណោះស្រាយដែរ តែស្នើទៅដល់ឃុំ ឃុំដាក់ទៅស្រុកបាត់តែម្តង។ ដល់ពេលស្ងាត់ឈឹងចឹងទៅ ក៏យើងឡើងមកភ្នំពេញនេះ ដើម្បីស្នើសុំអន្តរាគមន៍ទៀត។ យើងទ្រាំលែងបាន ហើយយើងរកអីក៏លែងបានទៀតដែរ ព្រោះដីហ្នឹងអាស្រ័យផលយូរមកហើយ»។
ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋមកពីភូមិគោកអណ្ដែក អ្នកស្រី ជាង ឡឺង អាយុ ៦០ឆ្នាំ និយាយថា អ្នកស្រីអាស្រ័យផលលើដីចំនួនប្រហែល ២ហិកតា នៅតំបន់ទន្លេសាប (ហៅថាតំបន់៣) ដែលកន្លងមកអ្នកស្រីថា ក្រុមនិស្សិតរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជាបានចុះវាស់វែង និងកាត់ឆ្វៀលឱ្យប្រជាពលរដ្ឋអាស្រ័យផលបាន។ អ្នកស្រីបន្តថា ដីដែលអ្នកស្រីអាស្រ័យផលមិនទាន់មានប្លង់កម្មសិទ្ធិច្បាស់លាស់ឡើយ ហើយក្រោយពីអាជ្ញាធរហាមឃាត់ អ្នកស្រីគ្មានជម្រើសអ្វីក្រៅពីជួលដីគេផ្សេងក្នុងតម្លៃ ១០០ដុល្លារ ក្នុង ១ហិកតា ដើម្បីដាំដំណាំស្រូវបណ្តោះអាសន្នសិន។
ការណ៍នេះ អ្នកស្រី ឡឺង ទទូចស្នើសុំរដ្ឋាភិបាលឱ្យផ្ដល់សិទ្ធិឱ្យពលរដ្ឋដូចជាអ្នកស្រីប្រើប្រាស់ដីតំបន់៣នេះឡើងវិញ ព្រោះអ្នកស្រីត្រូវការដីស្រែដើម្បីអាស្រ័យផល និងចិញ្ចឹមជីវិតបន្តទៀត ស្របពេលអ្នកស្រីមានវ័យកាន់តែចំណាស់។
អ្នកស្រីនិយាយថា៖ «មកក្រសួងដែនដីនេះ ក្នុងបំណងឱ្យសម្ដេចជួយឱ្យដីកូនចៅបានអាស្រ័យផលមកវិញ។ ដីនេះយើងខ្ញុំធ្វើយូរឆ្នាំហើយ តែគេដកមិនឱ្យយើងធ្វើ។ ខ្ញុំសុំសម្ដេច ហ៊ុន សែន ឱ្យគាត់ជួយកូនចៅ សុំដីមកវិញ អាចអាស្រ័យផលតកូនតចៅ ព្រោះខ្ញុំចាស់ៗហើយ មានតែពឹងលើស្រែហ្នឹង»។
អ្នកស្រីបន្ថែមថា មន្ត្រីស្រុកបានចុះដក និងបំផ្លាញដំណាំដែលប្រជាពលរដ្ឋអាស្រ័យផល ដោយមិនបានប្រាប់ដំណឹង និងមូលហេតុសមស្របឡើយ។ អ្នកស្រីអះអាងថា អាជ្ញាធរឃុំបានចេញលិខិតក្បាលដីឱ្យប្រជាពលរដ្ឋហើយ តែមិនទាន់បានប្លង់កម្មសិទ្ធិនៅឡើយទេ។
បើតាមប្រជាពលរដ្ឋបានលើកឡើង តំណាងរបស់ក្រសួងដែនដីបានទទួលញត្តិរបស់ពួកគេរួចហើយ និងសន្យាធ្វើការជាមួយអាជ្ញាធរខេត្តកំពង់ធំ ដើម្បីរៀបចំការចុះត្រួតពិនិត្យ និងវាស់វែងឡើងវិញ។
យោងតាមលិខិតស្នើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋាភិបាលបានឆ្វៀលដីជូនប្រជាពលរដ្ឋតាម ស.ជ.ណ លេខ១០៤៤ ឆ្នាំ២០១៤ និង ស.ជ.ណ លេខ១០០៣ ឆ្នាំ២០១៥ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី នៅតាមតំបន់ទន្លេសាប។ លិខិតដដែលបញ្ជាក់ថា ៣ឆ្នាំក្រោយមក អាជ្ញាធរស្រុកតាំងគោក បានហាមឃាត់ប្រជាពលរដ្ឋមិនឱ្យអាស្រ័យផល និងបានធ្វើឱ្យខូចខាតសម្ភារកសិកម្មទៀតផង។ ការណ៍នេះធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាក និងបាត់បង់ចំណូលផ្គត់ផ្គង់គ្រួសារ។
អ្នកស៊ើបអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត យល់ឃើញថា អាជ្ញាធរត្រូវទទួលស្គាល់ដីរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់អាចអាស្រ័យផលឡើងវិញ ព្រោះដីនៅតំបន់៣នោះ ត្រូវបានកាត់ឆ្វៀលជូនប្រជាពលរដ្ឋតាមរយៈ ស.ជ.ណ របស់រដ្ឋាភិបាលរួចហើយ។ លោកលើកឡើងថា ករណីដីធ្លីនេះគួរតែត្រូវបានដោះស្រាយនៅមូលដ្ឋាន ជាជាងបង្ខំឱ្យប្រជាពលរដ្ឋធ្វើដំណើរមកដាក់ញត្តិនៅរាជធានីភ្នំពេញ ដោយត្រូវចំណាយលើការហូបចុក ស្នាក់នៅ និងសោហ៊ុយធ្វើដំណើរចុះឡើង។
លោកថ្លែងថា៖ «អ្វីដែលយើងព្រួយបារម្ភគឺពួកគាត់បានទទួល ស.ជ.ណ ក្នុងលិខិតអន្តរាគមន៍របស់គាត់ ដែលទទួលបានតាំងពីឆ្នាំ២០១៤ និង២០១៥។ ក្នុងនោះ គេស្នើសុំឱ្យអភិបាលស្រុកមេត្តាឆ្វៀលឱ្យពួកគាត់ ប៉ុន្តែនៅតែមិនទាន់មានដំណោះស្រាយ។ មកទល់ពេលនេះហើយ ពួកគាត់នៅតែទទួលរងអយុត្តិធម៌ ដែលអាជ្ញាធរមូលដ្ឋានមិនបានបំពេញទៅតាមអ្វីដែល ស.ជ.ណ បញ្ជាក់។ នេះជាហេតុផលមួយដែលយើងមើលឃើញថា អាជ្ញាធរមូលដ្ឋានមិនហ៊ានក្នុងការសម្រេចចិត្ត»។
លោកបន្ថែមថា៖ «ហេតុអ្វីអាជ្ញាធរមូលដ្ឋានគាត់មិនព្រមដោះស្រាយ គ្រាន់តែរឿងប៉ុណ្ណឹង? បើសិនជាឡើងមកតវ៉ានៅថ្នាក់ជាតិ ចុះអាជ្ញាធរនៅមូលដ្ឋានធ្វើអ្វីវិញ? នេះជាហេតុផលមួយที่มีមន្ទីរសុរិយោដី មន្ទីរកសិកម្ម មានអាជ្ញាធរ ដូច្នេះរដ្ឋាភិបាលត្រូវតែពង្រឹង ត្រូវតែហ៊ានអាកាត់ចំពោះសេចក្ដីសម្រេចណាមួយដែលត្រឹមមូលដ្ឋានអាចសម្រេចបាន»។
គួរបញ្ជាក់ផងដែរថា កាលពីខែឧសភា ឆ្នាំ២០២២ អាជ្ញាធរបានប្រគល់ដីចំនួន ២,៣១២ហិកតា ស្មើនឹង ១,០៨៥ក្បាលដី ជូនប្រជាពលរដ្ឋសរុបចំនួន ៨៨៩គ្រួសារ នៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីកាន់កាប់ និងអាស្រ័យផល នៅទីតាំងដែលពួកគេធ្លាប់រស់នៅ និងអាស្រ័យផលតាំងពីយូរឆ្នាំមកហើយ៕







