ប្រជាសហគមន៍នៅខេត្តកំពតប្រមាណ៤០នាក់ តំណាងឱ្យ៨៧គ្រសួសារបានដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងពីនាយករដ្ឋមន្ត្រីឱ្យចេញប្លង់កម្មសិទ្ធិជូនពួកគេ ។
ប្រជាសហគមន៍ថ្លាន់ ១០០ ចំនួន៤៩គ្រួសារ ត្រនាប់បាតឌឹងមានចំនួន១៥គ្រួសារ និងអូរតាសេកចំនួន២៣គ្រួសារ បានដាក់ញត្តិសុំអន្តរាគមន៍នេះនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ និងដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីនាពេលរសៀលថ្ងៃដដែល។
តាមរយៈលិខិតចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ពលរដ្ឋ៨៧គ្រួសារពីភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានដាក់ទៅកាន់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ ដើម្បីសុំកិច្ចអន្តរាគមន៍ពន្លឿនការវាស់វែង និងចេញប័ណ្ណកម្មសិទ្ធិ កាន់កាប់ដីធ្លីស្របច្បាប់ជូនពួកគេ។
ប្រភដដែលបន្តថា ក្រុមពលរដ្ឋបានលិខិតស្នើសុំពីករណីនេះទៅរដ្ឋបាល ខេត្តកំពតជាហូរហេរតាំង ពីឆ្នាំ ២០១៩មក តែគ្មានដំណោះស្រាយ ព្រមទាំងបានរងនូវការធ្វើទុក្ខបុកម្នេញនានា ពីឈ្មួញឯកជនមួយចំនួន ទើបពួកគេសម្រេចចិត្តនាំគ្នាដាក់លិខិតសុំអន្តរាគមន៍ពី ក្រសួងរៀបចំដែនដី។
លិខិតដដែលបន្ត៖ «កាលពីអំឡុងឆ្នាំ២០១៩-២០២០យើងខ្ញុំបាទទាំងអស់គ្នា បានដាក់លិខិតស្នើសុំរដ្ឋបាល ខេត្តជាច្រើនលើកច្រើនសារ តែមិនទទួលបានការឆ្លើយតបអ្វីសោះ ក្រោយមក ឯកឧត្តមអភិបានខេត្ត ឯកឧត្តម ម៉ៅ ធនិន បានបើកវេទិការសារណៈនៅវត្តកោះស្លា ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត និងបានសន្យា និងដោះស្រាយជូនប្រជាពលរដ្ឋទាំងដល់គ្រួសារ នៅពេលខាងមុខ តែរហូតមកដល់ពេលនេះនូវមិនទាន់បានដំណោះស្រាយនៅឡើយ។ ហើយនៅពេលថ្មីៗនេះមានក្រុមឈ្មួញឯកជនមួយចំនួន បានធ្វើទុក្ខបុកម្នេញដល់ប្រជាពលរដ្ឋ ដែលកំពុងអាស្រ័យផល»។
ប្រជាសហគមន៍ថ្លាន់ ១០០ អ្នកស្រី សុត អឿន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា បច្ចុប្បន្នពលរដ្ឋកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនកាឡាក់ស៊ី និងឧកញ៉ា ប៉ែន នួន។ អ្នកស្រីថា ការដែលអ្នកស្រី ទៅដាក់ញត្តិនៅក្រសួងនេះ ដោយសារភាគីដែលមានជម្លោះជាមួយក្រុមពលរដ្ឋគឺឧកញ៉ា ប៉ែន នួន បានគំរាមពលរដ្ឋមិនឱ្យដាំដុះលើដីដែលពលរដ្ឋកំពុងរស់នៅ។
អ្នកស្រីថា៖ «ឧកញ៉ា ប៉ែន នួន គាត់ថាប្រសិនបើពួកប្រជាពលរដ្ឋហ្នឹង អត់បានការអនុញ្ញាតពីគាត់ ឱ្យភ្ជួររាស់ដាំដំណាំដាំដុះនៅលើដីហ្នឹងទេ គាត់នឹងចាត់វិធានការតាមផ្លូវច្បាប់។ ហើយដល់ពេលពួកខ្ញុំ រស់នៅតាំងពីឆ្នាំ២០១៤រហូតមក ដល់ ពេលហើយលឺសូរពាក្យគំរាមកំហែងអ៊ីចឹងគឺពួកខ្ញុំជាប្រជាពលរដ្ឋហ្នឹងព្រួយបារម្ភហ្នឹងបានឡើងមកដល់ហ្នឹង[ក្រសួងរៀបចំដែនដី]»។
ស្ត្រីវ័យ៤២ឆ្នាំរូបនេះស្នើក្រសួងរៀបចំដែនដីរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដោយវាស់វែងនិងចេញប័ណ្ណកម្មសិទ្ធិពួកគេ។ ជាមួយគ្នានេះ អ្នកស្រី អឿន ថាក្នុងករណីដែលក្រសួងរៀបចំដែនដីមិន ផ្ដល់ដំណោះ ស្រាយក្នុងរយៈពេលមួយខែក្រោយដាក់ញត្តិ នោះប្រជាសហគមន៍នឹងទៅក្រសួងទៀត។
អ្នកស្រីបន្តថា៖ «ញត្តិនេះខ្ញុំដាក់ហើយសិនជាគ្មានដំណោះស្រាយ គឺចំនួន៨៧គ្រួសារហ្នឹងនឹងតាមដានញត្តិហ្នឹងមកកន្លែងហ្នឹង[ក្រសួងរៀបចំដែនដី]វិញ[…]ខ្ញុំកំណត់ពេលមួយខែ ប្រសិនបើអត់ដំណោះស្រាយ ពួកនឹងត្រឡប់មកកន្លែងហ្នឹងវិញ»។
ចំណែកឯប្រជាសហគមន៍ត្រនាប់បាតឌឹង អ្នកស្រី សុខ យុត វ័យ៦០ឆ្នាំ ប្រាប់ថាសហគមន៍គាត់មានជម្លោះជាមួយក្រុមហ៊ុនឧកញ៉ា សូ ងួន តាំងពីឆ្នាំ២០២១មក ដោយភាគីក្រុមហ៊ុនតែងតែកម្ទេចដំណាំពលរដ្ឋចោលមិនឱ្យដាំដុះ។ អ្នកស្រីថា ការដែលគាត់សម្រេចសុំអន្តរា
គម ន៍ ពីក្រសួងរៀបចំដែនដីនេះ ក្រោយពីគាត់ព្យាយាមរកដំណោះស្រាយពីអាជ្ញារមូលដ្ឋានតែមិនបានផល។
អ្នកស្រីថា៖ «ដល់ពេលថាអស់ជម្រើសយើងមានទាល់ថាមិនដឹងទៅណា មកហ្នឹងហ្មង[ក្រសួង រៀបចំដែនដី] ស្រុក ឃុំ ខេត្ត ៣ចំណុចអត់ឆ្លើយថា បើចៅហ្វាយខេត្តថាឱ្យអាស្រ័យផលហូបចុះ ឱ្យអាស្រ័យផលហូប ប៉ុន្តែមានសន្តិសុខហ្នឹងចូលឃាត់ គេថាដី សូ ងួន»។
បញ្ហានេះ អ្នកស្រី សុខ យុត អំពាវនាវដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អន្ត រាគមន៍ ចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ ដើម្បីឱ្យគាត់អាចដាំដំណាំចិញ្ជឹមជីវិត និងបានរស់នៅដោយក្ដីសុខ។
រីឯប្រជាសហគមន៍អូរតាសេក អ្នកស្រី ឌិន ស្រអែម វ័យ៤៤ ប្រាប់ថាសហគមន៍គាត់មានជម្លោះជាមួយក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមហ៊ុនឧកញ៉ា សូ ងួនតាំងពីឆ្នាំ ២០១៩ ដែលទំហំដីពលរដ្ឋទាំងអស់ដែលមានជម្លោះនោះគឺ ៨៥ហិកតា។ អ្នកស្រី ស្រអែម ប្រាប់ថាដីរបស់គាត់មានទំហំ២ហិកតា ដោយគាត់បានកាន់កាប់ដីនេះតាំងពីឆ្នាំ ២០០២ ដោយបានដាំដំណាំស្វាយ ដូង និងផ្លែប័រជាដើមក៏ប៉ុន្តែដំណាំទាំងនោះត្រូវបានភាគីក្រុមហ៊ុនទាំង២រំលំ ចោល ដោយបច្ចុប្បន្ន គាត់ដាំអាចតែបន្លែ និងល្ពៅជាដើម។
អ្នកស្រីថា៖ «គេ[ក្រុមហ៊ុនឧកញ៉ា សូ ងួន និងក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា]គំរាមកំហែងអត់ឱ្យយើងដាំដំណាំអ៊ីចឹងណា៎ បើយើងចង់ដាំលុះត្រាតែគេឱ្យដាំៗបានតែដំណាំតូចតាច តែដំណាំធំអត់ឱ្យដាំ»។
ករណីនេះ អ្នកស្រី ឌិន ស្រអែម អំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យទីតាំងដីរបស់គាត់ផ្ទាល់ ដើម្បីបញ្ជាក់ថាអ្វីដែលប្រជាសហគមន៍លើកឡើង និងទាមទារនេះពិតឬយ៉ាងណា រួចចេញប្លង់ជូនពួកគេក្រោយរកឃើញការពិត។
ចំណែកឯប្រជាសហគមន៍ថ្លាន់១០០ អ្នកស្រី ង៉ែត យឿន វ័យ៤៧ ប្រាប់ថា គាត់លក់សុនខមួយក្បាលដើម្បីបានថវិកាយកទៅជិះឡានមកដាក់ញត្តិនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំកិច្ចអន្តរាគមន៍ចេញប្លង់ជូនគាត់ ព្រោះគាត់បារម្ភបាត់បង់ដី។
អ្នកស្រីថា៖ «ឥឡូវជំពាក់ធនាគារ ៧ពាន់ដុល្លារ គេទាររាល់ថ្ងៃ[…]យើងអត់បានចេញទៅរក[រកប្រាក់] បើចេញទៅរកខ្លាចគេមកយកដីរុះផ្ទះរុះសម្បែងខ្ញុំអស់[…]បើខាងក្រសួងអាណិតមេត្តាខ្ញុំ ជួយរកដំណោះស្រាយឱ្យខ្ញុំផង»។
ប្រជាកាសែតមិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានទេត្រឹមរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។
ជុំវិញករណីនេះ មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យី សុខសាន្ត ផ្ដល់យោបល់ដល់រដ្ឋាភិបាលពន្លឿនការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជា សហគមន៍ទាំង៣ នៅស្រុកឈូក ខេត្តកំពតនេះ ដើម្បីលុបបំបាត់ភាពក្រីក្រ។
លោកថា៖ «យើងមើលឃើញថា រដ្ឋាភិបាលគួរតែពន្លឿន និងផ្ដល់ការចុះបញ្ជីរដីធ្លីដល់ប្រជាពលរដ្ឋ ទោះបីជាគាត់អត់មានប្លង់ក៏ដោយ យើងមានស្ថាប័នក្រសួងសង្គមកិច្ចមួយទៀត អាចស្នើសុំតាមរយៈដីសម្បទានសង្គមកិច្ចចែកជូនពួកគាត់ដើម្បីលុបបំបាត់ភាពក្រីក្រវាទាល់តែគាត់មានដីធ្លីធ្វើកសិកម្ម ដីស្រែដីចំការ ហើយមានដីលំនៅឋានពិតប្រាកដ»។
ប្រជាសហគមន៍ថ្លាន់ ១០០ មានជម្លោះដីធ្លីជាមួយឧកញ៉ា ប៉ែន នួន និងឧកញ៉ា ឡេង ណាវ៉ាត្រា តាំងពីឆ្នាំ២០១៩។ ចំណែកឯសហគមន៍ត្រនាប់បាតឌឹង មានជម្លោះជាមួយក្រុមហ៊ុនឧកញ៉ា សូ ងួន តាំងពី ២០២១។ រីឯប្រជាសហគមន៍អូរតាសេក មានជម្លោះជាមួយក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមហ៊ុនឧកញ៉ា សូ ងួនតាំងពីឆ្នាំ ២០១៩។ ប្រជាសហគមន៍ទាំងបីនេះបានព្យាយាមរកដំណោះស្រាយជាបន្តបន្ទាប់ពីអាជ្ញាធរមូលដ្ឋានទាំងថ្នាក់ភូមិ ឃុំ ស្រុក និងខេត្ត ក៏ប៉ុន្តែពុំមានដំណោះស្រាយ ខណៈសហគមន៍ខ្លះធ្លាប់លើកគ្នា ទៅក្រសួងរៀបចំ ដែនដី នគរូប នីយកម្ម និងសំណង់ តែគ្មានលទ្ធផលដូចគ្នា។ នេះបើតាមការបញ្ជាក់ពីប្រជា សហគមន៍៕







