ក្រសួងបរិស្ថានថាគុណភាពទឹកទន្លេមេគង្គនៅតែមានស្ថានភាពល្អ

បរិស្ថាន

(បុរសម្នាក់កំពុងដងទឹកទន្លេមេគង្គ។ រូបភាពពីក្រសួងបរិស្ថាន)។

ក្រសួងបរិស្ថានកម្ពុជាថា បានត្រួតពិនិត្យគុណភាពទឹកជាប្រចាំតាមបណ្តោយទន្លេមេគង្គ និងបានបង្ហាញថាទឹកទន្លេនេះ មានគុណភាពកម្រិត «ល្អ» ក្នុងរយៈបីខែដំបូង នៃឆ្នាំ២០២៦។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបង្ហោះនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

ការចុះផ្សាយដដែល ឱ្យដឹងថា ការវាយតម្លៃគុណភាពទឹកប្រចាំខែ នៅតាមទីតាំងតាមដានត្រួតពិនិត្យចំនួន ១១ទីតាំង នៅតាមបណ្តោយទន្លេមេគង្គរួមមាន ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម កណ្តាល ភ្នំពេញ និងព្រៃវែង។ 

ការវាយតម្លៃរបស់ក្រសួងនេះ ផ្តោតលើប៉ារ៉ាម៉ែត្រសំខាន់ៗចំនួន១២ ដែលប្រើដើម្បីវាយតម្លៃគុណភាពទឹកសម្រាប់ការពារសុខភាពសាធារណៈ រួមមាន pH អុកស៊ីសែនរលាយក្នុងទឹក (DO) សារធាតុរឹងសរុប (TSS) អុកស៊ីសែនជីវគីមី (BOD) អុកស៊ីសែនគីមី (COD) អាសូត (TN) ផូស្វ័រ (TP) អាសូតនីត្រាត (NO3-N) និងលោហធាតុធ្ងន់ដូចជា កាដមីញ៉ូម (Cd) ក្រូមីញ៉ូមហិចសាវ៉ាឡង់ (Cr6+) សំណ (Pb) និងបារត (Hg)។ 

ក្រសួងបរិស្ថានបញ្ជាក់៖ «ទិន្នន័យលម្អិត និងការបកស្រាយបច្ចេកទេសត្រូវបានចងក្រងសម្រាប់ជាឯកសារយោងនាពេលអនាគត។ ជាមួយគ្នានេះក្រសួងបរិស្ថាន សូមធ្វើការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការថែរក្សាគុណភាពទឹក តាមរយៈការចុះពិនិត្យនិងការអនុវត្តតាមដានគុណភាពទឹកទន្លេមេគង្គជាបន្ត និងពង្រឹងលើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធផងដែរ»។

តាមលទ្ធផលចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២៦ ក្រសួងបរិស្ថានអះអាងថា គុណភាពទឹកទន្លេមេគង្គត្រូវបានកត់ត្រាជាប់លាប់ក្នុងកម្រិត «ល្អ» នៅតាមទីតាំងគោលដៅទាំង១១ទីតាំង ដែលត្រូវបានត្រួតពិនិត្យ ដោយការរកឃើញបង្ហាញថា គុណភាពទឹកទន្លេមេគង្គ នៅតែស្ថិតកម្រិតអនុលោមតាមស្តង់ដារជាតិ សម្រាប់គុណភាពទឹកលើដី។ ក្រសួងបរិស្ថានថា ការត្រួតពិនិត្យជាប្រចាំនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាការរកឃើញដំបូង នៃការបំពុលដែលអាចកើតមាន និងគាំទ្រដល់ការគ្រប់គ្រងធនធានទឹកដោយផ្អែកលើភស្តុតាង វិទ្យាសាស្រ្ត។

បើតាមអង្គការទិន្នន័យអំពីការអភិវឌ្ឍ ODC ឱ្យដឹងថាការបំពុលទឹក អាចត្រូវបានគេឱ្យនិយមន័យច្រើនយ៉ាងផ្សេងៗពីគ្នា។ ជាទូទៅ ការបំពុលទឹក គឺជាការធ្វើឱ្យកង្វក់ដល់ទឹក នៅពេលដែលសារធាតុបំពុលនានាបានហូរចូលទៅក្នុងប្រភពទឹកដោយមិនបានឆ្លងកាត់ការធ្វើប្រព្រឹត្តកម្ម (ដកយកសារធាតុបំពុលចេញ)។ ការបំពុលទឹកភាគច្រើន គឺបណ្តាលមកពីសំណល់ពីរោងចក្រឧស្សាហកម្ម កសិកម្ម និងតាមផ្ទះ ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្ស និងសត្វ ក៏ដូចជាគុណភាពបរិស្ថាន នៃប្រភពទឹកទាំងមូល។

យ៉ាងណាមិញ កន្លងមកមានការផ្សព្វផ្សាយជាច្រើន អំពីបញ្ហាបំពុលទឹកនៅតាមព្រែកអូរស្ទឹងទន្លេនៅកម្ពុជា ដែលកើតចេញពីការបង្ហូរទឹកកខ្វក់ចូលប្រភពទឹក ពីសំណាក់រោងចក្រសហគ្រាសផ្សេងៗ។ ជាក់ស្ដែង កាលពីខែវិច្ឋិកា ឆ្នាំ២០២៥ កាសែតបរទេសម៉ុងកាបេ (Mongabay) បានចុះផ្សាយថា សហគមន៍មួយចំនួននៅតាមបណ្តោយដងអូរតាបូក ក្នុងខេត្តរតនគិរី បានជួបប្រទះនឹងបញ្ហាបំពុលទឹក និងសុខភាពសាធារណៈធ្ងន់ធ្ងរ ដែលការបំពុលទឹកនោះ កើតចេញពីការជីកយករ៉ែមាសក្នុងតំបន់នោះ។ កាសែត Mongabay បញ្ជាក់ថា អ្នកភូមិទីនោះបារម្ភពីការរីករាលដាលនៃការបំពុលទឹកអូរតាបូកនេះ ចូលទៅក្នុងទន្លេសេសាន និងទន្លេមេគង្គ ដែលនឹងប៉ះពាល់ខ្លាំងដល់ពលរដ្ឋតំបន់ផ្សេងទៀត ក៏ដូចជាសន្តិសុខស្បៀងអាហារក្នុងតំបន់៕

បរិស្ថាន","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2388}" data-page="1" data-max-pages="1" data-start="1" data-end="1">