ប្រជាសហគមន៍បឹងត្របែករស់នៅអមប្រឡាយលូ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ស្នើសុំរដ្ឋាភិបាលជួយអន្តរាគមន៍ ចំពោះបញ្ហាដែលអាជ្ញាធរមូលដ្ឋានឱ្យពួកគេរុះរើផ្ទះដើម្បីពង្រីកលូ។
ការស្នើសុំនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរខណ្ឌចំការមនជូនដំណឹងឱ្យពលលរដ្ឋ២គ្រួសាររុះរើផ្ទះពួកគេចេញត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដោយទទួលយកសំណងដែលអាជ្ញាធរផ្ដល់ឱ្យ។
តាមរយៈលិខិតជូនដំណឹងទៅពលរដ្ឋចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌចំការមន ស្នើពលរដ្ឋដែលប៉ះពាល់ដោយគម្រោងស្ដារប្រឡាយលូបឹងត្របែក ឱ្យឆាប់ទទួលយកសំណង និងរុះរើសំណង់ចេញត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។
ប្រជាសហគមន៍បឹងត្របែកភូមិ៥ អ្នកស្រី ព្រំ សុភាព វ័យ៤៤ឆ្នាំ ប្រាប់ប្រជាកាសែតថា អាជ្ញាធរបានជូនដំណឹងឱ្យគាត់រុះរើផ្ទះ៣ដងរួមមកហើយ ក៏ប៉ុន្តែអ្នកស្រីមិនព្រមទេ ព្រោះគាត់យល់ថា សំណងដែលអាជ្ញាធរផ្ដល់ឱ្យចំនួន ៥ពាន់ដុល្លារ មិនសមរម្យ។
អ្នកស្រីថា៖ «បញ្ហារងផលប៉ះពាល់ជាមួយរដ្ឋដោយគាត់ធ្វើប្រឡាយលូ ធ្វើលូគាត់ឱ្យខ្ញុំរុះរើចេញថ្ងៃទី១៩នេះ ដោយឱ្យសំណងខ្ញុំមិនសមរម្យហើយមិនយុត្តិធម៌សម្រាប់ខ្ញុំ[…]គេឱ្យសំណងទៅលើសំណង់ ប៉ុន្តែនៅថ្លៃដីគាត់អត់ឱ្យសំណងខ្ញុំទេ ខ្ញុំចង់បាននូវថ្លៃដីទៀត»។
អ្នកស្រី សុភាព ឱ្យដឹងថា ដីគាត់មានទទឹង ១០ម៉ែត្រ និងបណ្ដោយ ៣០ម៉ែត្រ ហើយគាត់បានកាន់កាប់ដីនោះតាំងពីឆ្នាំ២០០៧ ដោយអ្នកស្រីទិញក្នុងតម្លៃជាង៦ម៉ឺនដុល្លារអាមេរិក។
អ្នកស្រីបន្តថា៖ «សុំដល់សម្ដេចពុក សម្តេចម៉ែ សម្តេចហ៊ុន ម៉ាណែត និងលោកជំទាវមេត្តាជួយរកយុត្តិធម៌ឱ្យជនរងគ្រោះក្នុងសហគមន៍ពួកយើង ប្រជាជនដែលរស់នៅលើបឹងត្របែកភូមិ៤ភូមិ៥នេះ នៅសង្កាត់ចំការមននេះ សូមមេត្តាជួយរកយុត្តិធម៌ឱ្យបានត្រឹមត្រូវផង ដោះស្រាយសំណងក៏ឱ្យសមរម្យ ហើយនិងផ្លាស់ប្តូរទីលំនៅឱ្យកន្លែងដែលសមរម្យដែរ ពីព្រោះយើងរស់នៅទីនេះយូរឆ្នាំ ប្រកបមុខរបរក៏យុឆ្នាំមកហើយ»។
ចំណែកឯប្រជាសហគមន៍បឹងត្របែកភូមិ៤ លោក ស៊ឹម ស៊ីណាត វ័យ៤៦ឆ្នាំ ក៏ទទួលបានការជូនដំណឹងពីអាជ្ញាធរឱ្យរុះរើផ្ទះត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ដែរ។
លោកថា៖ «មានការជូនដំណឹងពីអភិបាលខណ្ឌចំការមនឱ្យខ្ញុំរុះរើ តែរុះរើម៉េចបើមិនទាន់បានទទួលសំណងពីអន្តរក្រសួង ហើយនិងពីសាលាខណ្ឌ និងសាលាក្រុងទេ។ ហើយពេលដែលវាយតម្លៃផ្ទះខ្ញុំ ឱ្យផ្ទះខ្ញុំហ្នឹង ៤ពាន់ទៅ៥ពាន់។ អ៊ីចឹងឱ្យខ្ញុំទទួលយកម៉េច បើផ្ទះខ្ញុំធ្វើអស់១ម៉ឺនជាងតាំងពីជំនាន់៩០ជាងមក»។
លោក ស៊ីណាត ប្រាប់ថា អាជ្ញាធរផ្ដល់សំណងខ្ទង់៥ពាន់ដុល្លារ និងផ្ដល់ផ្ទះដែលមានទទឹង ៤ម៉ែត្រ និងបណ្ដោយ ៦ម៉ែត្រ នៅតំបន់ឈូកវ៉ា ក៏ប៉ុន្តែលោកថាសំណងនេះមិនសមរម្យ ព្រោះទីតាំងថ្មីដែលអាជ្ញាធរផ្ដល់ឱ្យ ជាតំបន់ដែលងាយជន់លិចដោយទឹកភ្លៀង ហើយពិបាកឱ្យឡានពន្លត់អគ្គិសភ័យចូលតំបន់នោះ បើសិនមានបញ្ហាភ្លើងឆេះ។
លោកបន្ថែមថា៖ «បើតំបន់នេះគឺកន្លែងជិតសាលារៀន បឹងត្របែកនេះវាកូនរៀន មុខរបររកស៊ីបាន[…]អ៊ីចឹងសុំសម្ដេចពុក ហ៊ុន សែន និងសម្ដេចបវធិបតី និងសម្ដេច ប៊ុន រ៉ានី និងលោកជំទាវចន្ទមុន្នី ជួយកូនចៅផងព្រោះកូនចៅអត់មានអីទេ មានតែជម្រកផ្ទះប៉ុណ្ណឹង»។
ជាការឆ្លើយតប អភិបាលខណ្ឌចំការមន លោក កៀង ល័ក្ស មានប្រសាសន៍ថា អាជ្ញាធរមានគោលនយោបាយផ្ដល់សំណងជាប្រាក់ និងលំនៅឋានសមរម្យដល់ប្រជាសហគមន៍បឹងត្របែកទាំងអស់ដែលរងផលប៉ះពាល់ពីគម្រោងស្ដារប្រឡាយលូបឹងត្របែក។
លោកថា៖ «ដោយសារគម្រោងការស្ដារប្រឡាយនិងធ្វើផ្លូវហ្នឹងវានឹងបន្ទាន់ក្នុងពេលឆាប់ៗហ្នឹងព្រោះយើងធ្វើម៉េចឱ្យទាន់រដូវភ្លៀង ហើយត្រូវការផ្លូវជាចាំបាច់ដើម្បីចូលស្ដារប្រឡាយហ្នឹងណា៎។ យើងមានវិធានការរដ្ឋបាលនឹងរុះរើជូនគាត់ ហើយទី២ក៏មានគោលនយោបាយលំនៅដ្ឋានសមរម្យជូនគាត់រួចរាល់ហើយ»។
ជាមួយគ្នានេះ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌចំការមនបានជូនដំណឹងដល់ប្រជាសហគមន៍បឹងត្របែករស់នៅជាប់ផ្លូវ ១០៥ នៅភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ឱ្យរុះរើសំណង់របស់ពួកគេត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។
ជុំវិញករណីនេះមន្ត្រីគម្រោងសិទ្ធិដីធ្លី និងលំនៅឋាន នៃអង្គការសមាគមធាងត្នោត លោក សឿន លីមហេង មានប្រសាសន៍ថា ការជូនដំណឹងពីការរុះរើដល់ប្រជាសហគមន៍បឹងត្របែកគឺទុករយៈពេលខ្លីពេលដែលប្រជាជនមិនអាចត្រៀមខ្លួនទាន់។
លោកថា៖ «បើយើងយោងទៅតាមគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្ដីអំពីគោលការណ៍ណែនាំមុននឹងការបណ្ដេញចេញ អ៊ីចឹងកតព្វកិច្ចក្នុងការជូនដំណឹងអំពីការរុះរើហ្នឹងក៏ជាកតព្វកិច្ចចម្បងរបស់រដ្ឋមួយដែរ ដែលត្រូវតែអនុវត្ត។ នៅក្នុងនោះកាតព្វកិច្ចនេះដែរគឺត្រូវតែទុករយៈពេលសមរម្យ សមស្របដើម្បីជូនដំណឹងទៅដល់ប្រជាពលរដ្ឋឱ្យគាត់ចាកចេញពីទីតាំងដែលគាត់កំពុងរស់នៅ»។
មន្ត្រីអង្គការសមាគមធាងរូបនេះបន្តថា ការដែលអាជ្ញាធរជូនដំណឹងបន្ទាន់យ៉ាងដូច្នេះបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិទទួលបានលំនៅឋានសមរម្យ និងសិទ្ធិទទួលបានព័ត៌មានសមស្របមុននឹងគាត់រងការបណ្ដេញចេញ។
លោកបន្ថែមថា៖ «ខ្ញុំចង់ឃើញថា រាល់ការដែលដោះដូរគោលនយោបាយណាមួយរបស់រដ្ឋាភិបាល ការដោះដូរគោលនយោបាយដែលអនុញ្ញាត ឬក៏ផ្ដល់ឱ្យប្រជាពលរដ្ឋទៅរស់នៅទីតាំងថ្មីនោះ គឺត្រូវតែទុករយៈពេលសមស្របមួយដើម្បីជូនដំណឹងទៅដល់ប្រជាពលរដ្ឋឱ្យគាត់ធ្វើការត្រៀមខ្លួនជាមុនដើម្បីធ្វើការផ្លាស់ប្តូរទៅកាន់ទីតាំងថ្មី»។
លីមហេង ចង់ឱ្យរដ្ឋាភិបាលថ្លឹងថ្លែងរវាងជីវភាពប្រជាពលរដ្ឋទាំងនោះពេលប្ដូរទៅទីតាំងថ្មី និងជីវភាពពលរដ្ឋនៅទីតាំងចាស់ ឬជាការអភិវឌ្ឍន៍នៅនឹងកន្លែងនោះ ថាតើមួយណាធ្វើឱ្យជីវភាពពលរដ្ឋប្រសើរជាង។
លោកថា៖ «ការរស់នៅក្នុងទីតាំងចាស់អភិវឌ្ឍន៍នៅនឹងកន្លែងនៅទីតាំងចាស់នេះ អាចធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពប្រសើរ ឬមួយក៏ទទួលបានប្លង់កម្មសិទ្ធិនោះ បើសិនជាវាជាជម្រើសល្អជាងដែលឱ្យគាត់ទៅនៅទីតាំងថ្មី អ៊ីចឹងរដ្ឋគួរតែធ្វើការអភិវឌ្ឍន៍ប្រជាពលរដ្ឋនៅនឹងកន្លែង»។
បច្ចុប្បន្ន ប្រឡាយលូបឹងត្របែកមានទទឹងមធ្យម ៦ម៉ែត្រ ដែលអាចបង្ហូរទឹកបាន១២ម៉ែត្រគូបក្នុងមួយវិនាទី។ រដ្ឋបាលរាជធានីភ្នំពេញធ្លាប់បញ្ជាក់សារព័ត៌មានក្នុងស្រុកថា ប្រឡាយលូនេះដែលជាប់នឹងផ្លូវលេខ ១០៥ ចាំបាច់ត្រូវពង្រីកពីទទឹង ៦ម៉ែត្រទៅទទឹង១២ម៉ែត្រ ដើម្បីអាចបង្ហូរទឹកបាន២៤ម៉ែត្រគូបក្នុងមួយវិនាទី៕
ប្រជាសហគមន៍បឹងត្របែកស្នើរដ្ឋាភិបាលអន្តរាគមន៍ករណីអាជ្ញាធរឱ្យពួកគេរុះរើផ្ទះ

ប្រជាសហគមន៍បឹងត្របែកកំពុងលើកបដាថ្លែងប្រាប់អ្នកសារព័ត៌មានពីបញ្ហាដីធ្លីពួកគេ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ (រូបថត៖ ហុង សេរីហ្វុង)






