សង្គមស៊ីវិលប្រើសិទ្ធិប្រារព្ធទិវាអន្តរជាតិនារីនៅទីលានប្រជាធិបតេយ្យ

សិទ្ធិមនុស្ស

ក្រុមកម្មករនិយោជិតនិងសង្គមស៊ីវិលដែលបានចូលរួមប្រារព្ធទិវាសិទ្ធិនារី កាលពីខែមីនា២០២៥ (រូបភាពអង្គការសល់ត្រាល់)។

ក្រុមអង្គការសង្គមស៊ីវិលជាង១០ស្ថាប័នសម្រេចបន្តជួបជុំប្រារព្ធទិវាអន្តរជាតិនារីនៅទីលានប្រជាធិបតេយ្យនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ទោះជារដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឱ្យពួកគេធ្វើពិធីនៅទីនោះ។

លិខិតចំហរបស់អង្គការ សមាគម សហជីព សហព័ន្ធសហជីពជាង១០ស្ថាប័នរួមមានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម (CFSWF) សហព័ន្ធសហជីពកម្ពុជា (CATU) អង្គការក្លាហាន (Klahaan) និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ជាដើម បានបញ្ជាក់ថា ពួកគេសម្រេចចិត្តប្រារព្ធទិវានារីអន្តរជាតិនៅទីលានប្រជាធិបតេយ្យតាមការគ្រោងទុក។

លិខិត៖ «យើងខ្ញុំបានជ្រើសរើសយក ប្រធានបទ «អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្ដីថ្លៃថ្នូរ សម្រាប់ស្ត្រី និងក្មេងស្រី» ដែលគ្រោងរៀបចំឡើង នៅថ្ងៃអាទិត្យទី០៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៦.០០នាទី ព្រឹក ដល់ ម៉ោង១៣.០០ នាទី រសៀល នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ដើម្បីជួបជុំ និងសម្ដែងមតិ តាមការគ្រោងទុក»។

ក្នុងលិខិតនោះ ក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៤១ ដែលចែងអំពីសិទ្ធិក្នុងការជួបជុំ និងសម្តែងមតិ និងច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធីជាដើម ហើយពួកគេថា រដ្ឋបាលរាជធានីភ្នំពេញមិនបានបញ្ជាក់ពីមូលហេតុមិនអនុញ្ញាតឱ្យ ពួកគេជួបជុំនៅទីលានប្រជាធិបតេយ្យឡើយ។ 

លិខិតបន្តថា៖ «យើងខ្ញុំស្នើដល់សាលារាជធានីភ្នំពេញសូមធ្វើការសហការដោយចូលរួមរក្សាសណ្ដាប់ធ្នាប់ទីសាធារណៈនៅពេលដែលយើងខ្ញុំជាសង្គមស៊ីវិល បានព្យាយាមក្នុងការអញ្ជើញតំណាងពីស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងកិច្ចការនារី ក្រសួងការងារ និងសាលារាជធានីភ្នំពេញ ក្នុងការចូលរួមស្តាប់ក្ដីកង្វល់ រួមទាំងកិច្ចប្រឹងប្រែងរបស់យើងខ្ញុំក្នុងការចម្រាញ់យកតម្រូវការ និងដំណោះស្រាយជាអាទិភាពជូនរាជរដ្ឋាភិបាល យើងខ្ញុំ ប្រារព្ធទិវានារីអន្តរជាតិ ដែលជាថ្ងៃមួយត្រូវបានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានប្រារព្ធឡើងនៅទូទាំងពិភពលោក ក្នុងគោលបំណងសម្តែងមតិ ផ្ញើសារទៅភាគីពាក់ព័ន្ធ អ្នកតាក់តែងគោលនយោបាយ និងអ្នកធ្វើសេចក្តីសម្រេចចិត្ត»។

ប្រធានសហជីពកម្មករចំណីអាហារនិងសេវាកម្ម (CFSWF) អ្នកស្រី អ៊ូ ទេពផល្លីន ប្រាប់ប្រជាការសែតថា ការដែលក្រុមសង្គមស៊ីវិលសម្រេចបន្តប្រារព្ធទិវាអន្តរជាតិនារីនៅទិលានប្រជាធិបតេយ្យ ព្រោះទីលាននេះជាកន្លែងសម្រាប់ពលរដ្ឋទូទៅសម្ដែងមតិ ដោយមិនមានការតម្រូវឱ្យមានការអនុញ្ញាតពីអាជ្ញាធរឡើយ។

អ្នកស្រីថា៖ «ការសម្រេចរបស់យើងដោយសារតែ ទី១ទីលានប្រជាធិបតេយ្យគឺជាកន្លែងមួយដែលផ្ដល់ឱ្យប្រជាពលរដ្ឋទូទៅ ប្រជាពលរដ្ឋ ឬក៏ក្រុមមនុស្សហ្នឹងអាចសម្ដែងមតិ។ ម៉្លោះហើយ កន្លែងទីលានប្រជាធិបតេយ្យវាមិនមែនជាកន្លែងដែលត្រូវផ្ដល់ការអនុញ្ញាតអីពីសាលាក្រុងទេ។ អ៊ីចឹងសាលាក្រុងដែលធ្វើមិនឱ្យយើងប្រើប្រាស់ ឬក៏មិនអនុញ្ញាតហ្នឹងគឺគាត់រំលោភតួនាទីខ្លួនឯងហើយ[…]ដោយសារគាត់អត់បានបំពេញកាតព្វកិច្ចទៅតាមច្បាប់ត្រឹមត្រូវ អ៊ីចឹងយើងនៅតែបន្តអនុវត្តសិទ្ធិពួកយើងនៅទីលានប្រជាធិបតេយ្យហ្នឹងឯង»។
អ្នកស្រីបន្ថែមថា៖ «ទទូចឱ្យអាជ្ញាធរហ្នឹងគោរពតួនាទីរបស់ខ្លួន ហើយគោរពរដ្ឋធម្មនុញ្ញជាគោល»។

ឆ្លើយតបចំពោះការសម្រេចចិត្តរបស់អង្គការសង្គមស៊ីវិលនេះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ អ្នកស្រី ដោ សម្ផស្ស ព្រមានចាត់វិធានការចំពោះក្រុមអង្គការសង្គមស៊ីវិល បើសិនជាពួកគេមិនគោរពតាមការជូនដំណឹងរបស់សាលាក្រុង។

អ្នកស្រីថា៖ «ខ្ញុំសំណូមពរឱ្យពួកគាត់អនុវត្តតាមខ្លឹមសារលិខិតដែលសាលារាជធានីបានជូនទៅគាត់[…]អត់មានអីប្រែប្រួលទេ[…]ខ្លឹមសារលិខិតហ្នឹងបានសរសេរច្បាស់លាស់អស់ហើយ បើសិនជាគាត់ធ្វើផ្ទុយពីខ្លឹមសារលិខិតហ្នឹង យើងនឹងមានវិធានការហើយ»។

ទោះជាយ៉ាងណា មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក យី សុខសាន្ត យល់ថា ការដែលក្រុមអង្គការសង្គមស៊ីវិលសម្រេចបន្តជួបជុំនៅទីលានប្រជាធិបតេយ្យនេះមិនខុសនឹងច្បាប់ទេ ដោយលោកថាក្នុងជំពូក៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពលរដ្ឋមានសិទ្ធិធ្វើកូដកម្ម ឬបាតុកម្មដោយសន្ដិវិធី ដោយគ្រាន់តែជូនដំណឹងទៅអាជ្ញាធរ។ 

លោកថា៖ «ការជូនដំណឹងរបស់ក្រុមអង្គការសង្គមស៊ីវិល ជាពិសេសក្រុមសហជីពដែលគាត់ចង់ធ្វើពិធីប្រារព្ធទិវាសិទ្ធិមនុស្ស [ទិវាអន្តរជាតិនារី] នេះនៅទីលានប្រជាធិបតេយ្យនេះ គឺជាការជូនដំណឹងទេ គាត់អត់ស្នើសុំឱ្យមានការអនុញ្ញាតទេ គឺគាត់ជូនដំណឹងហើយទោះបីសាលាក្រុងមិនអនុញ្ញាតក៏ដោយ តែខ្ញុំបានជួបពួកគាត់ៗថា គាត់នឹងធ្វើទៅតាមឆន្ទៈ ទៅតាមគោលការណ៍ច្បាប់ដែលមានចែងនៅប្រទេសកម្ពុជាយើងហ្នឹង។ អ៊ីចឹងអ្វីដែលពួកគាត់ធ្វើមិនខុសទេ»។

លោក យី សុខសាន្ត បន្ថែមថា ប្រសិនបើរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមអង្គការសង្គមស៊ីវិលប្រារព្ធទិវាអន្តរជាតិនារីនៅទីលានប្រជាធិបតេយ្យ ព្រមទាំងជួយការពារសណ្ដាប់ធ្នាប់នោះ វានឹងជួយលើកមុខមាត់ប្រទេសកម្ពុជាថាជាប្រទេសគោរពសិទ្ធិសេរីភាពពលរដ្ឋ និងប្រជាធិបតេយ្យ។

លោកបន្ថែមថា៖ «នៅពេលណាដែលរដ្ឋាភិបាលលោកអនុញ្ញាតឱ្យពួកគាត់ធ្វើ ហើយចូលរួមក្នុងការការពារសណ្ដាប់ធ្លាប់សាធារណៈ វាធ្វើឱ្យប្រទេសកម្ពុជាយើងក្លាយទៅជាប្រទេសមួយដែលគេហៅថាផ្លាស់ប្រែពីការរឹតត្បិតហ្នឹងមកជាផ្ដល់សិទ្ធិសេរីភាពឱ្យប្រជាពលរដ្ឋវិញ ហើយខ្ញុំសង្ឃឹមថាអាជ្ញាធរគាត់នឹងជួយសម្រួលដល់ក្រុមអង្គការសង្គមស៊ីវិល ជាពិសេសផ្នែកស្ត្រីហ្នឹងដែលគាត់ធ្វើការងារប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨មីនានៅទីលានប្រជាធិបតេយ្យ»។

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអង្គការសង្គមស៊ីវិលបានផ្ញើលិខិតទៅអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដើម្បីជូនដំណឹងពីការជួបជុំសម្ដែងមតិក្នុងទិវាអន្តរជាតិនារីនៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមប្រមាណ៥០០នាក់ នៅទីលានប្រជាធិបតេយ្យ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាការឆ្លើយតប នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឱ្យក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ជួបជុំប្រារព្ធទិវាអន្តរជាតិនារី នៅទីលានប្រជាធិបតេយ្យទេ ដោយស្នើសុំពួកគេធ្វើពិធីនេះនៅស្នាក់ការរបស់ខ្លួន ឬនៅទីតាំងឯកជនផ្សេងទៀតដែលមានការអនុញ្ញាតពីម្ចាស់ទីតាំង។

នេះមិនមែនជាលើកទីមួយទេដែលរដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឱ្យក្រុមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយប្រារព្ធពិធីនានានៅទីលានប្រជាធិបតេយ្យ មិនថាទិវាអន្តរជាតិនារី ទិវាពលកម្មអន្ដរជាតិ ឬទិវាគ្រូបង្រៀននោះឡើយ។ សាលាក្រុងតែងតែអះអាងថា ទីលាននេះសម្រាប់តែធ្វើបាតុកម្ម និងបញ្ចេញមតិជាសាធារណៈ ដោយមិនមែនសម្រាប់ប្រារព្ធពិធីផ្សេងៗឡើយ។ ទោះជាបែបនេះក្តី កន្លងទៅ សាលារាជធានីភ្នំពេញក៏ធ្លាប់មិនអនុញ្ញាតឱ្យបក្សនយោបាយនៅក្រៅរដ្ឋាភិបាលជួបជុំធ្វើបាតុកម្មនៅលើទីលានប្រជាធិបតេយ្យនោះឡើយ៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1813}" data-page="1" data-max-pages="1" data-start="1" data-end="1">