លោក ហ៊ុន ម៉ាណែត បញ្ជាអាជ្ញាធរពាក់ព័ន្ធឱ្យទប់ស្កាត់ការសាងសង់ដែលប៉ះពាល់ទីតាំងបូជនីយដ្ឋានចងចាំនៃកម្ពុជា

សង្គម

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងភាគីម្ចាស់ជំនួយធ្វើកម្មវិធីនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) ។មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បញ្ជាអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់ការសាង​សង់ដែលប៉ះពាល់ទីតាំងបូជនីយដ្ឋានចងចាំនៃកម្ពុជា។ នេះបើតាមសារលិខិតរបស់លោក នាឱកាសខួប ១ឆ្នាំ នៃការចុះបញ្ជីបេតិកភណ្ឌពិភពលោក ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព ដែលចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងវប្បធម៌ និងអាជ្ញាធរពាក់ព័ន្ធ បញ្ចៀសការសាងសង់ណាមួយដែលប៉ះពាល់ដល់ទេសភាពប្រវត្តិសាស្ត្រនៃបូជនីយដ្ឋានចងចាំនៃកម្ពុជា។

យោងតាមសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងខួប ១ឆ្នាំ នៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំក្រសួងវប្បធម៌ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ថែរក្សា គ្រប់គ្រង និងអភិរក្សឱ្យបានហ្មត់ចត់លើទីតាំងបូជនីយដ្ឋានចងចាំនៃកម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកសម័យថ្មី។

បើតាមសារលិខិតខាងលើ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាល​ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងនោះមានទីតាំងចំនួន ៣ គឺ៖ អតីតមន្ទីរឃុំឃាំង១៣ (ម-១៣)៖ ស្ថិតនៅក្នុងភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាប់ព្រំប្រទល់​ឃុំ​អមលាំងស្រុកថ្ពងខេត្តកំពង់ស្ពឺ ។ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។

លិខិតដដែលលើកឡើងថា ការចុះបញ្ជីនេះ ក៏ដើម្បីបន្សល់ទុកជាកេរមរតកនៃការចងចាំ ការរៀនសូត្រមេរៀនប្រវត្តិសាស្ត្រ និងការថែរក្សាសន្តិភាព ជូនដល់មនុស្សជាតិទូទាំងពិភពលោក នូវគំរូនៃការផ្សះផ្សាជាតិ ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការអប់រំ ការកសាង និងការការពារសន្តិភាព។

លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងលិខិតថា៖ «ខ្ញុំសូមណែនាំឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធនានា បន្តយកចិត្តទុកដាក់ថែរក្សាទីតាំង និងបញ្ចៀសការសាងសង់ណាមួយ ដែលប៉ះពាល់ដល់ទេសភាពប្រវត្តិសាស្ត្រនៃបូជនីយដ្ឋានចងចាំនៃកម្ពុជា ហើយត្រូវធានាការពារទីតាំងនេះឱ្យបានគង់វង្សជាយូរអង្វែងតទៅ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកសម័យថ្មីមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ព្រមទាំងត្រូវបំពេញបេសកកម្មការងារគ្រប់គ្រងនិងអភិរក្សឱ្យបានហ្មត់ចត់ ស្របតាមគោលការណ៍ប្រតិបត្តិរបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក»។

អ្នកនាំពាក្យក្រសួងវប្បធម៌ លោក ស៊ុំ ម៉ាប់ មានប្រសាសន៍ថា ពាក់ព័ន្ធនឹងសំណង់នៅក្បែរតំបន់ចុះបញ្ជីបេតិកភណ្ឌនេះ ត្រូវបានអន្តរក្រសួងចេញសេចក្ដីណែនាំរួចរាល់ហើយ។ លោកបាននិយាយថា៖ «ខាងសំណង់ដែលនៅក្បែរសារមន្ទីរ គេណែនាំរួចហើយថាមានកម្ពស់ប៉ុន្មាន និងទម្រង់យ៉ាងម៉េច ក្រសួងដែនដីបានចេញរួចហើយ»។

ចំណែកអតីតសាស្ត្រាចារ្យបង្រៀនមុខវិជ្ជាប្រវត្តិសាស្ត្រកម្ពុជានៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ ភិក្ខុ សំ សោភ័ណ មានសង្ឃដីកាថា ការអភិវឌ្ឍតំបន់ប្រវត្តិសាស្ត្រដ៏សម្បូរបែបពេក នោះនឹងនាំឱ្យបាត់បង់ដានប្រវត្តិសាស្ត្រដែលជាភស្តុតាងសម្រាប់មនុស្សជំនាន់ក្រោយសម្រាប់សិក្សា និងស្វែងយល់។ យ៉ាងណា ព្រះភិក្ខុ សោភ័ណ លើកឡើងដែរថា តំបន់បេតិកភណ្ឌទាំងនោះ ក៏គួរកែលម្អ និងកែច្នៃ ដើម្បីទាក់ទាញចិត្តឱ្យមហាជនចូលទស្សនាផងដែរ។

ភិក្ខុ សោភ័ណ មានសង្ឃដីកាថា៖ «កន្លែងប្រវត្តិសាស្ត្រយើងគួរតែថែរក្សា ប៉ុន្តែយើងកែលម្អឱ្យធ្វើម៉េចយើងឃើញនៅក្នុងមានរូបគំនូរ អំពូលភ្លើងថែម ដល់ពេលចូលទៅមានការទាក់ទាញដែរ មានអនាម័យអី»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3200}" data-page="1" data-max-pages="1" data-start="1" data-end="1">