ក្រសួងការបរទេសកម្ពុជាតវ៉ាចំពោះសកម្មភាពចុះវាស់វែងដីធ្លី និងបោះបង្គោលព្រំដីរបស់អាជ្ញាធរ និងពលរដ្ឋថៃ ដែលកំពុងកាន់កាប់ដោយខុសច្បាប់នៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឱ្យដឹងថា ក្រុមការងារវាស់វែងដីធ្លីថៃមួយក្រុម រួមជាមួយប្រជាពលរដ្ឋថៃប្រមាណ២៥នាក់ និងយានយន្តចំនួន៩គ្រឿង បានធ្វើសកម្មភាពខុសច្បាប់ខាងលើនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤៦ និង៤៧ ចាប់តាំងពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។
កម្ពុជាចាត់ទុកសកម្មភាពនេះ ជាការបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU-2000) រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក និងបែបបទបច្ចេកទេសឆ្នាំ២០០៣ (TOR 2003) ក៏ដូចជាកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃ។
ក្រៅពីនេះ សកម្មភាពខុសច្បាប់របស់ថៃ ក៏ជាការបំពានលើចំណុចទី១ ដែលនិយាយអំពីវិធានការកាត់បន្ថយភាពតានតឹង នៃសេចក្តីប្រកាសរួមក្នុងកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រគល់ភារៈកិច្ចជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរផងដែរ។
ចាប់តាំងពីមានបញ្ហាព្រំដែននៃប្រទេសទាំងពីរ កម្ពុជាតែងតែបញ្ជាក់ពីការមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ថៃឡើយ និងរំលឹកថា សកម្មភាពថ្មីៗនេះរបស់ថៃ នឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងខ្សែបន្ទាត់ព្រំដែនអន្តរជាតិឡើយ។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ បញ្ឈប់រាល់សកម្មភាពជាឯកតោភាគី ហើយត្រូវធ្វើការបន្ធូរបន្ថយភាពតានតឹង លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អ តាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។
កម្ពុជាបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ និងជាមួយប្រទេសជិតខាងទាំងអស់ តាមមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍ថា បន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយប្រើកម្លាំងនោះឡើយ។
យោធាថៃបានបើកការវាយប្រហារ និងឈ្លានពានមកលើកម្ពុជាពីរលើក ដោយលើកទីមួយនៅក្នុងខែកក្កដា និងលើកទីពីរនៅខែធ្នូ ឆ្នាំ២០២៥ ហើយប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ទោះជាយ៉ាងណា ថៃនៅតែបន្តឈ្លានពានចូលក្នុងទឹកដីកម្ពុជានៅតាមបណ្តោយខេត្តជាប់ព្រំដែន ដោយធ្វើសកម្មភាពខុសច្បាប់តាមរយៈការរាយលួសបន្លា ដាក់ទូរកុងតឺន័រ កសាងហេដ្ឋារចនាសម្ព័ន្ធ ធ្វើពិធីសាសនាផ្សេងៗលើប្រាសាទ និងតំឡើងទង់ជាតិថៃនៅលើទឹកដីកម្ពុជាដោយអះអាងថា ទឹកដីទាំងនោះជាទឹកដីរបស់ពួកគេ បើទោះជាកម្ពុជាបានចេញមុខតវ៉ាប្រឆាំងជាហូរហែក៏ដោយ។
កាលពីពេលថ្មីៗនេះ កម្ពុជាក៏បានជំរុញជាថ្មីឱ្យថៃចូលរួមកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC និងបញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) បន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែងឱ្យបានឆាប់បំផុតដែរបន្ទាប់ពីថៃយកលេសលើកពេលជាបន្តបន្ទាប់៕







