ពលករដែលត្រូវចាប់ខ្លួនពីម៉ាឡេស៊ីឈ្មោះ នួន តឿន ត្រូវជាប់ទោសជាង៣ឆ្នាំក្រោមអំណាចសាលដីការសាលាឧទ្ធរណ៍។ សាច់ញាតិ និងអ្នកឃ្លាំមើលសម្ដែងការខកចិត្ត និងចាត់ទុកថា ការចោទប្រកាន់ និងការផ្តន្ទាទោសលើកញ្ញា នួន តឿន អតីតពលករខ្មែរនៅប្រទេសម៉ាឡេស៊ី មានសភាពធ្ងន់ធ្ងរពេក និងជារឿងអយុត្តិធម៌។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទៅលើសំណុំរឿងពីរផ្សេងគ្នា ដែលពាក់ព័ន្ធនឹងបទចោទសំណុំទី១ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានការរើសអើង» និងសំណុំទី២ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្រមាថអង្គព្រះមហាក្សត្រ»។ សាលក្រមនៃសំណុំរឿងនីមួយៗ បានសម្រេចផ្តន្ទាទោស កញ្ញា តឿន ឱ្យជាប់ពន្ធនាគារចំនួន ១៨ខែ និងពិន័យជាប្រាក់ ២លានរៀល។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា៖«តុលាការ ការចោទប្រកាន់ពីរសំណុំរឿង និងផ្តន្ទាទោសទៅលើពីរសំណុំរឿងនេះហាក់ដូចជាធ្ងន់ធ្ងរណាស់សម្រាប់អតតីពលករនៅប្រទេសម៉ាឡេស៊ីរូបនេះ »។
លោក អំ សំអាត បានលើកឡើងថា កន្លងមក សហគមន៍អន្តរជាតិ និងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានរិះគន់ការចាប់ខ្លួន ចោទប្រកាន់ ឃុំខ្លួន និងផ្តន្ទាទោសលើសកម្មជននយោបាយ សកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស សកម្មជនសហជីព អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម ដោយចាត់ទុកថា ជាការប៉ះពាល់ដល់លំហសេរីភាពក្នុងការបញ្ចេញមតិ។
ម្ដាយមីងរបស់កញ្ញា នួន តឿន គឺអ្នកស្រី ឆេង ថុល បានសម្ដែងការខកចិត្តចំពោះសាលដីការបស់សាលាឧទ្ធរណ៍ ដោយចាត់ទុកថា ជាការសម្រេចដែលអយុត្តិធម៌ចំពោះក្មួយស្រីរបស់ខ្លួន។
អ្នកស្រីនិយាយថា៖ «អយុត្តិធម៌ណាស់ ព្រោះអីរាល់ថ្ងៃគ្រួសារអត់ខ្លាំងណាស់និយាយតាមត្រង់រកស៊ីរកថ្ងៃខ្វះល្ងាច រកល្ងាចខ្វះព្រឹក អត់ដល់មែនទែន»។
អ្នកស្រីបន្តថា បន្ទាប់ពីកញ្ញា នួន តឿន ត្រូវបានឃុំខ្លួន គ្រួសារបានជួបការលំបាកផ្នែកជីវភាព ដោយបាត់បង់ប្រភពចំណូលសំខាន់ពីនាង។ លើសពីនេះ គ្រួសារត្រូវចំណាយបន្ថែមលើការធ្វើដំណើរទៅសួរសុខទុក្ខនៅពន្ធនាគារ ការផ្ញើប្រាក់ និងទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃឱ្យនាង។
អ្នកស្រីបានអំពាវនាវសំណូមពរឱ្យឆាប់បានដោះលែង ព្រោះគ្រួសារពិបាកខ្លាំងណាស់ដោយសារតែមានបញ្ហាបំណុល។
សូមជម្រាបជូនថា កញ្ញា នួន តឿន ត្រូវបានឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ ចាប់តាំងពីត្រូវបានអាជ្ញាធរចាប់បញ្ជូនខ្លួនមកប្រទេសកម្ពុជាវិញកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកាលពីខែមេសា ឆ្នាំមុន។
សារព័ត៌មាន ខេមបូចា បានរាយការណ៍ថា កញ្ញា នួន តឿន ត្រូវបានចាប់ខ្លួនពីផ្ទះនិយោជករបស់ខ្លួននៅក្នុងទីក្រុងកូឡាឡាំពួ និងត្រូវបានបញ្ជូនទៅឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី២ បន្ទាប់ពីបានបង្ហោះសាររិះគន់នៅលើហ្វេសប៊ុកជាបន្តបន្ទាប់មកលើប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ថា «ជាជនគួរឱ្យស្អប់» ដែលសារនេះក្រោយមកក៏បានលុបចេញវិញ៕







