ពលរដ្ឋជាង៤០នាក់ពីស្រុករវៀងខេត្តព្រះវិហារ មកក្រសួងកសិកម្មដើម្បីស្នើសុំដោះស្រាយបញ្ហាដីធ្លី

ដីធ្លី

(ពលរដ្ឋប្រមាណមកពីស្រុករវៀងខេត្តព្រះវិហារ កំពុងអង្គុយរង់ចាំ ដាក់ញត្តិ នៅសួនមុខវត្តបទុមវតិ ក្បែរខុទ្ទកាល័យនាយករដ្ឋមន្ត្រី នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៦។ (រូបភាពដោយ៖ ពូ សូរាជីនី)

ប្រជាពលរដ្ឋជាង៤០នាក់ តំណាងឱ្យពលរដ្ឋប្រមាណ ១៧០គ្រួសារ មកពីឃុំរួសរាន់ និងឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ មករាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីដាក់ញត្តិសុំអន្តរាគមន៍ទៅកាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់។ ពលរដ្ឋអះអាងថា ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន បានប្រើគ្រឿងចក្រឈូសឆាយដី និងបំផ្លាញផលដំណាំរបស់ពួកគាត់ ដោយមិនផ្ដល់សំណងសមរម្យ។

យោងតាមញត្តិដែលប្រជាការសែតទទួលបានមានសេចក្ដីថា ពលរដ្ឋទាំងអស់នោះស្នើសុំរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក ឌិត ទីណា ជួយអន្តរាគមន៍ករណីរំលោភយកចំការនិងស្រែដោយ ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន ។

ញត្តិសរសេរទៀតថា ពលរដ្ឋបានកាន់គាប់ដីធ្លីនិងអាស្រ័យផលជាយូរឆ្នាំមកហើយ ហើយក៏ត្រូវបានមន្ត្រីជំនាញវាស់វែង និងចេញបង្កាន់ដៃវាស់វែងក្បាលដី កាលពីខែឧសភា ឆ្នាំ២០២៤ ផងដែរ។ទោះជាយ៉ាងណា ពួកគាត់អះអាងថា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ មកក្រុមហ៊ុនបានចូលឈូសឆាយដីចម្ការ និងដីស្រែ ដែលប៉ះពាល់លើផ្ទៃដីចម្ការប្រមាណ ២៣៧,៧០ហិកតា និងដីស្រែប្រមាណ ៦៥,៥០ហិកតា។

ពួកគាត់ក៏បានស្នើសុំឱ្យមានការដោះស្រាយឱ្យបានឆាប់រហ័ស ស្របពេលដែលរដូវបង្កបង្កើនផលកំពុងឈានចូលមកដល់។

ញាតិនេះសំណូមពរថា៖ «១ ឆ្កៀលដីចំការនិងស្រែដែលប៉ះពាល់ឱ្យបងប្អូនយើងខ្ញុំទាំងអស់គ្នាឡើងវិញុ។២ សុំប្តូរដីដែលអាចធ្វើចំការនិងស្រែបាន មានទីតាំងនៅក្នុងភូមិសាស្ត្រក្បែរៗទីតាំងចាស់។

៣ ករណីមានការទូទាត់ជាថវិកាសូមឱ្យបានតម្លៃសមរម្យអាចទៅទិញដីដែលមានតម្លៃ ប្រហាក់​ប្រហែលបាន ៤សូមដោះស្រាយឱ្យមានភាពឆាប់រហ័សពីព្រោះដល់រដូវបង្កបង្កើនផល»។

ពលរដ្ឋមកពីឃុំរួសរាន់ អ្នកស្រី ជី វេន អាយុ ៦០ឆ្នាំ បានអះអាងថា គ្រួសាររបស់អ្នកស្រីបានអាស្រ័យផលលើដីចម្ការនេះតាំងពីឆ្នាំ១៩៨១មកម្ល៉េះ ប៉ុន្តែចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ មក ពួកគាត់មិនអាចចូលដាំដុះ ឬប្រមូលផលបានទៀតទេ។អ្នកស្រីបន្តថា ក្រុមហ៊ុនបានផ្តល់សំណងមួយចំនួន ប៉ុន្តែអ្នកស្រីមិនទាន់ទទួលយកទេ ព្រោះចង់បានដីអាស្រ័យផលវិញជាជាងទទួលប្រាក់។

អ្នកស្រីថា ៖«ខ្ញុំសំណូមថា ក្រសួងណាក៏ដោយឲ្យតែខ្ញុំដាក់ញាត្តិហើយ ឲ្យរកដំណោះស្រាយ ដោះស្រាយជូនប្រជាពលរដ្ឋផង ប្រជាពលរដ្ឋអស់ដីធ្វើហើយ និងលោក សម្តេចហ៊ុនម៉ាណែត សម្តេច ហ៊ុន សែន ជួយរកដំណោះស្រាយឲ្យចម្ការខ្ញុំ »។

ស្រដៀងគ្នានេះដែរ មកពីឃុំរួសរាន់ អ្នកស្រី នុត ងីម អាយុ ៤៦ឆ្នាំ បាននិយាយថា ដីរបស់អ្នកស្រីជាកេរដំណែលពីដូនតា និងត្រូវបានទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន។ 

អ្នកស្រីមានប្រសាសន៍ថា៖ «លំបាក គ្មានអីចិញ្ចឹមកូនទៀតទេ បានចន្ទីតិចតួចសព្វថ្ងៃ មកដល់គេវ៉ៃអស់ខ្ញុំគ្មានអីទេរាល់ថ្ងៃ ហើយរាល់ថ្ងៃទៅស៊ីឈ្មួលគេ ១ថ្ងៃបាន ១ម៉ឺន ២ ម៉ឺន។ បើមានចន្ទីអាចបាន១ ថ្ងៃ ១០ម៉ឺនដល់រាល់ថ្ងៃគេវ៉ៃចន្ទីអស់គ្មានទេ»។

អ្នកស្រីបន្ថែមថា បច្ចុប្បន្នគ្រួសាររបស់អ្នកស្រីកំពុងជំពាក់ធនាគារប្រមាណ ១៤លានរៀល និងត្រូវបង់សងជារៀងរាល់ខែក្នុងជាង១លានរៀល។ អ្នកស្រីមានតែដីនិងស្រែចម្ការដើម្បីចិញ្ចឹមជីវភាពនិងដោះបំណុលគ្រួសារនេះ។

ចំណែកអ្នកស្រី ហេង សាខន មកពីឃុំរីករាយ បានឱ្យដឹងថា ដីរបស់អ្នកស្រីមិនទាន់ត្រូវបានឈូសឆាយនៅឡើយ ប៉ុន្តែស្ថិតនៅក្នុងតំបន់ដែលគ្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន។

អ្នកស្រីនិយាយថា៖ «ខ្ញុំមកដាក់ញត្តិ ដើម្បីសុំឱ្យបានដីខ្ញុំវិញ ព្រោះខ្ញុំអាស្រ័យផលលើដីនេះ ដាំចេក ដាំពោត និងដំឡូង»។

ប្រជាពលរដ្ឋម្នាក់ទៀតបានប្រាប់ប្រជាការសែតថា ដំបូងពួកគាត់មានគម្រោងដាក់ញត្តិទៅកាន់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងមហាផ្ទៃ។ ប៉ុន្តែ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានណែនាំឱ្យដាក់ញត្តិត្រឹមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសារករណីនេះស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួង។ ប្រភពដដែលបញ្ជាក់ថា ក្រសួងកសិកម្មបានទទួលញត្តិ និងសន្យាថានឹងពិនិត្យដោះស្រាយករណីនេះក្នុងសប្តាហ៍នេះ។

ប្រជាការសែតមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យឹម ហ្វីណង់ ជុំវិញរឿងនេះ។

ជុំវិញករណីនេះ មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) យី សុខសាន្ត បានមានប្រសាសន៍ថា ការដែលពលរដ្ឋឡើងមកដាក់ញត្តិនៅថ្នាក់ជាតិ គឺដោយសារពួកគាត់មិនទាន់ទទួលបានដំណោះស្រាយនៅថ្នាក់មូលដ្ឋាន និងថ្នាក់ខេត្ត។

លោកបានកត់សម្គាល់ថា ពលរដ្ឋជាច្រើនពឹងផ្អែកទាំងស្រុងលើដីធ្លីសម្រាប់ការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត ដូច្នេះអាជ្ញាធរពាក់ព័ន្ធគួរតែពន្លឿនការពិនិត្យ និងស្វែងរកដំណោះស្រាយសមស្របសម្រាប់ពួកគាត់។

លោកបានប្រាប់ថា៖«អ្វីដែលយើងស្នើសុំគឺរដ្ឋាភិបាលគួរពិចារណា ណាយកចិត្តទុកដាក់ទៅលើពួកគាត់ដែលជាអ្នកក្រីក្រជាពិសេសជនជាតិដើមមួយចំនួនដែលពួកគាត់ពឹងផ្អែកទៅលើដីក៏អត់មានដីគឺពួកគាត់អត់ជីវិតទេ។ អ្វីដែលពួកគាត់ពិបាកគឺពេលខ្លះអាចកាត់របបហ្នឹងគាត់ហ្នឹងដូចពិនិត្យចរណ៍ដូចជាគេហៅ តាមចម្ការវិលជុំអ៊ីចឹងគាត់មិនអាចធ្វើដូច ប្រជា​ជន​ធម្មតាដែលភូមិភាគកណ្តាលទេ។

ពលរដ្ឋជាច្រើនមិនមានគោលបំណងអ្វីលើសពីការទាមទារដីសម្រាប់បន្តអាស្រ័យផល និងរក្សាជីវភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះ»។

យោងតាម លីកាដូបានកត់ត្រាថា ជម្លោះដីធ្លីនេះចាប់ផ្តើមឡើងក្នុងខែកញ្ញា ឆ្នាំ២០២៥ ដោយ​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន។ប្រភពដដែលបន្តថា ក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមួយចំនួនក្នុងខេត្តព្រះវិហារ ហើយ ក្រុមហ៊ុននេះបានចាប់ផ្តើមឈូសឆាយដី និងដំណាំរបស់ពលរដ្ឋសមាជិកសហគមន៍ការពារដីធ្លីឫស្សីស្រុក ដែលធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋ ១៤៦ គ្រួសារ ក្នុងឃុំចំនួនពីរ ក្នុងស្រុករវៀង ៕

អានអត្ថបទផ្សេងទៀតអំពី ដីធ្លី

ដីធ្លី","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2766}" data-page="1" data-max-pages="1" data-start="1" data-end="1">