ប្រជាពលរដ្ឋចំនួន ១២៤នាក់ មកពីស្រុកសង្គមថ្មី និងស្រុករវៀង ខេត្តព្រះវិហារ បាននាំគ្នាឡើងមកសាលាខេត្តព្រះវិហារ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ជាថ្មី ដើម្បីសួរនាំពីដំណើរការដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុន ឆាយណាហ្គ្រេត ខស (ខេមបូឌា) អ៊ិនវេសមេន បន្ទាប់ពីអាជ្ញាធរខេត្តធ្លាប់សន្យាថានឹងយកបញ្ហានេះមកពិភាក្សារួមគ្នា។ ប្រជាពលរដ្ឋអះអាងថា បញ្ហានេះបានប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅ ដោយសារពលរដ្ឋភាគច្រើនពឹងផ្អែកលើការធ្វើស្រែចម្ការ។
ប្រជាពលរដ្ឋម្នាក់រស់នៅស្រុកសង្គមថ្មី លោក ភី សុខឡែន អះអាងថា លោកបានអាស្រ័យផលលើដីមានជម្លោះនោះតាំងពីឆ្នាំ២០២០ ហើយមិនធ្លាប់ដឹងថាជាដីរបស់ក្រុមហ៊ុនឡើយ រហូតដល់ឆ្នាំ២០២៥ ទើបមានការហាមឃាត់ និងដាក់សម្ពាធឱ្យចាកចេញ។ លោកបន្តថា គ្រួសាររបស់លោកបានលក់ទ្រព្យសម្បត្តិដើម្បីមករស់នៅ និងធ្វើកសិកម្មនៅទីនោះ។
លោកមានប្រសាសន៍ថា៖«ប៉ះពាល់ខ្លាំង មិនមានពាក្យអ្វីនិយាយបាន ប្រជាពលរដ្ឋទាំងខ្ញុំ ទាំងគេ គឺជំពាក់អង្គការ[…] ដើម្បីទិញសម្ភារៈទៅអាស្រ័យផល ហើយបើឲ្យគាត់ចាកចេញយកសំណង ១លាន ២០ម៉ឺន សងអង្គការអត់គ្រាន់ទេ ហើយដល់ថ្ងៃទៅមុខទៀតតើគាត់មានដីណាទៀតសម្រាប់អាស្រ័យផល បើគាត់អត់មានជំនាញអ្វីផ្សេងក្រៅពីវិស័យកសិកម្មសោះ អីចឹងបញ្ហានឹងកើតឡើង»។
លោកបានប្រាប់ប្រជាកាសែតឱ្យដឹងទៀតថាក្រុមហ៊ុនតែងតែគំរាមកំហែងប្រជាពលរដ្ឋឱ្យចាកចេញពីដីចម្ការ និងអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន ក្នុងករណីមិនព្រមចាកចេញ ដែលធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភពីការបាត់បង់ដីធ្លី និងសុវត្ថិភាពផ្ទាល់ខ្លួន។
លោកក៏អំពាវនាវដល់ នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត និងក្រសួងពាក់ព័ន្ធ ឱ្យជួយរកដំណោះស្រាយសមរម្យ ដោយគិតគូរពីផលប្រយោជន៍ និងជីវភាពប្រជាពលរដ្ឋ។
លោកលើកឡើងថា៖«ខ្ញុំមានតែសំណូមពរទៅកាន់ក្រសួងកសិកម្ម ក្រសួងដែនដីនគរូបនីយកម្ម ជាពិសេសខ្ញុំសូមអង្វរទទួលការសន្ដោស ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មេត្តា ជួយដល់ប្រជាពលរដ្ឋឲ្យរួចផុតពី ទុក្ខលំបាកវេទនានេះផង ព្រោះប្រជាពលរដ្ឋសង្ឃឹមលើសម្តេចហើយ ដែលគ្រប់គ្រងលើកូនចៅបើសម្តេចមិនអាណិតលើកូនចៅទេ គ្មានប្រជាពលរដ្ឋណាសុខស្រណុកបានទេ ព្រោះថាបំបាត់ភាពក្រីក្រ មានតែបន្ថែមលំបាកភាពក្រីក្រក្នុងស្រុកលំបាកកាន់តែខ្លាំងទេ។ អីចឹងសំណូមពរគ្រប់ជាន់ថ្នាក់គិតគូរផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្លះផងកុំគិតផលប្រយោជន៍ក្រុមហ៊ុនជាធំ»។
រីឯប្រជាពលរដ្ឋម្នាក់ទៀតនៅឯស្រុករវៀង លោក បៀន ដាវុធ បានលើកឡើងថា ប្រជាពលរដ្ឋភាគច្រើនជាអ្នកក្រីក្រ និងពឹងផ្អែកទាំងស្រុងលើដំណាំកសិកម្ម។
លោកនិយាយថា៖ «ខ្ញុំប៉ះពាល់ខ្លាំងព្រោះអីប្រជាពលរដ្ឋយើងសុទ្ធតែអ្នកក្រីក្រ ពឹងលើដំណាំសម្រាប់អាស្រ័យផល ដល់គេអាស្រ័យផលលើដំណាំហ្នឹង ខ្ញុំបានអីរស់»។
លោកស្នើឱ្យរដ្ឋាភិបាលកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលបានអាស្រ័យផលយូរឆ្នាំ និងមានដំណាំអចិន្ត្រៃយ៍រួចហើយ។
លោកលើកឡើងថា៖ «ចង់ឲ្យមានដំណោះស្រាយថា ប្រជាពលរដ្ឋនៅនឹងកកើតជាដំណាំ ហើយវាដើមធំៗអស់ហើយចង់ឲ្យឆ្វាលដីជូនប្រជាពលរដ្ឋហ្មងទៅ បង្កើតជាភូមិជាអីអស់ហើយហ្នឹង»។
ចំណែកអភិបាលរងខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា បានបញ្ជាក់ថា រដ្ឋបាលខេត្តបានចាប់ផ្តើមដោះស្រាយបញ្ហានេះតាំងពីដើមឆ្នាំ២០២៥ ដោយសហការជាមួយមន្ទីរកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធ។
លោកអះអាងថា ដីមានវិវាទគឺជាដីរដ្ឋ ដែលមានប្លង់រឹង និងបានផ្តល់សម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនតាមនីតិវិធីច្បាប់។
លោកមានប្រសាសន៍ថា៖«ឥលូវនេះ យើងឈានអនុវត្តទៅដល់ស្រុករវៀងថែមទៀត ទី១បងប្អូនប្រជាពលរដ្ឋសូមមេត្តាយោគយល់ ថាបែងចែកឲ្យបានច្បាស់លាស់ ថាតើវាជាដី វាជាដីរាស្ត្រ និងអ្វីជាដីរដ្ឋ ។ ដូចអ្វីដំណោះស្រាយឲ្យវាលឿនតម្លៃតាមទីផ្សាដីធ្លីហ្នឹង ខ្ញុំគិតថាទុកទៅកាន់ក្រសួងឬក៏ថ្នាក់ដឹកនាំក្រសួងកសិកម្មក្នុងការពិនិត្យចុះ ព្រោះក្នុងនាមជាអាជ្ញាធរព្យាយាម»។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទំហំជិត ៦ពាន់ហិកតា ឱ្យក្រុមហ៊ុន ឆាយណាហ្គ្រេត ខស (ខេមបូឌា) អ៊ិនវេសមេន តាំងពីឆ្នាំ២០១២។ អាជ្ញាធរអះអាងថា ប្រជាពលរដ្ឋមួយចំនួនបានចូលកាន់កាប់ និងអាស្រ័យផលលើដីដែលបានចុះបញ្ជីរួចហើយ។
ក្រោយការសម្របសម្រួលជាច្រើនលើក ក្រុមហ៊ុនបានផ្តល់សំណងចំនួន ១,២០០,០០០រៀល ក្នុងមួយហិកតា ដល់ប្រជាពលរដ្ឋដែលព្រមចាកចេញ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនមិនយល់ព្រមទទួលយកសំណងនេះទេ។
ជុំវិញបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក យិន ម៉េងលី មានប្រសាសន៍ថា ភាគីពាក់ព័ន្ធគួរបន្តការសម្របសម្រួល និងជៀសវាងសកម្មភាពដែលប៉ះពាល់ដល់ដំណាំ និងជីវភាពប្រជាពលរដ្ឋ ក្នុងអំឡុងពេលដោះស្រាយវិវាទ។
លោកលើកឡើងថា៖«យើងស្នើសុំឲ្យមានការសម្របសម្រួលគ្នា ពាក់ព័ន្ធទៅលើរឿងបញ្ហា បញ្ហាដោះដូរដីនេះ ហើយនៅក្នុងកំឡុងពេលសម្របសម្រូលគ្នានៃការដោះស្រាយគ្នាមិនទាន់ចេញសាច់ការផ្លែផ្កា សូមកុំឲ្យមានការប៉ះពាល់ទៅដល់អ្វីដែលគាត់ដែលគាត់ដាំដុះ កុំឲ្យប៉ះពាល់ទៅកាន់ចម្ការ ពន្លឿនក្នុងការដោះស្រាយ ដើម្បីឲ្យគាត់មានដី និងបង្កើតសេដ្ឋកិច្ចជីវភាពរបស់ពួកគាត់»។
កន្លងមក ប្រជាពលរដ្ឋមកពីស្រុកសង្គមថ្មី និងស្រុករវៀង ខេត្តព្រះវិហារ បានដាក់ញត្តិស្នើសុំអន្តរាគមន៍ទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ព្រមទាំងដាក់ស្នាមមេដៃជូនខុទ្ទកាល័យ នាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត ដើម្បីស្នើឱ្យជួយដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុន ឆាយណាហ្គេត ខស ខេមបូឌា អ៊ិនវេសមេន។
បន្ទាប់មក នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ តំណាងប្រជាពលរដ្ឋជាច្រើនគ្រួសារ ក៏បានដាក់លិខិតទៅអភិបាលខេត្តព្រះវិហារ លោក គឹម រិទ្ធី ដើម្បីបដិសេធសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ដែលតម្រូវឱ្យប្រជាពលរដ្ឋចាកចេញពីដី និងទទួលសំណង ១,២០០,០០០រៀល ក្នុងមួយហិកតា ដោយស្នើឱ្យអាជ្ញាធរផ្អាកការអនុវត្តវិធានការ និងរង់ចាំការដោះស្រាយពីស្ថាប័នពាក់ព័ន្ធជាមុនសិន៕







