សាលាដំបូងភ្នំពេញ បើកសវនាការករណីបោកប្រាស់ដ៏ធំប្រចាំប្រទេសបង្កឡើងដោយក្រុមហ៊ុនពិភពដីមាស

ដីធ្លី

(ប្រជាពលរដ្ឋមកពីខេត្តនានារួមមានខេត្តបាត់ដំបង កំពត ស្វាយរៀងជាដើម និងពលរដ្ឋនៅភ្នំពេញផងបាននាំគ្នាទៅមុខតុលាការដើម្បីរង់ចាំលទ្ធផលពីសវនាការ។)ថតដោយ៖ ហុង សេរីហ្វុង)។

សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានបើកសវនាការជុំចុងក្រោយដើម្បីជំនុំជម្រះករណីឆបោកលុយពលរដ្ឋជាងមួយពាន់គ្រួសារដោយក្រុមហ៊ុនពិភពដីមាសរបស់អតីតឧកញ៉ាលោក ហ៊ី គឹមហុង។

ប្រជាពលរដ្ឋប្រមាណ៣០០នាក់មកពីខេត្តនានារួមមានខេត្តបាត់ដំបង កំពត ស្វាយរៀងជាដើម និងពលរដ្ឋនៅភ្នំពេញផងបាននាំគ្នាទៅមុខតុលាការដើម្បីរង់ចាំលទ្ធផលពីសវនាការ។

ក្រោយពីតំណាងពលរដ្ឋរងគ្រោះចេញពីស្ដាប់សវការវិញ ក្រុមពលរដ្ឋនៅមុខតុលាការ ខឹងសម្បារចំពោះ ការលើកពេលប្រកាសសាលក្រម ។ ពលរដ្ឋបានឈានដល់បិទផ្លូវមុខតុលាការអស់ជិតមួយម៉ោងទាមទារឱ្យតុលាការចេញដីការចាប់ខ្លួនលោក ហ៊ី គឹមហុង ភ្លាមៗ។ តែយ៉ាងណាពួកគេបានបើកផ្លូវវិញបន្ទាប់ពី សហមេធាវីការពារពលរដ្ឋចេញមកពន្យល់ពីបញ្ហាច្បាប់នានាក្នុងករណីនេះ។

សហមេធាវីការពារក្ដីឱ្យពលរដ្ឋរងគ្រោះអ្នកស្រី តាំង ស៊ីនហុង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅក្នុងសវនាការ ទាំងមេធាវីភាគីពលរដ្ឋរងគ្រោះ និងមេធាវីភាគីក្រុមហ៊ុនបានធ្វើសេចក្ដីសន្និដ្ឋានរៀងខ្លួន ដោយមេធាវីការពារពលរដ្ឋស្នើតុលាការកាត់ទោសអ្នកពាក់ព័ន្ធភាគីក្រុមហ៊ុនទាំងអស់ ព្រមទាំងទាមទារសំណងឱ្យពលរដ្ឋរងគ្រោះ ។

អ្នកស្រីថា៖ «ខ្ញុំសន្និដ្ឋានឱ្យជនជាប់ចោទហ្នឹងជាប់ទោសតាមមាត្រានៃបទឆបោកមានស្ថានទម្ងន់ ព្រោះគាត់រៀបចំមានអង្គការចាត់តាំង[…]ហើយមួយទៀតពាក់ព័ន្ធនឹងជនជាប់ចោទខ្លះគាត់ប្រើហិង្សា[…]មានអ្នកខ្លះគាត់តដៃនឹងកម្លាំងសមត្ថកិច្ច គាត់ប្រើហិង្សា ពេលសមត្ថកិច្ចចុះទៅចាប់គាត់តដៃវៃ[…]ទី២ខ្ញុំសុំឱ្យសងសំណងដល់ប្រជាពលរដ្ឋទាំងអស់ ហើយនិងជំងឺចិត្ត ហើយនិងមួយទៀតខ្ញុំស្នើសុំឱ្យគាត់ចាប់ជនជាប់ចោទ[ជនជាប់ចោទដែលនៅក្រៅឃុំ]ត្រឡប់មកវិញ»។

អ្នកស្រី ស៊ីនហុង ឱ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញទុកពេលឱ្យភាគីទាំងពីរចំនួន៣០ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដើម្បីឱ្យដាក់ឯកសារលំអិតបន្ថែម។

អ្នកស្រីបន្ថែមថា៖ «ភស្តុតាងយើងមានអស់ហើយអូន មានអស់ហើយ តែគ្រាន់តែថាវានៅខ្វះចន្លោះដែលភស្តុតាងខាងភាគីគេដាក់ថាតែ៧០០ជាង[ចំនួនពលរដ្ឋរងគ្រោះ] ។ មួយទៀត អារចនាសម្ព័ន្ធលើប្រជាពលរដ្ឋ ក ខ គ ឃ ប៉ុន្មានៗអ៊ីចឹងត្រូវឱ្យមានឱ្យច្បាស់។ នៅពេលដែលយើងរឹបអូសទ្រព្យសម្បត្តិលក់អីបានលុយ តុលាការនឹងបែងចែកថា សងទៅ ក នេះប៉ុន្មាន សងទៅនេះប៉ុន្មាន នេះប៉ុន្មានឱ្យវាច្បាស់»។

ពលរដ្ឋរងគ្រោះកណីក្រុមហ៊ុនពិភាពដីមាស លោក សេង ហាន់ បានប្រាប់ថា លោកបានចាញ់បោកក្រុមហ៊ុនពិភពដីមាសអស់ចំនួន៨ម៉ឺនដុល្លារអាមេរិក កាលពីឆ្នាំ ២០២១ ដែលនាំឱ្យលោកមានការលំបាកផ្នែកជីវភាព ដោយសារជាប់បំណុលធនាគារ។

លោកថា៖ «យើងលំបាកខ្លាំង ដោយសារទី១យើងយកបំណុលធនាគារយកមកដាក់វិនិយោគជាមួយនឹងក្រុមហ៊ុន ពិភពដីមាស សង្ឃឹមថាបានការប្រាក់[…]ប៉ុន្តែពេលដែលដាក់បានប៉ុន្មានខែអាការក៏អត់ ហើយអាដើមអីក៏អត់។ អ៊ីចឹងរងប៉ះពាល់ដល់ការងាររកស៊ីផង បាត់បង់កិត្តិយស វិបត្តិផ្លូវចិត្ត ធ្វើអីក៏អត់បាន ដោយសារគេមើលមកថា យើងចាញ់បោកគេ។ ពីមុនលក់អនឡាញលក់អីដាច់ ដល់ឥឡូវលក់លែងដាច់»។

ពលរដ្ឋរងគ្រោះរូបនេះ សង្ឃឹមថាតុលាការនឹងផ្ដល់យុត្តិធម៌ជូនពលរដ្ឋនៅពេលប្រកាសសាលក្រមនាពេលខាងមុខ ដោយឱ្យពលរដ្ឋឈ្នះក្ដីនិងបានលុយសំណង។

ចំណែកពលរដ្ឋរងគ្រោះមួយទៀតមកពីស្រុកឈូក ខេត្តកំពតសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា គាត់បានយកប្លង់ដីគាត់ទាំង៥ហិកតា ទៅដាក់នៅធនាគារដើម្បីខ្ចីលុយ ៦ម៉ឺនទៅវិនិយោគនៅក្រុមហ៊ុនពិភពដីមាស។ អ្នកស្រីថា ឥឡូវនេះបំណុលគាត់បានកើនដល់ប្រមាណ៨ម៉ឺនដុល្លារហើយ។ គាត់ឱ្យដឹងថា ប្ដីគាត់បានបាត់បង់ជីវិតដោយសារជំងឺបាក់ទឹកចិត្ត បណ្ដាលមកពីជំពាក់បំណុលច្រើនដោះមិនរួច ព្រោះតែចាញ់បោកក្រុមហ៊ុនពិភពដីមាស។

អ្នកស្រីថា៖ «ខ្ញុំជឿរឿងតុលាការថ្នាក់ដឹកនាំអាចនឹងដោះរឿងហ្នឹងចេញដើម្បីឱ្យប្រជាជនគ្រប់គ្នា រាប់ពាន់នាក់ រស់តទៅទៀត ។ហើយនិងសុំឱ្យថ្នាក់ដឹកនាំខាងលើលោកបើកភ្នែកជួយមើលដោះស្រាយឱ្យខ្ញុំៗអត់ ខ្ញុំជំពាក់គេ»។

រីឯពលរដ្ឋរងគ្រោះមួយរូបទៀតមកពីស្រុកស្វាយទាប ខេត្តស្វាយរៀង អ្នកស្រី ម៉ៅ រ៉ានី បានប្រាប់ថា គាត់ដាក់លុយវិនិយោគជាមួយក្រុមហ៊ុនពិភពដីមាសចំនួនជាង១ម៉ឺន៤ពាន់ដុល្លារ ដោយទទួលបាន៦០០ដុល្លារពីក្រុមហ៊ុននេះប្រចាំខែ កាលគាត់ដាក់ដំបូង។

ក្រោយបានផលចំនួន២៤ខែ គឺដល់ឆ្នាំ២០២៣ អ្វីៗគ្រប់យ៉ាងបានប្រែប្រួល ទាំងលុយការ និងលុយដើមរបស់គាត់បានជាប់គាំងនៅក្រុមហ៊ុនពិភពដីមាសទាំងអស់ពីពេលនោះមក បណ្ដាលឱ្យវ័យ៤៦ឆ្នាំ ផុងខ្លួនក្នុងបំណុលជាង៥ម៉ឺនដុល្លារ។ អ្នកស្រី រ៉ានី បានបង្ខំលក់ដីលក់ផ្ទះយកសងបំណុលនេះ។

អ្នកស្រីថា៖ «ពួកខ្ញុំជាជនរងគ្រោះទាំងអស់ រយៈពេល៣ឆ្នាំហើយ[…]យ៉ាងណាចេញដីការចាប់ក្រុមហ៊ុនឱ្យចូលគុកវិញទៅបានមានដំណោះស្រាយ។ បើសិនជាតុលាការមិនទាញឱ្យ ហ៊ី គឹមហុង ឱ្យចូលគុកវិញទេគឺអត់មានដំណោះស្រាយទេ»។

ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា បញ្ហារវាងពលរដ្ឋ និងក្រុមហ៊ុនពិភពដីមាស ជារឿងរ៉ាំរ៉ៃប៉ះពាល់ជីវភាពគ្រួសារពលរដ្ឋ ដោយសារបំណុល បញ្ហាកូនៗពួកគេត្រូវបោះបង់ចោលការសិក្សា ខណ៉ពលរដ្ឋមួយចំនួនបានបាត់បង់ជីវិតដោយសារបញ្ហាផ្លូវចិត្តកើតចេញពីរឿងនេះជាដើម។

លោកថា៖ «ខ្ញុំយល់ថាវាជារឿងរ៉ាំរ៉ៃយូរហើយៗតុលាការគួរតែបញ្ចប់បានន័យថា ផ្ដល់យុត្តិធម៌សម្រាប់ពួកគាត់ឱ្យបានឆាប់»។

សមត្ថកិច្ចបានចាប់ខ្លួនម្ចាស់ក្រុមហ៊ុនពិភពដីមាសលោក ហ៊ី គឹមហុង កាលពីខែសីហា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងបទល្មើសឆបោក ក្រោយប្រជាពលរដ្ឋរងគ្រោះ ប្ដឹងអតីតឧកញ៉ារូបនេះ។ ក៏ប៉ុន្តែបន្ទាប់ពីលោកជាប់ពន្ធនាគារប្រមាណ ៣ខែ ពោលគឺកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ តុលាការបានដោះលែងលោក ហ៊ី គឹមហុង ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន តាមការស្នើសុំរបស់ពលរដ្ឋរងគ្រោះជាច្រើនគ្រួសារ។ សាលាដំបូងរាជធានីភ្នំពេញបានបលកសវនាការជំនុំជម្រះករណីនេះ៣លើកមកហើយ គឺលើកទី១កាលពីខែធ្នូ ឆ្នាំ២០២៥ លើកទី២ នៅខែមីនា ឆ្នាំ២០២៦ និងលើកទី៣ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦៕

អានអត្ថបទផ្សេងទៀតអំពី ដីធ្លី

ដីធ្លី","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2727}" data-page="1" data-max-pages="1" data-start="1" data-end="1">