ពលរដ្ឋប្រមាណ៩០នាក់ទៅសាលាស្រុកររៀងខេត្តព្រះវិហារ ដើម្បីស្នើសុំដោះស្រាយបញ្ហាដីធ្លី

ដីធ្លី

(ប្រជាពលរដ្ឋរងផលប៉ះពាល់ក្នុងទំនាស់ដីធ្លី នៅស្រុករវៀងខេត្តព្រះវិហារឡើងមកដាក់ញត្តិដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយ។ថតផ្តល់ឱ្យនៅថ្ងៃទី០៧ខែមេសា២០២៦)។

ពលរដ្ឋប្រមាណជា៩០នាក់មកពីឃុំរួសរាន់ និងឃុំរីករាយ នៃស្រុករវៀង ខេត្តព្រះវិហារ ឡើងមកប្រមូលផ្ដុំគ្នាដើម្បីដាក់ញ្ញត្តិ ស្នើសុំការអន្តរាគមន៍ពីអភិបាលស្រុករវៀងឱ្យជួយដោះស្រាយបញ្ហាដីធ្លី នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦។ ការមកជួបជុំគ្នានេះធ្វើឡើង ក្រោយក្រុមហ៊ុនឯកជនមួយចូលមកឈូសឆាយដីចម្ការ និងបំផ្លាញដំណាំរបស់ពួកគាត់ដោយមិនមានការផ្ដល់ដំណឹង និងពិភាក្សាជាមុន។

ញ្ញត្តិរបស់តំណាងប្រជាពលរដ្ឋ សរសេរថា ប្រជាពលរដ្ឋសរុប១៤៦ គ្រួសាររងផលប៉ះពាល់ក្នុងវិវាទដីធ្លីក្រោយក្រុមហ៊ុនឯកជន ឈ្មោះក្រុមហ៊ុនគ្លូបលហ្រ្គីន ខេមនូឌា អេនើជី ឌីវេឡុបមេន បានចាប់ផ្ដើមចូលមកឈូសឆាយដីធ្លីប្រជាពលរដ្ឋ សរុបជាង៩៨៤ហិកតា។ ញ្ញត្តិដដែលនោះបន្តថា ប្រជាពលរដ្ឋស្នើសុំជួបអភិបាលកស្រុករវៀង ដើម្បីសុំការអន្តរាគមន៍រកដំណោះស្រាយ។

តំណាងប្រជាពលរដ្ឋ លោក វឹម វឿន ប្រាប់ប្រជាកាសែតឱ្យដឹងថា ក្រុមហ៊ុនគ្លូបល ហ្គ្រីន ចាប់ផ្ដើមដាក់គ្រឿងចាក់មកឈូសឆាយលើដីចម្ការប្រជាពលរដ្ឋ មានដូចជាចម្ការចន្ទីរ ដំឡូង សណ្ដែកជាដើម តាំងពីខែសីហា ឆ្នាំ២០២៥។ លោកបន្តថា ប្រជាពលរដ្ឋកន្លងមកមិនធ្លាប់ទទួលបានការផ្ដល់ដំណឹងពីការអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជនមួយនេះ និងពិភាក្សាពីផលប៉ះពាល់លើប្រជាពលរដ្ឋពីអាជ្ញាធរមូលដ្ឋានឡើយ។ លោកថា ការណ៍នេះធ្វើឱ្យប្រជាពលរដ្ឋមកពីពីរឃុំ មានការព្រួយបារម្ភពីការបាត់បង់ដីធ្លី និងប្រមូលផ្ដុំគ្នា ដើម្បីស្នើសុំការអន្តរាគមន៍ពីរដ្ឋបាលស្រុករវៀង។ លោកវឿន ថា ប្រជាពលរដ្ឋនឹងស្នើសុំទៅអាជ្ញាធរខេត្តបន្តទៀតក្នុងករណីមិនអាចស្វែងរកដំណោះស្រាយពីអាជ្ញាធរស្រុក។

លោកថា៖ «ក្រុមហ៊ុននេះធ្លាប់ចូលមកឈូសឆាយធ្វើផ្លូវតាំងពីឆ្នាំ២០០៨ តែមិនមានសកម្មភាពអីទៀតទេ ទើបតែខែសីហា ឆ្នាំ២០២៥ ទើបឃើញមកឈូសឆាយដី មានដំណាំចន្ទីរ ដំឡូង ស្វាយអីហ្នឹង។ សម្រាប់ខ្ញុំផ្ទាល់ដិចន្ទីរចំនួន១០ ហិកតា»។ 

លោកបន្ថែមថា៖ «ស្នើសុំចង់បានដីមកវិញ។ យើងអត់ដែលធ្លាប់តវ៉ាទេ ព្រោះពីមុនឃើញតែ​មកឈូសឆាយធ្វើផ្លូវទេ និងការដ្ឋានតិចតួច។ ដល់ខែសីហានោះ ចូលមកឈូសឆាយដំណាំប្រជាពលរដ្ឋ។ ចាំមើលសិនគេអាចដោះស្រាយត្រឹមហ្នឹងបានឬអត់ បើអត់បានយើងនឹងឡើងទៅខេត្តទៀត»។

ប្រជាពលរដ្ឋម្នាក់មកពីឃុំរួសរាន់ នៃស្រុករវៀង លោក សោម យូវី និយាយថា ក្រុមហ៊ុនបានហៅប្រជាពលរដ្ឋឱ្យទទួលយកសំណងដែលក្រុមហ៊ុនផ្ដល់ឱ្យតាមទំហំដីធ្លីដែលក្រុមហ៊ុនឈូសឆាយ និងអាស្រ័យថាតើដីនោះមានដំណាំជាក់ស្ដែងឬអត់។ លោកបន្តថា ប្រជាពលរដ្ឋបានត្រឹមប្រាប់ពីការរំលោភដីធ្លីទៅរដ្ឋបាលឃុំ តែមិនមានការរកដំណោះស្រាយនៅឡើយ។ 
លោក អះអាងថា ក្រុមហ៊ុនបង្ខំឱ្យប្រជាពលរដ្ឋទទួលយកសំណង ដោយលោកថា ក្រុមហ៊ុននឹងនៅតែឈូសឆាយបើទោះបីជាប្រជាពលរដ្ឋបដិសេធមិនព្រមទទួលយកក៏ដោយ។

លោកថា៖ «ប្រជាពលរដ្ឋមិនទទួលបានដំណឹងថានឹងមានក្រុមហ៊ុនមកអភិវឌ្ឍអីទេ ស្រាប់តែឃើញគ្រឿងចក្រ វាយយកៗតែម្ដង។ យើងធ្លាប់ទៅឃុំឱ្យរកដំណោះស្រាយ តែគ្មានបានលទ្ធ​ផលអី។ ដល់យើងទៅជួបក្រុមហ៊ុនគេគំរាមផងអីផង ក៏បានមកប្រមូលផ្ដុំទីនេះ។ គេមិនពន្យល់អី គេគំរាមតែពីគុកពីច្រវ៉ាក់ចឹងចេះតែខ្លាចណា។ រកដំណោះស្រាយពីឃុំអីបាន មានតែគេវាយដល់ណា មានតែទៅប្រាប់ប្រជាពលរដ្ឋឱ្យសម្របសម្រួលជាមួយក្រុមហ៊ុន»។

លោកបន្ថែមថា៖ «គេឱ្យទៅយកលុយអីចឹងណា។ គេវាយដំណាំហើយ បានគេហៅឱ្យទៅយកសំណងហ្មងណា។ គេអត់ឱ្យដីយើងវិញទេ។ គេមិនយកអីចឹង ស្មើនឹងអត់ ហើយអាចឡើងទៅតុលាការអីចឹងទៅ តាមតែគេថា។ ដូចជាមិនសមរម្យ ហើយប្រជាពលរដ្ឋក៏មិនព្រមដែរ តែដោយសារខ្លាច»។

លោក យូវី ប្រាប់ប្រជាកាសែតទៀតថា ក្រោយទទួលបានញ្ញត្តិពីប្រជាពលរដ្ឋ រដ្ឋបាលស្រុករវៀង និងប្រជាពលរដ្ឋទាំងអស់ចូលសាលប្រជុំ។ លោកថា ក្រោយពេលចូលជួបរួចមក អាជ្ញាធរស្រុករវៀង បានចុះហត្តលេខាលើញត្តិរបស់ប្រជាពលរដ្ឋ និងសន្យាថានឹងចុះទៅទីតាំងដីផ្ទាល់ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ។

អភិបាលស្រុករវៀង លោក ហោ ប៊ុនហួរ បដិសេធមិនឆ្លើយតបសំណួរពីប្រជាកាសែត នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦។ ទោះជាយ៉ាងណា អភិបាលរងខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា ប្រាប់ប្រជាកាសែតថា លោកមិនទាន់ទទួលបានដំណឹងពីករណីដីធ្លីនេះនៅឡើយ។

ទាក់ទិននឹងករណីនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី នៃសមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOC) លោក យិន ម៉េងលី យល់ឃើញាថា ការដោះស្រាយបញ្ហាទំនាស់ដីធ្លីជាមួយអាជ្ញាធរមូលដ្ឋាន គឺមានការលំបាក ព្រោះក្រុមហ៊ុនឯកជននេះទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល។ លោកស្នើថា អាជ្ញាធរមូលដ្ឋានគួរធ្វើរបាយការណ៍ពីការទាមទាររបស់ប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ ទោះបីរដ្ឋបាលខ្លួនមិនមានសិទ្ធសម្រេច ហើយដាក់ស្នើទៅថ្នាក់ខេត្ត ដើម្បីពិនិត្យរកដំណោះស្រាយ និងដាក់របាយការណ៍ទៅថ្នាក់ជាតិបន្តទៀត។ លោក បន្ថែមថា ការដោះស្រាយទំនាស់ដីធ្លី ភាគីក្រុមហ៊ុនគួរផ្ដល់សំណងឱ្យបានសមរម្យ ហើយអាជ្ញាធរត្រូវពិនិត្យលើផលប៉ះពាល់ជាក់ស្ដែងក្នុងការដោះស្រាយ។

លោកថា៖ « ការចចារសំណងឱ្យទៅពលរដ្ឋហ្នឹង គឺគេធ្វើតាមគោលការណ៍ស្ម័គ្រចិត្ត។ កុំមានការ​គំរាមកំហែង កុំមានការដាក់បន្ទុកលើពលរដ្ឋ ហើយបើសិនជាមិនអាចដោះស្រាយបានទេ យើងអាចធ្វើរបាយការណ៍ឱ្យបានច្បាស់លាស់ពីបញ្ហាហ្នឹង ពីអ្វីដែលពលរដ្ឋត្រូវការ។ រាយការណ៍​មក ទោះបីអាជ្ញាធរនៅមូលដ្ឋានឃុំស្រុក មិនមានសិទ្ធអំណាចយ៉ាងម៉េចក៏ដោយ ក៏លោកអាចធ្វើរបាយការណ៍ឱ្យបានច្បាស់លាស់»។

លោកបន្ថែមថា៖ «ការដោះស្រាយរឿងទំនាស់ដីធ្លីគេដោះជារួម អិចឹងគេកំណត់ទៅថាសំណង​ដីចម្ការមួយហិកតាប៉ុន្មាន ដីលំនៅដ្ឋាន មួយម៉ែតការ៉េន្មាន យើងដោះស្រាយតាមហ្នឹងទៅ បានមានភាពយុត្តិធម៌។ យ៉ាងហោចណាស់ក៏មានយុត្តិធម៌ក្នុងសង្គមដែរ»៕

អានអត្ថបទផ្សេងទៀតអំពី ដីធ្លី

ដីធ្លី","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2204}" data-page="1" data-max-pages="1" data-start="1" data-end="1">