ប្រជាពលរដ្ឋបង្ហាញការខកចិត្តក្រោយអាជ្ញាធរខេត្តកណ្ដាលហាមឃាត់មិនឱ្យពួកគេជួបជុំធ្វើសន្និសិទ្ធការសែតស្ដីពីវិវាទដីធ្លីរ៉ាំរ៉ៃ រវាងពលរដ្ឋ និងក្រុមហ៊ុន OCIC ក្នុងគម្រោងអភិវឌ្ឍន៍ពលរដ្ឋព្រលានយន្តហោះអន្តរជាតិតេជោ។ ពួកគេថា ពលរដ្ឋជាជនរងគ្រោះពុំទាន់ទទួលបានដំណោះស្រាយសមរម្យនៅឡើយទេ ខណៈពលរដ្ឋខ្លះកំពុងរងសម្ពាធហិញ្ញវត្ថុបន្ទាប់ពីបាត់បង់ដីធ្លី។
តំណាងពលរដ្ឋជាជនរងគ្រោះម្នាក់ ឈ្មោះ កែម គា បង្ហាញការខកចិត្តថា ការហាមឃាត់ប្រជាពលរដ្ឋមិនឱ្យជួបជុំ ជាការបំបិទសិទ្ធិពលរដ្ឋក្នុងការបញ្ចេញមតិ។ លោកថា ក្នុងនាមជាពលរដ្ឋរងគ្រោះម្នាក់លោកនិងប្រជាពលរដ្ឋផ្សេងទៀតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល គ្រោងដាក់លិខិតអន្តរាគមន៍ទៅក្រសួងដែនដីបន្តទៀត។ លោកប្រាប់ប្រជាកាសែតឱ្យដឹងថា លោកបាត់បង់ដីចម្ការចំនួន២ ហិកតា ទៅក្រុមហ៊ុនក្នុងគម្រោងអភិវឌ្ឍន៍ពលរដ្ឋព្រលានយន្តហោះអន្តរជាតិតេជោ ហើយកន្លងមកការរកដំណោះស្រាយជាមួយក្រុមហ៊ុនគឺគ្មានប្រសិទ្ធភាពឡើយ។
លោកនិយាយថា៖ «វាអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋយើង និយាយពីឯកសារដែលគាត់មានសាលក្រម ហើយ ស.ជ.ណ របស់រាជរដ្ឋាភិបាលក៏មាន តែខាងក្រុមហ៊ុនគេមិនដោះស្រាយឱ្យ»។
លោកបន្ថែមថា៖ «ឥឡូវយើងផ្អាកបន្តិចសិន ចាំមើលយើងដាក់ពាក្យស្នើសុំទៅ។ ចាំមើលគេសម្របសម្រួលយ៉ាងម៉េចទៀត យើងស្នើសុំទៅណាទៀត។ គេឱ្យយើងផ្អាកយើងត្រូវតែផ្អាក។ យើងអត់ទាន់មានជម្រើសទេ»។
ប្រជាពលរដ្ឋចំនួន១៣០ គ្រួសារ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន OCIC នៅឃុំកណ្តែក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គ្រោងរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងវិវាទដីធ្លី នៅភោជនីយដ្ឋានទន្លេបាសាក់ ក្បាលថ្នល់ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។ ប៉ុន្តែពលរដ្ឋថាគម្រោងនេះត្រូវបានអាជ្ញាធរខេត្តហាមឃាត់។
ប្រជាកាសែតមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីអភិបាលខេត្តកណ្តាលលោក គួច ចំរើន បាននៅឡើយទេនៅថ្ងៃទី២៥ ខែមិថុនា។
ទោះជាយ៉ាងណា លិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល បញ្ជាក់ថា ការរៀបចំសន្និសីទសារព័ត៌មាន ឬសកម្មភាពប្រមូលផ្តុំតវ៉ារបស់ពលរដ្ឋ អាចបណ្តាលឱ្យមានការភ័ន្តច្រឡំដល់សាធារណៈមតិ ប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្មសិទ្ធិករ និងប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។
លិខិតជូនដំណឹងដដែលសរសេរថាទីតាំងដីវិវាទមានម្ចាស់កម្មសិទ្ធិស្របច្បាប់រួចហើយ តាមរយៈសាលដីកាលេខ ១៦១ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ របស់តុលាការកំពូល។ លិខិតបន្តថាក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតលេខ ២២៦០ ដនស/ក្រ.វដីធ្លី ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយច្រានចោលសំណើរបស់តំណាងពលរដ្ឋនៅតំបន់ជម្លោះដីធ្លីនោះផងដែរ។
បែបនេះក្តី ប្រជាពលរដ្ឋរងគ្រោះម្នាក់ទៀត លោក បាន សុផល លើកឡើងថាពលរដ្ឋបានជួបតំណាងរដ្ឋបាលខេត្តកណ្ដាលនៅចុងឆ្នាំ២០២២ តែយ៉ាងណា លោកអះអាងថារដ្ឋបាលខេត្តយោងទៅតាមតែលិខិតរបស់ក្រុមហ៊ុនដែលក្រុមហ៊ុនអះអាងថាមានកម្មសិទ្ធិស្របច្បាប់ប៉ុណ្ណោះ។ តាំងពីនោះមក លោកបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះមិនទទួលបានអន្តរាគមន៍រកដំណោះស្រាយពីថ្នាក់ខេត្តណាមួយឡើយ។
លោកថា៖ «វាអាចប៉ះពាល់ដល់ផល [ប្រយោជន៍] សហគមន៍ព្រមទាំងប្រជាពលរដ្ឋជាម្ចាស់ដី។ ដោយហេតុថាគេថាក្រុមហ៊ុនមានប័ណ្ណត្រឹមត្រូវ ហើយប្រជាពលរដ្ឋមិនដែលលក់ឱ្យទេ។ ដល់ពេលខេត្តគេយោងតាមក្រុមហ៊ុនឆ្លើយអីចឹង ប៉ុន្តែចង់ថាបើឆ្លើយយ៉ាងហ្នឹងយើងចង់ឱ្យក្រុមហ៊ុនយកឯកសារផ្ទៀតផ្ទាត់គ្នា»។
លោកបន្ថែមថា៖ «យើងចង់ឱ្យមានដំណោះស្រាយជូនប្រជាពលរដ្ឋទៅ ទោះបើក្រុមហ៊ុនយកដីទៅហើយ អភិវឌ្ឍអីក៏អភិវឌ្ឍទៅ ប៉ុន្តែផ្ដល់ជាលុយកាក់អីទៅ ដើម្បីឱ្យប្រជាពលរដ្ឋមានទុន យកទៅចិញ្ជឹមជីវិតចឹងណា»។
វិវាទដីធ្លីនៅតំបន់អភិវឌ្ឍន៍ពលរដ្ឋព្រលានយន្តហោះអន្តរជាតិតេជោបានបង្កឱ្យមានការប៉ះទង្គិចគ្នាដោយហិង្សាទ្រង់ទ្រាយធំមួយបានកើតឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ រវាងប្រជាពលរដ្ឋដែលជាម្ចាស់ដី និងកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល បានបណ្តាលអោយពលរដ្ឋម្នាក់បានរងរបួសធ្ងន់ធ្ងរ ហើយប្រជាពលរដ្ឋម្ចាស់ដីធ្លីចំនួន៣០នាក់ត្រូវបានចាប់ខ្លួនមួយរយៈក្រោយមកត្រូវបានដោះលែងវិញ។
ជុំវិញករណីនេះ ប្រធានកម្មវិធីនៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ កត់សម្គាល់ឃើញថាមួយរយៈកាលចុងក្រោយនេះ អាជ្ញាធរហាក់បីដូចជាព្យាយាមមិនចង់ឱ្យប្រជាពលរដ្ឋបង្ហាញក្ដីកង្វល់របស់ពួកគាត់ពាក់ព័ន្ធនឹងទំនាស់ដីធ្លី។ លោកយល់ឃើញថាអាជ្ញាធរគួរជួបប្រជាពលរដ្ឋដើម្បីស្វែងយល់ពីទុក្ខលំបាក និងយល់ពីបញ្ហារបស់ប្រជាពលរដ្ឋទាំងនោះ។ លោកបន្ថែមថា លោកឃើញមានករណីច្រើនណាស់ដែលពលរដ្ឋទន់ខ្សោយពិបាកយកឈ្នះក្តីអ្នកមានអំណាច ឬអ្នកមានក្នុងរឿងដីធ្លី ដូច្នេះហើយបាននៅក្នុងការអភិវឌ្ឍ លោកតែងតែស្នើសុំឱ្យមានតម្លាភាព ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្តលើរដ្ឋ និងការអភិវឌ្ឍ។
លោកយល់ឃើញាថា៖ «សម្រាប់ខ្ញុំ ជំនួសឱ្យការរឹតត្បិតខ្ញុំយល់ថាអាជ្ញាធរគួរជួបប្រជាពលរដ្ឋដើម្បីយល់ពីទុក្ខលំបាក និងយល់ពីបញ្ហារបស់ប្រជាពលរដ្ឋទាំង១៣០គ្រួសារ។ ការយល់ពីប្រជាពលរដ្ឋបានច្រើនអាចឱ្យអាជ្ញាធរងាយស្រួលសម្របសម្រួល និងផ្តល់នូវដំណោះស្រាយមួយខិតជិតតម្រូវការរបស់ប្រជាពលរដ្ឋ»។
លោកបន្ថែមថា៖ «បន្ថែមពីនោះ ពាក់ពន្ធនឹងរឿងបញ្ហាដីធ្លីនេះ យើងដឹងហើយថាមានករណីច្រើនណាស់ដែលពលរដ្ឋទន់ខ្សោយពិបាកយកឈ្នះក្តីអ្នកមានអំណាច ឬអ្នកមានណាស់ ដូច្នេះហើយបាននៅក្នុងការអភិវឌ្ឍ យើងតែងតែស្នើសុំឱ្យមានតម្លាភាព ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្តលើរដ្ឋ និងការអភិវឌ្ឍ»៕







