សមត្ថកិច្ចបញ្ជូនមន្រ្តីបក្សកម្លាំងជាតិលោក ខឿន វីរ៉ាត់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ក្រោយការចាប់ខ្លួនដោយពុំទាន់ដឹងមូលហេតុច្បាស់លាស់ កាលពីដើមសប្ដាហ៍។ នេះបើតាមការឱ្យដឹងរបស់សាច់ញាតិលោក ខឿន វីរ៉ាត់ និងអង្គការសិទ្ធិមនុស្ស។
ភរិយារបស់លោក វីរ៉ាត់ គឺអ្នកស្រី ថាច់ ចន្ធូ មានប្រសាសន៍ថា អ្នកស្រីកំពុងស្វែងរកមេធាវីដើម្បីការពារក្ដី ក្រោយសមត្ថកិច្ចបានបញ្ជូនប្ដីរបស់អ្នកស្រី មកកាន់តុលាការ។ យ៉ាងណាក៏ដោយ គិតត្រឹមម៉ោង៤រសៀលនេះ អ្នកស្រី នៅមិនទាន់ទទួលបានព័ត៌មានជុំវិញបទចោទរបស់តុលាការលើលោក វីរ៉ាត់ នៅឡើយ។
ភរិយារបស់មន្រ្តីនយោបាយបក្សប្រឆាំងរូបនេះ ទទូចឱ្យតុលាការដោះលែងប្ដីរបស់អ្នកស្រី ដោយចាត់ទុកការចាប់ខ្លួនប្តីនៅពេលនេះជារឿងអយុត្តិធម៌ និងខុសច្បាប់ ដោយសារសមត្ថកិច្ចមិនបានបង្ហាញដីកា និងមូលហេតុច្បាស់លាស់។
បើតាមអ្នកស្រី ចន្ធូ សមត្ថកិច្ចបានចាប់ខ្លួនលោក វីរ៉ាត់ នៅភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាវេលាម៉ោង៩ព្រឹក ថ្ងៃទី៧ ខែមេសា អំឡុងពេលលោកទៅទិញកាហ្វេ និងក្រោយពេលលោកវិលត្រលប់មកពីពិនិត្យជំងឺនៅប្រទេសវៀតណាមបានរយៈពេលប្រមាណ៥ថ្ងៃ។
អ្នកស្រី និយាយថា៖ «ប៉ះពាល់ផ្លូវចិត្តខ្ញុំ ហើយវាអយុត្តិធម៌សម្រាប់គាត់ខ្លាំងមែនទែន។ ចាប់គាត់ទាំងអត់មានកំហុស អត់មានដីកា និយាយរួមទៅអត់មានអីបញ្ជាក់ថាគាត់ខុសអីទាំងអស់ មកដល់ចាប់គាត់ឆៅៗយកហ្មង»។
អ្នកស្រី បន្តថា៖ «ចាប់គាត់ចឹង ខ្ញុំពិបាកខ្លាំងមែនទែន។ ប្រឈមជីវភាពគ្រួសារ ប្រាក់ចំណូលប្ដីខ្ញុំគាត់(រកចំណូល) ៦០ភាគរយ (ខ្ញុំបាន៤០ភាគរយ)»។
ជុំវិញការចាប់ខ្លួននេះ ប្រជាកាសែតនៅមិនទាន់អាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ និងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សំ វិច្ឆិកា បាននៅឡើយទេនៅថ្ងៃទី៩ ខែមេសា ដោយទូរសព្ទចូលតែមិនមានអ្នកទទួល និងមិនមានការឆ្លើយតបសំណួរតាមបណ្តាញតេលេក្រាម។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អង្គការលីកាដូ កំពុងឃ្លាំមើលករណីលោក វីរ៉ាត់ នៅសាលាដំបូងរាជធានីភ្នំពេញយ៉ាងយកចិត្តទុកដាក់ ខណៈលោកនៅមិនទាន់ទទួលបានដំណឹងអំពីបទចោទប្រកាន់ទាក់ទិននឹងបទល្មើសអ្វីនៅឡើយទេ។
ស្របពេលជាមួយគ្នា លោក សំអាត ក៏បានសម្ដែងក្ដីបារម្ភចំពោះការចាប់ខ្លួន និងការចោទប្រកាន់ជាបន្តបន្ទាប់មកលើសកម្មជននយោបាយ អ្នកកាសែត និងពលរដ្ឋពាក់ព័ន្ធនឹងការបញ្ចេញមតិរបស់ពួកគេលើបណ្ដាញសង្គមផងដែរ។
លោក សំអាត និយាយថា៖ «អង្គការ លីកាដូ មានការព្រួយបារម្ភពីការចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួនជាបន្តបន្ទាប់ទៅលើអ្នកសារពត៌មាន ប្រជាពលរដ្ឋ សកម្មជនគណបក្សនយោបាយក្នុងអំឡុងពេលមានជម្លោះព្រំដែន រហូតមកដល់ពេលនេះ ដោយសារពួកគេបញ្ចេញមតិលើបណ្តាញសង្គមទាក់ទងការិះគន់រឿងបញ្ហាព្រំដែន»។
លោក ខឿន វីរ៉ាត់ ធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារម្ដងរួចមកហើយ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ដោយតុលាការចោទប្រកាន់លោកពីបទក្លែងបន្លំឯកសារពាក់ព័ន្ធនឹងការក្លែងស្នាមមេដៃរបស់អ្នកគាំទ្រក្នុងការបង្កើតគណបក្សបេះដូងជាតិដែលមានលោក សៀម ភ្លុក ជាស្ថាបនិក។ កាលនោះ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសឲ្យលោកជាប់ពន្ធនាគារ២ឆ្នាំ និងត្រូវបានដោះលែងឱ្យមានសេរីភាពវិញកាលពីខែមីនា ឆ្នាំ២០២៥ ក្រោយលោកបានអនុវត្តទោសក្នុងពន្ធនាគារចប់សព្វគ្រប់។
លោក ខឿន វីរ៉ាត់ មានដើមកំណើតជាអ្នកខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម និងជាអតីតចៅសង្កាត់រងទី១នៃគណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញ។ ប៉ុន្តែក្រោយចេញពីពន្ធនាគារ លោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ។
ជុំវិញការចាប់ខ្លួនជាលើកទី២នេះ គណបក្សកម្លាំងជាតិ កាលពីថ្ងៃទី០៨ ខែមេសា បានចេញសេចក្ដីថ្លែងការណ៍ ដោយថ្កោលទោស អាជ្ញាធរក្រុងភ្នំពេញដែលចាប់ខ្លួនលោក ខឿន វីរ៉ាត់ ប្រធានគណៈកម្មាធិការប្រតិបត្តិបណ្ដោះអាសន្នរបស់បក្សប្រចាំខេត្តព្រៃវែង យ៉ាងអយុត្តិធម៌ និងមិនអាចទទួលយកបាន។
បក្សកម្លាំងជាតិ បានចាត់ទុកការចាប់ខ្លួនសកម្មជនរបស់ខ្លួនថា ជាការរើសអើង គំរាមកំហែងផ្នែកនយោបាយ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅកម្ពុជា។ បក្សកម្លាំងជាតិ ក៏បានអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងលោក ខឿន វីរ៉ាត់ ឱ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌដើម្បីបង្ហាញសាមគ្គីភាព និងឯកភាពជាតិខ្មែរ៕







