មន្ត្រីសិទ្ធិមនុស្សនិងបក្សក្រៅរដ្ឋាភិបាលបារម្ភពីលំហរសេរីភាពបញ្ជេញមតិបន្ទាប់ពីអាជ្ញាធរចាប់ខ្លួនកញ្ញា ខែម ស្រីមុំ 

សិទ្ធិមនុស្ស

(កញ្ញាខែមស្រីមុំ ចូលរួមធ្វើដាក់ញត្តិដើម្បីទាមទារឱ្យអន្តរជាតិអន្តរាគមន៍ចំពោះករណីដែលទាហានថៃឈ្លានពាននិងទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជាកាលពីខែធ្នូ២០២៥)។

មន្ត្រីសិទ្ធិមនុស្ស និងមេដឹកនាំបក្សក្រៅរដ្ឋាភិបាល បានសម្ដែងក្តីបារម្ភជាថ្មីពីលំហរសេរីភាពបញ្ជេញមតិបន្ទាប់ពីមានការចាប់ខ្លួនសកម្មជនសង្គមកញ្ញា ខែម ស្រីមុំ។ ពួកគេអំពាវនាវឱ្យអាជ្ញាធរនិងតុលាការអនុវត្តច្បាប់ដោយតម្លាភាពនិងបើកលំហសេរីភាពក្នុងការបញ្ចេញមតិ។

បើតាមគណនីហ្វេសប៊ុកឈ្មោះ Khem Sreymom (ខែម ស្រីមុំ) ដែលមានអ្នកតាមដានជាង ១ម៉ឺន៧ពាន់នាក់ កញ្ញា ខែម ស្រីមុំ តែងតែចែករំលែកវីដេអូ និងព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងបញ្ហាសង្គម ដោយភាគច្រើនមានភ្ជាប់រូបភាពរបស់ខ្លួន ក្នុងវីដេអូ រីឯខ្លឹមសារវីដេអូទាំងនោះ។កញ្ញាជាសកម្មជនដែលឈឺឆ្អាលនឹងបញ្ហាសង្គមនិងនយោបាយ។កញ្ញាធ្លាប់ចូលរួមធ្វើដាក់ញត្តិទាមទារឱ្យអន្តរជាតិអន្តរាគមន៍ចំពោះករណីដែលទាហានថៃឈ្លានពាននិងទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជាទៀតផង។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាតបានថ្លែងថា អង្គការរបស់លោកទទួលបានព័ត៌មានថា សមត្ថកិច្ចបានបញ្ជូនកញ្ញា ខែម ស្រីមុំ ទៅកាន់តុលាការ អយ្យការអមសាលាដំបូងដើម្បីពិនិត្យសំណុំរឿង ភស្តុតាង និងសាកសួរខែម ស្រីមុំ បន្ថែម ។

លោកបន្តថា៖ «បើយើងមើលទៅ នេះក៏ជារឿងមួយដែលរងការរឹតត្បិតទៅលើសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋជាពិសេស កញ្ញា ខេម ស្រីមុំនេះគឺជាយុវជនសកម្មមួយនៅក្នុងការទាមទារ មានន័យថាតែងតែទាមទារនូវភាព យុត្តិធម៌ឬក៏ការរិះគន់ទៅលើបញ្ហាអយុត្តិធម៌បញ្ហាសង្គមបញ្ហាព្រំដែន និងបញ្ហាដីធ្លី បញ្ហាបរិស្ថានបញ្ហាធនធានធម្មជាតិជាដើម ហើយនឹងបញ្ហាសង្គម ដែលបានកើតឡើងនៅក្នុងបណ្ដាញសង្គមរបស់គាត់»។

លោក សំ អាត ថាប្រសិនបើមានការចោទប្រកាន់ និងឃុំខ្លួនបន្តទៀត នោះអាចធ្វើឱ្យយុវជនផ្សេងទៀតមានការព្រួយបារម្ភ ឬភ័យខ្លាចក្នុងការចូលរួមបញ្ចេញមតិលើបញ្ហាសង្គម។

លោកបន្តថា៖ «យើងជាអង្គការសន្ធិមនុស្សនៅក្នុងស្រុកសូមឲ្យអាជ្ញាធរក៏ដូចជាតុលាការលោក ពិចារណាឲ្យបានដិតដល់ទាក់ទងអ្វីជាសិទ្ធិសេរីភាពបញ្ចេញក្នុងការបញ្ចេញមតិ។ អ្វីជាបទល្មើសដើម្បី ចៀសវាងការចោទប្រកាន់ការឃុំខ្លួនបន្តឲ្យមានការរិះគន់ទៅលើបញ្ហារួមតូចនៃសេរីភាពក្នុងការបញ្ចេញមតិ ដូចពេលកន្លងមក»។

តាមការឲ្យដឹងពីមន្ត្រីសិទ្ធិមនុស្ស ក៏បានកត់សម្គាល់ដែរថា ក្នុងរយៈពេលចុងក្រោយនេះ មានមនុស្សជាង ១០០នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបង្ហោះ ឬចែករំលែកព័ត៌មានតាមបណ្ដាញសង្គម ដែលនាំឱ្យមានការរិះគន់ជាបន្តបន្ទាប់អំពីស្ថានភាពសេរីភាពបញ្ចេញមតិនៅកម្ពុជា។

ប្រជាកាសែតមិនទាន់អាចសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះ ពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក ប៉េង ម៉េងគ័ង និង អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សំ វិច្ឆកា បាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃទី១៨ខែឧសភា២០២៦។

ជុំវិញរឿងនេះប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា រដ្ឋាភិបាលគួរតែបង្ហាញតម្លាភាព និងបើកលំហសេរីភាពបញ្ចេញមតិឱ្យស្របតាមរដ្ឋធម្មនុញ្ញ ដែលធានាសិទ្ធិពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស។ 

លោកក៏បានលើកឡើងថា ការចោទប្រកាន់អ្នកបញ្ចេញមតិជាបន្តបន្ទាប់ អាចធ្វើឱ្យលំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកាន់តែរួមតូច ខណៈយុវជន និងអ្នកចង់ចូលរួមកិច្ចការសង្គម អាចរងការបំភិតបំភ័យ។
លោកបន្តថា៖«សិទ្ធិសេរីភាពការរស់នៅដោយគ្មានការគំរាមកំហែងបំភិតបំភ័យហើយឲ្យជាចំណែកការរួមចំណែកនៃអង្គការសង្គមស៊ីវិលក៏ដូចជាបក្សក្រៅរដ្ឋាភិបាលគឺត្រូវបានធានាការពារដោយរដ្ឋធម្មនុញ្ញអ៊ីចឹងហើយ»។

ក្នុងនាមជាមេដឹកនាំបក្សក្រៅរដ្ឋាភិបាល លោក មាជ សុវណ្ណារ៉ា បានអំពាវនាវឱ្យអាជ្ញាធរ និងតុលាការ អនុវត្តច្បាប់ដោយឯករាជ្យ និងតម្លាភាព ដោយមិនគួរឱ្យមានឥទ្ធិពលនយោបាយលើប្រព័ន្ធតុលាការ។

លោកថ្លែងប្រាប់ថា៖ «ខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលក៏ដូចជាអំណាចតុលាការតាមរយៈព្រះរាជអាជ្ញាតាមរយៈប៉ូលិសយុត្តិធម៌អីត្រូវតែធ្វើអ្វីជាតម្លាភាព។ កុំឲ្យឥទ្ធិពលនយោបាយគ្របដណ្ដប់ឬអ្នកដឹកនាំណាមួយមកលោកនៅក្នុង ការច្បាប់នីតិរដ្ឋដែលអំណាចត្រូវចែកឲ្យដាច់ពីគ្នារវាងអំណាចនីតិបញ្ញត្តិនីតិប្រតិបត្តិនីតិតុលាការ»។

សមត្ថកិច្ចបានចាប់ខ្លួនកញ្ញា ខែម ស្រីមុំ នៅបន្ទប់ជួលមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។ រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ផ្លូវការពីអាជ្ញាធរ អំពីមូលហេតុ ឬបទចោទប្រកាន់ទៅលើសកម្មជនរូបនេះនៅឡើយទេ៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2570}" data-page="1" data-max-pages="1" data-start="1" data-end="1">