ប្រជាសហគមន៍ពីខេត្តកោះកុងជាង៨០នាក់ដាក់ញត្តិនៅក្រសួងរៀបចំដែនដីឱ្យដោះស្រាយបញ្ហាដីធ្លី

ដីធ្លី

(ប្រជាសហគមន៍១៩៧ ពីស្រុកស្រែអំបិល ខេត្តកោះកុង កំពុងផ្ដល់សំភាសន៍ឱ្យក្រុមអ្នកសារព័ត៌មានក្រោយបានដាក់ញត្តិនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។ (រូបថតដោយ៖ ហុង សេរីហ្វុង)

ពលរដ្ឋពីខេត្តកោះកុងប្រមាណជាង៨០នាក់មកពីសហគមន៍៤ផ្សេងគ្នា បានប្រមូលគ្នាទៅក្រសួងរៀបចំដែនដីនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីដាក់ញត្តិសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងឱ្យជួយដោះស្រាយបញ្ហាដីធ្លីពួកគេ។

សហគមន៍ទាំង៤ ដែលមកពីស្រុកស្រែអំបិល និងស្រុកបទុមសាគរ ខេត្តកោះកុង មានដូចជាសហគមន៍១៩៧ មានវិវាទដីធ្លីជាមួយក្រុមហ៊ុនអេគ្រីខលឈ័រគ្រុបរបស់លោក ហេង ហ៊ុយ តាំងពីឆ្នាំ ២០០៧។ សហគមន៍១៦ មានវិវាទដីធ្លីជាមួយឈ្មោះ សៀង ឈី ភ្នំ ស៊ីធឿន និងហ៊ួរ សេង តាំងពីឆ្នាំ២០២១។ និងសហគមន៍២ទៀត ជាសហគមន៍ប្រជាជនក្រីក្រ ដោយពួកគេស្នើសុំដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាល។ 

ការជួបជុំនៅមមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានការឃ្លាំមើលពី អាជ្ញាធរជា ច្រើននាក់ និងមានការតាមដានឃ្លាំមើលពីមន្ត្រីអង្គការការពារសិទ្ធិមនុស្ស ។

ប្រជាសហគមន៍១៩៧ នៅស្រុកស្រែអំបិល ខេត្តកោះកុង អ្នកស្រី ដេត ហួ បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីគាត់ចេញពីដាក់ញត្តិនៅក្រសួងរៀបចំដែនដីថា រដ្ឋាបាលក្រសួងបានទទួលញត្តិ និងឱ្យពលរដ្ឋត្រឡប់ទៅលំនៅវិញ រង់ចាំការឆ្លើយតបពីក្រសួងក្នុងរយៈពេលមួយសប្ដាហ៍ក្រោយដាក់ញត្តិ។

អ្នកស្រី ដេត ហួ ថានេះមិនមែនជាលើកទីមួយទេដែលក្រសួងឱ្យពួកគេរង់ចាំក្រោយដាក់ញត្តិ ដោយមិនមានដំណោះស្រាយណាមួយ។ 

អ្នកស្រីថា៖ «ជួបរដ្ឋបាល គាត់ថាគាត់មានតួនាទីទទួលញត្តិពួកយើង ហើយឱ្យពួកយើងទៅផ្ទះសិន រយៈពេលមួយអាទិត្យ គេនឹងតេទៅ គេនឹងទាក់ទងទៅ។ ប៉ុន្តែអាពាក្យហ្នឹងទាំងអស់ហ្នឹង ពួកយើងទទួលបាន៥-៦ឆ្នាំហើយ អត់មានអីទេ អត់មានបានដោះស្រាយអីទេ»។

អ្នកស្រីបន្ថែម៖«ចង់បានឱ្យឧបនាយករដ្ឋមន្ត្រីគាត់ចេញលិខិតអំណះអំណាងថាដោះស្រាយជូនពួកយើងហើយឬមួយសន្យាថាថ្ងៃនេះថ្ងៃនោះឱ្យពួកគាត់ចេញលិខិតថាដោះស្រាយហើយ ឬចរចាអីជាមួយពួកយើងសិន បានពួកយើងអាចទទួលយលបាន»។

អ្នកស្រីឱ្យដឹងថា កន្លងមកអាជ្ញាធរពាក់ព័ន្ធមិនបានដោះស្រាយសំណងពីបញ្ហាដីធ្លីជូនពលរដ្ឋទេ ដោយភាគីអាជ្ញាធរផ្ដល់ដីសម្បទានសង្គមកិច្ចជូនពួកគេជំនួសឱ្យសំណងវិញ។
ប្រជាសហគមន៍១៩៧រូបនេះថា ដំណោះស្រាយដែលគាត់ចង់បានគឺដីទំហំ៣ហិកតា និងប្រាក់សំណង៧ពាន់ដុល្លារសហរដ្ឋអាមេរិក។

តាមរយៈញត្តិរបស់ប្រជាសហគមន៍១៩៧ ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ប្រជាសហគមន៍ស្នើសុំឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អន្តរាគមន៍ពន្លឿនការដោះស្រាយវិវាទដីធ្លីរវាងពលរដ្ឋនិងក្រុមហ៊ុនអេគ្រីខលឈ័រគ្រុបរបស់លោក ហេង ហ៊ុយ។

ញត្តិបន្តថា៖ «ខ្ញុំពួកយើងខ្ញុំជាជនរងគ្រោះបាត់បង់ដីធ្លីដោយសារក្រុមហ៊ុនខាងលើរំលោភបំពានយក ហើយលក្ខណៈដែលពួកយើងខ្ញុំព្រមទទួលយកមានដូចខាងក្រោម៖ -ទំហំដី ៣ហិកតា ក្នុងមួយគ្រួសារ -ប្រាក់សំណង ៧០០០ដុល្លារ ក្នុងមួយគ្រួសារ (ថ្លៃការអាក់ខានមិនបានទទួលផលដំណាំ) -ទម្លាក់បទចោទប្រកាន់ លើតំណាង និងសមាជិកសហគមន៍ -ដីនៅទីតាំងដីចាស់(ដីដែលក្រុមហ៊ុនបានរំលោភបំពាន)»។

រីឯប្រជាសហគមន៍មួយរូបទៀតមកពីសហគមន៍១៦ និងសហគមន៍១៩៧ ស្រុកស្រែអំបិល ខេត្តកោះកុង អ្នកស្រី អិន ធូ បានឱ្យដឹងថា អ្នកស្រីមានវិវាទដីធ្លី២ទីតាំង ដោយគាត់អះអាងថាបានបាត់បង់ដីសរុបអស់ ១១ហិកតា។

អ្នកស្រីថា៖ «ខ្ញុំមកនេះ ខ្ញុំមកដើម្បីរកដំណោះស្រាយ បើសិនជាគាត់ច្រានចោលមិនមានការដោះស្រាយឱ្យនាងខ្ញុំទេ នាងខ្ញុំអត់ទៅវិញទេ នាងខ្ញុំសុំដេកនៅកន្លែងហ្នឹង[មុខក្រសួងរៀបចំដែនដី]»។

ស្ត្រីវ័យ៥៨ឆ្នាំរូបនេះចង់ឱ្យអាជ្ញាធរពាក់ព័ន្ធផ្ដល់សំណងខូចខាតពីវិវាទជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក ហេង ហ៊ុយ ដោយគាត់ចង់បាននូវដីទំហំ៣ហិកតា និងប្រាក់៧ពាន់ដុល្លារ។ ចំពោះបញ្ហាដីធ្លីជាមួយឈ្មោះ សៀង ឈី អ្នកស្រីចង់បានដីគាត់ត្រឡប់មកវិញ ព្រមទាំងសំណង១ម៉ឺនដុល្លារ។

ញត្តិរបស់សហគមន៍១៦ ចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក៏ស្នើសុំស្នើសុំឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អន្តរាគមន៍ពន្លឿនការដោះស្រាយវិវាទដីធ្លីដូចសហគមន៍១៩៧។

ញត្តិបន្តថា៖ «ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មេត្តាជួយពន្លឿន ដោះស្រាយបញ្ចាប់បញ្ហា វិវាទដីធ្លី រវាងប្រជាពលរដ្ឋ យើងខ្ញុំ ចំនួន១៦គ្រួសារ ជាមួយឈ្មោះ សៀង ឈី ឈ្មោះ ភ្នំ ស៊ីធឿន និងឈ្មោះ ហ៊ួរ សេង ហើយធ្វើការកាត់ឆ្កៀល និង ចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ លើផ្ទៃដីទំហំដីតាមគ្រួសារនីមួយៗ ដែលយើងខ្ញុំកាន់កាប់ប្រើប្រាស់អាស្រ័យផល ដោយក្តីអនុគ្រោះ»។

ចំពោះសហគមន៍៩៥៥វិញ ដែលមានទីតាំងក្នុងស្រុកបទុមសាគរ និងស្រុកស្រែអំបិល ខេត្តកោះកុង ក៏បានដាក់ញត្តិដូចសហគមន៍ទាំង២នោះដែរ។ ក៏ប៉ុន្តែ សហគមន៍៩៥៥ មិនមានជម្លោះដីធ្លីជាមួយភាគីណាមួយឡើយ។ 

ញត្តិបន្ត៖ «ស្នើសុំជួយពន្លឿនការដោះស្រាយគោលនយោបាយដីសម្បទានសង្កមកិច្ច ចែកជូនពួកយើងខ្ញុំដែលជាប្រជាពលរដ្ឋក្រីក្រ(ក្នុងខេត្តកោះកុង)»។

ប្រជាកាសែតមិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក សេង ឡូត បានទេត្រឹមរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។

ជុំវិញករណីនេះ មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យី សុខសាន្ត សង្កេតឃើញថា វិវាទដីធ្លីដែលបានកើតឡើងរវាងប្រជាសហគមន៍នៅខេត្តកោះកុងជាមួយក្រុមហ៊ុនមួយចំនួនបានអូសបន្លាយពេលជិត២០ឆ្នាំមកហើយ។ 

ទោះបីជាកាលពីឆ្នាំ២០២៤ មានការសម្របសម្រួលដែលដំណោះស្រាយ ដោយផ្ដល់ដីសម្បទានសង្គមកិច្ច ជំនួសសំណងខូចខាត ក៏ប៉ុន្តែនៅតែពលរដ្ឋមិនអាចទទួលយកនូវដំណោះស្រាយនោះបានទេ។

លោកថា៖ «យើងសង្ឃឹមថា រដ្ឋាភិបាលជាពិសេសក្រសួងដែនដី នគរូបនីយកម្មហ្នឹងគួរតែយកសំណើនិងកង្វល់របស់ពួកគាត់ដោះស្រាយឱ្យបានឆាប់ជាការល្អ ពីព្រោះអីអ្វីដែលពួកគាត់ទាមទារតវ៉ានេះ គឺគាត់សុំតែសំណងផលប៉ះពាល់របស់ពួកគាត់ទេ ហើយការដែលដោះស្រាយតាមរយៈសម្បទានដីសង្គមកិច្ច វាធ្វើឱ្យមានការយឺតយ៉ាវ»។

កាលពីឆ្នាំ២០០៧ រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចជាង៤ពាន់ហិកតា ឱ្យទៅក្រុមហ៊ុន ហេង ហ៊ុយ ដើម្បីវិនិយោគដំណាំស្ករអំពៅ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងស្រុក។

បន្ថែមពីនេះ អង្គការការពារសិទ្ធិមនុស្សលីកាដូបានឱ្យដឹងថា បញ្ហាជម្លោះដីធ្លីរវសងពលរដ្ឋនិងក្រុមហ៊ុនលោក ហេង ហ៊ុយ និងលោក លី យ៉ុងផាត់ បានធ្វើឱ្យប៉ះពាល់ដល់ដីរបស់សមាជិកសហគមន៍ និងបាននាំឱ្យពលរដ្ឋទាមទាររកដំណោះស្រាយជាបន្តបន្ទាប់អស់រយៈពេលជាង១០ឆ្នាំមកហើយ ក៏ប៉ុន្តែពលរដ្ឋនៅតែរកដំណោះស្រាយមិនបាន៕

អានអត្ថបទផ្សេងទៀតអំពី ដីធ្លី

ដីធ្លី","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2468}" data-page="1" data-max-pages="1" data-start="1" data-end="1">