តុលាការឃុំខ្លួនអ្នកប្ដូរយេនឌ័រជាស្ត្រីម្នាក់ក្រោយជាប់បទចោទប្រកាន់ចំនួន៣មានទាំងបទចោទក្លែងឯកសារ

សិទ្ធិមនុស្ស

(រូបភាពពី ស្នងការរងផែនការងារនគរបាលចរាចរណ៍រាជធានីភ្នំពេញ លោក ហេង រតនា)

សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនស្ត្រីប្ដូរយេនឌ័រជាស្ត្រីម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមបទចោទចំនួន៣ គឺបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រមាថអ្នករាជការសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង។ នេះបើតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញចេញថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។

ដីកាដដែល ដែលមានបោះត្រាពីលោកចៅក្រមស៊ើបសួរលោក លឹម សុគន្ធារ៉ា បញ្ជាក់ថា តុលាការសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ប៉ែនភ័ក្រ សុរីធន់ ហៅ គឺមយ៉ាអែម ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kim Ya An ដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រមាថអ្នករាជការសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង លើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ កាលពីអំឡុងឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៦ ប្រព្រឹត្តនៅរាជធានីភ្នំពេញ។ 

លោក លឹម សុគន្ធារ៉ា៖ «ការឃុំខ្លួនជនត្រួវចោទបណ្ដោះអាសន្ន គឺជាវិធានការចាំបាច់ ដើម្បីធានាដល់ការស៊ើបអង្កេតរបស់តុលាការ»។

ស្នងការរងផែនការងារនគរបាលចរាចរណ៍រាជធានីភ្នំពេញ លោក ហេង រតនា បានបង្ហោះខ្លឹមសារលើគណនីហ្វេសប៊ុកលោកកាលថ្ងៃទី១ មេសា ពន្យល់មូលហេតុរឿងថា នាយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង និងបានផាកពិន័យជាទឹកប្រាក់ចំនួន ២លានរៀល លើ Kim Ya An នៅវេលាទាបភ្លឺថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដោយចេញប័ណ្ណពិន័យត្រឹមត្រូវតាមច្បាប់ ដោយ Kim Ya An ពុំបាន បដិសេធ ឬតវ៉ាអ្វីឡើយ និងយល់ព្រមផ្តិតមេដៃទទួលការផាកពិន័យពីសមត្ថកិច្ច ក្រោយផ្លុំរកជាតិអាកុលចំនួនបីដងទើបត្រឹមត្រូវ ហើយរកឃើញជាតិអាកុល 0,55 Mg/l។

លោក ហេង រតនា ឱ្យដឹងទៀតថា លុះព្រឹកឡើងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ Kim Ya An បានបង្ហោះសារលើគណនីហ្វេសប៊ុក ដែលមានខ្លឹមសារថា «ជួយស៊ែរមួយបងប្អូនបង្ខំឲ្យយើងផ្លុំលើកទីមួយអត់ បង្ខំឲ្យយើងផ្លុំ ៥ទៅ៦ដងទៀត ផ្លុំរហូតដល់អស់ ៥០០ដុល្លារ (អរគុណសន្តិភាព ពុករលួយសម្លាប់ប្រជាជនទាំងរស់) សមត្ថភាពយកដីឱ្យប្រជាជនវិញមិនបានទេ ប៉ុន្ដែបើរឿងធ្វើបាបប្រជារាស្ត្រ និងកិបកេងប្រជារាស្ត្របាន(ពួករលួយថ្នាក់ក្រោម) បើធ្វើតាមច្បាប់មែន ហេតុអី្វក៏ខ្លាចប្រជាជនគេថត» ដែល លោក ហេង រតនា ថាការលើកឡើងនេះ ជាព័ត៌មានមិនពិតមានលក្ខណៈញុះញង់ ប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់សមត្ថកិច្ច ជាពិសេសនាំឱ្យមហាជនយល់ច្រឡំមកលើសមត្តកិច្ច។ 

លោក ហេង រតនា៖ «ខ្លឹមសារទាំងនេះមិនឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចដែលបានបំពេញភារកិច្ចដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក្នុងការធានាការពារអាយុជីវិត ក៏ដូចជាការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលគ្រោះថ្នាក់ភាគច្រើនផ្តើមចេញពីគ្រឿងស្រវឹង បង្កឲ្យមានការកើតឡើងញឹកញាប់ នៅពេលយប់ បណ្តាលឲ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋគួរឱ្យបារម្ភ»។

បន្ទាប់ពី Kim Ya An បង្ហោះសារដូចខាងលើនោះ លោក ហេង រតនា បញ្ជាក់ថាកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនរូបគេ ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kim Ya An និងមានឈ្មោះពិតប្រាកដថា ប៉ែនភ័ក្រ សុរីធន់ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ តាមបទបញ្ជារបស់លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍ និងប្រើប្រាស់ឯកសារសារធារណៈក្លែង លើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឈ្មោះ ប៉ែនភ័ក្រ សុរីធន់។ 

ប្រជាកាសែត បានព្យាយាមទាក់ទងក្រុមគ្រួសារសាច់ញាតិ Kim Ya An ដើម្បីសុំអធិប្បាយបញ្ជាក់បន្ថែមលើបញ្ហានេះ និងអំពីស្ថានភាពរបស់ Kim Ya An ប៉ុន្ដែបងប្រុសបង្កើតរបស់នាងគឺ លោក ប៉ែនភ័ក្រយុទ្ធមុនី ប្រាប់យ៉ាងខ្លីថាក្រុមគ្រួសារលោកកំពុងដោះស្រាយលើរឿងនេះ។

យ៉ាងណា កញ្ញា ម៉ៃយ៉ា ជាអ្នកប្ដូរយេនឌ័រជាស្ត្រី មានរូបរាងកាយជាស្ត្រី និងជាមិត្តភក្តិរបស់ Kim Ya An បានប្រាប់ប្រជាកាសែតបន្ទាប់ពីមិត្តភក្តិរបស់នាងត្រូវបានឃាត់ខ្លួនថា នាងនិងមិត្តភក្តិ មានបណ្ណបើកបរជាភេទស្រី ចំណែកអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន នៅរក្សាភេទពីកំណើតនៅឡើយ។

កញ្ញា ម៉ៃយ៉ា៖ «ពេលដែលគេចាប់គាត់ហ្នឹង បណ្ណបើកបររបស់គាត់ភេទស្រី តែពេលគេចាប់ខ្លួនគាត់ហ្នឹង គេសុំអត្តសញ្ញាណហ្នឹង គឺភេទប្រុស អ៊ីចឹងគេគិតថាយើងបន្លំ ហើយករណីបណ្ណបើកបរហ្នឹងក៏យើងមិនទាន់ចង់កែប្រែវាដែរ តែខាងអ្នកធ្វើឯកសារបើកបរហ្នឹង គេអ្នកដាក់ឱ្យយើងហ្មង »។ 

អ្នកសម្របសម្រួលគម្រោងនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) លោក លឹម បូរិន បានឱ្យដឹងថា ប្រទេសកម្ពុជានៅពុំទាន់មានច្បាប់សម្រាប់ការផ្លាស់ប្ដូអត្តសញ្ញាណ ឬការទទួលស្គាល់អត្តសញ្ញាណ ឬលិខិតគតិយុត្តិណាមួយ ទៅតាមអត្តសញ្ញាណរបស់បុគ្គលក្នុងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នានៅឡើយទេ។

លោក លឹម បូរិន៖ «វាជាការព្រួយបារម្ភមួយ ក្នុងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នាដែរ អ្នកមួយចំនួនគាត់ទៅរត់ការក្រៅផ្លូវការ ហើយគាត់បានអត្តសញ្ញាណបណ្ណ ឬប៉ាស្ព័រ ឬក៏បណ្ណបើកបរ[ក្នុងករណីនេះ]ជាក់ស្ដែង អ៊ីចឹងជាការព្រួយបារម្ភគឺបទក្លែងឯកសារសាធារណៈ អ៊ីចឹងមិនមែនជាប់តែគាត់ទេ តែសួរថាអ្នកណាចេញឱ្យគាត់ ហើយចេញបានដោយវិធីណា»។
យ៉ាងណាលោក លឹម បូរិន រំឭកថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលយកអនុសាសន៍ទាំង ១២ ទាក់ទងនឹងការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) ដែលក្នុងចំណោមអនុសាសន៍ទាំងនោះមានមួយ និយាយអំពីការសម្រួល ធ្វើយ៉ាងណាដើម្បីឱ្យការកែប្រែច្បាប់ឱ្យអ្នកស្រលាញ់ភេទដូចគ្នា អ្នកប្ដូរយេនឌ័រអាចស្នើសុំ ឬក៏អាចដាក់អត្តសញ្ញាណរបស់គាត់ក្នុងអត្តសញ្ញាបណ្ណ សៀវភៅ ឬលិខិតបទដ្ឋានផ្សេងៗទៅតាមការកំណត់អត្តសញ្ញាណរបស់គាត់។ 

លោក បូរិន រៀបរាប់៖ «ប៉ុន្ដែវាជាយន្តការអន្តរជាតិត្រូវការដំណាក់កាលជាជំហានៗ ដល់ពេលមិនទាន់មានច្បាប់ តុលាការគាត់សម្រេចទៅតាមច្បាប់អ្វីដែលមានជាធរមាន»។ 
លោកបន្ថែម៖ «គាត់មានភេទកំណើតប្រុសក៏ពិតមែន ប៉ុន្ដែគាត់ផ្លាស់ប្ដូររាងកាយរបស់គាត់ គាត់កំណត់ខ្លួនឯងជាមនុស្សស្រី អ៊ីចឹងមិនដឹងថាតើពន្ធនាគារដែលត្រូវឃុំឃាំងនោះ ដាក់គាត់ខាងប្រុស ឬខាងស្រី។ បើសិនជាឃុំឃាំងគាត់ជាមួយខាងបុរស ក្នុងនាមគាត់អ្នកប្ដូរយេនឌ័រជាស្រ្តី អ៊ីចឹងគ្រោះថ្នាក់សម្រាប់គាត់»។

ជុំវិញករណីនេះ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ឡុង សូនីតា លើកឡើងថា ចំពោះការចោទប្រកាន់ទៅលើបុគ្គល ប៉ែនភ័ក្រ សុរីធន់ អ្នកអត្ថាធិប្បាយត្រូវបែងចែកឱ្យដាច់ពីគ្នារវាងបទចោទប្រកាន់លើបទល្មើសជាក់ស្ដែង និងនិន្នាការភេទ។ ទោះជាយ៉ាងណា អ្នកស្រីថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានមេធាវី តាមរយៈការស្នើលិខិតផ្លូវការ ប្រសិនបើចុងចោទមានអារម្មណ៍មិនមានសុវត្ថិភាព ឬការកាត់ទោសមិនមានភាពយុត្តិធម៌សម្រាប់គាត់ជាដើម។

អ្នកស្រី ឡុង សូនីតា៖ «ប៉ុន្ដែដោយសារតែ នៅមានចន្លោះរវាងច្បាប់ក៏ដូចជាស្ថានភាពជាក់ស្ដែង បានន័យថាច្បាប់លើអត់ទាន់មានការទទួលស្គាល់ពេញលេញសម្រាប់អ្នកស្រលាញ់ភេទដូចគ្នា ឬអ្នកប្ដូរភេទ អ៊ីចឹងហើយតាមសេណារីយ៉ូនេះ គឺគាត់ពិតជាបានធ្វើខុសច្បាប់មែន ដែលគាត់កាន់ឯកសារក្លែងក្លាយ ដោយសារតែកន្លែងហ្នឹងហើយ ដែលតុលាការចោទទៅ»។

អ្នកស្រី សូនីតា បន្ត៖ «ទាក់ទងជាមួយនឹងកន្លែងឃុំឃាំង គឺអាជ្ញាធរគាត់អនុវត្តទៅតាមការចង្អុលបង្ហាញរបស់តុលាការ នៅពេលដែលតុលាការសម្រេចថាឱ្យយកគាត់ទៅឃុំឃាំងនៅកន្លែងណា យោងទៅតាមឯកសារស្របតាមផ្លូវច្បាប់។ ប៉ុន្ដែសួរថាជាក់ស្ដែងយ៉ាងម៉េចដែរ អ្វីដែលយើងបានឃើញពេលចុះសួរសុខទុក្ខ ពិនិត្យមើលស្ថានភាពបងប្អូនជាប់នៅមន្ទីរឃុំឃាំង យើងឃើញថា ខាងប្រធានមន្ទីរឃុំឃាំងគាត់មានចំណេះដឹងខ្ពស់ គាត់យល់ពីទុក្ខលំបាករបស់ប្រជាជនជាប់ឃុំឃាំងបានច្រើន ដោយគាត់ក៏បានទទួលវគ្គបណ្ដុះបណ្ដាលស្ដីពីសិទ្ធិមនុស្សពីខាងយើង និងពីខាងដៃគូអភិវឌ្ឍន៍ច្រើនដែរ»៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2183}" data-page="1" data-max-pages="1" data-start="1" data-end="1">