អ្នកល្បាតព្រៃនៅមណ្ឌលគិរី ឃើញដំរីប្រមាណ៥០ក្បាលនៅព្រៃសហគមន៍ការពារធម្មជាតិ

បរិស្ថាន

ប្រជាសហគមន៍តំបន់ការពារធម្មជាតិភូមិពូត្រុំ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បង្ហាញក្ដីរីករាយក្រោយក្រុមល្បាតរបស់សហគមន៍ពួកគេ ប្រទះឃើញក្រុមដំរីរួមតាំងកូនដំរីតូចៗ ប្រមាណ៥០ ក្បាលចុះផឹកទឹក។ ពួកគេថា ការរកឃើញដំរីជាច្រើនក្នុងហ្វូង បង្ហាញពីការកើនឡើងនៃចំនួនដំរីរស់នៅក្នុងតំបន់ការពារធម្មជាតិ។ទន្ទឹមនឹងការរកឃើញហ្វូងដំរីជាច្រើនក្បាលនេះ ប្រជាពលរដ្ឋព្រួយបារម្ភថាដំរីទាំងនោះអាចនឹងបំផ្លិចបំផ្លាញដំណាំរបស់ពួកគាត់និងស្នើសុំឱ្យមានអន្តរាគមន៍ការពារដំរីទាំងនោះផង។

ប្រធានសហគមន៍ការពារព្រៃឈើសហគមន៍ពូត្រុំ និងជាជនជាតិដើមភាគតិចពូនង លោក លី សារី លើកឡើងថា ការរកឃើញដំរីជាច្រើនក្នុងហ្វូង បង្ហាញពីក្តីសង្ឃឹម និងការកើនឡើងនៃចំនួនដំរីនៅសហគមន៍កែវសីមាទាំងមូល។ លោកបន្តថា អស់ជាយូរមកហើយដែលលោកមិនដែលឃើញហ្វូងដំរី មកសហគមន៍ ដោយសារតែតំបន់ពួកវានៅមានការដាក់អន្ទាក់,និងការកាប់បំផ្លាញព្រៃឈើទើបហ្វូងដំរីត្រាច់ចរមក។ លោកថា សហគមន៍ត្រូវការចូលរួមពីអ្នកពាក់ព័ន្ធ និងការយល់ដឹងពីប្រជាពលរដ្ឋ ក្នុងការថែរក្សាការពារប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះនៅតាមតំបន់ការពារធម្មជាតិ។

លោកបន្ថែមថា៖ «ជាគំនិតខ្ញុំផ្ទាល់ខ្លួនក្នុងនាមខ្ញុំជាប្រធានសហគមន៍ការពារព្រៃឈើ ទី១យើងថាល្អដោយសារមហាជនគាត់ចង់ឃើញ។ ហ្នឹងហើយសហគមន៍យើងចុះល្បាត ខ្លាចវាឈឺ ខ្លាចវាគ្រោះថ្នាក់ដូចកាលដែលកូនដំរីមួយដែលវាដាច់ទឹកដោះចឹង។ សហគមន៍យើងពិនិត្យទាំងដំរី ទាំងព្រៃឈើ។ យើងអត់ធ្វេសប្រហែសថាយើងស្អប់សត្វដំរី យើងមិនស្អប់ទេ ធ្វើម៉េចឱ្យសម្បុកដែលគ្នានៅហ្នឹង។ ទី២បទល្មើសនៅកម្ពុជាយើង ចឹងហើយបានសត្វដំរីវាមកដល់ក្នុងភូមិ»។

លោកថា៖«ក្នុងនាមខ្ញុំជាប្រធានសហគមន៍ខ្ញុំមានសំណូមពរដល់មន្ត្រីពាក់ព័ន្ធ រដ្ឋបាលព្រៃឈើ ច្បាប់បរិស្ថាន ការដែលជាមន្ត្រីសមត្ថកិច្ច ជាយោប់របស់ខ្ញុំសូមចូលរួមការពារទាំងព្រៃឈើ ទាំងសត្វកម្រនៅកម្ពុជាយើង យើងត្រូវតែជួយ និងការពារនូវព្រៃជ្រៅៗ ព្រៃតំបន់សីមានេះ កុំឱ្យមានបទល្មើសកាប់ទន្ទ្រាន្តព្រៃ»។

ទោះជាយ៉ាងណាលោកសារី ព្រួយបារម្ភថាហ្វូងដំរីព្រៃទាំងនោះអាចចូលមកបំផ្លាញដំណាំរបស់ប្រជាពលរដ្ឋមានដូចជាចេក ស្វាយចន្ទីរ និងដំណាំផ្សេងៗ។ លោកថា ហ្វូងដំរីទាំងនោះនឹងដើរត្រាច់ចទៅចម្ការស្វាយចន្ទី និងចម្ការចេក ខណៈពេលដែលបំផ្លាញសូម្បីតែដំណាំដែលពួកគេមិនស៊ី ដូចជាដំឡូងមី ដែលគេដាំនៅតាមផ្លូវរបស់ពួកគេ។

លោកថា៖ «ប្រជាពលរដ្ឋគាត់រអ៊ូរទាំនៅពេលគាត់ចុះមកទាំងហ្វូង ទាំងកូនគាត់ហ្នឹង គាត់នឹងបំផ្លាញដំណាំដាំដុះ អ្នករងគ្រោះគឺប្រជាពលរដ្ឋក្នុងសហគមន៍ ប៉ុន្តែប្រជាពលរដ្ឋក្នុង​សហគមន៍គាត់តែងតែគាំទ្រថាការពារព្រៃល្អ ការពិតវាល្អមែនតែយ៉ាងណាវាមានទាំងវិជ្ជមាន និងអវិជ្ជមាន»។

សមាជិកសហគមន៍ពូត្រុំ លោក ភីម ស្រ៊ឹប ថាកត្តាកាប់បំផ្លាញព្រៃឈើជាកត្តាបង្ករឱ្យហ្វូងដំរីមិនអាចនៅកន្លែងដែលវាធ្លាប់នៅ និងត្រូវបំលាស់ទី។ តែយ៉ាងណា លោកថា វត្តមានហ្វូងដំរីនៅក្នុងសហគមន៍អាចមកបំផ្លាញដំណាំប្រជាពលរដ្ឋ បើមិនមានវិធានការការពារ។ ការណ៍នេះលោកសំណូមពរឱ្យភាគីពាក់ព័ន្ធចូលរួមទប់ស្កាត់ហ្វូងដំរីពីការបំផ្លាញដំណាំនិងចៀសវាងហ្វូងដុំរីបង្ករគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

លោកថា៖ «យើងមើលមិនឃើញអារបស់ព្រៃចឹង ជួនកាលវាអាចបង្ករហេតុ បារម្ភចឹងដែរតើ។ ការបារម្ភមួយទៀត បើវាមកទាំងហ្វូងចឹងបើវាមិនទៅណាទេ វាប៉ះពាល់ដំណាំប្រជាពលរដ្ឋ កន្លែងហ្នឹងក៏បារម្ភដែរ ឥឡូវជិតដល់រដូវដាំដំឡូវ បើវាមកច្រានកម្ទេច យើងអត់បានផលទេទៅមុខ»។

ទាក់ទិននឹងវិធានការការពារពីដំរី សមាជិកគណៈកម្មការកម្មវិធីថវិការេដបូកសម្រាប់​សហគមន៍អូរច្រា លោក នៀវ កាណុង ដែលបានចូលរួមប្រជុំជាមួយមន្ត្រីបរិស្ថានស្ដីពីវិធានការទប់ស្កាត់ហ្វូងដំរី លើកឡើងថា មន្ត្រីអនុរក្សបរិស្ថាន និងសហគមន៍នៅមិនទាន់មានវិធានការច្បាស់លាស់ ក្រៅពីការដុតភ្លើងពេលយប់កុំឱ្យហ្វូងដំរីចូល និងការល្បាតប៉ុណ្ណោះ។

លោកថា៖ «បារម្ភៗដេញវាទេ។ បើដំរីច្រើនគ្នាអីចឹងណា ដល់៥០ ក្បាលហ្នឹង កាលណាវាចូលមកមួយហ្វូងៗវាបំផ្លាញដំណាំ។ វាចូលតែពេលយប់ ជូនកាលល្ងាចវាចូលព្រៃវិញ។ ឧទាហរណ៍ថាវាចូលព្រឹក ម៉ោងប្រហែល៧ ៨ វាចូលព្រៃ»។

លោកបន្ថែមថា៖ «អត់មានចេះហាមទេ ទោះបីមានរបងវាជាន់របង។ យើងអត់ចេះធ្វើទេពិបាកធ្វើណាស់។ អត់មានវិធានការទេ មានដាក់ភ្លើងអំពូល ដុតភ្លើងអីចឹងៗទេ កង់ឡាន​កង់ម៉ូតូឱ្យមានក្លិន។ មានតែប៉ុណ្ណឹងទេ»។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា អះអាងតាមរយៈទំព័រហ្វេសប៊ុកផ្សាយថ្ងៃទី២១ ខែមេសាឆ្នាំ២០២៦របស់ក្រសួងបរិស្ថានថា៖ «ការរកឃើញដំរីជាច្រើនក្នុងហ្វូង បង្ហាញពីក្តីសង្ឃឹម និងការកើនឡើងនៃចំនួនដំរី បន្ទាប់ពីមានការចូលរួមពីមន្រ្តីឧទ្យានុក្ស មន្ទីរបរិស្ថាន និងអ្នកពាក់ព័ន្ធ ចូលរួមការពារនិងអភិរក្ស និងការយល់ដឹងពីប្រជាពលរដ្ឋ ក្នុងការថែរក្សាការពារប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះនៅតាមតំបន់ការពារធម្មជាតិ»។

ក្រសួងបរិស្ថានឱ្យដឹងថា ក្រសួងបរិស្ថាន និងដៃគូនានាកំពុងអនុវត្តផែនការសកម្មភាពទាក់ទងនឹងធនធានធម្មជាតិដើម្បីទប់ស្កាត់ការបាត់បង់ជម្រក, បង្ការការដាក់អន្ទាក់, និងកាត់បន្ថយជម្លោះរវាងមនុស្សនិងដំរីជាដើម។

គួរបញ្ជាក់ផងដែរថា សត្វដំរីអាស៊ី (Elephas maximus) ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់ អង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ ដោយមានប្រមាណពី ៤០ ០០០ ទៅ ៥០ ០០០ ក្បាលដែលនៅសល់ក្នុងដែនព្រៃ ដែលភាគច្រើននៅក្នុងប្រទេសឥណ្ឌា មីយ៉ាន់ម៉ា និងថៃ។ ចំណែកទិន្នន័យរបស់អង្គការ WCS ប្រចាំកម្ពុជា បង្ហាញថា កម្ពុជាមានសត្វដំរីអាស៊ីប្រមាណ ៤០០-៦០០ ក្បាល រស់នៅតាមតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាបភាគខាងកើត និងភូមិភាគឦសាន។ ក្នុងនោះចំនួនចន្លោះពី ១០០ ទៅ១៣០ នៃសត្វដំរី រស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា៕

បរិស្ថាន","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2328}" data-page="1" data-max-pages="1" data-start="1" data-end="1">