កម្មករជាង ១,៣០០នាក់ នៃរោងចក្រកាត់ដេរ ខូហ្ស៊ី នីត ឯ.ក ដែលកម្មករហៅថា «រោងចក្រអាយខេ» នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បាននាំគ្នាតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកតំណាងកម្មករចូលធ្វើការវិញ និងកែលម្អលក្ខខណ្ឌការងារនៅទីនោះ។ ក្រោយការតវ៉ានេះ មានការសម្របសម្រួលពីមន្ត្រីក្រសួងការងារ ទើបផ្លូវជាតិលេខ៣ ត្រូវបានបើកឲ្យធ្វើចរាចរណ៍ជាធម្មតាវិញ។
កម្មករម្នាក់ធ្វើការនៅរោងចក្រ ខូហ្ស៊ី នីត លោក រិន សុចាយ បានប្រាប់ថា លោកធ្វើការងារនៅទីនេះអស់រយៈពេលកន្លះឆ្នាំហើយ ហើយនេះជាលើកទី២ ដែលកម្មករនាំគ្នាតវ៉ា ដោយសារពួកគេយល់ថា ក្រុមហ៊ុនបានអនុវត្តវិធានការមិនយុត្តិធម៌ចំពោះកម្មករ។ លោកលើកឡើងថា ខាងកម្មករនិយោជិតបានទាមទារជាច្រើន ក្នុងនោះឲ្យក្រុមហ៊ុនទទួលយកតំណាងកម្មករម្នាក់ចូលធ្វើការវិញ បង្កើនថ្លៃធ្វើដំណើរ និងថ្លៃស្នាក់នៅ ព្រមទាំងបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពកម្មករក្នុងកន្លែងការងារផង។
លោកនិយាយថា៖ «[មូលហេតុតវ៉ាដោយសារ] បញ្ឈប់មេអត់មានមូលហេតុ ប្តូរវេន ថែមម៉ោង អត់ឲ្យឈប់សម្រាកថ្ងៃនេះថ្ងៃនោះ និងអត់ឲ្យប្រាក់រង្វាន់»។
អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល លោក ស្រី សិរីវឌ្ឍនា ប្រាប់ថា បន្ទាប់ពីមានការចុះសម្របសម្រួលរវាងមន្ទីរការងារ ក្រសួងការងារ និងភាគីពាក់ព័ន្ធ បញ្ហាដែលកម្មករលើកឡើងត្រូវបានដោះស្រាយ ហើយតាមការព្រមព្រៀង កម្មករ-កម្មការិនីនឹងវិលត្រឡប់ចូលបំពេញការងារវិញនៅថ្ងៃបន្ទាប់។
លោកបញ្ជាក់ថា ការតវ៉ានេះមានការចូលរួមពីកម្មករ-កម្មការិនីសរុបចំនួន ១,៣៣៦នាក់ ដោយទាមទាររកដំណោះស្រាយទាំង២១ចំណុចប៉ុន្តែក្រោយសម្របសម្រួលចំណុចដែលត្រូវទាមទារនៅត្រឹម១៦ចំណុចដែលពាក់ព័ន្ធទាំងលក្ខខណ្ឌការងារ និងសិទ្ធិរបស់កម្មករ។
លោកលើកឡើងថា៖ «ទាក់ទងទៅនឹង ១៦ចំណុចហ្នឹង គឺពាក់ព័ន្ធទៅនឹងលក្ខខណ្ឌការងារផង ពាក់ព័ន្ធទៅនឹងសិទ្ធិផង។ ក្នុងនោះដែរ គាត់ជួយប្រធានក្រុមគាត់ (គាត់មិនមែនជាថ្នាក់ដឹកនាំសហជីពទេណា គឺជានាយកក្រុមដេរ) ដែលត្រូវបានផ្ដាច់កិច្ចសន្យាឈប់ ចិងគាត់ចង់ឲ្យប្រធានក្រុមចូលធ្វើការងារវិញ»។
លោកនិយាយថា ករណីដែលកម្មករទាមទារឲ្យទទួលប្រធានក្រុមឈ្មោះ ដួង ស្រីដែន ចូលធ្វើការវិញ គឺជាវិវាទបុគ្គល ដែលអាចបន្តដោះស្រាយតាមនីតិវិធីច្បាប់ ប្រសិនបើភាគីពាក់ព័ន្ធមិនពេញចិត្តលទ្ធផលនៃការសម្របសម្រួល។
លោកលើកឡើងថា៖ «ចឹងយើងបានដោះស្រាយសម្របសម្រួលហើយថា ប្រសិនជាវិវាទហ្នឹងជាវិវាទបុគ្គល ប្រសិនជាម្នាក់ដែលជាប្រធានក្រុមឈ្មោះ ដួង ស្រីដែន បើគាត់អត់ពេញចិត្តទេ គាត់អាចដាក់ពាក្យទៅក្រសួងដើម្បីសម្របសម្រួលបន្ថែម ដើម្បីទូទាត់ប្រាក់បំណាច់ ប្រាក់អត្ថប្រយោជន៍ផ្សេងៗឱ្យបានគ្រប់គ្រាន់តាមច្បាប់»។
ជុំវិញករណីនេះ ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ យល់ឃើញថា ការទាមទាររបស់កម្មករមានភាពសមស្រប ដោយសារក្នុងអំឡុងពេលដែលតម្លៃទំនិញ និងការចំណាយប្រចាំថ្ងៃបានកើនឡើង រីឯប្រាក់ឈ្នួលរបស់កម្មករនៅមានកម្រិតទាប។ អ្នកស្រីអំពាវនាវឲ្យនិយោជក និងកម្មករបន្តការចរចាដោយសន្តិវិធី ដើម្បីស្វែងរកដំណោះស្រាយដែលស្របតាមច្បាប់ការងារ។ អ្នកស្រីក៏បានបញ្ជាក់ដែរថា ប្រសិនបើការបញ្ឈប់តំណាងកម្មករ ឬតំណាងសហជីព មិនអនុវត្តតាមនីតិវិធីច្បាប់ទេ កម្មករមានសិទ្ធិទាមទារឲ្យនិយោជកអនុវត្តតាមច្បាប់ និងការពារសិទ្ធិស្របច្បាប់របស់ខ្លួន។
អ្នកស្រីនិយាយថា៖ «ជាទូទៅខ្ញុំគិតថា វាអត់មានអីល្អជាងការដែលភាគីកម្មករនិយោជិត ភាគីនិយោជក និងក្រសួង រួមទាំងភាគីពាក់ព័ន្ធទាំងអស់ អង្គុយតុជជែកគ្នារកដំណោះស្រាយជុំវិញបញ្ហាហ្នឹងឡើយ ដើម្បីឱ្យការទាមទាររបស់កម្មករនិយោជិតទទួលបានលទ្ធផល ហើយពួកគាត់បានចូលធ្វើការងារវិញ»។
អ្នកស្រីបន្តថា៖ «ប៉ុន្តែប្រសិនបើមិនមានដំណោះស្រាយជុំវិញរឿងហ្នឹងទេ ខ្ញុំគិតថាជាទូទៅនិយោជិត ពួកគាត់មិនបោះបង់សិទ្ធិរបស់ពួកគាត់ទេ ព្រោះការសម្រេចចិត្តធ្វើកូដកម្ម និយោជិតរបស់យើងដឹងហើយថា គាត់ហ៊ានលះបង់ដើម្បីទាមទារអ្វីដែលជាការចង់បានរបស់គាត់»៕







