ម្តាយជរារបស់លោក កើត សារ៉ាយ បារម្ភខ្លាចមិនបានឃើញមុខកូនមុនអស់បុណ្យទៅ

សិទ្ធិមនុស្ស

ម្ដាយរបស់លោក កើត សារ៉ាយ យំខ្ទប់មុខពេលរំលឹកដល់កូន។ (ថតដោយ ឧត្តម វឌ្ឍនៈ)

ខែពិសាខឆ្នាំមមីឆ្នាំនេះស្ត្រីជរា ចាប យ៉ែម ចូលដល់ជន្មាយុ៨០ឆ្នាំប្លាយហើយ។ យាយ ចាបយ៉ែម ជាម្ដាយបង្កើតរបស់ លោក កើតសារ៉ាយ ដែលជាសកម្មជនសង្គមកំពុងជាប់ពន្ធនាគារ ។

លោកស្រីចាប យ៉ែម ស្នើយ៉ាងទទូចឱ្យតុលាការនិងរដ្ឋាភិបាល ដោះលែងកូនប្រុសឱ្យមានសេរីភាពឡើងវិញ ព្រោះលោកស្រីបារម្ភថារូបគាត់អាចមិនបានឃើញមុខកូនប្រុសជាថ្មីម្តងទៀត ខណៈដែលខ្លួន «វ័យកាន់តែចាស់ជរា ហើយសុខភាពកាន់តែទ្រុឌទ្រោម» ។

អង្គុយលើគ្រែ បត់ជើងនៅក្រោមផ្ទះ សញ្ជប់សញ្ជឹង ទឹកភ្នែករលីងរលោង អួលដើមកពេលដែលអ្នកសរសេរអត្ថបទសួរនាំរំលឹកកូនពៅបណ្ដូលចិត្តរបស់គាត់។ អ្នកម្តាយចាស់ជរាអាយុ ៨០ឆ្នាំ ចាប យ៉ែម រៀបរាប់ថា គាត់ខ្លាចតែមិនបានជួបមុខកូនជាលើកចុងក្រោយទេព្រោះជំងឺប្រចាំកាយចេះធ្វើទុក្ខ គឺមួយថ្ងៃកាត់ មួយថ្ងៃកោរ ។

លោក កើត សារ៉ាយ គឺជាកូនប្រុសពៅសំណព្វចិត្តរបស់លោកស្រី ចាប យ៉ែម។ក្នុងចំណោមកូនទាំងអស់ ៦នាក់ មានតែសារ៉ាយទេដែលបានបួសរៀនជ្រៅជ្រះជាងគេ ដែលជាទីពឹងពុំនាក់នៃគ្រួសារត្រកូល «កើត»។ ប៉ុន្តែជាអកុសលលោក កើត សារ៉ាយ ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ដាក់ពន្ធនាគារជាលើកទី២។

អតីតជាសកម្មជនសង្ឃ ព្រះភិក្ខុ កើត សារ៉ាយ ធ្លាប់ត្រូវបានសមត្ថកិច្ច ចាប់ផ្សឹក និងដាក់ពន្ធនាគារកាលពីអំឡុងឆ្នាំ២០២០ បន្ទាប់ពីព្រះអង្គអំពាវនាវឱ្យមានការដោះលែងថ្នាក់ដឹកនាំសហជីព លោក រ៉ុង ឈុន ដោយកាលនោះ ព្រះអង្គត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ខែ (១ឆ្នាំ ៨ខែ) ប៉ុន្តែតុលាការបានដោះលែងឱ្យមានសេរីភាពឡើងវិញ មុនថ្ងៃកំណត់ ដោយព្យួរទោសដែលនៅសល់។

ក្រោយមក នៅពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោក កើត សារ៉ាយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាលើកទី២ ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ជុំវិញការដឹកនាំនិស្សិតចុះទៅសិក្សា និងតាមដានករណីពលរដ្ឋមានជម្លោះដីធ្លី នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងពេលដែលពលរដ្ឋទាំងនោះ កំពុងរត់គេចខ្លួន ពីការតាមចាប់របស់អាជ្ញាធរកម្ពុជា។

បន្ទាប់ពីការចាប់ខ្លួនរួច នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២លានរៀល ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ លោកត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារព្រៃស (ម១) ក្នុងរាជធានីភ្នំពេញ។

ការណ៍នេះហើយ ធ្វើឱ្យអ្នកម្តាយ ចាប យ៉ែម វ័យ ៨០ឆ្នាំ រស់នៅទាំងគ្រាំចិត្ត អាណិតកូន។ លោកស្រីថា កូនគាត់ជាអ្នកធ្លាប់បួសរៀន មិនបានប្រព្រឹត្តអ្វីខុសទាល់តែសោះ ប៉ុន្តែត្រូវបានតុលាការចោទប្រកាន់ និងបន្តឃុំខ្លួនក្នុងពន្ធនាគារ។

លោកស្រី ចាប យ៉ែម រៀបរាប់ទៀតថា កូនប្រុសពៅលោកស្រី គឺលោក កើត សារ៉ាយ ជាក្មេងស្លូតបូត សុភាពរាបសា គោរពចាស់ទុំ ស្រលាញ់ការសិក្សា ទើបសម្រេចចិត្តសុំចូលបួសជាសាមណេរតាំងតែអាយុបាន ១៣ឆ្នាំ។ លោកស្រីបន្តថា លោកកូនសាមណេរ កើត សារ៉ាយ បួសតាំងពីក្មេង ដោយសារជីវភាពគ្រួសារលំបាកផង ទើបលោកកូន ខំរៀនសូត្រព្រះពុទ្ធសាសនា ព្រះធម៌វិន័យ រហូតដល់ធំពេញវ័យ បានបន្តរៀននៅសាកលវិទ្យាល័យ។លោកស្រីសង្កត់ធ្ងន់ថា កូនប្រុសពៅលោកស្រីម្នាក់នេះ ជាកូនកត្តញ្ញូ កតវេទិ ចេះដឹងគុណម្តាយ ញាតិមត្តិ បងប្អូន និងអ្នកមានគុណូបការៈដទៃទៀត ដែលបានជួយទំនុកបម្រុង ចិញ្ចឹមបីបាច់ថែរក្សាគាត់ ពិសេសគឺស្រឡាញ់ប្រទេសជាតិ។

លោកស្រីបញ្ជាក់ថា តាំងពីសុខភាពកាន់តែទ្រុឌទ្រោម ឈឺច្រើន លោកស្រីខានទៅភ្នំពេញ ដើម្បីជួបសួរសុខទុក្ខ និងឃើញមុខកូនយូរហើយ ម្យ៉ាងជីវភាពកាន់តែខ្វះខាតគ្មានលុយកាក់សម្រាប់ធ្វើដំណើរផង។ចំពោះដូនចាស់ ចាប យ៉ែម មានបំណងប្រាថ្នាក្នុងនាមជាម្តាយ គឺចង់មានឱកាសជួបមុខកូនប្រុសម្តងទៀត មុនពេលគាត់ឈានដល់ដំណាក់កាលចុងក្រោយនៃជីវិត ព្រោះលោកស្រីថា «ជីវិតមនុស្សមិនទៀង»។

លោកស្រីថា៖ «ខ្ញុំនឹកកូនប្រុសខ្ញុំណាស់ ចង់ឱ្យកូនឆាប់ចេញបានមកជួបម្តាយ អារម្មណ៍ម្តាយក៏រីករាយទៅតាមហ្នឹងឯង។ ធ្វើម៉េចឱ្យទាន់ជីវិតម្តាយនៅចុងក្រោយ»។

លោកស្រី ចាប យ៉ែម អះអាងថា បច្ចុប្បន្នលោកស្រីកំពុងប្រឈមមុខនឹងបញ្ហាវិបត្តិផ្លូវចិត្ត បន្ទាប់ពីមិនបានជួបមុខកូនប្រុសអស់រយៈពេលជាយូរខែមកហើយ។ លោកស្រីបន្តថា សព្វថ្ងៃនេះលោកស្រីគិតច្រើន រវើរវាយ ដេកស្រក់ទឹកភ្នែកអាណិតកូន រហូតដល់ពេលខ្លះហូបបាយមិនទៀងទាត់សម្រាកមិនបានសម្រាន្ត មិនលក់ ឬមានអារម្មណ៍អស់កម្លាំងជាញឹកញាប់ ធ្វើឱ្យសុខភាពកាន់តែទ្រុឌទ្រោមខ្លាំងដោយវ័យកាន់តែចាស់និងមានជំងឺប្រចាំកាយដែលត្រូវការលេបថ្នាំជាប្រចាំ និងទៀងទាត់ផង។

លោកស្រីថា៖ «ជីវភាពយាយក៏ខ្វះខាត សុខភាពកាន់តែទ្រុឌទ្រោម មានរោគាបេះដូងផង ឡើងឈាមផង សួតផង ណាមួយយាយក៏មានការលំបាកខ្វះថវិកាទិញថ្នាំព្យាបាលតែយាយចេះតែតស៊ូ។ ណាមួយក្នុងចិត្តយាយនឹកកូនច្រើនដែរ ព្រួយបារម្ភពីកូន មិនដឹងពេលណាកូនបានរួចមកវិញបានជួបម្តាយ ហើយបារម្ភមួយទៀតខ្លាំងបំផុត ខ្លាចជីវិតរបស់យាយនេះ មិនដឹងបានរស់នៅជួបមុខកូនៗដល់ពេលណាទេ»។

សព្វថ្ងៃនេះលោកស្រីចាបយ៉ែម របស់នៅជាមួយកូនស្រី ជាបងស្រីបង្កើតទី៥ លោក កើត សារ៉ាយ គឺលោកស្រី កើត យី ដែលមានអាសយដ្ឋានរស់នៅភូមិសំរោងខាងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។លោកស្រី កើត ឃី បានរៀបរាប់ទាំងអួលដើមកនឹកអាណិតប្អូនប្រុសដែលត្រូវរងទុក្ខជាប់ពន្ធនាគារ ជាច្រើនឆ្នាំក្រោមបុព្វហេតុខ្វល់ខ្វាយពីយុត្តិធម៌សង្គម។

អង្គុយនៅលើគ្រែក្រោមផ្ទះ ដៃម្ខាងឱបកូនតូច ដៃម្ខាងជូនទឹកភ្នែក លោកស្រី កើត យី និយាយថា សព្វថ្ងៃលោកស្រីទទួលបន្ទុកផ្គត់ផ្គង់គ្រួសារយ៉ាងច្រើនបន្ទាប់ពីអវត្តមានលោកកើតសារ៉ាយ។ លោកស្រីថា ខ្លួនត្រូវមើលម្ដាយចាស់ជរា មើលថែរកូនតូចៗក្នុងបន្ទុកព្រមទាំងជាជំហររ៉ាប់រងសួរសុខទុក្ខប្អូន។

លោកស្រី កើត យី ត្អូញត្អែរថា ស្ថានភាពគ្រួសារសព្វថ្ងៃកំពុងជួបបញ្ហាជីវភាពខ្វះខាតខ្លាំងនិងជាប់បំណុលធនាគារ បន្ទាប់ពីសមាជិកគ្រួសារ គឺប្អូនប្រុស កើត សារ៉ាយ ត្រូវប្រឈមជាប់ពន្ធនាគាររយៈពេលយូរ។លោកស្រីបន្តថា បច្ចុប្បន្ននេះ លោកស្រីបានចំណូលតិចតួចពីការចិញ្ចឹមសត្វមាន់លក់ និងប្តីលោកស្រីផ្ទាល់ធ្វើការសំណង់ បានថវិកាតិចតួចជួយផ្សំផ្គំគ្នា ដើម្បីទុកចិញ្ចឹមអ្នកម្តាយ កូន ប្អូនប្រុស និងសងបំណុលធនាគារជាដើម។

លោកស្រី កើត យី ស្នើសុំរាជរដ្ឋាភិបាល និងតុលាការភ្នំពេញ មេត្តាអនុគ្រោះដោះលែងលោក កើត សារ៉ាយ និងសកម្មជនដទៃទៀតឱ្យមានសេរីភាពឡើងវិញ ។

លោកស្រី កើត យី៖ «ខ្ញុំសូមឱ្យថ្នាក់ដឹកនាំ តុលាការ ដោះលែងប្អូនប្រុសខ្ញុំមក ឱ្យគាត់បានជួបមុខម្តាយ ព្រោះម្តាយខ្ញុំគាត់ចាស់ជរាណាស់ហើយ បើគាត់បានជួបមុខគាត់ប្រុសគាត់ទៅ គាត់អាចមានអារម្មណ៍ធូរស្បើយខ្លះ ព្រោះសព្វថ្ងៃនេះ គាត់មានជំងឺច្រើន ខ្លាចតែយ៉ាងម៉េច យ៉ាងម៉ាទៅ គាត់មិនបានជួបមុខកូនប្រុសពៅគាត់។ សព្វថ្ងៃនេះខ្ញុំរ៉ាប់រងទាំងអស់ ជួយម្តាយផង ឆ្លៀតជួយប្អូននៅពន្ធនាគារផង កូនផង ប្តីផង។ តែខ្ញុំបារម្ភបំផុតគឺរឿងសុខភាពម្តាយខ្ញុំ ចាប យ៉ែម នេះឯង សព្វថ្ងៃនេះគាត់ដូចមានវិបត្តិផ្លូវចិត្ត នឹកតែកូនប្រុសពៅ បាយមិនសូវបាន សម្រានក៏មិនសូវលក់ដែរ ហើយជំងឺគាត់ក៏ច្រើនទៀត»។

លោកស្រីចោទជាសំណួរថា តើសង្គមកម្ពុជា មានយុត្តិធម៌សម្រាប់ពលរដ្ឋស្មោះត្រង់នឹងជាតិ មាតុភូមិទេ បើពួកគេគ្រាន់តែឈឺឆ្អាល យកចិត្តទុកដាក់ ចង់ជួយសង្គមជាតិ ត្រូវបានគេចោទប្រកាន់ និងចាប់ដាក់ពន្ធនាគារបែបនេះ។

យ៉ាងណាក្ដី ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍ថា ចំពោះករណីបន្តឃុំខ្លួនសកម្មជនសង្គមលោក កើត សារ៉ាយ ជាឆន្ទានុសិទ្ធិរបស់តុលាការ រដ្ឋាភិបាលមិនអាចលូកដៃចូលជ្រៀតជ្រែករឿងនេះបានទេ។

ប៉ុន្តែលោកផ្តល់យោបល់ថា គ្រួសារជនរងគ្រោះ ឬគ្រួសារលោក កើត សារ៉ាយ គួរបន្តពិភាក្សាជាមួយមេធាវីការពារក្តី ដើម្បីជជែកពិភ្សាកជាមួយតុលាការរកដំណោះស្រាយ ដើម្បីអាចឈានទៅរកការដោះលែងតាមនិតីវិធីច្បាប់។

លោសង្កត់ធ្ងន់ថា រដ្ឋាភិបាល អត់មានកាតព្វកិច្ច ឬអត់មានសិទ្ធិអ្វី ត្រូវទៅដោះលែងសកម្មជនសង្គមនោះទេ វាជាការអនុវត្តតាមផ្លូវច្បាប់ គឺមានតែគ្រួសារជនរងគ្រោះបន្តតវ៉ា រកមេធាវីដោះស្រាយគ្នា តាមនិតីវិធីរបស់តុលាការប៉ុណ្ណោះ។

លោកថា៖«បងគិតថាវាជារឿងរបស់តុលាការទេ។ ប៉ុន្តែអីចេះ បងគិតថា ឱ្យគាត់សំណូមពរ ឬក៏រកមេធាវីដើម្បីដាក់សំណើទៅតុលាការតាមនិតីវិធី តាមស្ថានភាពជាក់ស្តែងអីទៅ ដើម្បីតតាំងក្តីគ្នាស្វែងរកដំណោះស្រាយ»។

បើតាមរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានឱ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ២០២៦មានមនុស្សជាង១០០នាក់ហើយ ត្រូវបានអាជ្ញាធរ និងស្ថាប័នអនុវត្តច្បាប់នៅកម្ពុជា ចាប់ដាក់ពន្ធនាគារ បន្ទាប់ពីពួកគាត់ប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិរបស់ខ្លួន ក្នុងនោះមានទាំងអ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជនបរិស្ថាន សហជីព អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គមជាដើម។

មេធាវីការពារក្តីឱ្យលោក កើត សារ៉ាយ គឺលោក លី សុចិន្រ្តា បញ្ជាក់ប្រាប់ប្រជាកាសែត នៅថ្ងៃទី៧ ខែឧសភា ថា សំណុំរឿងលោក កើត សារ៉ាយ លោកបានប្តឹងសាទុក្ខទៅតុលាការកំពូលកាលពីសប្តាហ៍មុនរួចហើយ។

លោកបញ្ជាក់ទៀតថា ក្នុងនាមលោកជាមេធាវីការពារក្តីឱ្យសកម្មជនសង្គម សិទ្ធិមនុស្ស និងបរិស្ថាន លោកនឹងខិតខំប្រឹងប្រែងប្រមូលឯកសារ ភស្តុតាង និងអង្គហេតុ តបតាមនិតីធីច្បាប់ ដើម្បីជួយដល់កូនក្តីឱ្យមានសេរីភាព។

សម្រាប់លោក លី សុចិន្រ្តា យល់ថា ការអំពាវនាវរបស់គ្រួសារលោក កើត សារ៉ាយ ជាសិទ្ធិរបស់ពួកគាត់ ព្រោះធម្មតាក្នុងនាមជាម្តាយ ដែលមានវ័យចាស់ជរាផង តែងតែនឹកស្រណោះ អាឡោះអាល័យ និងចង់ជួបមុខកូនប្រុស។

លោកថា៖«សំណុំរឿងលោក កើត សារ៉ាយ ខ្ញុំបានដាក់បណ្តឹងសាទុក្ខទៅតុលាការកំពូលហើយ រងចាំតែខាងតុលាការកំពូល ជំនុំជំនះទេ។ ហើយចំណែករឿងក្រុមគ្រួសារគាត់ទាមទារយ៉ាង​ណានោះ ជាសិទ្ធិរបស់ពួកគាត់។ ខ្ញុំជាមេធាវីការពារក្តី ធ្វើតាមតែនិតីវិធី និងអង្គហេតុ»។

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR លោក សេង សុវឌ្ឍនា គាំទ្រំចំពោះការទាមទារ និងការលើកឡើងរបស់គ្រួសារលោក កើត សារ៉ាយ ដែលរដ្ឋាភិបាលនិងតុលាការ គួរតែដោះលែងគាត់ឱ្យមានសេរីភាព។

លោកយល់ថា ការឃុំខ្លួន លោក កើត សារ៉ាយ គឺជាការបន្តបិទសំឡេង និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងជាការរឹតត្បិតសិទ្ធិសេរីភាពលើសកម្មជនសិទិ្ធមនុស្ស ដែលនេះជាការរំលោភបំពានធ្ងន់ធ្ងរទៅលើសិទ្ធិពលរដ្ឋ។

លោកអះអាងថា សកម្មភាពលោក កើត សារ៉ាយ កន្លងមក ធ្វើឡើងសុទ្ធតែដើម្បីការពារសិទ្ធិមនុស្ស បរិស្ថាន និងជួយស្វែងរកដំណោះស្រាយជូនពលរដ្ឋរងគ្រោះបញ្ហាដីធ្លីប៉ុណ្ណោះ ដូច្នេះតុលាការគួរពិចារណា ដោះលែងគាត់។

លោកថា៖ «ចំពោះយើងជាអង្គការសង្គមស៊ីវិល នៅតែអំពាវនាវដល់រាជរដ្ឋាភិបាលនិងតុលា​ការ ដោះលែង និងផ្តល់សិទ្ធិសេរីភាពដល់លោក កើត សារ៉ាយ ដើម្បីឱ្យគាត់បានមកជួបជុំគ្រួសារ ជាពិសេសម្តាយគាត់ដែលចាស់ជរា ត្រូវការជួបមុខកូននៅដំណាក់កាលចុងក្រោយ ខណៈដែលសុខភាពរបស់ម្តាយគាត់កាន់តែទ្រុឌទ្រោម»។

លើសពីនេះ លោក សេង វឌ្ឍនា បានបញ្ជាក់ថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ធ្លាប់បានធ្វើយទ្ធនាការស្នើឱ្យតុលាការដោះលែង និងលើកលែងការចោទប្រកាន់លើសកម្មជនសិទ្ធិមនុស្ស លោក កើត សារ៉ាយ ដើម្បីឆ្លុះបញ្ចាំងពីយុតិ្តធម៌សង្គម និងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋខ្មែរ ស្របតាមច្បាប់ជាតិ និងអន្តរជាតិផងដែរ។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ទៀតថា បទចោទលើលោក កើត សារ៉ាយ ត្រូវបានធ្វើឡើងដោយសារតែគាត់ធ្វើការអត្ថាធិប្បាយទាក់ទងនឹងជម្លោះដីធ្លីនៅខេត្តព្រះវិហារ អំឡុងឆ្នាំ២០២៤ កន្លងទៅ។

ការណ៍នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការ ស្ថាប័នពាក់ព័ន្ធ ស្នើយ៉ាងទទួចឱ្យតុលាការ និងរដ្ឋាភិបាល ពិចារណា ដោះលែង និងលើកលែងទោសដល់សកម្មជនសង្គម លោក កើត សារ៉ាយ ឱ្យមានសេរីភាពឡើងវិញ។

ទន្ទឹមនឹងនេះ លោកស្រី ចាប យ៉ែម នៅតែអះអាងថា កូនប្រុសពៅលោកស្រី គឺលោក កើត សារ៉ាយ ជាមនុស្សល្អ ជួយសង្គមជាតិ មាតុភូមិ និងប្រជារាស្រ្តខ្មែរ មិនបានប្រព្រឹត្តខុសឆ្គងដូចការចោទប្រកាន់ទេ សូមដោះលែងគាត់ឱ្យមានសេរីភាពឡើងវិញ។

លោកស្រី ចាបយ៉ែម៖«ចង់ឱ្យកូនប្រុសមកនៅក្បែរ មុននឹងខ្ញុំដាច់ខ្យល់ស្លាប់ ឱ្យតែបានឃើញមុខកូនខ្ញុំ ខ្ញុំអស់ចិត្តហើយ។ សូមឱ្យថ្នាក់ដឹកនាំជួយដោះលែងកូនខ្ញុំមក!»៕

(អត្ថបទដោយ៖ វឌ្ឍនៈ ឧត្តម)

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2510}" data-page="1" data-max-pages="1" data-start="1" data-end="1">