កម្មករការិនីរោងចក្រម្នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសជាប់ពន្ធនាគារ ២ ឆ្នាំ និងពិន័យប្រាក់ ៤ លានរៀល នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រោមបទញុះញង់ និងប្រមាថអ្នករាជការសាធារណៈ។
អង្គការលីកាដូឱ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោស លោកស្រី ហ៊ុល មុន្នីសាមន អាយុ ៣៦ ជាកម្មការិនីរោងចក្រ ចំពោះបទចោទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ និងបទប្រមាថអ្នករាជការសាធារណ: យោងតាមបញ្ញត្តិមាត្រា ៤៩៤ ៤៩៥ និង៥០២ នៃក្រមព្រហ្មទណ្ឌ ដោយផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល (ប្រមាណជា ១.០០០ ដុល្លារអាមេរិក) ជុំវិញការបង្ហោះសារលើហ្វេសប៊ុកពាក់ព័ន្ធនឹងជម្លោះព្រំដែន កម្ពុជា-ថៃ ។
ស្វាមីរបស់លោកស្រី ហ៊ុល មុន្នីសាមន ប្រាប់ប្រជាកាសែតថា លោកមិនចង់ឲ្យផ្សព្វផ្សាយព័ត៌មានពីករណីរបស់ភរិយាលោកនោះឡើយ។លោកថាក្រុមគ្រួសារកំពុងប្តឹងឧទ្ធរណ៍ ហើយលោកថាបច្ចុប្បន្ន លោកស្រី មុន្នីសាមន កំពុងមានបញ្ហាសុខភាពផង។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត សង្កេតឃើញថា ក្នុងអំឡុងពេលដែលកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ មានករណី ចាប់ខ្លួន ចោទប្រកាន់ ឃុំខ្លួន និងផ្តន្ទាទោសទៅលើប្រជាពលរដ្ឋ អ្នកសារពត៌មាន សកម្មជនគណបក្សនយោបាយ សកម្មជនធ្វើការងារសង្គមដែលបានបញ្ចេញមតិ និងចែកចាយពត៌មាននៅលើបណ្តាញសង្គម ។ លោកបន្តថា ការចាប់ ចោទប្រកាន់ ឃុំខ្លួនទាំងនេះអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ លំហសេរីសាពត៌មាន និងសេរីភាពពលរដ្ឋ ។
លោបន្តថា ៖ «នៅពេលដែលសេរីភាពបញ្ចេញមតិរួមតូច ឬរឹតត្បិត ដោយការចាប់ខ្លួន ចោទប្រកាន់ ឃុំខ្លួន និងផ្តន្ទាទោស ដោយអាជ្ញាធរ និងតុលាការមិនពិចារណា និងគិតគូឱ្យបានដិតដល់ថាអ្វីជាសេរីភាពក្នុងការបញ្ចេញមតិ និងអ្វីជាបទល្មើសអាចបង្កការភិតភ័យ និងភ័យខ្លាចសម្រាប់ការចូលរួមក្នុងការបញ្ចេញមតិរិះគន់ដើម្បីស្ថាបនា ការបញ្ចេញមតិយោបល់ពីបញ្ហា ឬកង្វល់ ការបញ្ចេញមតិ»។
ទោះជាយ៉ាងណាក្ដី លោកលើកឡើងថាការផ្តន្ទាទោសវាជាឆន្ទានុសិទ្ធិរបស់តុលាការ។ ក៏ប៉ុន្តែលោកស្នើឱ្យ អាជ្ញាធរ និងតុលាការ គួរពិនិត្យពិចារណាឱ្យបានដិតដល់នូវ អ្វីជាសេរីភាពក្នុងការបញ្ចេញមតិ អ្វីជាបទល្មើស ដើម្បីចៀសវាងផលប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិសេរីភាពសារពត៌មាន ដែលធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្ស។
លោកស្រី មុន្នីសាមន ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយនគរបាលឯកសណ្ឋានស៊ីវិល ពេលដែល គាត់កំពុងជិះកង់ទៅទិញថ្នាំពេទ្យនៅផ្សារជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ លោកស្រី ត្រូវបានបញ្ជូនទៅសាកសួរនៅស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ និងក្រោយមក គាត់ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
លោកស្រី ហ៊ុល មុន្នីសាមន ជាប់ពន្ធនាគារនៅមណ្ឌលអប់រំកែប្រែទី ២។អង្គការលីកាដូ លើកឡើងថា លោកស្រី ស្ថិតក្នុងចំណោមមនុស្ស ៩៧ នាក់ ដែលត្រូវបានរាយការណ៍ថាចាប់ខ្លួនពាក់ព័ន្ធនឹងការបញ្ចេញមតិ៕







