សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនភិក្ខុ ជា វុទ្ធី ពីបទញុះញង់

សិទ្ធិមនុស្ស

(ភិក្ខុជាវុទ្ធី កាលនៅជាព្រះសង្ឃនិងពេលគេចាប់ផ្សឹក រូបថតហ្វេសប៊ុក)។

សាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ភិក្ខុ ជា វុទ្ធី ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគាររាជធានីភ្នំពេញ។ សង្គមស៊ីវិល ទទូចឱ្យតុលាការដោះលែងព្រះអង្គ វុទ្ធី ឱ្យមានសេរីភាពវិញ បើអង្គហេតុពាក់ព័ន្ធនឹងសាររបស់ព្រះអង្គតាមបណ្ដាញសង្គម ដោយចាត់ទុកថា ជាសេរីភាពបញ្ចេញមតិ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ មានប្រសាសន៍ នៅថ្ងៃទី០២ ខែមេសា ថាតំណាងអយ្យការ សម្រេចចោទប្រកាន់ព្រះតេជព្រះគុណ ជា វុទ្ធី ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដែលបានប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ តាមមាត្រា ៤៩៤ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។ ក្រោយការសាកសួរបន្ថែម ចៅក្រមស៊ើបសួរ ក៏បង្គាប់ឱ្យឃុំខ្លួនព្រះអង្គ ជា វុទ្ធី បណ្ដោះអាសន្ននៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ដើម្បីបន្តការស៊ើបអង្កេតតាមនីតិវិធី។

ជាអ្នកភូមិដែលឡើងមកភ្នំពេញជាមួយម្ដាយរបស់ភិក្ខុ ជា វុទ្ធី ដើម្បីតាមដានសំណុំរឿងនៅតុលាការ លោក ផន ចនដេត ស្នើឱ្យតុលាការដោះលែងព្រះអង្គ វុទ្ធី ឱ្យមានសេរីភាពឡើងវិញ ក្នុងករណីអង្គហេតុជាសំណេររបស់ព្រះអង្គ វុទ្ធី លើបណ្ដាញសង្គមកន្លមក ដោយលោកយល់ថាសមត្ថកិច្ចគ្រាន់តែធ្វើការអប់រំគាត់គឺគ្រប់គ្រាន់ហើយ។

លោកនិយាយថា៖ «ខ្ញុំចង់ឱ្យមានការដោះលែងវិញ។ ការនិយាយយើងមានពេលខ្លះអាចដឹងថា គាត់មិនមានទោសកម្រិតអីធ្ងន់ទេ គ្រាន់តែជាពាក្សសម្ដីប៉ុណ្ណឹង អាចនៅក្នុងការអប់រំ»។

កាលពីថ្ងៃទី០១ ខែមេសា កម្លាំងនគរបាលស្ថិតក្រោមក្រសួងមហាផ្ទៃ បានចុះចាប់ខ្លួន ភិក្ខុ ជា វុទ្ធី នៅវត្តពោធិ៍វាល ស្ថិតនៅក្រុងបាត់ដំបង និងបញ្ជូនខ្លួនមកកាន់រាជធានីភ្នំពេញ។ មុនពេលបញ្ជូនព្រះអង្គមកភ្នំពេញ ភិក្ខុ ជា វុទ្ធី ត្រូវបានគេចាប់ផ្សឹករួចហើយនៅក្នុងវត្តពោធិ៍វាលដដែលនោះ។

ព្រះអង្គ វុទ្ធី ត្រូវបានគេដឹងថា ជាសង្ឃសកម្មមួយអង្គក្នុងការអត្ថាធិប្បាយពីបញ្ហាសង្គម ជាពិសេសរឿងព្រំដែនជាដើម និងចាត់ទុកការចាប់ខ្លួនអ្នកអត្ថាធិប្បាយពីបញ្ហាសង្គម ដូចជាព្រះអង្គ វុទ្ធី ជាការខាតបង់របស់រដ្ឋាភិបាលដែលមិនទទួលបានព័ត៌មានគ្រប់គ្រាន់សម្រាប់ជាមូលដ្ឋានបង្កើតគោលនយោបាយ។

ប្រជាកាសែតមិនអាចសុំការអត្ថាធិប្បាយពាក់ព័ន្ធនឹងអង្គហេតុក្នុងសំណុំរឿងនេះពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ និងអ្នកនាំពាក្យស្នងការក្រុងភ្នំពេញលោក សំ វិច្ឆិកា បានទេ ដោយទូរសព្ទចូលតែមិនមានអ្នកទទួល។

អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដ​ហុក លោក យិន ម៉េងលី បង្ហាញការសោកស្ដាយចំពោះបទចោទ ហើយក៏ទទូចឱ្យតុលាការដោះលែងព្រះអង្គ វុទ្ធី ផងដែរ ដែលលោកអះអាងថា ប្រសិនបើសំណុំរឿងនេះ ពាក់ព័ន្ធនឹងការសម្ដែងមតិលើបណ្ដាញសង្គមរបស់ព្រះអង្គ វុទ្ធី កន្លងមកនោះ រដ្ឋាភិបាលគួរឆ្លើយតបតាមមធ្យោបាយផ្សេងដែលល្អជាងនេះ។

លោកនិយាយថា៖ «រដ្ឋាភិបាលគប្បីឆ្លើយតបដោយវិជ្ជមាន ធ្វើការឆ្លើយតបដោយវិធីផ្សេងៗទៀត ចៀសវាងការដាក់បន្ទុកទៅលើប្រជាពលរដ្ឋ ដែលមានការព្រួយបារម្ភពីបញ្ហារឿងប្រទេសជាតិនេះ ព្រោះបញ្ហារឿងប្រទេសជាតិនេះ ជាបញ្ហាយើងទាំងអស់គ្នា»៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2146}" data-page="1" data-max-pages="1" data-start="1" data-end="1">