សហគមន៍ជនជាតិដើមភាគតិចពូនង នៅឃុំស្រែព្រះ ដែលស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគីរី ទទួលបានការលើកកម្ពស់ជីវភាពរស់នៅ តាមរយៈថវិកាគម្រោងរេដបូកកែវសីមា ស្របពេលគម្រោងនេះទទួលបានថវិកាប្រមាណ ១លានដុល្លារអាមេរិកបន្ថែម ក្នុងដំណាក់កាលទី៥ នៃកម្មវិធីថវិការេដបូកសម្រាប់សហគមន៍ក្នុងឆ្នាំ២០២៦។
កម្មវិធីថវិការេដបូកសម្រាប់សហគមន៍ (C4C) វគ្គទី៥ ដែលទទួលបាន សម្រាប់សហគមន៍មកពីភូមិចំនួន២០ ដែលភាគច្រើនមានជនជាតិដើមភាគតិចពូនងរស់នៅ បានបែងចែកសម្រាប់លើកកម្ពស់ជីវភាពរស់នៅ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច ការគ្រប់គ្រងដី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការលើកកម្ពស់ការអប់រំ ការលើកកម្ពស់ការថែទាំសុខភាព និងសប្បុរសធម៌ ការលើកកម្ពស់វប្បធម៌ ប្រពៃណីជនជាតិដើមភាគតិចពូនងជាដើម។
សមាជិកគណៈកម្មការកម្មវិធីថវិការេដបូកសម្រាប់សហគមន៍ លោក នៀវ កាណុង ជាជនជាតិភាគតិចពូនង នៅភូមិអូរច្រា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បង្ហាញក្ដីសប្បាយរីករាយ ស្របពេលសហគមន៍បន្តទទួលបានថវិកាពីគម្រោងរេដបូក សម្រាប់អភិវឌ្ឍសហគមន៍ និងការពារធនធានធម្មជាតិ។ យ៉ាងណា លោករំឭកឱ្យដឹងថា កន្លងមកនៅក្នុងសហគម៍មានការកាប់បំផ្លាញព្រៃឈើច្រើន ប៉ុន្ដែបន្ទាប់ពីទទួលបានថវិការេដបូក លោកមើលឃើញពីការប្រែប្រួលលើតម្រូវការជាមូលដ្ឋានសម្រាប់សហគមន៍ ទាំងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និងការការពារសម្រាប់ប្រជាជនពេលមានអាសន្ន និងការយល់ដឹងដើម្បីការពារធនធានធម្មជាតិ។
លោក នៀវ កាណុង៖ «រឿងការកាប់រានហ្នឹង បើកាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៤អី យើងមានបញ្ហាកាប់ច្រើនណាស់។ ចាប់ពីឆ្នាំ២០២៤ ដល់ឥឡូវ ពីរឆ្នាំហ្នឹង មិនសូវកាប់ប៉ុន្មានទេ ប៉ុន្តែជនប្រព្រឹត្តបទល្មើស វាមានបទល្មើសតិចតួចទេ ដោយសារយើងអនុវត្តច្បាប់ និងសហគមន៍អាចយល់ដឹង ពិសេសគណៈកម្មការ ឬក្រុមល្បាតផ្សព្វផ្សាយ កុំកាប់រានព្រៃធ្វើឱ្យបាត់បង់ជម្រកសត្វព្រៃ»។
លោក កាណុង បន្ត៖ «ក្រុមល្បាតសហគមន៍យើងក៏ចុះល្បាតនៅតំបន់ព្រៃការពារនៅតំបន់រេដបូកដែរ ដើម្បីកុំឱ្យបាត់បង់ព្រៃ ដើម្បីសល់ព្រៃហ្នឹង យើងអាចដកហូតសម្រាប់មុខរបរចិញ្ចឹមជីវិតក្រុមគ្រួសាររសហគមន៍។ សហគមន៍យើងខំប្រឹងការពារ ខំប្រឹងអភិវឌ្ឍ ដែលលុយរេដបូកធ្លាក់មកម្ដងៗ យើងអភិវឌ្ឍភូមិឃុំយើងអ៊ីចឹងទៅណា បានអត់អីទេ ប៉ុន្ដែរឿងធូរធារនេះ វាមិនទាន់ច្បាស់លាស់ទេ»។
គម្រោងរេដបូក (REDD+) គឺជាយន្តការអន្តរជាតិមួយ បង្កើតឡើងដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ តាមរយៈការការពារ និងការគ្រប់គ្រងព្រៃឈើឱ្យបានប្រសើរឡើង ដោយគណនាចំនួនកាបូនដែលបានរក្សាទុក ក្នុងដើមឈើ ហើយបំប្លែងទៅជា «ឥណទានកាបូន»។
ប្រធានផ្នែកសហគមន៍គម្រោងរេដបូកកែវសីមា នៃអង្គការអភិរក្សសត្វព្រៃ WCS ប្រចាំកម្ពុជាអ្នកស្រី ឆាយ គឹមហ៊ាក បានឱ្យដឹងថា សហគមន៍ដែនជម្រកសត្វព្រៃកែវសីមា ដែលភាគច្រើនមានជនជាតិដើមភាគតិចពូនង មកពីភូមិចំនួន២០រស់នៅ បានទទួលថវិកាប្រមាណ ១លានដុល្លារអាមេរិកគាំទ្រដោយគម្រោងរេដបូកកែវសីមាក្នុងជុំទី៥ក្នុងឆ្នាំ២០២៦។ អ្នកស្រីពន្យល់ថា សហគមន៍នីមួយៗ ទទួលបានប្រាក់មិនស្មើគ្នាទេ ដែលថវិកាទាំងនោះត្រូវដាក់ចូលក្នុងគណនីធនាគារសហគមន៍ ហើយសហគមន៍ជាអ្នកសម្រេចចិត្តលើការប្រើប្រាស់ថវិកាលើវិស័យអាទិភាពនៅក្នុងសហគមន៍ ដោយមាន WCS ជាអង្គការដៃគូបច្ចេកទេស តាមរយៈការផ្ដល់ការកសាងសមត្ថភាពលើការគ្រប់គ្រងថវិកា សម្របសម្រួលការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិជាដើម។
អ្នកស្រី ឆាយ គឹមហ៊ាក៖ «សម្រាប់ព្រៃឈើ ខ្ញុំអត់បានដឹងថាកាត់បន្ថយការបាត់បង់ព្រៃឈើប៉ុន្មានទេ អាហ្នឹងត្រូវការរបាយណ៍ទៀតណា។ តែជារួមព្រៃឈើ បើយើងមើលសាមញ្ញពីក្រៅទៅ យើងថាគម្រោងរេដបូក ដូចជាអត់ឃើញ ការពារព្រៃឈើបានផង ឃើញតែនៅបាត់ ប៉ុន្ដែសម្រាប់គម្រោងរេដបូក គឺយើងទប់ស្កាត់ការបាត់បង់ កុំឱ្យធ្វើឱ្យការបាត់បង់ហ្នឹងច្រើនពេក ដែលកន្លែងហ្នឹងត្រូវការទិន្នន័យពីក្រុមការងារបច្ចេកទេស ខ្ញុំអត់មានទេកន្លែងហ្នឹង ប៉ុន្ដែជាលទ្ធផល ដែលសហគមន៍ និងគម្រោងធ្វើហ្នឹង គឹបានទប់ស្កាត់ការបាត់បង់ព្រៃឈើ»។
អ្នកស្រីបន្តថា និរន្តរភាពសម្រាប់សហគមន៍បន្តកើតមាន ដរាបណាសហគមន៍នៅតែចូលរួមដើម្បីថែរក្សាព្រៃឈើ៖ «ការការពារព្រៃឈើ ជាការរួមចំណែក ដើម្បីឱ្យគាត់អាចលក់ឥណទានកាបូនបាន រឿង១ទៀត គឺសហគមន៍ខ្លួនឯងហ្នឹង នៅតែអាចបន្តប្រើប្រាស់ផល អនុផលព្រៃឈើបានយូរអង្វែងសម្រាប់កូនចៅគាត់។ បើពួកគាត់នៅតែបន្តការចួលរួមការការពារព្រៃឈើ ហើយពិភពលោកនៅតែមានយន្តការឥណទានកាបូនហ្នឹង យើងនៅអាចលក់កាបូនបាន គាត់នៅបានថវិកា ដែលបែងចែកពីការលក់កាបូនហ្នឹងសម្រាប់អភិវឌ្ឍសហគមន៍ពួកគាត់»។
រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាមន្រ្ដីបង្គោលរេដបូកជាតិ លោក ជួប ប៉ារីស៍ ថ្លែងឱ្យដឹងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ថវិការេដបូកសម្រាប់សហគមន៍តំបន់ការពារធម្មជាតិវគ្គទី៥ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ថារដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ការអភិរក្សធនធានធម្មជាតិ និងការឆ្លើយតបទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុ ហើយផ្តោតលើការអភិវឌ្ឍមនុស្ស សេដ្ឋកិច្ច សង្គម និងបរិស្ថាន ដើម្បីធានាការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោក ជួប ប៉ារីស៍ មានប្រសាសន៍យ៉ាងដូច្នេះ៖ «គម្រោងរេដបូកកែវសីមា គឺជាគំរូដ៏សំខាន់មួយ ដែលបានបង្ហាញថា ការអភិរក្សធនធានធម្មជាតិ អាចដំណើរការជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់សហគមន៍បាន។ គម្រោងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុង ការកាត់បន្ថយការបាត់បង់ និងការរេចរឹលព្រៃឈើ ការអភិរក្សជីវៈចម្រុះ ការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន ដោយផ្ដោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង»។
គម្រោងរេដបូកកែវសីមា ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី និងផ្នែកខ្លះនៃខេត្តក្រចេះ មានផ្ទៃដីគ្របដណ្ដប់ជាង ៣១ម៉ឺន (៣១៧.៤៥៦) ហិកតា។ គម្រោងនេះ វាយតម្លៃទទួលស្ដង់ដារ ដោយអង្គការអន្តរជាតិ Verra (Verified Carbon Standard) គ្រប់គ្រងដោយ ក្រសួងបរិស្ថាន ដោយមានអង្គការ WCS ជាដៃគូបច្ចេកទេសអនុវត្តគម្រោង។ ក្រុមហ៊ុនល្បីៗដូចជា The Walt Disney Gucci, និង Delta Air Lines បានទិញកាបូនពីគម្រោងកែវសីមានេះ ដើម្បីប៉ះប៉ូវការបំពុលបរិស្ថានរបស់ក្រុមហ៊ុនពួកគេ។
បើតាមអង្គការ WCS Cambodia សហគមន៍ក្នុងភូមិចំនួន២០ ក្នុងដែនជម្រកសត្វព្រៃកែវសីមា បានទទួលថវិកាពីគម្រោងរេដបូកកែវសីមាចំនួន ៥វគ្គរួចមកហើយ ដែលមានទឹកប្រាក់សរុបប្រមាណ ៣លានដុល្លារអាមេរិក។
តាមអង្គការដដែល កម្មវិធីថវិការេដបូកសម្រាប់សហគមន៍កាលពីវគ្គទី៤ ជួយឱ្យប្រជាជនប្រមាណ ៣ ៩៥០នាក់ ទទួលបានទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងអនាម័យល្អប្រសើរ។ ក្នុងនោះ គ្រួសារប្រមាណ ២ ៥៧៥គ្រួសារ ទទួលបានការគាំទ្រលើកកម្ពស់ជីវភាព ព្រមទាំងប្រជាសហគមន៍ប្រមាណ ១ ៤២៦នាក់ ទទួលបានការគាំពារសុខភាព និងសប្បុរសធម៌ និងអត្រានៃការចុះឈ្មោះចូលរៀនរបស់សិស្សសាលានៅតាមភូមិបានកើនឡើង ៤៥%៕







