កម្ពុជានឹងមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ និងផ្គររន្ទះចាប់ពីថ្ងៃទី២០-២២ មេសា

បរិស្ថាន

(ភ្លៀងធ្លាក់ក្នុងយប់ថ្ងៃបង្ហើយនៃព្រឹត្តិការណ៍«នគរសង្រ្គាន»នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នាថ្ងៃទី១៩ ខែមេសា។ រូបភាព៖ នគរសង្រាន្ត)។

ក្រសួងធនធានទឹក និងឧតុនិយមព្យាករណ៍ថា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្រប់ដណ្តប់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមេសា នេះតទៅ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា ព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ បានវិវត្តទៅជាព្យុះសង្ឃរា ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងទូទាំងប្រទេសកម្ពុជា។ 

តាមការបញ្ជាក់ពីក្រសួង គន្លងផ្លូវដើររបស់ព្យុះស៊ីនឡាគូ ពុំមានឥទ្ធិពលខ្លាំងមកលើប្រទេសកម្ពុជានោះទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមេសា នៅតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា៣៧អង្សា។ 

ជាមួយគ្នានេះ មានខ្យល់បក់មកពីទិសបូព៌ា និងទិសអាគ្នេយ៍ក្នុងល្បឿនមធ្យម ២ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ តាកែវ កណ្តាល និងភ្នំពេញ អាចនឹងមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្រប់ដណ្តប់ប្រមាណ១៥ភាគរយ។

ក្រសួងបានព្យាករណ៍ធាតុអាកាសនៅតំបន់ខ្ពង់រាបថា មានសីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សា។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ាមានល្បឿនមធ្យម ៣ម៉ែត្រ ក្នុងមួយវិនាទី។ ចំពោះខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចនឹងមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ប្រមាណ១០ភាគរយ។

ក្រៅពីនេះ នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សា។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ ក្នុងមួយវិនាទី។ 

ដោយឡែក ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ប្រមាណ២០ភាគរយ។ ចំណែកឯ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០.៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ។ 

ពាក់ព័ន្ធនឹងស្ថានភាពអាកាសធាតុនេះដែរ អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៣ ខែមេសា បានអំពាវនាវឱ្យភ្ញៀវទេសចរដែលទៅទស្សនារមណីយដ្ឋានអង្គរចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ មានការប្រុងប្រយ័ត្នពីហានិភ័យផ្សេងៗនៃខ្យល់ព្យុះស៊ីនឡាគូផងដែរ។

អាជ្ញាធរជាតិអប្សរាបានរម្លឹកឱ្យអ្នកបើកបរ និងអ្នកដឹកភ្ញៀវទេសចរមិនត្រូវចតយានយន្តរបស់ខ្លួននៅក្រោមដើមឈើ ដើម្បីបញ្ជៀសពីការបាក់មែកឈើដែលនាំឱ្យរងរបួស ឬខូចខាតទ្រព្យសម្បត្តិ៕

បរិស្ថាន","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2277}" data-page="1" data-max-pages="1" data-start="1" data-end="1">