មន្រ្តីបរិស្ថានពិនិត្យករណីត្រីងាប់ក្នុងស្ទឹងព្រែកត្នោត ប៉ុន្តែមិនទាន់មានលទ្ធផលនៅឡើយ

បរិស្ថាន

(មន្ត្រីក្រសួងបរិស្ថានបានទៅស្ទឹងព្រែកត្នោតដើម្បីពិនិត្យស្ថានភាពត្រី យកទៅពិសោធន៍ រូបភាពក្រសួងបរិស្ថានខែមីនា២០២៦)។

មន្ត្រីជំនាញពីក្រសួងបរិស្ថានបានទៅពិនិត្យបញ្ហាត្រីងាប់ក្នុងស្ទឹងព្រែកត្នោតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយពលរដ្ឋរាយការណ៍ថាបញ្ហាទឹកស្អុយបណ្ដាលឱ្យត្រីងាប់ជាបន្តបន្ទាប់ក្នុងស្ទឹងនេះ។
តាមរយៈទំព័រហ្វេសប៊ុកផ្សាយថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបញ្ជាក់ថា នៅថ្ងៃទី៣០ ខែមីនា ក្រសួងបានបញ្ជូនមន្ត្រីជំនាញទៅពិនិត្យទីតាំងដែលសង្ស័យថាមានករណីត្រីងាប់ជាច្រើនក្បាលក្នុងស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រសួងបរិស្ថានបន្តថា៖ «មន្ត្រីជំនាញកំពុងស្ថិតនៅទីតាំងកើតហេតុ នៅផ្នែកខាងក្រោម នៃទីតាំងកើតហេតុ ដែលអាចមានចំងាយប្រហែល៦គីឡូម៉ែត្រ ដើម្បីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ពិនិត្យដោយផ្ទាល់នៅកន្លែងដែលប្រជាពលរដ្ឋបានរាយករណ៍ និងបានប្រមូលសំណាកទឹក យកទៅធ្វើតេស្តតាមបច្ចេកទេស នៅមន្ទីរពិសោធន៍ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ ដែលនាំឱ្យត្រីងាប់ រហូតដល់ម៉ោង០៦:៣០នាទីល្ងាចថ្ងៃដដែល»។ 

ប្រភពដដែលឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បានបញ្ជាឱ្យមន្រ្តីជំនាញរកប្រភពនៃការបំពុលតំបន់ទឹកស្ទឹងព្រែកត្នោតនេះឱ្យឃើញ។

ក្រសួងបន្តថា៖ «ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តវិធានការយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការបំពុលទឹកសាធារណៈ តាមរយៈយុទ្ធនាការផ្ទៃទឹកស្អាត និងការអនុវត្តច្បាប់ជាធរមាន ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ក្នុងសសរស្តម្ភទី១គឺ «ភាពស្អាត»។ រោងចក្រ សហគ្រាសនិងក្រុមហ៊ុននានា ដែលរកឃើញមានបង្ហូរទឹកកខ្វក់ ដោយគ្មានការប្រព្រឹត្តិកម្ម ត្រូវបានផាកពិន័យ បញ្ជាឱ្យកែតម្រូវ ឬឈានដល់ការផ្អាកប្រតិបត្តិការបណ្តោះអាសន្ន»។ 

ចៅសង្កាត់គងណយលោក អ៊ុន សុខរុំ ប្រាប់ប្រជាកាសែត បញ្ហាត្រីងាប់នៅស្ទឹងព្រែកត្នោតបានកើតឡើងតាំងពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ដោយបញ្ហាងាប់ត្រីនេះទំនងជាដោយសារបញ្ហាអាកាសធាតុក្ដៅ។

លោកថា៖ «ខ្ញុំអត់ហ៊ានថាហ្នឹង ដោយសារអី ដោយសារកម្ដៅមិនដឹងអ៊ីមិនដឹង[…]ខ្ញុំវាពិបាកថា ដោយសារអីកម្ដៅវាឡើងក្ដៅ ដល់ឡើងកម្ដៅខ្លាំងទៅអាទឹករាក់ៗវាអាចក្ដៅទៅត្រីវាពុល[…]ពេលពុលងាប់ហ្នឹងវាត្រីហ្នឹងវាចម្លែកត្រង់ថាយកមកដាក់លើដឹងតែវាឆាប់ទន់សាច់ភ្លាម វាចម្លែកមិនដឹងជាពុលស្អី យើងអត់កំណត់ដឹងដែរហ្នឹង»។

ចៅសង្កាត់វ័យ៧០ឆ្នាំរូបនេះ លោកឱ្យដឹងថា ជាទូទៅពលរដ្ឋតែងតែទៅនេសាទត្រីនៅស្ទឹងព្រែកត្នោតនេះជាលក្ខណៈគ្រួសារ។ ក៏ប៉ុន្តែតាំងពីមានករណីពុលត្រីងាប់ពលរដ្ឋបានផ្អាកការរកត្រីពីស្ទឹងព្រែកត្នោត។

ជុំវិញករណីនេះ មន្ត្រីគោលនយោបាយ និងតស៊ូមតិ នៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ(PED)កញ្ញា ហេង គឹមសួ ប្រាប់ថា កញ្ញាមិនទាន់ដឹងពីមូលហេតុដែលបណ្ដាលឱ្យងាប់ត្រីនៅស្ទឹងព្រែកត្នោតឡើយទេ។ ក៏ប៉ុន្តែកញ្ញាថា បញ្ហានេះទំនងជាបណ្ដាលមកពីមានការបំពុលទឹកទើបនាំឱ្យត្រីងាប់ ព្រោះនេះមិនមែនជាលើកទីមួយទេ ដែលមានករណីនេះ។

កញ្ញាថា៖ «កន្លងមកដូចជានៅខាងខេត្តព្រះសីហនុអី គឺរោចក្រស្វាយបានបង្ហូរទឹកចូលទៅក្នុងអូរដែលប្រជាពលរដ្ឋប្រើប្រាស់អ៊ីចឹងទៅវាធ្វើឱ្យងាប់ត្រីនៅតាមអូរហ្នឹង ហើយធ្វើឱ្យប្រជាជនមានកន្ទួលរមាស់ដែរ។ អ៊ីចឹងខ្ញុំគិតថាវាប្រហែលស្រដៀងគ្នា ពីព្រោះអីបើសិនជាអត់មានជាតិគីមី ឬក៏ជាតិពុល ត្រីវាមិនងាប់ដូច្នេះទេ»។

កញ្ញា គឹមសួ ស្នើសុំក្រសួងពាក់ព័ន្ធរឹតបន្តឹងការអនុវត្តច្បាប់ ដោយសិក្សាវាយតម្លៃផលប៉ះពាល់​ដល់បរិស្ថាន ចំពោះរោងចក្រសហគ្រាស មុនអនុញ្ញាតឱ្យពួកគេបើកដំណើរការ។នេះមិន​មែនជាលើកទីមួយទេដែលមានករណីងាប់ត្រីនៅតាមព្រែកអូរបឹង។ កន្លងមកធ្លាប់មានករណី​ងាប់ត្រីនិងសត្វរបស់ពលរដ្ឋច្រើនករណី នៅតាមប្រភពទឹកដែលមានសារធាតយពុល៕

បរិស្ថាន","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2099}" data-page="1" data-max-pages="1" data-start="1" data-end="1">