កម្ពុជាថ្កោលទោសជាថ្មី ករណីយោធាថៃដែលនៅបន្តរំលោភទឹកដីកម្ពុជា

ដីធ្លី

ក្រុមវាស់វែងដីធ្លីថៃ ចុះវាស់ដីក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ដែលថៃដណ្ដើមកាន់កាប់ និងរូបលានដ្ឋានដែលថៃទើបសង់នៅភូមិព្រៃចាន់។ (រូបភាពហ្វេសប៊ុកក្រុមទាហានថៃ)។

កម្ពុជាបន្តធ្វើការជំទាស់នឹងសកម្មភាពឈ្លាពាន និងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ដោយយោធាថៃ។ ការចេញតវ៉ាជាថ្មី ស្របពេលយោធាថៃបានដាក់រាយកង់តឺន័រ និងបន្លាលួសក្នុងតំបន់មួយចំនួនដែលខ្លួនកាន់កាប់ដូចជាភូមិព្រៃចាន់ ភូមិជោគជ័យ ក្នុងខេត្តបន្ទាយមានជ័យ និងតំបន់អូរស្មាច់ ក្នុងខេត្តឧត្តមានជ័យជាដើម។ ថ្មីៗនេះ យោធាថៃបានជីកប្រលាយ កសាងផ្លូវ និងមានផែនការសាងសង់របងព្រំដែនក្រោមហេតុផលដើម្បីរក្សាសន្តិសុខរបស់ខ្លួន។

សារព័ត៌មានថៃ Khaosod ចុះផ្សាយថាកងកម្លាំងប្រដាប់អាវុធភូមិន្ទថៃនឹងចាប់ផ្តើមសាងសង់របងព្រំដែនអចិន្ត្រៃយ៍នៅខេត្តចាន់បុរីនៅខែមេសានេះ ដើម្បីការពារសន្តិសុខ និងប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់។ យោធាថៃ ឱ្យដឹងបន្ថែមថា ដំណាក់កាលសាកល្បងនៃគម្រោងនេះមានទីតាំងនៅចំណុចបង្គោលព្រំដែនលេខ ៥២-៥៤ ក្នុងស្រុក ផុងណាមរ៉ន ខេត្តចាន់បុរី ដែលគ្របដណ្តប់ចម្ងាយសរុបប្រហែល ១ ៣១០ ម៉ែត្រ។

សេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លើកឡើងថា កម្ពុជាធ្វើការជំទាស់ដាច់អហង្កានឹងសកម្មភាពឈ្លាពាន និងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ ក្រសួងការបរទេសថា សកម្មភាពរំលោភបំពានទាំងនោះ រួមមានការប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ជីកកកាយដី និងសាងសង់លេណដ្ឋាន សាងសង់ផ្លូវ និងរចនាសម្ព័ន្ធអចិន្ត្រៃយ៍ ដូចជារូបសំណាក់ព្រះពុទ្ធជាដើម។ សេចក្ដីប្រកាសដដែលអះអាងថា តំបន់ទាំងនោះស្ថិតក្នុងអធិបតេយ្យប្រទេសកម្ពុជាស្របតាមអនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង ១៩០៧។

សេចក្ដីប្រកាសថា៖ «កម្ពុជាសូមអំពាវនាវឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលបានធ្វើឡើងនៅក្នុងតំបន់ដូចបាន រៀបរាប់ខាងលើ ឬនៅក្នុងតំបន់ផ្សេងទៀត ក្រោមកាលៈទេសៈស្រដៀងគ្នា ជៀសវាងសកម្មភាពឯកតោភាគី បន្ថែមទៀតនៅក្នុងតំបន់ខាងលើ និងធានានូវការអនុវត្តកិច្ចព្រមព្រៀង និងការរៀបចំពាក់ព័ន្ធទាំងអស់រវាង ប្រទេសទាំងពីរឱ្យបានពេញលេញ និងស្មោះត្រង់ ក្នុងគោលបំណងបន្ធូរបន្ថយស្ថានការណ៍ លើកកម្ពស់ការជឿជាក់ និងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែន កម្ពុជា-ថៃ»។

នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា យល់ថាយន្តការដែលល្អបំផុតគឺការដោះស្រាយតាមរយៈការទូត និងច្បាប់អន្តរជាតិ។ លោកថាទង្វើឈ្លានពានរបស់ថៃជាសកម្មភាពធ្វើឲ្យកម្ពុជាអស់ការអត់ធ្មត់ ដើម្បីយកលេសបញ្ឆេះសង្គ្រាម ស្របពេលពិភពលោកកំពុងស្ថិតក្នុងភាពច្របូកច្របល់ផង។ លោកបន្ថែមថាកម្ពុជាអាចប្ដឹងទាមទារសំណងពីថៃសម្រាប់ការខូចខាតដោយសារជម្លោះព្រំដែននេះ តែយ៉ាងណាលោក គិន ភា សង្កត់ធ្ងន់ថាកម្ពុជាត្រូវដោះស្រាយបញ្ហាដែនសីមាជាមួយភាគីថៃជាមុនសិន។

លោកថា៖ «ការតវ៉ាតាមផ្លូវទូតជាជម្រើសដែលយើងជ្រើសយកដើម្បីប្រឆាំងទៅនឹងការកែប្រែស្ថានភាពជាក់ស្ដែងនៅលើដីដែលធ្វើដោយពួកយោធាថៃមកលើទឹកដីរបស់យើងជាការរំលោភលើបទឈប់បាញ់ និងកិច្ចប្រជុំ GBC ទាំងបីលើកក៏ដូចជារំលោភលើ MOU 2000 ពីព្រោះបានហាមប្រាមភាគីទាំងពីរទាំងខ្មែរទាំងថៃមិនឲ្យធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ស្ថានភាពដើមនៃខ្សែបន្ទាត់ព្រំដែនដែលឯកភាពគ្នា។ ទី២ការធ្វើអន្តរជាតូបនីកម្មមានន័យថាការផ្សព្វផ្សាយពីសកម្មភាពរំលោភបំពានរបស់ថៃទៅកាន់អន្តរជាតិតាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិ ដើម្បីឲ្យសហគមន៍អន្តរជាតិបានដឹងបានឮ»។

លោកបន្ថែមថា៖ «ជម្រើសដែលអាចមានបន្តបន្ទាប់ទៀតគឺជម្រើសប្ដឹងទៅកាន់តុលាការអន្តរជាតិ ប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិក៏ដូចជាអាចប្ដឹងទៅ ICC ប្រសិនបើករណីរំលោភនោះជាឧក្រិដ្ឋកម្មសង្គ្រាមឬឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។

ចំណែកឯ ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្នរ័ត្ន លើកឡើងថា យន្តការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃហាក់មិនមានប្រសិទ្ធភាព ដែលភាគីថៃនៅតែបន្តសកម្មភាពដែលឈ្លានពានលើអធិបតេយ្យកម្ពុជា ជាពិសេសក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនូវភាពអសន្តិសុខ ដែលប្រទេសមានអំណាចប្រើច្បាប់ព្រៃ ជាជាងយន្តការអន្តរជាតិ។ លោកថា ការថ្លោលទោសរបស់កម្ពុជាមិនអាចបញ្ឈប់សកម្មភាពឈ្លានពានរបស់ថៃបានទេ។ លោក ច័ន្នរ័ត្ន បន្ថែមថា កម្ពុជាគួរដាក់បណ្ដឹងទៅតុលាការអន្តរជាតិ។

លោកថា៖ «ខ្ញុំឃើញថាកំណត់ទូតក្ដីអីក្ដីវាមិនមានអីដែលឱ្យថៃគេឈប់ គេផ្អាកទេ ហើយគេនៅឈូសឆាយ គេនៅធ្វើកសាងហេដ្ឋារចនាសម្ព័ន្ធនៅលើយើងតែម្ដង ហើយវាផ្ទុយទៅនឹងបទឈប់បាញ់ ហើយវាផ្ទុយនឹងច្បាប់អន្តរជាតិ។ ប៉ុន្តែគេនៅតែមិនខ្លាច ទី១ដោយសារយើងនៅទន់ខ្សោយ យើងមិនទាន់មានកម្លាំងការពារទឹកដីខ្លួនឯងទេមានន័យថាគេមើលឃើញចំណុចខ្សោយ។ ទី២បរិបទពិភពលោកបច្ចុប្បន្ននេះវារលំរលើង សណ្ដាប់ធ្នាប់ពិភពលោកវារំរលើងខ្លាំង»។

លោកបន្ថែមថា៖ «អ្វីដែលសំខាន់គឺខ្លួនឯងត្រូវការពារខ្លួនឯង ហើយកំណត់ការទូត សេចក្ដីចោទប្រកាន់អីនេះមិនទាន់គ្រប់គ្រាន់ទេ។ ខ្ញុំយល់ថារដ្ឋាភិបាលកម្ពុជាទី១ត្រូវតែដាក់បណ្ដឹងទៅតុលាការអន្តរជាតិឱ្យគេដឹងឮថាវាជាការរំលោភបំពានរបស់ប្រទេសថៃហ្នឹង ហើយមកដល់ពេលនេះយើងអត់មានអីត្រូវខ្លាចទេ។ ទី២យើងត្រូវមានវិធានការការពារខ្លួន គេមករំលោភបំពានហើយយើងអត់ហ៊ានធ្វើអីគេ»៕

អានអត្ថបទផ្សេងទៀតអំពី ដីធ្លី

ដីធ្លី","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1978}" data-page="1" data-max-pages="1" data-start="1" data-end="1">