ប្រជាសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ បង្ហាញក្ដីបារម្ភជាថ្មីចំពោះការបាត់បង់ព្រៃឈើឆាប់រហ័ស និងសុវត្ថិភាពពេលចុះល្បាតព្រៃ ដោយពួកគេអះអាងថាការកាប់បំផ្លាញព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នៅតែមានជាប្រចាំ ហើយជនល្មើសមានប្រដាប់ដោយអាវុធកែច្នៃ។
ក្ដីកង្វល់នេះកើតឡើងក្រោយពីបណ្ដាញព្រៃឡង់បានចុះល្បាតព្រៃឡង់ ខេត្តព្រះវិហារពីថ្ងៃទី៧ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។
តាមរយៈទំព័រហ្វេសបុករបស់បណ្ដាញព្រៃឡង់ Prey Lang – It’s Our Forest Too ផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា ក្នុងរយៈពេលបីយប់បួនថ្ងៃពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ដែលពួកគេចុះល្បាតព្រៃឡង់ ពួកគេបានបានរកឃើញមានឈើ៤១ដើមត្រូវបានកាប់បំផ្លាញ នៅតំបន់ព្រៃឡង់ខេត្តព្រះវិហារ។ ក្រុមល្បាតព្រៃក៏រឹបអូសបានសំភារៈមួយចំនួនរបស់ ជន ល្មើសរួមមាន រណាយន្ដចំនួន ៣គ្រឿង និងអាវុធកែច្នៃចំនួន ៦ដើម។
យុវជនព្រៃឡង់ជនជាតិដើមភាគតិចកួយដែលបានចុះល្បាតព្រៃឡង់ លោក ចាន់ សារិន បានប្រាប់ប្រជាកាសែតថា សំភារៈដែលបណ្ដាញព្រៃឡង់រឹបអូសបានគឺ អាវុធកែច្នៃត្រូវបានប្រគល់ជូនទៅប៉ុស្តិ៍នគរបាលឃុំរួសរាន់ ស្រុករវៀង ឯរណាយន្តត្រូវប្រគល់ជូនមន្ត្រីឧទ្យានរក្ស ស្រុកជ័យសែន ខេត្តព្រះវិហារ។
ជាមួយគ្នានេះ លោក សារិន បង្ហាញក្ដីបារម្ភពីការបាត់បង់ព្រៃឈើនៅតំបន់ព្រៃឡង់នេះដោយសារបទល្មើសធនធានធម្មជាតិបន្តកើតមាន ព្រមទាំងបារម្ភពីសុវត្ថិភាពព្រោះជនល្មើសប្រដាប់ដោយអាវុធកែច្នៃ។
លោកថា៖ «សម្រាប់ពួកយើងជាបណ្ដាញព្រៃឡង់ យើងព្រួយបារម្ភទី១ការបាត់បង់ព្រៃឈើ ទី២ការបាត់បង់សត្វព្រៃ ហើយទី៣គឺប្រឈមនឹងអាវុធកែច្នៃ ដោយសារតែយើងព្រួយបារម្ភបំផុតបច្ចុប្បន្ននេះគឺអាវុធកែច្នៃប្រើប្រាស់ច្រើនមែនទែន[…]យើងគ្រាន់តែដកហូតអាវុធកែច្នៃនេះរហូតដល់៦ដើម។ បើយើងឃើញជាក់ស្ដែង មើលឃើញទាំងយប់នោះច្រើនដើមមែនទែន មិនក្រោមពី៣០ ឬក៏៤០ដើមទេ»។
ករណីនេះ លោកចង់ឱ្យក្រសួងមហាផ្ទៃចាត់វិធានការចំពោះការប្រើប្រាស់អាវុធកែច្នៃ ជាពិសេសនៅតំបន់ដែលសម្បូរអាវុធប្រភេទនេះ តួយ៉ាងនៅស្រុករវៀង ខេត្តព្រះវិហារ។
ចំណែកឯសកម្មជនព្រៃឡង់ជាជនជាតិដើមភាគតិចកួយដែលបានចុះល្បាតដែរនោះគឺលោក ហ៊ីង យឺន បានប្រាប់ថា កាលគាត់ចុះល្បាតព្រៃឡង់ គាត់ឃើញដើមឈើដែលត្រូវគេកាប់បំផ្លាញមានមុខកាត់ពីចម្លោះ ៣០សង់ទីម៉ែត្ររហូតដល់ជិត ២ម៉ែត្រ ដែលជាប្រភេទឈើកកោះ ស្ទៀង ផ្ដៀក និងប្រភេទឈើស្រឡៅជាដើម។
លោកថា៖ «សម្រាប់ខ្ញុំៗមានការព្រួយបារម្ភច្រើនមែនទែន សម្រាប់តែខ្ញុំម្នាក់ឯងទេ ទី១បាត់បង់ព្រៃឈើ ហើយនិងផលអនុផលដែលយើងធ្លាប់ដកហូតតាំងពីដូនតាយូរយារមកហើយ។ មិនត្រឹមតែបាត់បង់ព្រៃឈើទេ សូម្បីតែសត្វព្រៃ នៅពេលដែលព្រៃឈើវាអស់ សត្វព្រៃក៏វាបាត់ទៅតាមហ្នឹងដែរ»។
ជាមួយគ្នានេះ លោក ហ៊ីង យឺន ចង់ឱ្យអាជ្ញាធរមូលដ្ឋានជួយផ្សព្វផ្សាយឱ្យញឹកញាប់ពីសារៈសំខាន់នៃព្រៃឈើ ឱ្យប្រជាពលរដ្ឋទាំងអស់បានដឹង និងដាស់តឿនពលរដ្ឋឱ្យការពារព្រៃឈើ។
រីឯសកម្មជនព្រៃឡង់មួយរូបទៀតជាជនជាតិដើមភាគតិចកួយគឺ លោក ខុត សឿម វ័យ៣៨ឆ្នាំ ក៏មានក្ដីបារម្ភស្រដៀងគ្នានេះថា អាចនឹងបាត់បង់ព្រៃឈើនៅតំបន់ព្រៃឡង់យ៉ាងឆាប់រហ័ស ព្រោះបទល្មើសធនធានធម្មជាតិនៅបន្តកើតមានជាបន្តបន្ទាប់។
លោកថា៖ «ដោយសារតែចំណាត់ការរបស់ក្រសួងបរិស្ថាន ជាពិសេសប្រធានមន្ទីរតាមខេត្តនីមួយៗ ឬក៏ដូចជាអភិបាលខេត្តនីមួយៗ គាត់ប្រកាសនូវការពង្រឹងកិច្ចការពារធនធានធម្មជាតិឱ្យយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែយើងអត់ទាន់ឃើញមានលទ្ធផល[…]ហើយខ្ញុំគិតថាព្រៃឡង់យើងបើនៅតែអ៊ីចឹង គឺវាអាចបាត់បង់លឿន ហើយមិនមែនជាព្រៃអភិរក្សទេ ក្លាយទៅជាព្រៃដែលគេសម្រាប់បរបាញ់សត្វ នៅពេលដែលមានកាំភ្លើងមានអីបាញ់ពេញព្រៃអ៊ីចឹង»។
ជាការឆ្លើយតប អភិបាលស្រុករវៀង ខេត្តព្រះវិហារ លោក ហោ ប៊ុនហួរ បានប្រាប់ប្រជាកាសែតថា លោកមិនបានដឹងទេថា អ្វីដែលបណ្ដាញព្រៃឡង់រកឃើញនេះ កើតមានពិត ឬយ៉ាងណា ព្រោះថា លោកមិនបានចុះល្បាតព្រៃឡង់។ តែយ៉ាងណា លោកមិនគាំទ្រឱ្យកើតមានបទល្មើសធនធានធម្មជាតិនានានៅក្នុងតំបន់នេះឡើយ។
លោកថា៖ «ខ្ញុំអត់ច្បាស់ផង ព្រោះខ្ញុំអត់បានចុះទៅ ហើយពាក់ព័ន្ធនឹងការក្នុងនាមអាជ្ញាធរ ពាក់ព័ន្ធនឹងការរុករាន ទន្ទ្រានដីព្រៃក៏ដូចជាដីសហគមន៍ ដីព្រៃគ្រប់គ្រងដោយបរិស្ថាន ឬក៏គ្រប់គ្រងដោយក្រសួងកសិកម្ម ក្នុងនាមអាជ្ញាធរមិនគាំទ្រជាដាច់ខាត»។
ប្រជាកាសែតមិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា បានទេនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។
ជុំវិញករណីនេះ ប្រធានប្រតិបត្តិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) លោក ម៉ើ ចាន់ដារ៉ា សង្កេតឃើញថា បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់នៅតែមានភាពសកម្ម។ លោកយល់ថា ការដែលបទល្មើសធនធានធម្មជាតិអាចបន្តកើតមាននេះ ទំនងជាមានការជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
លោកថា៖ «ប្រហែលជាមានការប្រព្រឹត្តអំពើពុករលួយនៅក្នុងបញ្ហានេះ។ បើគ្មានការប្រព្រឹត្តអំពើពុករលួយ ឬមួយក៏គ្មានការបើកដៃ ការត្រូវរ៉ូវគ្នាឱ្យមានការចូលកាប់ទន្ទ្រានព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ទេ ប្រហែលជាបទល្មើសហ្នឹងគឺមិនអាចធ្វើការដឹកឈើចេញបានទេ ព្រោះយើងមើលឃើញបទល្មើសដឹកឈើចេញភាគច្រើន គឺកាត់តាមទីស្នាក់ការបរិស្ថាន ឬក៏ទីយាមរបស់មន្ទីរបរិស្ថាន»។
បញ្ហានេះ លោក ម៉ើ ចាន់ដារ៉ា ផ្ដល់យោបល់ដល់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងក្រសួងបរិស្ថានគួរតែមានវិធានការក្ដៅបន្ថែមចំពោះមន្ត្រីដែលពាក់ព័ន្ធបទល្មើសធនធានធម្មជាតិ ដោយប្រើវិធានការច្បាប់ ជំនួសឱ្យវិធានការរដ្ឋបាល។
អនុក្រឹត្យចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថា ដែនជម្រកសត្វព្រៃព្រៃឡង់មានទំហំ ៤៨៩ ៦៦៣ហិកតា ស្ថិតក្នុងខេត្តចំនួន៤គឺខេត្តក្រចេះ កំពង់ធំ ស្ទឹងត្រែង និងខេត្តព្រះវិហារ៕







