ពលរដ្ឋរងផលប៉ះពាល់ក្នុងទំនាស់ដីធ្លីលើកោះមាស ស្រុកកៀនស្វាយ ទទួលបានលិខិតអន្តរាគមន៍ពីព្រឹទ្ធសភានៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។លិខិតដដែលសង្កត់ធ្ងន់ថា ព្រឹទ្ធសភាស្នើអភិបាលខេត្តកណ្ដាល ពិនិត្យ ដោះស្រាយ តាមលិខិតអន្តរាគមន៍ និងឯកសារពាក់ព័ន្ធ បន្ទាប់មកស្នើឲ្យមានការផ្ដល់របាយការណ៍ស្ដីលទ្ធផលនៃការដោះស្រាយបញ្ហាដីធ្លីនេះដាក់ជូនមកព្រឹទ្ធសភាវិញ។ លិខិតនេះធ្វើឡើងនីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយអនុប្រធានព្រឹទ្ធសភា លោក អ៊ុច បូរិទ្ធ ។
លិខិតអន្តរាគមន៍ពីព្រឹទ្ធសភាលើកឡើងថាប្រជាពលរដ្ឋបានធ្វើការផ្ទៀងផ្ទាត់ឈ្មោះក្បាលដីរបស់ខ្លួនក្រាយអាជ្ញាធរខេត្តកណ្ដាលធ្វើការជូនដំណឹងទៅប្រជាពលរដ្ឋឮថា រដ្ឋាភិបាលបានចេញអនុក្រឹត្យ ដោយផ្ដល់អនុបយោគដីទៅឱ្យក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត (Khun Sea Import Export Co., Ltd) អាចជួលដីលើកោះមាសនេះបានក្នុងទំហំប្រមាណ ៣៥០ ហិកតា ជាអចិន្ត្រៃយ៍រយៈពេល ៥០ឆ្នាំ សម្រាប់ការវិនិយោគអភិវឌ្ឍន៍លើកោះនោះ។
ពលរដ្ឋកោះមាសបង្ហាញក្ដីសង្ឃឹមឡើងវិញ ហើយថានឹងដាក់លិខិតនេះទៅអភិបាលខេត្តកណ្ដាល ដើម្បីពិនិត្យលើបញ្ហាដីធ្លីឡើងវិញក្រោយការរកដំណោះស្រាយពីអាជ្ញាធរមិនមានប្រសិទ្ធភាព។
ប្រជាពលរដ្ឋកោះមាស លោក ឈឹម រី អាយុជាង៧៧ឆ្នាំ ប្រាប់ប្រជាកាសែតឲ្យដឹងថា លោកសង្ឃឹមថាអាជ្ញាធរខេត្តនឹងពិចារណាពិនិត្យ និងដោះស្រាយបញ្ហាដីធ្លីជាមួយក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផតឲ្យបានឆាប់រហ័ស ព្រោះប្រជាពលរដ្ឋប្រមាណជា១៦៨ គ្រួសាររងភាពអយុត្តិធម៍អស់រយៈពេលជាច្រើនឆ្នាំមកហើយ ស្របពេលកិច្ចអន្តរាគមន៍ដោះស្រាយកន្លងមកជាមួយអាជ្ញាធរខេត្តមិនមានប្រសិទ្ធភាព។ លោកថា អាជ្ញាធរខេត្តសម្របសម្រួលសម្រួលឲ្យប្រជាពលរដ្ឋព្រមទទួលសំណងក្នុងតម្លៃ៥ ទៅ ៨ដុល្លា ក្នុងម៉ែត្រការ៉េហ្នឹង តាមស.ជ.ណ របស់រដ្ឋាភិបាល។ លោកបន្ថែមថា ពលរដ្ឋទាំង១៦៨ គ្រួសារទាមទារបណ្ណកម្មសិទ្ធ តែយ៉ាងណាពលរដ្ឋមិនជំទាស់ទៅនឹងការអភិវឌ្ឍរបស់រដ្ឋាភិបាលទេ ប្រសិនបើក្រុមហ៊ុនផ្ដល់សំណងសមរម្យតាមទីផ្សារដែលពួកគាត់អាចរកទីតាំងផ្សេងរស់នៅបាន។
លោកថា៖ «និយាយរួមទាមទារបណ្ណកម្មសិទ្ធ។ ខាងព្រឹទ្ធសភារុញឲ្យទៅខេត្តវិញ រួចខេត្តដោះស្រាយយ៉ាងម៉េចបានគេធ្វើរបាយការណ៍មកព្រឹទ្ធសភាវិញ។ ខាងខ្ញុំទាមទារយកបណ្ណកម្មសិទ្ធ។ វាដូចអយុត្តិធម៍ណាស់។ យើងមានឯកសារគ្រប់គ្រាន់ ហើយគេអត់ចេញឲ្យយើង។ យកដីពីពួកយើងទៅឲ្យឃុន ស៊ា ឯណោះ ហើយឥឡូវអាជ្ញាធរធ្វើការជាមួយឃ៊ុន ស៊ាក្នុងការទិញដីពីប្រេជាពលរដ្ឋ តែប្រជាពលរដ្ឋអត់លក់ទេ ដូចខ្ញុំជាដើម។ ខ្ញុំអត់លក់ទេតម្លៃ៨ ដុល្លាក្នុងមួយម៉ែត្រការ៉េ។ ទោះគេនិយាយម៉េចក៏ខ្ញុំអត់ទទួលដែរ»។
លោកបន្ថែមថា៖ «វាដូចជាហួសហេតុពេកយករបស់យើងហើយប្រជាជនក្រីក្រយកទៅឲ្យអ្នកមាន។ វាពិបាកដែរណា។ អ្នកតូចដឹងតែខុស ធំដឹងតែត្រូវរហូត។ ខ្ញុំហាក់មានសង្ឃឹមតិចព្រោះសាលាខេត្តគេដោះស្រាយតាមស.ជ.ណ។ ហើយឥឡូវយើងដាក់ទៅខេត្តទៀត តែធ្វើម៉េចយើងចេះតែប្រឹងប្រែងទៅ»។
លោក ឈឹម រី លើកឡើងទៀតថាប្រជាពលរដ្ឋនឹងធ្វើការប្រមូលផ្ដុំនៅសាលាខេត្តនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងគោលបំណងដាក់លិខិតអន្តរាគមន៍ពីព្រឹទ្ធសភាជូនអភិបាលខេត្ត និងស្នើសុំពិនិត្យលើលទ្ធភាពចេញបណ្ណ និងដោះស្រាយជាមួយក្រុមហ៊ុន។ លោកសង្កត់ធ្ងន់ថាទោះបីជាលទ្ធផលយ៉ាងណា ប្រជាពលរដ្ឋនៅតស៊ូទាមទារសិទ្ធដីធ្លី ព្រោះកោះមាសជាដីកំណើតរបស់ប្រជាពលរដ្ឋ។
លោកលើកឡើងថា៖ «សូមអាជ្ញាធរ ចៅហ្វាយខេត្តលោកអភិបាលខេត្តលោកគួច ចម្រើន ជួយរកយុត្តិធម៍ឲ្យខ្ញុំបាទផង ព្រោះខ្ញុំមានដីតែប៉ុណ្ណឹងទេ។ ខ្ញុំបើសិនជាខេត្តដោះស្រាយហើយបញ្ជូនមកព្រឹទ្ធសភា បើយព្រឹទ្ធសភាដោះស្រាយមិនចេញទៀត ខ្ញុំមានតែនៅលើដីហ្នឹងហើយព្រោះមកដល់ថ្នាក់ហ្នឹងហើយមិនដឹងទៅណាទៀត»។
ចំណែកពលរដ្ឋម្នាក់ទៀតលោក ថូ សម្បត្តិ អាយុ៥៨ ឆ្នាំនិយាយថា លិខិតអន្តរាគមន៍នេះប្រជាពលរដ្ឋនឹងដាក់ជូនអភិបាលខេត្ត ហើយព្រឹទ្ធសភានឹងឃ្លាំមើលនីតិវិធីដោះស្រាយរបស់អាជ្ញាធរខេត្ត។ លោកថាប្រជាពលរដ្ឋរង់ចាំដំណោះស្រាយក្រោយដាក់លិខិតអន្តរាគមន៍បន្តទៀត។
លោកថា៖ «ខ្ញុំនឹងយកលិខិតដាក់ទៅសាលាខេត្តសិន។ អាជ្ញាធរខេត្តធ្លាប់បញ្ជូនឲ្យរដ្ឋបាលស្រុកកៀនស្វាយដោះស្រាយ តែរដ្ឋបាលស្រុកនៅតែឲ្យប្រជាពលរដ្ឋទទួលយកតាមស.ជ.ណ។ ឥឡូវដល់ពេលយើងមកព្រឹទ្ធសភា ព្រឹទ្ធសភាឲ្យយើងទទួលឯកសារហ្នឹងដាក់លិខិតទៅខេត្តដោះស្រាយ តែដោះស្រាយបានចំណុចប៉ុណ្ណាយើងអត់ទាន់ដឹងទេ»។
លោកថា៖ «យើងរំពឹងថាអាចដោះស្រាយបាន ព្រោះរាល់ដងខាងខេត្តថាដោះស្រាយមិបាន។ ឥឡូវចាំមើលសំណើរពីព្រឹទ្ធសភាហ្នឹងយ៉ាងម៉េចទៀតយើងចាំឃ្លាំមើលសិន»។
លោកសម្បត្តិ និយាយថាពលរដ្ឋនៅកោះមាស កំពុងតែរស់នៅប្រឈមនឹងអនាគតមិនច្បាស់លាស់ដែលធ្វើឱ្យពួកគាត់មានក្តីបារម្ភភិតភ័យយ៉ាងខ្លាំងខ្លាចថ្ងៃណាមួយអាជ្ញាធររដ្ឋាភិបាល ឬកងកំលាំងរបស់ក្រុមហ៊ុនប្រើកម្លាំងមកចាប់បង្ខំឱ្យពួកគាត់ចាកចេញពីផ្ទះពីដីរបស់ខ្លួនដោយពុំផ្តល់សំណងសមរម្យ។
នាយកប្រតិបត្តិកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា ព្រឹទ្ធសភាមានយន្តការទទួលពាក្យបណ្ដឹង និងពិនិត្យ និងស្នើបញ្ជូនទៅក្រសួង ស្ថាប័ន អាជ្ញាធរ ពាក់ព័ន្ធក្នុងការដោះស្រាយ។ យ៉ាងណាលោកថា ដំណោះស្រាយយ៉ាងណាអាស្រ័យលើភាគីពាក់ព័ន្ធពិនិត្យ និងដោះស្រាយ និងធ្វើរបាយការណ៍ជូនព្រឹទ្ធសភាវិញ។ ទាក់ទងនឹងដំណោះស្រាយ លោកស្នើឲ្យអាជ្ញាធរពន្លឿនការធ្វើបណ្ណកម្មសិទ្ធដីធ្លី ឬផ្ដល់សំណងឲ្យបានសមរម្យជូនប្រជាពលរដ្ឋ។
លោកថា៖ «ខ្ញុំមើលឃើញថា បញ្ហាដីធ្លីដែលមានវិវាទនេះ យើងឃើញថារដ្ឋាភិបាលដែលផ្ដល់ដីសាធារណៈរបស់រដ្ឋទៅឲ្យក្រុមហ៊ុនអភិវឌ្ឍជាអ្នកវិនិយោគ។ អ្វីដែលសំខាន់នៅពេលដែលទ្រព្យសម្បត្តិសាធារៈរបស់រដ្ឋធ្វើអនុបយោគដីស្របច្បាប់ដែលជាកម្មសិទ្ធរបស់រដ្ឋហើយប្រគល់ទៅឲ្យក្រុមហ៊ុនមកអភិវឌ្ឍ ត្រូវដោះស្រាយជាមួយប្រជាពលរដ្ឋជាមុនសិន»។
លោកបន្ថែមថា៖ «ប្រសិនបើដីហ្នឹងអាចចេញបណ្ណកម្មសិទ្ធឲ្យប្រជាពលរដ្ឋរស់នៅអាស្រ័យផលគួរតែទទួលបានកម្មសិទ្ធឯកជន ឬក៏ដំណោះស្រាយតាមទីផ្សារសេរី។ រាជរដ្ឋាភិបាលត្រូវពិនិត្យដោះស្រាយជាពិសេសគណកម្មការអន្តរក្រសួងត្រូវតែពិនិត្យថាតើពលរដ្ឋទទួលបានសំណងដំណោះស្រាយទទួលយកបានទាំងអស់គ្នា»៕







