សហគមន៍បឹងត្របែកព្រួយបារម្ភពីការរុះរើផ្ទះសម្បែងក្រោយផុតឱសានវាទរបស់អាជ្ញាធរ

ដីធ្លី

ពលរដ្ឋនៅសហគមន៍បឹងត្របែក តវ៉ាក្នុងសហគមន៍កាលពីខែមីនា២០២៦។ (រូបថត៖ ហុង សេរីហ្វុង)។

ប្រជាពលរដ្ឋជាង៥០ គ្រួសារនៅសហគមន៍បឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ព្រួយបារម្ភថាអាជ្ញាធរនឹងចុះរុះរើផ្ទះសម្បែងរបស់ពួកគេក្រោយអាជ្ញាធរជូនដំណឹងឱ្យរុះរើសំណង់តាមបណ្ដោយប្រឡាយបឹងត្របែកត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។

លិខិតជូនដំណឹងរបស់រដ្ឋបាលខណ្ឌចម្ការមន ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ជំរុញឱ្យប្រជាពលរដ្ឋព្រមទទួលយកសំណង និងរុះរើសំណង់ដែលប៉ះពាល់នឹងគម្រោងស្ដារប្រឡាយ ដើម្បីអភិវឌ្ឍប្រព័ន្ធរំដោះទឹក។ លិខិតដដែលបន្តថា ប្រសិនបើប្រជាពលរដ្ឋមិនអនុវត្តតាមសេចក្ដីជូនដំណឹង រដ្ឋបាលខណ្ឌចម្ការមននឹងអនុវត្តវិធានការច្បាប់។

ប្រជាសហគមន៍បឹងត្របែកភូមិ៥ អ្នកស្រី ម៉ម ចាន់ណា ប្រាប់ប្រជាកាសែតថា អាជ្ញាធរបានជូនដំណឹងឱ្យគាត់រុះរើផ្ទះ៣ដងរួមមកហើយ ក៏ប៉ុន្តែអ្នកស្រីមិនព្រមទេ ព្រោះគាត់យល់ថា សំណងដែលអាជ្ញាធរផ្ដល់ឱ្យចំនួន ២ពាន់ដុល្លារ មិនសមរម្យ។ អ្នកស្រីបន្តថា អាជ្ញាធរបានឱ្យប្រជាពលរដ្ឋផ្លាស់ទីលំនៅទៅតំបន់ឈូកវ៉ា ខណ្ឌពោធិ៍សែនជ័យ ដោយផ្ដល់ជាផ្ទះឡៅតឿដែលអាជ្ញាធរសាងសង់ឱ្យ តែប្រជាពលរដ្ឋមិនព្រម ព្រោះមានចម្ងាយឆ្ងាយ ពិបាកក្នុងការប្រកបរបរចិញ្ចឹមជីវិត ឆ្ងាយពីសាលាកូនរៀន និងមណ្ឌលសុខភាពជាដើម។ អ្នកស្រីបន្ថែមថា អ្នកស្រីស្នើសុំរស់នៅក្នុងតំបន់ដែលនៅជិតកន្លែងបច្ចុប្បន្ន ដើម្បីងាយស្រួលលក់ដូរ និងងាយស្រួលស្វែងរកសេវាសាធារណៈ។ 

អ្នកស្រីថា៖ «ខ្ញុំអត់ដឹងដែរហ្នឹង អត់ទាន់ទទួលដំណឹងពីអាជ្ញាធរទៀតផង។ ខ្ញុំនៅតំបន់នេះយូរហើយតាំងពីអាយុ១៤ ១៥ ឆ្នាំ ឥឡូវ៣០ ជាងហើយ។ ប្រជាពលរដ្ឋស្នើឱ្យពួកគាត់ផ្លាស់ទីឱ្យទៅតំបន់ជិតហ្នឹង។ បើបានជិតហ្នឹង វាបានជិតសាលារៀនកូន ហើយបានជិតកន្លែងខ្ញុំលក់ដូរអីចឹងណា។ ប្រជាពលរដ្ឋអត់មានជំទាស់ទៅនឹងការអភិវឌ្ឍនេះទេ ឱ្យតែមានកន្លែងនៅសមរម្យ។ ខ្ញុំបើគេព្រមផ្ដល់សំណង ហើយឱ្យកន្លែងខ្ញុំនៅជិតកន្លែងរកស៊ីកូនរៀនខ្ញុំព្រមតាមហ្នឹងដែរ»។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំព្រួយបារម្ភខ្លះៗដែរ ព្រោះខ្ញុំទៅលក់បាត់ៗអីចឹងណា។ ខ្ញុំចង់ស្នើសុំឱ្យបាន​ទៅក្បែរវត្តជម្ពូក្អែក ព្រោះខ្ញុំធ្វើការនៅអូឡាំពិក។ បើបានទៅហ្នឹងជិតកន្លែងលក់ ជិះម៉ូតូមួយភ្លែតដល់អីចឹងទៅ»។ 

ចំណែកឯប្រជាសហគមន៍បឹងត្របែកភូមិ ៥ ម្នាក់ទៀត គឺលោក អៀត វឿន អាយុ៥៤ ឆ្នាំនិយាយថា លោកព្រួយបារម្ភថាអាជ្ញាធរនឹងចុះរុះរើតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរខណ្ឌចម្ការមន ព្រោះកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ លោកឃើញអាជ្ញាធរចុះបាញ់ថ្នាំក្រហមលើជញ្ជាំងផ្ទះពលរដ្ឋឱ្យរុះរើ។ លោកវឿន ស្នើសុំដល់រដ្ឋាភិបាលឱ្យជួយរកយុត្តិធម៌ឱ្យជនរងគ្រោះក្នុងសហគមន៍ពួកគាត់ ក្នុងការដោះស្រាយសំណងឱ្យបានសមរម្យ ហើយនិងផ្លាស់ប្តូរទីលំនៅទៅកន្លែងដែលសមរម្យដែរ ពីព្រោះពលរដ្ឋរស់នៅទីនេះ និងប្រកបមុខរបរក៏យូរឆ្នាំមកហើយ។

លោកថា៖ «ថ្ងៃទី២៨ហ្នឹងហើយ គេមកបិទផ្លាកឱ្យយើងរុះរើ តែតាំងពីថ្ងៃ៣០ មកដូចអត់ទាន់មានដំណឹងអីទៀត។ ពលរដ្ឋចង់ទៅនៅក្បែរជម្ពូក្អែក ហើយគេឱ្យទៅនៅឈូកវ៉ា តែឆ្ងាយណាស់ណាមួយកន្លែងកូនរៀន។ បើមកក្បែរនេះទៅ វាជិតកូនរៀនទៅស្រួល។ ដោះស្រាយគោលនយោបាយឱ្យបានសមរម្យមកកូនចៅរើចេញហើយ សំណងសមរម្យអីចឹងទៅយើងទទួល​យក។ បើឱ្យតិចយើងយកទៅធ្វើអីកើតផ្ទះមួយបាន ២ ទៅ៣ ពាន់ដុល្លាអីហ្នឹង»។

លោកបន្ថែមទៀតថា៖ «យើងមិនជំទាស់ទៅនឹងការអភិវឌ្ឍរបស់រដ្ឋាភិបាលទេប៉ុន្តែសំខាន់ដំណោះស្រាយឱ្យគ្នាសមរម្យទៅឱ្យគ្នាចាកចេញដោយសប្បាយចិត្ត។ យើងព្រួយបារម្ភដែរ ធ្វើម៉េចយើងនៅក្រោមអាណាព្យាបាលរបស់គេ ប៉ុន្តែយើងនៅតែតវ៉ាចឹង។ សង្ឃឹមថារដ្ឋាភិបាលមិនមើលនឹងភ្នែក សូមសម្ដេចជួយរកយុត្តិធម៌ ឬក៏ឱ្យនៅហ្នឹងទៅ ឬក៏ឱ្យនៅក្បែរៗហ្នឹងកូនចៅទទួលយកហើយ»។

ជាការឆ្លើយតប អភិបាលខណ្ឌចំការមន លោក កៀង ល័ក្ស មានប្រសាសន៍ថា អាជ្ញាធរ​មាន​គោលនយោបាយផ្ដល់សំណងជាប្រាក់ និងលំនៅឋានសមរម្យដល់ប្រជាសហគមន៍​បឹងត្របែកទាំងអស់ដែលរងផលប៉ះពាល់ពីគម្រោងស្ដារប្រឡាយលូបឹងត្របែក។ លោកបន្តថា អាជ្ញាធរត្រូវការស្ដារប្រឡាយនិងធ្វើផ្លូវ ឱ្យទាន់រដូវភ្លៀង។ លោកបន្ថែមថា ក្នុងករណីពលរដ្ឋមិនព្រមរុះរើតាមសេចក្ដីជូនដំណឹង និងព្រមទទួលយកសំណង និងផ្លាស់ទីលំនៅ អាជ្ញាធរនឹងប្រើវិធានការរដ្ឋបាល។

លោកថា៖ «ខ្ញុំបានជម្រាបជូនគាត់ពាក់ព័ន្ធនឹងគោលនយោបាយអស់ហើយ ហើយពួកគាត់ដឹងហើយតើ។ ទី១យើងមានផ្ទះសម្បែង លំនៅដ្ឋានសមរម្យជូនគាត់ហើយ។ ទី២ អ្វីដែលជាសំណង់លំនៅដ្ឋានគាត់ជាក់ស្ដែង ខាងដោះស្រាយផលប៉ះពាល់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទៅវាស់វែង គិតគូរតាមសំណង់របស់គាត់ជាក់ស្ដែង។ អីចឹងដូចអត់មានបញ្ហាចំពោះការរុះរើរបស់គាត់ហ្នឹងទេ»។

លោកបន្ថែមថា៖ «ក្រុមការងារបុកស៊ីតផាយដើម្បីសាងសង់ប្រព័ន្ធ កុំឱ្យប៉ះពាល់តែប៉ុណ្ណឹងតើ ដោយសារយើងត្រូវការទីតាំង ឥឡូវជិតដល់ខែវស្សា ចូលខែ៤ ហើយតើ។ អ្វីដែលដោះស្រាយជូនគាត់ដូចជាសមរម្យហើយ»។

ជុំវិញករណីនេះ ប្រធានកម្មវិធីនៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ មានប្រសាសន៍ថា រដ្ឋាភិបាលគួរថ្លឹងថ្លែងរវាងជីវភាពប្រជាពលរដ្ឋទាំងនោះពេលប្ដូរទៅទីតាំងថ្មី និងជីវភាពពលរដ្ឋនៅទីតាំងចាស់ ឬជាការអភិវឌ្ឍន៍នៅនឹងកន្លែងនោះ ថាតើមួយណាធ្វើឱ្យជីវភាពពលរដ្ឋប្រសើរជាង។ លោកបន្តថា រដ្ឋាភិបាលគួរពិចារណារកទីតាំងនៅជិតនេះ ឬរៀបចំជាអាគារសាធារណៈរបស់ប្រជាពលរដ្ឋចំនូលទាប និងមធ្យម។

លោកថា៖ «ជាគោលការណ៍នៃអ្វីដែលអង្កការសមាគមធាងត្នោតចង់ឃើញការអភិវឌ្ឍគួរធ្វើឡើងដើម្បីទាំងអស់គ្នាបានរីកចម្រើន និងសប្បាយរីករាយ។ ការអភិវឌ្ឍត្រូវតែធ្វើឡើងឱ្យមានយុត្តិធម៌ តម្លាភាព និងមានការជជែកពិភាក្សាជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន»។

លោកបន្ថែមថា៖ «រឿងផ្លាស់ប្តូរទៅទីតាំងឆ្ងាយនេះ ជាអ្វីមួយដែលខ្ញុំមើលឃើញគឺជាការមិនសូវសមរម្យទេ កន្លងមកប៉ះពាល់ពួកគាត់ច្រើនជាពិសេសគឺសេដ្ឋកិច្ចគ្រួសារ ដែលពេលខ្លះអាចជម្រុញឱ្យគ្រួសារមួយចំនួនធ្លាក់នៅក្នុងបំណុលថែមទៀតផល»។

ប្រជាសហគមន៍បឹងត្របែករស់នៅអមប្រឡាយលូ ធ្វើការតវ៉ាម្ដងរួចមកហើយ ដោយលើក​បដា ស្នើសុំរដ្ឋាភិបាលជួយអន្តរាគមន៍ ចំពោះបញ្ហាដែលអាជ្ញាធរមូលដ្ឋានឱ្យពួកគេរុះរើផ្ទះដើម្បីពង្រីកលូ។ ការស្នើសុំនោះធ្វើឡើងបន្ទាប់ពីអាជ្ញាធរខណ្ឌចំការមនជូនដំណឹងឱ្យពលរដ្ឋ​២គ្រួសាររុះរើផ្ទះពួកគេចេញត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ប៉ុន្តែមកទល់ពេលនេះ មានតែពលរដ្ឋមួយគ្រួសារប៉ុណ្ណោះបានយល់ព្រមទទួលយកសំណងពីអាជ្ញាធរ ចំណែកពលរដ្ឋមួយគ្រួ​សារទៀតនៅតែបន្តតវ៉ា និងស្នើសុំទៅកាន់អាជ្ញាធរឱ្យជួយរកដំណោះស្រាយសមរម្យសម្រាប់គាត់ដដែល៕

អានអត្ថបទផ្សេងទៀតអំពី ដីធ្លី

ដីធ្លី","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2140}" data-page="1" data-max-pages="1" data-start="1" data-end="1">