ពលរដ្ឋសហគមន៍កោះមាសបន្តដាក់ញត្តិទៅកាន់ក្រសួងអធិការកិច្ចប្រឆាំងក្រុមហ៊ុនឃុន សៀ

ដីធ្លី

ប្រជាពលរដ្ឋកោះមាសជួបជុំគ្នានៅមុខក្រសួងអធិការកិច្ចដើម្បីដាក់ញត្តិសុំអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់នៅថ្ងៃទី២៥ខែឧសភា២០២៦(រូបថតផ្ដល់ជូន)។

តំណាងប្រជាពលរដ្ឋជាង ៦០នាក់ តំណាងឱ្យ ១៦៨គ្រួសារ នៃសហគមន៍កោះមាស បាននាំគ្នាដាក់ញត្តិនៅក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដើម្បីស្នើសុំអន្តរាគមន៍លើវិវាទដីធ្លីជាមួយក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត។ នេះជាលើកទី៧ហើយ ដែលពួកគេដាក់សំណើទៅកាន់ស្ថាប័នពាក់ព័ន្ធ បន្ទាប់ពីមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។

ប្រជាពលរដ្ឋនៅសហគមន៍កោះមាស លោក ឈឹម រី បានប្រាប់អ្នកសារព័ត៌មានថា លោក និងប្រជាពលរដ្ឋមិនចង់បានអ្វីក្រៅពីដីដែលពួកគេធ្លាប់រស់នៅ និងអាស្រ័យផលជាយូរមកហើយនោះទេ។

លោកលើកឡើងថា៖ «គោលបំណងខ្ញុំអត់ចង់បានពី នណាទេចង់បានតែដីរបស់ខ្ញុំមកវិញ ព្រោះខ្ញុំរស់នៅស្របច្បាប់ អាជ្ញាធរដឹងលឺតាំងពី ៧៩មក រហូតមក»។

លោកអះអាងថា អាជ្ញាធរបានដឹងពីការរស់នៅរបស់ពលរដ្ឋតាំងពីឆ្នាំ១៩៧៩ ប៉ុន្តែក្រោយមកប្លង់ដីបែរជាទៅដល់ក្រុមហ៊ុនឯកជនទៅវិញ។

លោកមានប្រសាសន៍ថា៖ «ប្លង់នឹងអត់បានមកម្ចាស់ដី ពេលដល់បានមកវិនិយោគដូចជា ឃុនសៀ ទៅវិញ វាអត់ [ប្លង់កម្មសិទ្ធិ]បានមកយើង។ អីចឹងបានទេយើង ឆ្ងល់ណាស់ថាហេតុអីបានជាឃុន សៀ នឹងមកនៅ តាំងពីពេលណាមកបានជាគាត់ត្រូវបានប្លង់ ហើយយើងប្រជាពលរដ្ឋនេះ ហេតុបានជាយើងធ្វើហើយទៅបានទេគេទៅវិញ។ យើងឆ្ងល់ចឹងបានជាតវ៉ារកកាពិតថា តើជាដីរបស់សាធារណៈរបស់រដ្ឋ ឬក៏ជាដីឯកជនរបស់រដ្ឋ»។

លោកបានបន្តថា តំណាងក្រសួងអធិការកិច្ចបានទទួលញត្តិរបស់ប្រជាពលរដ្ឋរួចហើយ ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា នឹងដោះស្រាយ ឬឆ្លើយតបបែបណានៅឡើយទេ។ 

ប្រជាពលរដ្ឋ ម្នាក់ទៀត លោក ជុំ សំអឿង បានលើកឡើងថាសហគមន៍ចង់ឱ្យក្រសួងអធិការកិច្ចចុះធ្វើអធិការកិច្ចដោយផ្ទាល់ ដើម្បីស្វែងរកការពិត និងដោះស្រាយវិវាទដោយតម្លាភាព និងយុត្តិធម៌។

លោកបានឱ្យដឹងថា មុនមកដល់ក្រសួងអធិការកិច្ច សហគមន៍ធ្លាប់ដាក់ពាក្យទៅថ្នាក់ស្រុក ថ្នាក់ខេត្ត ក្រសួងមហាផ្ទៃ ក្រសួងដែនដី ព្រឹទ្ធសភា និងរដ្ឋសភារួចហើយ ប៉ុន្តែមិនទាន់មានដំណោះស្រាយជាក់លាក់នៅឡើយ។

លោកលើកឡើងថា៖ «អីចឹងយើងសហគមន៍កោះមាសនេះ ចង់ឲ្យក្រសួង អធិការកិច្ច ចុះទៅធ្វើអភិការកិច្ច ថាតើដីនឹង ជាដីសាធារណៈរបស់រដ្ឋ ឬក៏ដីឯកជន ដែលប្រជាជនគេអាស្រ័យផល កំពុងកាន់កាប់សព្វថ្ងៃនេះ»។

អ្នកសារព័ត៌មានមិនអាចសុំការបញ្ជាក់បន្ថែមពី អគ្គនាយកស្តីទី នៃនាយកដ្ឋានដោះស្រាយបណ្តឹងតវ៉ា ក្រសួងអធិការកិច្ច លោក សោម បូរ៉ាន់ ជុំវិញករណីនេះបាននៅឡើយទេ។ 

ប៉ុន្តែយោងតាមកំណត់ហេតុកិច្ចប្រជុំ ដែលប្រជាការសែតទទួលបានពីការប្រជុំរវាងតំណាងសហគមន៍ និងក្រសួងអធិការកិច្ច អនុរដ្ឋលេខាធិការ ក្រសួងអធិការកិច្ចលោក យី ម៉ៅ បានយល់ព្រមទទួលញត្តិរបស់ប្រជាពលរដ្ឋទាំង ១៦៨គ្រួសារ ដើម្បីពិនិត្យតាមនីតិវិធី។ ជាមួយគ្នានេះ លោកក៏បានស្នើឱ្យពលរដ្ឋបន្ថែមឯកសារ និងភស្តុតាងពាក់ព័ន្ធ ដើម្បីឱ្យក្រុមការងារងាយស្រួលចុះស្រាវជ្រាវ និងពិនិត្យជាក់ស្តែងលើទីតាំងដីវិវាទ។

ទាក់ទិនករណីនេះ អ្នកសារព័ត៌មានមិនអាចសុំការបញ្ជាក់ពី លោក ឃុន ទី កូនប្រុសអ្នកឧកញ៉ា ឃុន សៀ មានតួនាទីនៅក្រុមហ៊ុន KHUN SEA IMPORT EXPORT CO.,LTD បាននោះទេ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បញ្ហាវិវាទដីធ្លីនៅកោះមាសបានអូសបន្លាយជាយូរ ហើយអាចក្លាយជាបញ្ហារ៉ាំរ៉ៃ ប្រសិនបើមិនមានដំណោះស្រាយសមស្រប។

លោកបញ្ជាក់ថា៖« ករណីដីធ្លីនេះភាគីពាក់ព័ន្ធ ជាពិសេសស្ថាប័ន និងក្រសួងពាក់ព័ន្ធគួរជួយអន្តរាគមន៍ដើម្បីស្វែងរកដំណោញស្រាយដោយសន្តិវិធី តម្លាភាព និងយុត្តិធម៌ ។ ប្រសិនបើអាជ្ញាធរយល់ថាប្រជាពលរដ្ឋកន្លងមកកាន់កាប់ អាស្រ័យផលលើដីកោះដែលជាទ្រព្យសម្បត្តិសាធារណ:របស់រដ្ឋមិនអាចទទួលបានកម្មសិទ្ធិ ប៉ុន្តែនៅពេលដែលរដ្ឋធ្វើអនុបយោគទ្រដីនោះជាដីឯកជនរបស់រដ្ឋដើម្បីប្រគល់ឱ្យឯកជនធ្វើការអភិវឌ្ឍន៍»។

លោក អំ សំអាត បានអំពាវនាវឱ្យរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ពន្លឿនការដោះស្រាយវិវាទនេះដោយសន្តិវិធី តម្លាភាព និងយុត្តិធម៌ ដើម្បីបញ្ចប់បញ្ហាដែលអូសបន្លាយជាច្រើនឆ្នាំ។

បើតាមអនុក្រឹត្យលេខ២១០ អនក្រ.បក ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានធ្វើអនុបយោគ ផ្ទៃដីកោះមាសទំហំ ៣៤០ហិកតា ៦១អា ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងស្រុកល្វាឯម និងស្រុកកៀនស្វាយ ខេត្តកណ្តាល ជាដីឯកជនរបស់រដ្ឋ។ ជាមួយគ្នានោះ សេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ១០៨៩ សជណ.ដប ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានស្នើសុំអនុញ្ញាតជាគោលការណ៍ជួលអចិន្ត្រៃយ៍រយៈពេល៥០ឆ្នាំ អាចជួលបន្តជាថ្មី និងវិនិយោគអភិវឌ្ឍន៍លើកោះមាសទំហំជាង ៣៤០ហិកតា ឱ្យទៅក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត៕

អានអត្ថបទផ្សេងទៀតអំពី ដីធ្លី

ដីធ្លី","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2616}" data-page="1" data-max-pages="1" data-start="1" data-end="1">