ចាងហ្វាងកាសែតអនឡាញ HVNN លោក ហែម វណ្ណា ត្រូវបានសាលាឧទ្ទរណ៍ខេត្តបាត់ដំបងដោះលែងក្រៅឃុំបណ្តោះអាសន្ន នៅថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីត្រូវបានចាប់ខ្លួន និងឃុំខ្លួនពាក់ព័ន្ធនឹងការរាយការណ៍ករណីហិង្សាលើជនបរទេសដែលទាក់ទងនឹងអំពើឆបោកតាមអនឡាញ។ នេះបើតាមការបញ្ជាក់អ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែមេឆ្នាំ២០២៦។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ មានប្រសាសន៍ថាករណីនេះកំពុងស្ថិតក្រោមនិតិវិធីតុលាការ ហើយក្រសួងកំពុងតាមដាន និងពិនិត្យការអនុវត្តច្បាប់យ៉ាងជិតស្និទ្ធ។
លោកនិយាយថា៖ «យើងកំពុងតែតាមដានការងារនឹង ព្រោះឥលូវកំពុងនៅក្របខណ្ឌនិតិវិធីរបស់តុលាការ ឥលូវយើងកំពុងតែពិនិត្យនិងបន្ថែម នឹងជាប់លាប់ជាមួយនឹង ការអនុវត្តរបស់សម្ថកិច្ចរបស់តុលាការ»។
ភរិយារបស់លោក ហែម វណ្ណា គឺអ្នកស្រី សែម ស្រីពៅ ប្រាប់ដោយខ្លីមកកាន់ប្រជាសែតថា ប្តីរបស់អ្នកស្រីបានដោះឲ្យនៅក្រៅឃុំ ហើយខាងតុលារបានឲ្យប្តីអ្នកស្រីត្រឡប់មកផ្ទះវិញរីឯ សុខភាពរបស់លោក ហែមវណ្ណា គឺមិនមានបញ្ហានោះទេ។
ចាងហ្វាងកាសែត HVNN លោក ហែម វណ្ណា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយពីលោកបានផ្សាយព័ត៌មានពាក់ព័ន្ធនឹង «ជនជាតិបរទេស ៤ ទៅ៥នាក់ រងនូវអំពើហិង្សាពីសំណាក់មនុស្សមួយក្រុមផ្សេងទៀតដែលគេដឹងថាជាអ្នកបម្រើការនៅក្នុងបរិវេណអាគារបិទខ្ទប់ជាទីអាថ៍កំបាំងនៅខាងក្រោយបន្ទាយ PM ក្រុងប៉ោយប៉ែត»។
កាលថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ សាលាឧទ្ធរណ៍បាត់ដំបង សម្រេចកម្កល់ដីការសម្រេចរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ ដែលបានបដិសេធសំណើសុំនៅក្រៅឃុំរបស់ចាងហ្វាងកាសែត HVNN លោក ហែម វណ្ណា ទុកជាបានការ។កន្លងមកខាងអង្គការសង្គមស៊ីវិល និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយជាតិ–អន្តរជាតិ ចំនួន ២២ ស្ថាប័ន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍រួម អំពាវនាវឱ្យអាជ្ញាធរដោះលែង និងទម្លាក់បទចោទប្រកាន់លើអ្នកសារព័ត៌មាន ហែម វណ្ណា បន្ទាប់ពីលោកត្រូវបានចាប់ខ្លួនក្រោយការផ្សាយរបាយការណ៍អំពីទីតាំងសង្ស័យឆបោកអនឡាញនៅក្រុងប៉ោយប៉ែត៕







