សមាគមអ្នកកាសែត ខេមបូចា បានស្នើទៅកាន់ក្រសួងពាក់ព័ន្ធឱ្យលុបចោល ឬធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌទាក់ទិននឹងបទញុះញង់ បរិហាកេរ្តិ៍ជាសាធារណៈ និងបទប្រមាថជាសាធារណៈ ឱ្យស្របតាមស្តង់ដារអន្តរជាតិ ដើម្បីលើកកម្ពស់សេរីភាពបញ្ចេញមតិ។
ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១៦ ខែមីនា សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលហៅកាត់ថា ខេមបូចា បាននិយាយថា ក្នុងរយៈពេលមួយឆ្នាំនៃឆ្នាំ២០២៥ សមាគម បានស្នើអនុសាសន៍យ៉ាងតិច១៥ចំណុច ទៅកាន់ក្រសួងពាក់ព័ន្ធ ដោយអំពាវនាវឱ្យមានការកែលម្អបរិយាកាសផ្នែកច្បាប់ និងការអនុវត្តការងាររបស់អ្នកកាសែត។
ខេមបូចា និយាយទៀតថា អនុសាសន៍ទាំងនោះ រាប់ទាំងការស្នើឱ្យលុប ឬធ្វើវិសោធកម្មក្រមព្រហ្មទណ្ឌបទល្មើសញុះញង់ (មាត្រា៤៩៤ និង៤៩៥) ការលុបចោលបទបរិហាកេរ្តិ៍ជាសាធារណៈ (មាត្រា៣០៥) និងបទប្រមាថជាសាធារណៈ (មាត្រា ៣០៧)។
បន្ថែមពីលើនេះ សមាគមអ្នកកាសែត ក៏ស្នើឱ្យទម្លាក់ចោលបទចោទ និងពិនិត្យឡើងវិញចំពោះការកាត់ទោសព្រហ្មទណ្ឌលើអ្នកកាសែត និងលុបចោលប្រកាសអន្តរក្រសួងលេខ១៧០ ដែលបើកផ្លូវឱ្យដកហូតអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយដោយគ្មានសេចក្ដីសម្រេចពីតុលាការ ថែមទាំងអាចបញ្ជាឱ្យក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណេត បិទគេហទំព័រ។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាលោក ណុប វី មានប្រសាសន៍ថា សេចក្ដីស្នើនេះ ធ្វើឡើងក្រោយសមាគមសង្កេតឃើញថា ក្រមព្រហ្មទណ្ឌត្រូវបានប្រើប្រាស់ក្នុងការចោទប្រកាន់លើអ្នកកាសែតទាក់ទងនឹងបទញុះញង់ និងបរិហាកេរ្តិ៍ជាដើម ដែលជាការគំរាមកំហែងដល់ការអនុវត្តការងាររបស់ពួកគេ។
លោក ថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយ ការប្ដឹងអ្នកកាសែតដោយចោទប្រកាន់បទល្មើសព្រហ្មទណ្ឌមានការកើនឡើងឥតឈប់ឈរ។ ជាក់ស្ដែង ក្នុងឆ្នាំ២០២៤ ខេមបូចា បានរកឃើញការយាយីលើអ្នកកាសែតចំនួន៤១ករណី ដោយ៦៨ភាគរយ ជាការយាយីតាមផ្លូវច្បាប់ ហើយក្នុងនោះ ការចោទប្រកាន់លើបទញុះញង់មានការកើនឡើងទ្វេរដងដល់ ៣២ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ មានតែ ៣,៥ ភាគរយ ប៉ុណ្ណោះ។ លោក វី បន្តទៀតថា ចំណែកក្នុងឆ្នាំ២០២៥វិញ ការយាយីលើអ្នកកាសែតមានចំនួន ៦១ករណី ដោយ៧៣ភាគរយ ជាករណីយាយីតាមផ្លូវច្បាប់។
លោក និយាយថា៖ «ដោយយោងទៅលើកត្តាទាំងអស់នេះហើយ បានយើងពិនិត្យហើយឃើញថាខ្លឹមសារនៅក្នុងក្រមព្រហ្មទណ្ឌ ខ្លឹមសារច្បាប់នៅក្នុងក្រមព្រហ្មទណ្ឌរឿងបទញុះញង់ បរិហាកេរ្តិ៍ជាសាធារណៈអីហ្នឹង គឺជាខ្លឹមសារមួយដែលគួរតែមានការធ្វើវិសោធនកម្មឡើងវិញ»។
ជុំវិញមាត្រាច្បាប់ខាងលើ ដែលលោកយល់ថាជាកត្តារារាំង និងគំរាមកំហែងដល់ការងាររបស់អ្នកកាសែត កាលពីពេលកន្លងមក លោកក៏បានយកទៅជជែកជាមួយក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងក្រសួងព័ត៌មាន អំពីមាត្រាទាំងនោះដែរ។
លោក បន្ថែមថា៖ «កន្លងមកយើងធ្លាប់បានចូលរួមនៃការផ្ដល់ធាតុចូលនៅក្នុងការធ្វើវិសោធកម្មក្រមព្រហ្មទណ្ឌដាក់ទៅកាន់ក្រសួងយុត្តិធម៌ដែលមានការសម្របសម្រួលផ្គួចផ្ដើមដោយអង្គការសង្គមស៊ីវិល»។
រីឯនាយិកាមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យលោកស្រី ឆន សុគន្ធា ក៏បានលើកឡើងមិនខុសពីសមាគមខេមបូចាផងដែរថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានអ្នកសារព័ត៌មានជាច្រើនត្រូវបានចោទប្រកាន់តាមច្បាប់ព្រហ្មទណ្ឌ។
លោកស្រី បន្ថែមថា៖ «មាត្រាដែលបានលើកឡើងខាងលើនេះជាដើម គួរតែមានការធ្វើសិក្ខាសាលាដើម្បីដាក់ធាតុចូលពីអ្នកជំនាញ រួចស្នើសុំទៅក្រសួងយុត្តិធម៏ ដោយបង្ហាញឲ្យច្បាស់លាស់ពីផលប៉ះពាល់ពាល់ដល់សេរីភាពបញ្ចេញមតិ ពិសេសមិនស្របទៅតាមច្បាប់អន្តរជាតិ»។
ប្រជាកាសែតមិនអាចសូមការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា បាននៅទេ នៅថ្ងៃទី១៦មីនា២០២៦។
បើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ខេមបូចា នៅក្នុងឆ្នាំ២០២៥ ខេមបូចា បានកត់ត្រាករណីរំលោភសិទ្ធិមនុស្សសរុបចំនួន៦១ លើអ្នកសារព័ត៌មានចំនួន៥៧នាក់ ក្នុងនោះមានអ្នកសារព័ត៌មានស្រ្តីចំនួន ៥នាក់៕







