ប្រជាសហគមន៍បឹងត្របែកបារម្ភពីការរុះរើផ្ទះសម្បែងបន្ទាប់ពីអាជ្ញាធរចេញលិខិតឱ្យរុះរើ

ដីធ្លី

(ពលរដ្ឋនៅសហគមន៍បឹងត្របែកលើកស្លាកស្នើសុំរកដំណោះស្រាយសមរម្យ កាលពីខែមីនា២០២៦។រូបភាពហុងសេរីហ្វុង)។

ប្រជាពលរដ្ឋនៅសហគមន៍បឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ដែលមិនទាន់ទទួលបានដំណោះស្រាយ ព្រួយបារម្ភថាអាជ្ញាធរនឹងចុះរុះរើផ្ទះសម្បែងរបស់ពួកគេក្រោយអាជ្ញាធរជូនដំណឹងឱ្យរុះរើសំណង់តាមបណ្ដោយប្រឡាយបឹងត្របែកត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។

លិខិតជូនដំណឹងរបស់រដ្ឋបាលខណ្ឌចំការមន ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ជំរុញឱ្យប្រជាពលរដ្ឋព្រមទទួលយកសំណង និងរុះរើសំណង់ដែលប៉ះពាល់នឹងគម្រោងស្ដារប្រឡាយ ដើម្បីអភិវឌ្ឍប្រព័ន្ធរំដោះទឹក។ លិខិតដដែលបន្តថា ប្រសិនបើប្រជាពលរដ្ឋមិនអនុវត្តតាមសេចក្ដីជូនដំណឹង រដ្ឋបាលខណ្ឌចំការមននឹងអនុវត្តវិធានការច្បាប់។ គួរបញ្ជាក់ផងដែរថា នេះជាលើកទី៣ហើយដែលរដ្ឋបាលខណ្ឌចំការមនចេញលិខិតជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យព្រមទទួលយកសំណងផលប៉ះពាល់ពីក្រុមការងារអន្តរក្រសួង និងរើសម្ភារដែលមាននៅក្នុងផ្ទះចេញ ហើយនឹងរុះរើសំណង់ដែលប៉ះពាល់គម្រោងស្ដារប្រឡាយនេះ។

ពលរដ្ឋនៅភូមិ ៤ លោក ជា ចន្ធី លើកឡើងថាប្រជាពលរដ្ឋមិនទាន់ទទួលបានដំណោះស្រាយសមរម្យនៅឡើយពីអាជ្ញាធរ ដោយការបែងចែកសំណងមិនស្មើភាពគ្នា ព្រោះលោកថាបើទោះបីជាពលរដ្ឋមានផ្ទះធំ តែសំណងបែរជាមិនលើសពីពលរដ្ឋមានផ្ទះតូចប៉ុន្មានឡើយ។ លោកថា អាជ្ញាធរតែងតែផ្ដល់ដំណោះស្រាយទាក់ទងនឹងសំណងមិនច្បាស់លាស់ ដោយពេលខ្លះអាជ្ញាធរផ្ដល់ផ្ទះឱ្យនៅឈូកវ៉ាសម្រាប់អ្នកមានផ្ទះផ្ទាល់ខ្លួននៅតាមបណ្ដោយបឹងត្របែក តែពេលខ្លះបែរជាលើកឡើងថាមិនឱ្យទៅវិញ និងថាផ្ទះនៅឈូកវ៉ានោះជាផ្ទះដាក់ជួលទៅវិញ។ 

លោកថា៖ «សម្រាប់អ្នកគេទិញ ហើយគេដាក់ជួលតាំងពីយូរហើយ គេឱ្យថ្លៃសំណងអន្តរក្រសួងហ្នឹងហើយ ថ្លៃរុះរើមួយ១០០០ ដុល្លាដូចគ្នា ដូចអ្នកមានផ្ទះនៅផ្ទាល់ខ្លួនដូចគ្នា។ ដល់ពេលខ្ញុំថ្លៃរុះរើ១០០០ ដុល្លារ គេអត់ឱ្យវិញទេ។ ដល់ពេលគាត់បែងចែកអីចឹង ពួកខ្ញុំមិនសប្បាយចិត្ត។ […] គេថាដំបូងគេឱ្យសំណងអន្តរក្រសួង ហើយគេឱ្យផ្ទះនៅឈូកវ៉ា។ ឥឡូវបែរជាមិនឱ្យផ្ទះហ្នឹងវិញទៀត»។

លោកបន្ថែមថា៖ «យើងសុំឱ្យគាត់ដោះស្រាយ។ បើគាត់មិនដោះស្រាយឱ្យយើងសមស្របតាមហ្នឹង ពួកយើងនឹងរកវិធីណា ដើម្បីដោះស្រាយទៅក្រសួងដែនដី ឬទៅណាទៀត។ ទី១ គាត់អត់ទាន់មានបានហៅយើងទៅចរចា ដើម្បីរកដំណោះស្រាយឱ្យស្រួលបួល អត់ទេបង។ គាត់បំបែកម្ដងមួយផ្ទះ ម្ដងពីរផ្ទះហៅទៅ។ ដល់ពេលអីចឹងវាពិបាកចឹងណាបង។ តាមការពិត គោលការណ៍របស់រាជរដ្ឋាភិបាលអ្នកមានខ្នងផ្ទះហ្នឹង ត្រូវដោះស្រាយដូចគ្នា ដល់ពេលគាត់បែងចែកអត់ច្បាស់លាស់អីចឹង ពួកខ្ញុំអត់សប្បាយចិត្ត»។

តែយ៉ាងណា ពលរដ្ឋរស់នៅភូមិ៥ តាមបណ្ដោយបឹងត្របែក លោក អៀត វឿន អាយុ៥៤ ឆ្នាំ ប្រាប់ប្រជាកាសែតឱ្យដឹងថាប្រជាពលរដ្ឋនៅភូមិ៥ ស្ទើរតែទាំងអស់ព្រមទទួលយកសំណងដែលអន្តរក្រសួងផ្ដល់ឱ្យ ក្រោយអាជ្ញាធរចុះសម្របសម្រួលជាច្រើនដង និងធ្លាប់មានការផ្ទុះការតវ៉ា និងហិង្សាជាមួយអាជ្ញាធរកន្លងមក។ លោកបន្តថា ប្រជាពលរដ្ឋត្រូវបានផ្ដល់ផ្ទះនៅតំបន់ឈូកវ៉ាខណ្ឌពោធិ៍សែនជ័យ ដោយផ្ដល់ជាផ្ទះឡៅតឿដែលអាជ្ញាធរសាងសង់ឱ្យ។ តែយ៉ាងណា លោកបារម្ភថាការទៅរស់នៅកន្លែងថ្មីពិបាកនឹងស្វែងរកចំណូល និងចាប់ផ្ដើមមុខរបរថ្មី ឆ្ងាយពីសាលាកូនរៀន និងមណ្ឌលសុខភាពជាដើម។ 

លោកថា៖ «នៅភូមិ៥ម្ដុំអាជ្ញាធរចុះមកវាយចោលម្ដងនោះ ប្រជាពលរដ្ឋចាកចេញអស់ហើយ តែខាងភូមិ៤ នៅទាំងអស់ទេ។ […] ហ្នឹងហើយគេទៅអស់ហើយខ្ញុំដែរទៅ។ គេឱ្យថ្លៃសំណងផ្ទះ ហើយថ្លៃរុះរើ១០០០ ដុល្លារទៀត។ គេឱ្យផ្ទះនៅឈូកវ៉ាហ្នឹង។ តែខ្ញុំអត់ទៅនៅទេ។ ឥឡូវខ្ញុំនៅផ្ទះជួលក្បែរបឹងត្របែកតើ ដោយសារខាងនោះអត់ទាន់តទឹកតអីចឹងណា»។ 

លោកបន្ថែមថា៖ «វាអាចទទួលយកបាន ធ្វើម៉េចរដ្ឋត្រូវការអីចឹងហើយ។ វាអត់ទាន់ដឹងណា ថាធ្វើអីកន្លែងថ្មី ចាំមើលគេតទឹកតភ្លើងហើយសិន។ ខ្ញុំនៅនេះលក់បាយ ចង់ទៅលក់បាយលក់កាហ្វេ។ […] នៅភូមិ៤ អ្នកមានផ្ទះជួលអត់មានសំណងផ្ទះវាដូចអត់ត្រូវសោះ»។

អភិបាលខណ្ឌចំការមន លោក កៀង ល័ក្ស ប្រាប់ថា ប្រជាពលរដ្ឋនៅភូមិ៥ ព្រមទទួលយកសំណង និងរុះរើចេញពីតំបន់ប្រឡាយបឹងត្របែករួចរាល់។ តែយ៉ាងណា លោកបដិសេធឆ្លើយសំនួរប្រជាកាសែតទាក់ទងនឹងដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋនៅភូមិ៤។ តែកន្លងមក លោកធ្លាប់អះអាងថា អាជ្ញាធរមានគោលនយោបាយផ្ដល់សំណងជាប្រាក់ និងលំនៅឋានសមរម្យដល់ប្រជាសហគមន៍បឹងត្របែកទាំងអស់ដែលរងផលប៉ះពាល់ពីគម្រោងស្ដារប្រឡាយលូបឹងត្របែក។ បន្ថែមពីលើនេះ លោកបានអះអាងទៀតថា ក្នុងករណីពលរដ្ឋមិនព្រមរុះរើតាមសេចក្ដីជូនដំណឹង និងព្រមទទួលយកសំណង និងផ្លាស់ទីលំនៅ អាជ្ញាធរនឹងប្រើវិធានការរដ្ឋបាល។

ជុំវិញដំណោះស្រាយនេះ ប្រធានកម្មវិធីនៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ លើកឡើងថា ជាគោលការណ៍នៃអ្វីដែលអង្គការសមាគមធាងត្នោតចង់ឃើញការអភិវឌ្ឍគួរធ្វើឡើងឱ្យមានយុត្តិធម៌ តម្លាភាព និងមានការជជែកពិភាក្សាជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន។ ពាក់ព័ន្ធនឹងការផ្ដល់សំណង លោកយល់ឃើញថា អាជ្ញាធរគួរពិចារណាផ្ដល់សំណងជាក់ស្ដែងជូនប្រជាពលរដ្ឋឱ្យបានសមរម្យ។

លោកថា៖ «ជាគោលការណ៍ដោះស្រាយសំណងវាត្រូវធ្វើដោយមានតម្លាភាព ហើយមានការជជែកពិភាក្សាគ្នាអីចឹងទៅ វាជួយកាត់បន្ថយការយល់ច្រលំរវាងគ្នានឹងគ្នានៅក្នុងគម្រោងអភិវឌ្ឍហ្នឹងដែរ ហើយមែនទែនបើតាមមើលទៅរដ្ឋក៏មានគម្រោងក្នុងការស្ដារអភិវឌ្ឍប្រឡាយហ្នឹង គឺដើម្បីប្រយោជន៍សាធារណៈដែរ អីចឹងខ្ញុំយល់ថា បើសិនជារដ្ឋពិតជាមានឆន្ទៈអីចឹងមែនគួរតែផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋឱ្យបានដឹងពីគម្រោងឱ្យបានច្បាស់លាស់»។

លោកបន្ថែមថា៖ «ហើយជាគោលការណ៍សំណងត្រូវផ្ដល់ជូនប៉ុន្មានក្នុងមួយគ្រួសារលើទំហំដី លើផ្ទះហ្នឹងត្រូវសងប៉ុន្មាន គួរតែមានស្តង់ដាមួយឱ្យបានច្បាស់លាស់ដែរ ជៀសវាងប្រជាពលរដ្ឋមានការសង្ស័យពាក់ព័ន្ធនឹងសំណង»៕

អានអត្ថបទផ្សេងទៀតអំពី ដីធ្លី

ដីធ្លី","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2628}" data-page="1" data-max-pages="1" data-start="1" data-end="1">