ខ្មែរក្រោមថ្កោលទោសវៀតណាមដែលកាត់ទោសស្ត្រីសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមដាក់ពន្ធនាគារ

សិទ្ធិមនុស្ស

(រូបភាពបានពីបណ្ដាញសង្គមហ្វេសប៊ុក)។

សមាគមខ្មែរកម្ពុជាក្រោមថ្កោលទោសតុលាការនៃបក្សកុម្មុយនិស្តវៀតណាមដែលបានកាត់ទោសស្ត្រីសកម្មជនសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល៣ ឆ្នាំ ៦ ខែ ដោយសារតែអ្នកស្រីបានប្រើប្រាស់បណ្តាញសង្គម ដើម្បីផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើមខ្មែរក្រោម។ សមាគមខ្មែរកម្ពុជាក្រោមយល់ថា ការកាត់ទោសសកម្មជនខ្មែរក្រោមជាការរឹតត្បិតសេរីភាពបញ្ចេញមតិ និងរំលោភសេចក្តីប្រកាសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម។

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ តុលាការវៀតណាម នៅខេត្តលង់ហោរ (វិញឡុង) បានកាត់ទោសសកម្មជនស្រ្តីខ្មែរក្រោមម្នាក់ គឺលោកស្រី ថាច់ ធី វ៉ារី អាយុ ៥៥ ឆ្នាំ ឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ៦ ខែ ពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌវៀតណាម ។ នេះបើតាមសារបង្ហោះរបស់អនុប្រធានសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោកបណ្ឌិត សឺន ជុំជួន។

លោកបណ្ឌិត ជុំជួន ប្រាប់ប្រជាកាសែត នៅថ្ងៃទី២៣ ខែមេសា ថា អ្នកស្រី ថាច់ ធី វ៉ារី តែងតែប្រើប្រាស់បណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើមខ្មែរក្រោម ព្រមទាំងបង្ហាញអត្តសញ្ញាណខ្មែរក្រោមតាមរយៈសកម្មភាពសង្គម និងព្រឹត្តិការណ៍សាធារណៈមួយចំនួន ដូចជា ទិវាសិទ្ធិមនុស្សអន្តរជាតិ ទិវាសិទ្ធិនារី និងសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើមជាដើម។ តែយ៉ាងណា លោកថា អាជ្ញាធរវៀតណាមចោទប្រកាន់ អ្នកស្រីព្រោះអ្នកស្រីបានប្រើគណនីហ្វេសប៊ុក ដើម្បីបង្ហោះ និងចែករំលែកព័ត៌មានដែលពួកគេចាត់ទុកថា មិនពិត និងប៉ះពាល់ដល់អាជ្ញាធរ និងស្ថាប័នរដ្ឋវៀតណាម ។ 

លោកថា៖ «យើងសង្កេតឃើញថាការដាក់ទោសអ្នកស្រី ថាច់ ធីវ៉ារី ជាការបំពានគោលការណ៍សិទ្ធិ។ យើងមិនអាចទទួលយកបានដោយសារតែសវនាការជំនុំជំរះលើអ្នកស្រី ថាច់ ធី វ៉ារី មិនបានធ្វើជាលក្ខណៈសាធារណៈ មិនមានមេធាវី ហើយសាច់ញ្ញាតិរបស់អ្នកស្រី ថាច់ ធី វ៉ារី ក៏មិនបានស្ដាប់នៅតុលាការ ឬមួយជាអ្នកគាំទ្រត្រូវបានឃ្លាំមើល ការរារាំង ហាមឃាត់មិនឱ្យចូលរួមស្ដាប់ក្នុងសវនាការទេ។ អីចឹងទៅយើងយល់ឃើញថា ការហាមឃាត់ ការបម្រាមបែបនេះគឺបំពានលើគោលការណ៍សេរីភាព ឬគោលការណ៍សិទ្ធិទទួលបានការជំនុំជំរះដោយយុត្តិធម៌»។

លោកបន្ថែមថា៖ «និយាយរួមទៅសកម្មភាពរបស់សកម្មជននៅកម្ពុជាក្រោមគឺសកម្មភាពហ្នឹង ស្របទៅតាមគោលការណ៍ច្បាប់។ វៀតណាមតែងតែយកក្រមព្រហ្មទណ្ឌវៀតណាម មាត្រា៣៣១ ដែលបំពានលើគោលការណ៍សិទ្ធិមនុស្ស ជាពិសេសផ្ដោតតែលើរដ្ឋធម្មនុញ្ញរបស់វៀតណាម។ អីចឹងជាគោលការណ៍យើងតែងតែធ្វើការអំពាវនាវទៅដល់អង្គការអន្តរជាតិ ទៅដល់អង្គការសហប្រជាជាតិអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាមឱ្យធ្វើវិសោធនកម្មទៅលើមាត្រា៣៣១ ហ្នឹង ព្រោះមាត្រាហ្នឹងកាលណាយកមកអនុវត្តគឺវាមានលក្ខណៈបំពានធ្ងន់ធ្ងរឡើងៗទៅលើសកម្មជនសិទ្ធិមនុស្ស»។

បើតាមលោកបណ្ឌិត ជុំជួន មានសម្មជនខ្មែរកម្ពុជាក្រោមចំនួន ១៧ នាក់ហើយ ដែលត្រូវបានអាជ្ញាធរវៀតណាមណាមចាប់ខ្លួន និងផ្តន្ទាទោស រួមមានទាំងព្រះសង្ឃ និងស្ត្រី ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ លោកថា សកម្មជនខ្លះត្រូវបានដោះលែង ក្រោយអនុវត្តទោសរួចរាល់ ហើយរហូតមកដល់ពេលនេះ នៅមានព្រះសង្ឃខ្មែរក្រោមចំនួន ៣ អង្គ និងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមចំនួន ៧ នាក់ទៀតកំពុងជាប់ក្នុងពន្ធនាគារនៅឡើយ។ 

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន លើកឡើងថា អាជ្ញាធរវៀតណាមត្រូវតែគោរពសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិជនជាតិដើមខ្មែរក្រោម។ លោកមើលឃើញថា សមាគមខ្មែរក្រោមនៅក្រៅប្រទេសក៏កំពុងធ្វើការយ៉ាងសកម្មជម្រុញឱ្យសហគមន៍អន្តរជាតិជួយដល់ខ្មែរក្រោម ដែលកំពុងរស់នៅរងសម្ពាធពីសំណាក់អាជ្ញាធរវៀតណាម។

លោកថា៖ «និយាយពីសេរីភាព ទទួលសម្ពាធមែនទែន នូវវប្បធម៌ ប្រពៃណីខ្មែរ ទាំងការគោរពប្រពៃណីរបស់ខ្លួនក៏ត្រូវបានការរឹតបន្តឹងនៅតាមទីអារាមក្ដី អត់មានលក្ខណៈទូលំទូលាយទេ ហើយយើងឃើញ រឿងជាបន្តបន្ទាប់ទាំងព្រះសង្ឈ។ ខ្ញុំគិតថារដ្ឋាភិបាលវៀតណាមត្រូវតែគោរពទៅតាមច្បាប់អន្តរជាតិ ត្រូវតែគោរពត្រូវតែផ្ដល់សិទ្ធិឱ្យបានពេញលេញ»។

លោកបន្ថែមថា៖ «រឿងនេះត្រូវតែអនុវត្តដែលច្បាប់អន្តរជាតិតម្រូវឱ្យគោរពជនជាតិដើម។ ខ្មែរក្រោមនៅក្រៅប្រទេសកំពុងធ្វើការយ៉ាងសកម្មទាក់ទងនឹងបញ្ហាសិទ្ធិខ្មែរក្រោម ដែលជាម្ចាស់ស្រុក ម្ចាស់ប្រទេស ជម្រុញឱ្យអន្តរជាតិមានការអន្តរាគមន៍។ ខ្ញុំក៏មើលឃើញដូចគ្នា អន្តរជាតិត្រូវតែជម្រុញឱ្យអាជ្ញាធរវៀតណាមត្រូវតែគោរពសិទ្ធិជនជាតិដើម ជាពិសេសខ្មែរកម្ពុជាក្រោម»។

ស្រដៀងគ្នានេះដែរ ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន សង្កេតឃើញថា ការដឹកនាំប្រទេសរបស់បក្សកុម្មុយនីស្តវៀតណាម តែងតែបំបិទសិទ្ធិខ្មែរកម្ពុជាក្រោម ដែលជាជនជាតិដើមភាគតិចមិនឱ្យមានការអប់រំលើអក្សរសាស្ត្រខ្មែរ និងសិទ្ធិបញ្ចេញមតិ ជាពិសេសនៅទីវត្តអារាម។ លោក ច័ន្ទរ័ត្ន ក៏មើលឃើញថា សហគមន៍ខ្មែរកម្ពុជាក្រោមកំពុងធ្វើការតស៊ូទាមទារសិទ្ធិរបស់ខ្លួន ទៅសហគមន៍អន្តរជាតិដែរ។

លោកថា៖ «ជាទូទៅមនុស្សមិនថារស់នៅក្នុងរបបណា សង្គមណាទេតែងចង់បានសិទ្ធិសេរីភាពដូចគ្នាអីចឹង។ ដោយសារប្រទេសខ្លះមិនព្រមផ្ដល់សិទ្ធិ ប្រជាពលរដ្ឋក៏ទ្រាំរស់នៅ ដោយធ្វើការបណ្ដុះគំនិតមិនឱ្យស្រលាញ់ជាតិសាសន៍ដើមរបស់ខ្លួន ប៉ុន្តែបច្ចុប្បន្នពិភពលោកមិនដូចពីមុនទេ ដោយសារព័ត៌មានពីការទាមទារសិទ្ធិពីប្រទេសផ្សេងៗ ធ្វើឱ្យពួកគេចង់ទាមទារសិទ្ធិរបស់ខ្លួនដែរវាជៀសមិនរួចទេ»។

លោកបន្ថែមថា៖ «យើងឃើញសមាគមខ្មែរកម្ពុជាក្រោម បានធ្វើកិច្ចការច្រើនណាស់ក្នុងការផ្សព្វផ្សាយទាមទារឱ្យមានការផ្ដល់សិទ្ធិដល់ជនជាតិដើម ជាពិសេសខ្មែរកម្ពុជាក្រោមដែលរស់នៅលើទឹកដីកំណើតរបស់ខ្លួនហ្នឹង ទៅសហគមន៍អន្តរជាតិអីក្ដី។ ខ្ញុំក៏ចូលរួមអំពាវនាវដែរ ដល់សហគមន៍អន្តរជាតិជាពិសេសអង្គការសិទ្ធិមនុស្សអន្តរជាតិអីហ្នឹង គួរតែចូលរូមពិនិត្យមើលដើម្បីការពារសិទ្ធិរស់នៅរបស់ជនជាតិដើមនោះ»។

កម្ពុជាក្រោមមានផ្ទៃដីជិត ៧ ម៉ឺនគីឡូម៉ែត្រក្រឡា និងមាន ២១ ខេត្ត-ក្រុង ត្រូវបានអាណានិគមបារាំងផ្ទេរទៅឱ្យរដ្ឋអំណាចវៀតណាមត្រួតត្រាបន្តដោយខុសច្បាប់ចាប់តាំងពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ ចាប់តំាងពីពេលនោះមក ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមតែងក្រោកឡើងតស៊ូដើម្បីទាមទារសិទ្ធិសេរីភាពជាជនជាតិដើមម្ចាស់ស្រុកដែលរស់ក្រោមការគ្រប់គ្រងរបស់វៀតណាម។ 

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស អ្នកស្រីម៉ារី ឡឡ័រ (Mary Lawlor ) កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានស្នើឱ្យអាជ្ញាធរវៀតណាមគោរពសិទ្ធិជនជាតិដើមខ្មែរក្រោម ក្រោយអាជ្ញាធរវៀតណាមបានចាប់ខ្លួន និងកាត់ទោសព្រះសង្ឃ និងសកម្មជនការពារសិទ្ធិមនុស្សខ្មែរក្រោមដាក់ពន្ធនាគារជាបន្តបន្ទាប់ ដោយាសារពួកគេប្រើប្រាស់សិទ្ធិសេរីភាពទាមទារសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងឱ្យជនជាតិដើមខ្មែរក្រោម។ 

សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមឆ្នាំ ២០០៧ ដែលវៀតណាមក៏ជារដ្ឋភាគីដែរនោះ បានលើកឡើងថា រដ្ឋមួយត្រូវអនុវត្តកិច្ចដំណើរការប្រកបដោយភាពយុត្តិធម៌ ឯករាជ្យ មិនលំអៀង ដោយចំហ និងតម្លាភាព ដោយទទួលស្គាល់យ៉ាងត្រឹមត្រូវចំពោះច្បាប់ ប្រពៃណី ទំនៀមទម្លាប់ និងប្រព័ន្ធកាន់កាប់ដីធ្លីរបស់ជនជាតិដើម។ រដ្ឋនោះក៏ត្រូវធានាសេរីភាពបញ្ចេញមតិយ៉ាងពេញលេញ និងលើកទឹកចិត្តឲ្យមានប្រព័ន្ធផ្សព្វផ្សាយឯកជនដើម្បីធានាដល់សេរីភាពយ៉ាងពេញលេញក្នុងការសំដែងមតិរបស់ជនជាតិ៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2400}" data-page="1" data-max-pages="1" data-start="1" data-end="1">