ប្រជាសហគមន៍ព្រៃឈើ ទាមទារជាថ្មីនូវសិទ្ធិសេរីភាពចុះល្បាតការពារព្រៃឈើ

បរិស្ថាន

បណ្តាញព្រៃព្រះរកា សហការជាមួយគណៈកម្មការសហគមន៍តំបន់ការពារកឺប បានចុះល្បាតព្រៃជួបជនល្មើសកំពុងអារឈើ កាលពីឆ្នាំ២០២៥។ (រូបភាពសហគមន៍ព្រៃព្រះរកា)

សហគមន៍ការពារព្រៃឈើមួយចំនួន បានលើកឡើងថា ការខ្វះសិទ្ធិចុះល្បាតព្រៃ និងការតម្រូវលិខិតអនុញ្ញាតមុន ចំពោះការចូលប្រមូលអនុផលព្រៃ កំពុងបង្កឧបសគ្គធំបំផុតចំពោះការចូលរួមការពារព្រៃរបស់ពួកគេ។ ពួកគេស្នើឲ្យរដ្ឋាភិបាលបើកលំហសេរីភាព ផ្តល់សិទ្ធិច្បាស់លាស់ និងគាំទ្រថវិកា ឱ្យសហគមន៍ ដើម្បីធានាថាព្រៃឈើនឹងទប់ស្កាត់បទល្មើស និងរក្សាទុកសម្រាប់ជំនាន់ក្រោយ។

យុវជនពីព្រៃឡង់ នៅខេត្តស្ទឹងត្រែង លោក ឈៀង ឡុង បានលើកឡើងថា ព្រៃឈើមានសារៈសំខាន់ខ្លាំងសម្រាប់ជីវភាពប្រជាពលរដ្ឋ ។ លោកបានលើកថារយៈពេលពីឆ្នាំ២០២៥នេះ ខាងមន្ត្រីបរិស្ថាន ត្រូវការលិខិតអនុញ្ញាតជាមុនចុះល្បាតព្រៃ ដែលបានក្លាយជាឧបសគ្គ និងធ្វើឲ្យការចូលរួមការពារព្រៃរបស់សហគមន៍មានការលំបាកសម្រាប់សហគមន៍។

យុវជននិយាយថា៖ «ចំពោះសម្រាប់ប្រជាបងប្អូនរបស់ពលរដ្ឋនៅជុំវិញព្រៃឡង់ ប្រៀបធៀបឆ្នាំងបាយរបស់គាត់ ឬប្រៀបធៀបថាជាធនាគារបស់គាត់ដែល ដោយសារដល់ខែអនុផលព្រៃឈើ ទៅតាមរដូវកាលដូចជា ផ្លែគុយឬក៏ ផ្លែឈើអីផ្សេងៗ ហើយអ្វីដែលសំខាន់គឺអាច​រកឧសថបុរាណនៅក្នុងនឹងតំបន់ព្រៃឡង់សម្រាប់ស្ត្រីឆ្លងទន្លេរ ស្ត្រីកូនខ្ចី អាចធ្វើជាឪសថសម្រាប់ព្យាបាលក្រពះពោះវៀងបានដូចគ្នា។

ត្រូវការលិខិតជាមុនសិន ដើម្បីឲ្យគិតថាទៅកាន់អ្នកពាក់ព័ន្ធ ដែលរយៈពេលពេលប៉ុន្មានឆ្នាំចុងក្រោយនេះដូចជាមិនចង់ឲ្យចុះល្បាត»។

យុវជនបានបង្ហាញការព្រួយបារម្ភថា ប្រសិនបើមិនអនុញ្ញាតឲ្យសហគមន៍ចុះល្បាតទេ ព្រៃឡង់អាចប្រឈមនឹងការបាត់បង់យ៉ាងលឿន។ លោកបានបញ្ជាក់ថា សហគមន៍មានតួនាទីសំខាន់ក្នុងការទប់ស្កាត់បទល្មើស ហើយការចូលរួមរបស់ពួកគេអាចជួយរក្សាព្រៃឲ្យបានយូរអង្វែងសម្រាប់អនាគត។

លោកនិយាយថា៖ «សម្រាប់ខ្ញុំគឺមានការព្រួយបារម្ភ បើគេបិទមិនឲ្យសហគមន៍ចុះល្បាត មិនឲ្យដាច់ខាត ប្រសិនជាមនមានសហគមន៍ចុះល្បាតទេគិតថា ងាយទៅនឹងរងគ្រោះ ងាយនឹងបាត់បង់ព្រៃឡង់ដោយសារតែផ្សព្វថ្ងៃ មើលតាមជាក់ស្តែងគឺមានសហគមន៍បានទប់ស្កាត់​បទល្មើសប្រសិនជាយើង អត់ជួយទេគិតថាប្រាំឆ្នាំឬ ១០ឆ្នាំទៅមុខវានឹងអាចបាត់​បងលឿន ។បើយើងទប់ស្កាត់វានឹងមិនអាចមានការបាត់បងទេទៅ២០ទៅ ៣០ឆ្នាំបន្តទៀត»។

លោកបានស្នើឲ្យអាជ្ញាធរបរិស្ថាន មិនគួរហាមឃាត់សហគមន៍ក្នុងការចុះល្បាតព្រៃឡង់ទេ ព្រោះសកម្មភាពនេះជួយទប់ស្កាត់បទល្មើស និងរក្សាទុកធនធានសម្រាប់ជំនាន់ក្រោយ។ស្របពេលនេះដែលលោកចង់អំពាវនាវឲ្យមានការគាំទ្រពីអង្គការផ្សេងៗ ដូចជា ថវិកា និងសម្ភារៈ។

យុវជនសហគមន៍ព្រៃព្រះរការ អ្នកស្រី រុំ ប៊ុនណា មកពី ព្រៃព្រះរកា ខេត្តព្រះវិហារ បានលើកឡើងថានៅក្នុងទិវានេះថា បច្ចុប្បន្នព្រៃព្រះរកាត្រូវបានគ្រប់គ្រងដោយអាជ្ញាធរពីរផ្នែក គឺមន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម ដែលមានតួនាទីសំខាន់ក្នុងការការពារធនធានធម្មជាតិ។ ចំណែកឯខាងសហគមន៍វិញមិនមានសិទ្ធិទៅឃាត់ជនល្មើសបាននោះទេ ។

យុវជនលើកឡើងថា៖ «បើអាចបានចង់ឲ្យមានការសហការស្ថាប័នបីរនឹងចូលរួមសហការក្រុមយើងធ្វើជាមួយគ្នាបានល្អ ហើយការបង្កើនសហការនេះផងដែលថ្មីនេះមានការប្រសើរជាងមុនដែល»។

អ្នកស្រីបានលើកឡើងថា ជាកង្វល់ទៅកាន់សហគមន៍គឺទៅលើនិតិវិធីសុំលិខិតជាមុនមុនចុះល្បាតព្រៃ ដោយពួកគេខ្វះជំនាញរៀបចំឯកសារ និងពេលខ្លះមិនទទួលបានការឆ្លើយតបទាន់ពេលពីអាជ្ញាធរ។អ្នកស្រីបន្តថា ភាពមិនច្បាស់លាស់ និងការខ្វះការសហការបានបង្កឧបសគ្គដល់ការចូលរួមការពារព្រៃរបស់សហគមន៍។

អ្នកស្រីថា ៖ « ប៉ុន្តែមិនទាន់ការប្រជុំចែករំលែកឬជូនដំណឹងសម្រាប់សហគមន៍ថា ពីតំបន់ណាទៅតំបន់ជារបស់បរិស្ថាន កន្លែងណាដែលជាប្រជាពលរដ្ឋ អាស្រ័យផលបានដូចអត់ទាន់មានយើងមាននៅអត់ច្បាស់លាស់ទាំងអស់គ្នា»។

អ្នកស្រីស្នើរសុំថា ៖ «ធ្វើយ៉ាងម៉េចចង់ស្នើរឲ្យអ្នកពាក់ព័ន្ធ ក៏ដូចជាសមាជិកនៅក្នុងជួរអ្នករាជការដែលធ្វើការទាក់ទងទៅនឹងខាងព្រៃឈើបរិស្ថានទាំងអស់នឹង ចង់ឲ្យគាត់បើកជំហរទូលាយជាមុនទៅកាន់សហគមន៍ ធ្វើអីមួយឲ្យគាត់ពិភាក្សាគ្នា យើងត្រូវការដោះស្រាយព្រមគ្នាចឹងហាដើម្បីឲ្យយើងនឹងងាយស្រួល កុំឲ្យពេលទៅហើយបញ្ហាចោទប្រកាន់ខាងណោះ [សហគមន៍] បើកជំហរទាំងអស់គ្នាពិភាក្សាទាំងអស់គ្នា ដោះស្រាយព្រៃឈើព្រមគ្នា»។

ចំណែកឯ លោក សេង ណារ័ត្ន យុវជនព្រៃឡង់ខេត្តកំពង់ធំ ជាអ្នកចូលរួមកម្មទិវាថា នៅចុងឆ្នាំ ២០២៥នេះខាងសហគមន៍បណ្តាញព្រៃឡង់ខាងកំពង់ធំ គឺមានការរឹតត្បិតពីមន្ត្រីឧទ្យាននុរក្ស ដែលមិនអនុញ្ញាតឲ្យសហគមន៍ចូលទៅចុះល្បាតក្នុងតំបន់ព្រៃឡង់ឡើយ។

លោកនិយាយថា៖ «តំបន់អ្នកការពារបែរជាគាត់ហាមឃាត់ បើអ្នកដែលចូលទៅបំផ្លាញធនធានធម្មជាតិបែរជាគាត់លូកដៃឲ្យចូល។ ប្រសិនជាពួកគាត់រឹតបណ្តឹងច្បាប់ឲ្យបានតឹងរឹង មានន័យថាប្រសិនជាអត់មានអំពើរពុករលួយ ឈើក៏មិនអាចចេញពីព្រៃឡង់បានដែល ដោយសារតែទីស្នាក់ការបរិស្ថានគឺ មិនឆ្ងាយពីគ្នាទេ គ្រប់ច្រកធំៗទាំងអស់ ហេតុអ្វីនៅតែមានឈើចេញពីព្រៃឡង់បាន»។

លោកបានលើកឡើងថា ចាប់ពីចុងឆ្នាំ២០២៥ ដល់ដើមឆ្នាំ២០២៦ សហគមន៍ត្រូវបានហាមឃាត់មិនឲ្យចុះល្បាតព្រៃ ឬថតវីដេអូក្នុងតំបន់ព្រៃឡង់ ខណៈអាជ្ញាធរអះអាងថា តំបន់នេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។

លោកនិយាយថា៖ «ខ្ញុំគិតថាវាខុសច្បាប់ទាំងស្រុង ដោយសារតែព្រៃឡង់គឺជាព្រៃយើងទាំងអស់គ្នា សូម្បីតែការគ្រប់គ្រងតែការគ្រប់គ្រងរបស់ក្រសួងបរិស្ថានក៏ដោយប៉ុន្តែសហគមន៍គឺដើម្បីតែផលប្រយោជន៍រួម ដើម្បីផលប្រយោជន៍ទាំងអស់គ្នា យើងការពារព្រៃឈើដើម្បីទាំងអស់គ្នា ដល់ពេលគាត់បែរជាហាមឃាត់សហគមន៍មិនឲ្យចូលទេ គឺរឿងនេះដែលពួកខ្ញុំមិនពេញចិត្តនឹងក្រសួងបរិស្ថាន»។

លោកបន្តថា៖ «សុំក្រសួងបរិស្ថានបើកចិត្តឲ្យទូលាយ ទៅកាន់សហគមន៍មូលដ្ថានជាពិសេសគឺបណ្តាញព្រៃឡង់ទាំងបួនខេត្ត មិនថាបណ្តាញព្រៃឡង់នោះទេ ទាំងយុវជន និស្សិតអង្គការផ្សេងៗ ដែលគាត់ស្រឡាញ់ធនធានធម្មជាតិសូមមេត្តាបើកចិត្តឲ្យទូលាយ ដើម្បីឲ្យសហគមន៍មូលដ្ឋានឲ្យចូលចុះល្បាតចុះសិក្សាក្នុងតំបន់ព្រៃឡង់ដូចកាលពីរ ២០១៦ ២០១៧ ។»

អនុប្រធានមន្ទីបរិស្ថានខេត្តព្រះវិហារ លោក មាស ញឹមបានបញ្ជាក់ថា ធនធានធម្មជាតិមិនមែនជារបស់បុគ្គលទេ តែជារបស់រួមរបស់ជាតិ។ លោកបន្តថាបទល្មើសដែលទាក់ទងនឹងធនធានធម្មជាតិ មិនមែនជាតួរនាទីផ្តាច់មុខរបស់បរិស្ថានទេ តួរនាទីរបស់បរិស្ថានគឺត្រួតពិនិត្យ និងគ្រប់គ្រងបទល្មើសទូទៅនៅតំបន់។

លោកលើកទឹកចិត្តឲ្យសហគមន៍ ចូលរួម និងសហការជាមួយមន្ទីបរិស្ថាន គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋទាំងអស់ ដែលក្នុងនោះក្រសួងបរិស្ថាន មានបែបបទដែលតម្រូវឲ្យប្រជាពលរដ្ឋចូលរួម និងសហការជាមួយមន្ទីរ។

លោកនិយាយថា ៖«ជាទូទៅច្បាប់ស្តីតំបន់ការពារធនធានធម្មជាតិ គេបែងចែកជាបួនតំបន់ តំបន់ហាមឃាត់ដាច់ខាត តំបន់ខ្សែរក្រវ៉ាត តំបន់អនុញ្ញាតនិង តំបន់អភិវឌ្ឍន៍ ចឹងហើយបើពួកគាត់ ឆ្លល់កន្លែងណាឬពាក់ព័ន្ធកន្លែងណាអាចទៅជួបខ្ញុំនៅកន្លែងមន្ទីបរិស្ថាននៅពេលណាក៏បាន»។

លោកក៏បានលើកឡើងថា ក្នុងឆ្នាំ ២០២៥ មានជាង ១០០ ករណីបទល្មើសព្រៃឈើ ត្រូវបានបញ្ជូនទៅតុលាការ ជាផ្នែកនៃការខំប្រឹងរបស់អាជ្ញាធរ។

កាលពីថ្ងៃទី ១៧ មីនា ២០២៦ សហគមន៍ព្រៃឡង់បានជួប និងទទួលស្វាគមន៍ពី រដ្ឋមន្ត្រីក្រសួងបរិស្ថាន អ៊ាង សុផល្លែត ដែលក្នុងការជំនួបនេះ បានជំរុញឲ្យអង្គការដៃគូ និង​សហគមន៍ចូលរួមការងារអាទិភាពរបស់ក្រសួង ដើម្បីពង្រីកវិសាលភាពគម្របព្រៃឈើ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដោយចីរភាព។រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន លើកទឹកចិត្តឱ្យក្រុមព្រៃឡង់ ចូលរួមសហការក្នុង ការពង្រឹងការអនុវត្តច្បាប់លើបទល្មើសធនធាន ធម្មជាតិ ការចែករំលែកព័ត៌មាន ការពង្រឹង ចំណេះដឹង ចូលរួមដាំស្តារព្រៃសហគមន៍ និងការ សហការចូលរួមក្នុងការទប់ស្កាត់បទល្មើសធនធាន ធម្មជាតិនៅក្នុងមូលដ្ឋាន។

កន្លងមករដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ក៏បានលើកឡើងគោលនរយោបាយថា សម្រាប់អាណត្តិទី៧នេះ រដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការដាំដើមឈើ យ៉ាងតិចឱ្យបាន១លានដើម ជារៀងរាល់ឆ្នាំ ចាប់ពីពេលនេះទៅ។មិនតែប៉ុណ្ណោះ ក្រសួងបរិស្ថាន​ប្តេជ្ញានឹងរក្សាគម្រប់ព្រៃឈើឱ្យបាន យ៉ាងហោចណាស់ក៏៦០ភាគរយ ត្រឹមឆ្នាំ២០៥០។

គោលបំណងសំខាន់នៃការដាំដើមឈើឡើងវិញនេះ គឺដើម្បីស្តារព្រៃឈើ ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសវានឹងជួយរក្សាគម្របព្រៃឈើឱ្យបានគង់វង្ស។

ប្រធានប្រតិបត្តិនៃសមាគមនបណ្តាញយុវជនកម្ពុជា លោក ម៉ើង ចាន់ដារ៉ា មានប្រសាសន៍ថា សិទ្ធិចូលរួមចុះល្បាតព្រៃរបស់សហគមន៍ ហាក់មានការថយចុះចាប់តាំងពីឆ្នាំ២០១៩ មកទៅលើសហគមន៍ទៅតាមមូលដ្ឋាន។ ទោះបីមានការរឹតត្បិតខ្លះតាមក្រមបរិស្ថាន ក៏ដោយ ប៉ុន្តែតាមច្បាប់ក្រសួងមហាផ្ទៃថាសហគមន៍នៅតែមានសិទ្ធិចូលរួមចុះល្បាត ព្រោះព្រៃឈើជាទ្រព្យសម្បត្តិសាធារណៈ មិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាមួយទេ។

លោកនិយាយថា៖ «ខ្ញុំមានសំណូមពរទៅកាន់ ភាគីពាក់ព័ន្ធទាំងអស់ឲ្យពួកគាត់អនុវត្ត ច្បាប់ឲ្យបានតឹងរឹង ជនល្មើសដែលធនធានធម្មជាតិជាពិសេស គឺយកក្រមបរិស្ថាន និងធនធានធម្មជាតិនឹងអនុវត្តឲ្យបានម៉ឺងម៉ាត ដូចប្រសាសន៍សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណេត ចឹង កាលពី ២០២៣ ដែលគាត់បានទៅចូលធ្វើការបូកសរុបលិទ្ធិផលរបស់ក្រសួងបរិស្ថាន នឹងដាក់ចេញនូវគោលការណ៍ស្នូលសម្រាប់ឆ្នាំ ២០២៤»។

លោក ដារ៉ា ផ្ដល់អនុសាសន៍បីចំណុចរួមមាន ៖ ចំណុច ១ ពង្រឹងសិទ្ធិ អនុវត្តច្បាប់ ធ្វើបែបម៉េចកាត់បន្ថយបទល្មើសព្រៃឈើឲ្យបាន១០០ %ក្នុងដែនជម្រកសត្វព្រៃ ទី២ចូលរួមអភិរក្សបែបផ្សាភ្ជាប់បែបអភិវឌ្ឍន ធ្វើបែបម៉េច ការអភិវឌ្ឍន យើងមានតុល្យភាព គិតគូរអំពីសេដ្ឋកិច្ចផង គិតគូរអំពីផលរយៈពេលវែង សម្រាប់ជនជាតិដើមភាគតិចទៅជំនាន់ក្រោយផង។ទី៣ គឺកាត់បន្ថយនិតិវិធីរដ្ឋបាលគឺ នៅពេលដែលយើងឃើញមន្ត្រីរកឃើញពាក់ព័ន្ធជា សញ្ញាធិការពីរដ្ឋាភិបាល ។

សូមជម្រាបថាកម្ពុជាមានគម្រោបព្រៃឈើប្រមាណ៧៣%នៃផ្ទៃដីសរុបកាលពីឆ្នាំ១៩៦២។ គម្រោបព្រៃឈើបានថយចុះមកត្រឹមប្រមាណ ៤៦,៨៦% នៅឆ្នាំ២០១៨។ នេះបើតាមឯកសារទស្សនទាន ស្តីពីកម្មវិធីប្រារព្ធទិវាពឈើអន្តរជាតិ ឆ្នាំ២០២៦។ បើតាមក្រុមអង្គការសមាគមន៍ កត្តាដែលបណ្ដាលឱ្យគម្របព្រៃឈើនៅកម្ពុជាថយចុះរួមមាន ការផ្តល់សម្បទានដីសេដ្ឋ កិច្ចដែលខ្វះប្រព័ន្ធធានាសុវត្ថិភាពបរិស្ថាន អត្រាកំណើនប្រជាជន និងការកាប់ឈើខុសច្បាប់ជាដើម៕

បរិស្ថាន","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2014}" data-page="1" data-max-pages="1" data-start="1" data-end="1">