រដ្ឋបាលស្រុកតាំងគោក ចេញមកបំភ្លឺករណីតំណាងពលរដ្ឋទាំង ៤៨គ្រួសារ ដែលឡើងមកតវ៉ានៅភ្នំពេញ

ដីធ្លី

រដ្ឋបាលស្រុកតាំងគោកបានបកស្រាយថា ដីដែលប្រជាពលរដ្ឋភូមិគោកត្របែក និងភូមិ​គោកអណ្ដែកស្នើសុំ ស្ថិតក្នុង «តំបន់៣» ជាតំបន់អភិរក្សដែលរដ្ឋាភិបាលហាមឃាត់មិនឱ្យប្រើប្រាស់ និងមិនកាត់ឆ្វៀលជូនឡើយ។ ការបំភ្លឺនោះតបទៅនឹងសកម្មភាពរបស់ប្រជាពលរដ្ឋតំណាងគ្រួសារកសិករទាំង ៤៨គ្រួសារ ដែលបានធ្វើដំណើរមកកាន់ក្រសួងដែនដី ស្នើសុំអា​ស្រ័យ​ផលនៅលើដីទាំងអស់នោះ។

សេចក្ដីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកតាំងគោក បកស្រាយថា ដីដែលប្រជាពលរដ្ឋបានស្នើសុំនេះ ស្ថិតលើទីតាំងតូចៗជាច្រើនដែលរាជរដ្ឋាភិបាលមិនបានកាត់ឆ្វៀលជូន ស្ថិតក្នុងតំបន់៣ តាមដងទន្លេសាប។ លិខិតដដែលបន្តថា ការបង្កបង្កើនផលលើផ្ទៃដីនៅតំបន់២ ដែលរដ្ឋាភិបាលកាត់ឆ្វៀលជូន មិនត្រូវបានហាមឃាត់ឡើយ។

រដ្ឋបាលស្រុកតាំងគោក បន្តផ្សព្វផ្សាយ និងទប់ស្កាត់ការទន្ទ្រានដីខុសច្បាប់នៅតំបន់៣ និងណែនាំឱ្យប្រជាពលរដ្ឋគោរពតាមគោលការណ៍របស់រដ្ឋាភិបាល មិនឱ្យបង្កបង្កើនផលនៅតំបន់ហាមឃាត់នេះ ព្រោះជាតំបន់ធនធានធម្មជាតិដែលត្រូវរក្សាទុកដើម្បីផលប្រយោជន៍ជាតិ។ នេះបើតាមសេចក្ដីព័ត៌មានរបស់រដ្ឋបាលស្រុកតាំងគោកខាងលើ។

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ប្រជាពលរដ្ឋប្រមាណ ២០នាក់ តំណាងឱ្យ ៤៨គ្រួសារ មកពីភូមិគោកត្របែក និងភូមិគោកអណ្ដែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ បានឡើងមករាជធានីភ្នំពេញ ដើម្បីដាក់ញត្តិទៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោល​បំណងស្នើសុំកិច្ចអន្តរាគមន៍ឱ្យពួកគេអាចអាស្រ័យផលលើដីចំនួន ២៣០ហិកតាឡើងវិញ ក្រោយអាជ្ញាធរហាមឃាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ប្រជាពលរដ្ឋមកពីភូមិគោកត្របែក អ្នកស្រី សួង យ៉ាង អាយុ ៥២ឆ្នាំ បដិសេធថា ប្រជាពលរដ្ឋមិនបានទៅទន្ទ្រានដីព្រៃលិចទឹកនៅតំបន់៣ នោះទេ ដោយអ្នកស្រីអះអាងថា ប្រជាពលរដ្ឋអាស្រ័យផលលើដីដែលពួកគេមានស្រាប់ប៉ុណ្ណោះ។ អ្នកស្រីថា អ្នកស្រីអាស្រ័យផលលើដីចំនួន ៣ហិកតា តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ហើយមិនដែលមានអាជ្ញាធរណាមកហាមឃាត់ទេ។ អ្នកស្រីត្អូញត្អែរថា អ្នកស្រីគ្មានដីស្រែឯណា ក្រៅពីដីស្រែ ៣ហិកតា ដែលអ្នកស្រីកាន់កាប់នោះឡើយ។

អ្នកស្រីនិយាយថា៖ «ដីហ្នឹងខ្ញុំធ្វើតាំងពី១៩៩៣ អ៊ុនតាក់មក។ ដីខ្ញុំធ្វើតាំងពីនោះមករហូតហើយ មិនតិចឆ្នាំទេ។ ឥឡូវគាត់ [អាជ្ញាធរ] ថាដីហ្នឹងនៅតំបន់៣ គាត់ឈប់ឱ្យធ្វើ។ សព្វថ្ងៃប្រជាពលរដ្ឋនៅម្ដុំហ្នឹងទីពឹងលើដីប៉ុណ្ឹង អាស្រ័យផលដើម្បីរស់នៅ។ បើគេធ្វើបែបហ្នឹង ខ្ញុំបានអ្វីហូប?»។

អ្នកស្រីបន្ថែមថា៖ «សុំតែដីអាស្រ័យផលមកវិញទេ។ ដីដែលមិនធ្លាប់ធ្វើក៏មិនចង់បានដែរ។ អ៊ីចឹងបានចង់ស្នើសុំទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឱ្យគាត់ជួយអន្តរាគមន៍ឱ្យផង។ […] រំពឹងតែលើដីប៉ុណ្ឹង ហើយបើគេបោះបង្គោលថាជាតំបន់៣ ហើយ តើមានអីសង្ឃឹមទៀត?»។

ពេលសួរពីការចែកប្លង់ដីជូនប្រជាពលរដ្ឋចំនួន ៨៨៩គ្រួសារ កាលពីខែឧសភា ឆ្នាំ២០២២ អ្នកស្រី សួង យ៉ាង អះអាងថា ប្រជាពលរដ្ឋខ្លះមានតែឈ្មោះ តែមិនទាន់បានប្លង់នោះឡើយ ក្នុងនោះមានរូបអ្នកស្រីម្នាក់ផងដែរ។

ចំណែកឯប្រជាពលរដ្ឋមកពីភូមិគោកអណ្ដែក លោក ទិត ថុល អាយុ ៣៦ឆ្នាំ លើកឡើងថា ដីដែលលោកអាស្រ័យផលមានចំនួន ២ហិកតា នៅតំបន់៣ ដោយដាំដំណាំស្រូវបានតែម្ដងប៉ុណ្ណោះក្នុងមួយឆ្នាំ គឺនៅពេលរដូវទឹកស្រក។ លោកអះអាងថា ការបំភ្លឺរបស់រដ្ឋបាលស្រុកតាំងគោកថា ប្រជាពលរដ្ឋធ្វើលើដីហាមឃាត់នៅតំបន់៣ គឺមិនខុសទេ តែប្រជាពលរដ្ឋធ្វើតែលើដីដែលអាស្រ័យផលស្រាប់តាំងពីយូរមកហើយ ចំណែកឯតំបន់៣ ទើបត្រូវបានកំណត់រយៈពេលចុងក្រោយ ៣ឆ្នាំប៉ុណ្ណោះ។

លោកនិយាយថា៖ «និយាយទៅដីនេះទើបតែហាមឃាត់រយៈពេល ២០២៤ មកទេ។ កាលពីមុនមិនដែលមានអ្នកហាមឃាត់ទេ ហើយប្រជាពលរដ្ឋធ្វើតែរហូតហ្នឹង។ សម្ដេច [លោក ហ៊ុន សែន] ក៏អនុញ្ញាតកាត់ឆ្វៀលឱ្យប្រជាពលរដ្ឋដែរ ពេលលោកមកស្រុកតាំងគោកកាលពីខែឧសភា ឆ្នាំ២០១១»។

លោកបន្ថែមថា៖ «អត់ដីស្រែហ្នឹងដឹងតែលំបាកហើយបង ដោយសារតែខ្ញុំនេះត្រូវការដីស្រែដើម្បីចិញ្ចឹមជីវិត ណាមួយជំពាក់ធនាគារ។ បានដីហ្នឹងទៅគ្រាន់ធ្វើ ហើយមួយឆ្នាំធ្វើបានតែម្ដងទេ បានតែបីខែទេ ព្រោះផុតពីហ្នឹងទឹកទន្លេលិចបាត់»។

អ្នកស៊ើបអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត យល់ឃើញថា ចំណុចដែលរដ្ឋបាលស្រុកតាំងគោកលើកឡើងថា ដីនៅតំបន់៣នោះជាដីស្ថិតនៅទីតាំងតូចៗ គឺមានន័យថា អាជ្ញាធរទទួលស្គាល់ពីការអាស្រ័យផលជាក់ស្ដែងរួចហើយ។ តែយ៉ាងណា លោកបន្តថា ប្រសិនបើដីនោះមានទីតាំងតូចៗ ដែលធ្វើឱ្យអាជ្ញាធរដែនដីពិបាកវាស់វែង អាជ្ញាធរគួរដោះដូរដីកន្លែងផ្សេង ជាទម្រង់ដីសម្បទានសង្គមកិច្ច ដើម្បីចែកឱ្យប្រជាពលរដ្ឋសម្រាប់ការអាស្រ័យផល។

លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលប្រសិនបើថាប្រជាពលរដ្ឋធ្វើមិនកើត ផ្ដល់ដីម្ដុំណាឱ្យគាត់ទៅ បើឆ្វៀលមិនកើត។ ដល់តែយើងមើលឃើញគាត់មានដីតូចៗច្រើន វាស់មិនបាន ទៅជាមិនឱ្យគាត់។ នេះជាហេតុផលមួយដែលធ្វើឱ្យគាត់ខាតបង់។ ដូច្នេះហើយបានជាគាត់នៅតែទាមទារ»។

លោកបន្ថែមថា៖ «បើសិនជាគាត់អត់ដី គាត់ខ្វះ រដ្ឋក៏មានកាតព្វកិច្ចផ្ដល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋ ដើម្បីបានជាផលប្រយោជន៍។ បើសិនជាគាត់មានហើយមិនផ្ដល់ឱ្យគាត់ បែរជាមិនវាស់ឱ្យ នេះជាការមិនយកចិត្តទុកដាក់ផ្ដល់ការវាស់វែងឱ្យពួកគាត់តាមលិខិត [លិខិត ស.ជ.ណ] ដែលគាត់បញ្ជាក់»។

នៅខែឧសភា ឆ្នាំ២០២២ អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន លោក ហ៊ុន សែន បានបញ្ជាឱ្យក្រសួងដែនដីពិនិត្យកាត់ឆ្វៀលដីចេញពីតំបន់២ ឬតំបន់៣ ជូនប្រជាពលរដ្ឋផ្អែកលើស្ថានភាពជាក់ស្ដែងនៅក្នុងតំបន់នោះ ដោយថ្លឹងថ្លែងជាមួយកត្តាប្រវត្តិសាស្ដ្រ ជីវភាពប្រជាពលរដ្ឋ និងការអភិរក្សតំបន់។ បន្ថែមពីលើនេះ រដ្ឋាភិបាលក៏បានសម្រេចកែ​សម្រួលផ្ទៃដីទំហំ ៦៣៦៥ហិកតា ស្មើនឹង ២០២៥ក្បាលដី ចេញពីតំបន់៣ បញ្ចូលមកតំបន់២ សម្រាប់ផ្ដល់ឱ្យប្រជាពលរដ្ឋ ១៧៤៩គ្រួសារ នៅខេត្តកំពង់ធំផងដែរ៕

អានអត្ថបទផ្សេងទៀតអំពី ដីធ្លី

ដីធ្លី","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3373}" data-page="1" data-max-pages="1" data-start="1" data-end="1">