កម្ពុជាបណ្តេញជនបរទេសជាង១,៧០០ នាក់ក្នុងសំណុំរឿងឆបោកអនឡាញនៅ១១ថ្ងៃចុងក្រោយ

សិទ្ធិមនុស្ស

​សមត្ថកិច្ចអន្តោប្រវេសន៍ចាប់ជនបរទេសដែលរស់នៅ និងធ្វើការដោយខុសច្បាប់ ត្រៀមបញ្ជូនចេញ។ (រូបភាព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍)

សមត្ថកិច្ចកម្ពុជា បានបណ្តេញជនបរទេសប្រហែល ១,៧៥៨នាក់ ក្នុងចំណោមមកពីប្រទេសចំនួន៩ បន្ទាប់ពីរកឃើញថា រស់នៅ និងធ្វើការដោយខុសច្បាប់ នេះបើយោងតាមទិន្នន័យ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានបណ្តេញចេញ ក្នុងរយៈ១១ថ្ងៃចុងក្រោយកន្លងទៅ ។ មន្ត្រីសង្គមស៊ីវិលស្វាគមន៍យុទ្ធនាការនេះ ប៉ុន្តែជំរុញឱ្យរដ្ឋាភិបាលអនុវត្តវិធានការច្បាប់ឱ្យមានប្រសិទ្ធភាព ព្រមស៊ើបអង្កេតដល់ឬសគល់ និងចាប់មេខ្លោងយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។

យោងតាមទិន្នន័យដែលផ្សាយលើបណ្ដាញសង្គម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុងខែមករា ថ្ងៃទី២៣ ដល់ ២៦ បានការបណ្តេញជនជាតិមីយ៉ាន់ម៉ា ៧២៩ នាក់ (ស្រី ២១៦ នាក់) ។ ថ្ងៃ ២៩ មករាបណ្ដេញ ជាតិវៀមណាម៥៩នាក់ តាមខេត្តព្រៃវែង។ ខណៈថ្ងៃទី៣១ ខែមករា បណ្តេញជនបរទេស ៤០៦ នាក់ (ស្រី ២៨ នាក់) មាន៩ សញ្ជាតិ ។ នាថ្ងៃទី១ ខែកុម្ភៈ បណ្តេញជនជាតិវៀត​ណាម ១៧៥ នាក់ (ស្រី ៣៩ នាក់) តាមច្រកទ្វារអន្តរជាតិបាវិត ពាក់ព័ន្ធ online scams ។ ហើយនៅថ្ងៃទី១–២ ខែកុម្ភៈ បន្ថែមទៀតបណ្តេញជនបរទេស ៤១៩ នាក់ ពី ៧ សញ្ជាតិ ពាក់ព័ន្ធលួចឆ្លងដែន និងស្នាក់នៅធ្វើការខុសច្បាប់។ 

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) លើកឡើងថា យុទ្ធនាការបង្ក្រាប បញ្ហាឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា(online scam )របស់រាជរដ្ឋាភិបាលកំពុងអនុវត្តក្នុងទ្រង់ទ្រាយធំ ដោយបានបណ្តេញជនបរទេសធ្វើការ និងស្នាក់នៅខុសច្បាប់ជាច្រើននាក់។ លោកបន្តថាជនបរទេសរាប់ពាន់នាក់ក៏បានសុំជំនួយពីស្ថានទូតខ្លួន ហើយអាជ្ញាធរបានរៀបចំទីកន្លែងស្នាក់នៅបណ្តោះអាសន្ន ដើម្បីរង់ចាំនីតិវិធីត្រឡប់ទៅប្រទេសដើម។
លោកនិយាយថា៖ «ដូច្នេះការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីឱ្យកាន់តែមាន ប្រសិទ្ធភាពគឺត្រូវស្វែងរកឬសគុល ការស្វែងរកជនពាក់ព័ន្ធ មានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ក្នុងតំបន់ និងអន្តរជាតិ ដើម្បីរួមគ្នាបង្ក្រាបបទល្មើសទាំងនោះ »។ 

លោកបន្តថា៖ «អាជ្ញាធរពាក់ព័ន្ធ និងតុលាការត្រូវបន្តការស៊ើបអង្កេតឱ្យបានម៉ត់ចត់ដើម្បីអ្នកជាប់ពាក់ព័ន្ធយកមកអនុវត្តតាមផ្លូវច្បាប់ ព្រោះបញ្ហាឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា (អនឡាញ) នេះជាបញ្ហាក្តៅគគុកមួយសម្រាប់កម្ពុជា ដែលត្រូវបានរងការរិះគន់ពីសហគមន៍អន្តរជាតិ ហើយរាជរដ្ឋាភិបាលបានប្តេជ្ញាចិត្ត និងបន្តយុទ្ធនាការក្នុងការបង្រ្កាបលើបទ​ឧក្រិដ្ឋកម្មឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត រួមទាំងកិច្ចសហប្រតិបត្តការជាមួយបណ្តាប្រទេសផ្សេងៗដើម្បីបង្រ្កាបបទល្មើសទាំងនេះ»។

ជុំវិញករណីនេះដែរ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បាននិយាយថា ការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញរបស់រដ្ឋាភិបាលជាចំណុចល្អ ប៉ុន្តែត្រូវមានវិធានការប្រសិទ្ធ​ភាពជាងនេះ ដើម្បីលុបបំបាត់ឱ្យបានពិតប្រាកដ ព្រោះបើចាប់បានតែបន្តបន្ទាប់ បញ្ហានៅតែកើតឡើង នោះបង្ហាញថាមានប្រព័ន្ធគាំទ្រខាងក្រោយដែលមិនទាន់ដោះស្រាយ។

លោកនិយាយថា៖ «ទោះបីជាមានការចាប់ឬការបណ្ដេញចេញរាប់ពាន់នាក់ក៏ដោយក៏ប៉ុន្តែកម្ពុជាត្រូវតែបង្ហាញទៅសហគមន៍អន្តរជាតិថាអ្វីដែលយើងធ្វើនេះគឺយើងកំណត់ពេលថានឹងត្រូវបោសសម្អាតឲ្យស្អាតនៅពេលណាឬក៏យើងនៅតែធ្វើ បែបហ្នឹងរហូតដល់ទៅមកទៅមកអ៊ីចឹងមិនដឹងអំពីរឿងប្រើធម៌ក្តៅក្នុងស្រុកវិញឬមួយក៏ប៉ុន្តែថាតើយើងទៅធ្វើស្អីថែមទៀតដើម្បីបង្ហាញនូវទំនុកចិត្តពីសហគមន៍អន្តរជាតិពិសេសនៅក្នុងប្រទេសដែលគេកំពុងរិះគន់យើងថាយើងជា តំបន់ឬក៏ជាមជ្ឈមណ្ឌលអនឡាញស្គាមនេះបានអ៊ីចឹងនេះជារឿងដែលរដ្ឋាភិបាលត្រូវពិនិត្យមើល»។

លោកនិយាយបន្តថា៖ «នៅក្នុងនោះរួមទាំង ការដែលបានបណ្ដេញចេញនិងថាតើចុះអ្នកដែលនៅតែផ្តល់ទីតាំងហ្នឹងឲ្យតែមានទទួលទោសទណ្ឌអីទេ ហើយអ្នកដែលរួមគំនិតនិងមានការដាក់ទោសទណ្ឌ កាត់ទោសអីត្រឹមត្រូវទេឬមួយក៏បានត្រឹមតែចាប់ហើយបណ្ដេញចេញចាប់ហើយបណ្ដេញចេញនៅក្នុងករណីដែលអំពើឧក្រិដ្ឋកម្មនឹងកើតឡើងនៅក្នុងប្រទេសកម្ពុជា»។

លោក បណ្ឌិត មាសនី បាននិយាយថា ការរកឃើញទីតាំងប្រតិបត្តិការខុសច្បាប់ដែលមានជនបរទេសរាប់រយរាប់ពាន់នាក់ បង្កើតសំណួរអំពីប្រសិទ្ធភាពការងាររបស់អាជ្ញាធរអន្តោប្រវេសន៍ ក្នុងការត្រួតពិនិត្យលំហូរជនចេញចូល និងការស្នាក់នៅ។ លោកថា ស្ថានភាពនេះបង្ហាញថាការគ្រប់គ្រងនៅមានចន្លោះ ដែលអាចអនុញ្ញាតឱ្យសកម្មភាពខុសច្បាប់កើតមាន និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេស។

ចំណែកឯ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ និយាយថា យុទ្ធនាការបង្ក្រាប online scam គឺជាជំហានល្អ ប៉ុន្តែលោកថាការលុបបំបាត់បុគ្គលិកតូចៗមិនមែនប្រសិទ្ធភាពនោះទេ។
លោកបន្តថាដើម្បីមានប្រសិទ្ធភាព កម្ពុជាត្រូវផ្តោតលើការចាប់ និងដោះស្រាយអ្នកពាក់ព័ន្ធសំខាន់ៗ និងអ្នកមានអំណាចក្នុងសំណាញ់ឧក្រិដ្ឋកម្មអនឡាញ មិនឲ្យបញ្ហាឡើងវិញ។
លោកលើកឡើងថា ៖ «បើយើងចងបោសសម្អាតលុបបំបាត់ពិតប្រាកដយើងត្រូវបោសសម្អាតពីលើមករកមេខ្លោងដែលពាក់ព័ន្ធអ្នកធំៗហ្នឹងយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ហើយអ្នកបុគ្គលិកបម្រើការងារគ្រាន់តែជាជនរងគ្រោះ»។

ឆ្លើយតបរឿងនេះ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោក ទូច សុខៈ និយាយថា រាជរដ្ឋាភិបាលកំពុងបន្តយុទ្ធនាការបង្ក្រាបឆរបោកអនឡាញបោះសម្អាតឱ្យមានប្រសិទ្ធភាព ដោយមិនរើសមុខជនណា ដែលរាជរដ្ឋាភិបាលបានដាក់គោលដៅរបស់ខ្លួនក្នុងការបោះលប់បំបាត់បញ្ហានេះ ត្រឹមខែមេសា ឆ្នាំ២០២៦នេះ។

លោកនិយាយថា៖ «ប៉ុន្តែចង់បញ្ជាក់ជូនដែរថាមិនមែនកម្ពុជាទើបតែចាប់ផ្តើមប្រតិបត្តិការបោសសម្អាតឥឡូវហ្នឹងទេគឺយើងបានបង្ក្រាបជាបន្តបន្ទាប់គ្រប់គ្រងស្ថានការណ៍បានច្រើនមកហើយគ្រាន់តែវាដកដង្ហើមចុងក្រោយមួយដែលយើងសង្គ្រុបយកតែម្ដង បោសសម្អាតដោយហៅថាប្រតិបត្តិការ XXL ដល់បន្ទាត់ក្រហមត្រឹមអំឡុងខែមេសាឆ្នាំ២០២៦ នេះហើយត្រូវធ្វើពីឥឡូវទៅមិនមែនមានន័យថាជិតដល់ខែបួនឬខែមេសានោះទើបចាប់ផ្ដើមធ្វើនោះឡើយគឺធ្វើពីឥឡូវនេះទៅតែម្តង »។

លោកបន្តថា៖«ប្រសិនបើក្នុងប្រតិបត្តិការ XXL កំឡុងខែមេសាឆ្នាំ ២០២៦ បណ្តាលខេត្តណាដែលបន្សល់ទុកឲ្យមានសេសសល់ហើយត្រូវបានរកឃើញថាមានការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះតទៅទៀតខេត្តនោះគឺទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាលទទួលខុសត្រូវចំពោះមុខតំណែងរបស់ខ្លួនហើយ ទទួលខុសត្រូវចំពោះនៃច្បាប់ផងដែរនេះគឺជាគោលការណ៍»។

កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបញ្ជាទៅកាន់ក្រសួង ស្ថាប័ននិងអាជ្ញាធរពាក់ព័ន្ធរួមមាន មន្ត្រីយោធា នគរបាលជាតិ ឆ្មាំព្រំដែន និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដាក់គោលដៅបង្ក្រាបទីតាំងប្រតិបត្តិការឆបោកអនឡាញនិងឧក្រិដ្ឋកម្មពាក់ព័ន្ធ ដូចជាការជួញដូរមនុស្សជាដើម។ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ រដ្ឋាភិបាលបានចេញអនុក្រឹត្យថ្មីមួយទៀត “ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ” ដោយផ្តោតជាពិសេសលើការគ្រប់គ្រងជនបរទេស និងការទប់ស្កាត់ការស្នាក់នៅខុសច្បាប់។

យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (GDI) បុគ្គលចំនួន១៣៥៥៧នាក់ មកពី៦៦ប្រទេស ត្រូវបាននិរទេសក្នុងឆ្នាំ២០២៥ បន្ទាប់ពីត្រូវបានរកឃើញមានជាប់ពាក់ព័ន្ធពីបទឧក្រិដ្ឋកម្មផ្សេងៗ៕ 

(អត្ថបទដោយ៖ កញ្ញា ពូ សូរាជីនី)

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1314}" data-page="1" data-max-pages="1" data-start="1" data-end="1">